ជំពូក ៧

លោក​ដានីអែល​សុបិន​និមិត្ត​ឃើញ​សត្វ​សាហាវ​បួន

1 នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​បេល‌ថាសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន លោក​ដានីអែល​បាន​យល់​សុបិន​នៅ​ពេល​សម្រាន្ដ គឺ​ព្រលឹង​របស់​លោក​និមិត្ត​ឃើញ​ការ​អស្ចារ្យ ដែល​លោក​លើក​យក​ចំណុច​សំខាន់ៗ​មក​សរសេរ​រៀប‌រាប់​ដូច​ត​ទៅ:
2 លោក​ដានីអែល​មាន​ប្រសាសន៍​ថា៖ «ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​បក់​ពី​មេឃ​មក​លើ​មហា​សមុទ្រ។ 3 ពេល​នោះ ស្រាប់​តែ​មាន​សត្វ​ដ៏​ធំ​សម្បើម​បួន​ក្បាល​ប្លែកៗ​ពី​គ្នា ផុស​ចេញ​ពី​មហា​សមុទ្រ។ 4 សត្វ​ទី​មួយ​មាន​រូប​រាង​ដូច​តោ ហើយ​មាន​ស្លាប​ដូច​ឥន្ទ្រី។ ពេល​ខ្ញុំ​កំពុង​តែ​មើល​នោះ ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​លើក​វា​ឡើង​ផុត​ពី​ដី​ឲ្យ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​ឲ្យ​វា​មាន​ចិត្ត​ដូច​មនុស្ស។ 5 សត្វ​ទី​ពីរ​មាន​រូប​រាង​ដូច​ខ្លា‌ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ព្រម​ទាំង​ពាំ​ឆ្អឹង​ជំនីរ​បី​ក្នុង​មាត់​ផង។ មាន​គេ​ប្រាប់​វា​ថា “ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ!”។ 6 ខ្ញុំ​សម្លឹង​មើល​ទៅ ឃើញ​សត្វ​មួយ​ទៀត មាន​រូប​រាង​ដូច​ខ្លា‌រខិន នៅ​លើ​ខ្នង​វា​មាន​ស្លាប​បួន ហើយ​វា​មាន​ក្បាល​បួន​ដែរ វា​បាន​ទទួល​អំណាច​គ្រប់‌គ្រង​លើ​ពិភព‌លោក។ 7 បន្ទាប់​មក ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​ទី​បួន​ដែល​មាន​រូប​រាង​គួរ​ព្រឺ​ស្ញែង​ខ្លាច។ វា​មាន​កម្លាំង​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ ធ្មេញ​វា​ជា​ដែក​ដ៏​ធំៗ វា​ត្របាក់​ស៊ី វា​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់​ផង។ សត្វ​នេះ​មាន​រូប​រាង​ខុស​ប្លែក​ពី​សត្វ​មុនៗ គឺ​វា​មាន​ស្នែង​ដប់។ 8 ខ្ញុំ​សង្កេត​មើល​ស្នែង​ទាំង​នោះ ស្រាប់​តែ​ឃើញ​មាន​ស្នែង​មួយ​ទៀត​តូច​ជាង​គេ ដុះ​ចេញ​ពី​កណ្ដាល​ចំណោម​ស្នែង​ទាំង​ដប់។ គេ​ដក​ស្នែង​មុនៗ​បី​ចេញ​ពី​មុខ​ស្នែង​តូច។ ស្នែង​នេះ​មាន​ភ្នែក​ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ពោល​ចេញ​មក​នូវ​ពាក្យ​ព្រហើន​កោង‌កាច»។

ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស

9 «ពេល​នោះ ខ្ញុំ​នៅ​តែ​គន់​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ គង់​នៅ​លើ​បល្ល័ង្ក​មួយ ព្រះ‌អង្គ​មាន​ព្រះ‌ភូសា​ពណ៌​ស​ដូច​កប្បាស ហើយ​ព្រះ‌កេសា​របស់​ព្រះ‌អង្គ​ស​ដូច​សម្លី។ បល្ល័ង្ក​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោ‌សន្ធៅ។ 10 មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់‌ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ព្រះ‌អង្គ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។ 11 ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​បាន​ឮ​ស្នែង​តូច​នោះ​ពោល​ពាក្យ​យ៉ាង​ព្រហើន​កោង‌កាច។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល ស្រាប់​តែ​សត្វ​ទី​បួន​នោះ​ត្រូវ​គេ​សម្លាប់ ហើយ​គេ​យក​ខ្មោច​ទៅ​ដុត​ចោល​ក្នុង​ភ្លើង។ 12 រីឯ​សត្វ​ឯ​ទៀតៗ ក៏​បាត់‌បង់​អំណាច​គ្រប់‌គ្រង តែ​ពួក​វា​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​រស់​ត​ទៅ​មុខ​ទៀត​រហូត​ដល់​ពេល​កំណត់។
13 ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ លោក​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ ហើយ​គេ​ក៏​នាំ​លោក​ទៅ​គាល់​ព្រះ‌អង្គ។ 14 លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង​ព្រះ‌កិត្តិ‌នាម ព្រម​ទាំង​រាជ‌សម្បត្តិ​ផង។ ប្រជាជន​ទាំង​អស់ ប្រជា‌ជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា នាំ​គ្នា​គោរព​បម្រើ​លោក អំណាច​គ្រប់‌គ្រង​របស់​លោក​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​ឥត​សាប‌សូន្យ​ឡើយ។ រាជ‌សម្បត្តិ​របស់​លោក​មិន​ត្រូវ​រលាយ​ដែរ។

ការ​កាត់​ស្រាយ​សុបិន​និមិត្ត​អំពី​សត្វ​សាហាវ​ទាំង​បួន

15 ពេល​នោះ ខ្ញុំ ដានីអែល​តប់‌ប្រមល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ណាស់។ 16 ខ្ញុំ​ក៏​ខិត​ទៅ​ជិត​បុរស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​បល្ល័ង្ក ហើយ​សួរ​គាត់​ឲ្យ​ពន្យល់​អត្ថ‌ន័យ​ពិត​ប្រាកដ​នៃ​ហេតុ‌ការណ៍​ទាំង​នោះ។ គាត់​ក៏​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ដូច​ត​ទៅ: 17 សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ គឺ​ព្រះ‌មហា​ក្សត្រ​បួន​អង្គ ដែល​នឹង​ឡើង​គ្រង​រាជ្យ​លើ​ផែន‌ដី​នេះ។ 18 បន្ទាប់​មក ប្រជាជន​ដ៏‌វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ‌សម្បត្តិ​នោះ ហើយ​ពួក​គេ​គ្រង​ព្រះ‌រាជ្យ​ដ៏​ស្ថិត​នៅ​អស់​កល្ប‌ជានិច្ច ជា​អង្វែង​ត​រៀង​ទៅ។ 19 ក្រោយ​មក ខ្ញុំ​ក៏​សួរ​ចង់​ដឹង​ឲ្យ​ច្បាស់​អំពី​សត្វ​ទី​បួន ដែល​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀតៗ គឺ​មាន​រូប‌រាង​គួរ​ស្ញែង​ខ្លាច មាន​ធ្មេញ​ដែក មាន​ក្រចក​លង្ហិន ហើយ​ត្របាក់​ស៊ី​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់។ 20 ខ្ញុំ​ក៏​ចង់​ដឹង​អំពី​ស្នែង​ទាំង​ដប់​នៅ​លើ​ក្បាល​សត្វ​នោះ និង​អំពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង​ធ្វើ​ឲ្យ​ជ្រុះ​ស្នែង​បី។ ស្នែង​ក្រោយ​នេះ​មាន​ភ្នែក និង​មាន​មាត់​ពោល​ពាក្យ​ព្រហើន​កោង‌កាច ហើយ​ឃើញ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។ 21 ខ្ញុំ​បាន​ឃើញ​ស្នែង​នេះ​កំពុង​តែ​ច្បាំង​នឹង​ប្រជាជន​ដ៏‌វិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួក​គេ 22 រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​យាង​មក ដើម្បី​រក​យុត្តិ‌ធម៌​ឲ្យ​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ពេល​នោះ ជា​ពេល​កំណត់​ដែល​ប្រជាជន​ដ៏‌វិសុទ្ធ​ត្រូវ​ទទួល​រាជ‌សម្បត្តិ។

23 បុរស​នោះ​ប្រាប់​ខ្ញុំ​ថា សត្វ​ទី​បួន គឺ​រាជា‌ណា‌ចក្រ​ទី​បួន​ដែល​នឹង​កើត​ឡើង នៅ​លើ​ផែន‌ដី។ រាជា‌ណា‌ចក្រ​នោះ​ប្លែក​ពី​រាជា‌ណា‌ចក្រ​ឯ​ទៀតៗ គឺ​រាជា‌ណា‌ចក្រ​នោះ​នឹង​ត្របាក់​លេប ជាន់​ឈ្លី និង​កិន​កម្ទេច​រាជា‌ណា‌ចក្រ​ឯ​ទៀតៗ។ 24 រីឯ​ស្នែង​ទាំង​ដប់ គឺ​ស្តេច​ដប់​អង្គ​ដែល​នឹង​ឡើង​គ្រង​រាជ្យ ក្នុង​រាជា‌ណា‌ចក្រ​នោះ។ បន្ទាប់​មក មាន​ស្តេច​មួយ​អង្គ ដែល​ប្លែក​ពី​ស្តេច​មុនៗ ឡើង​គ្រង​រាជ្យ​ក្រោយ​គេ​បង្អស់ ហើយ​ទម្លាក់​ស្តេច​បី​អង្គ​ទៀត​ចោល។ 25 ស្តេច​អង្គ​នេះ​នឹង​មាន​រាជ‌ឱង្ការ​ប្រឆាំង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ស្តេច​នឹង​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ហើយ​មាន​បំណង​នឹង​ផ្លាស់​ប្ដូរ​ពេល​កំណត់​ធ្វើ​ពិធី​បុណ្យ និង​ផ្លាស់​ប្ដូរ​វិន័យ​ទៀត​ផង។ ព្រះ‌អង្គ​នឹង​ធ្វើ​បាប​ប្រជាជន​ដ៏‌វិសុទ្ធ​អស់‌រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា។ 26 បន្ទាប់​មក ពេល​វិនិច្ឆ័យ​ទោស​ក៏​មក​ដល់ គេ​នឹង​ដក​អំណាច​គ្រប់‌គ្រង​ចេញ​ពី​ស្តេច​នោះ ហើយ​រាជ្យ​នេះ​នឹង​ត្រូវ​គេ​បំផ្លាញ​ឲ្យ​វិនាស​សូន្យ​រហូត​ត​ទៅ។ 27 ប្រជាជន​ដ៏‌វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ្យ អំណាច​គ្រប់‌គ្រង និង​ទ្រព្យ‌សម្បត្តិ​នៃ​រាជា‌ណា‌ចក្រ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​ទាំង​មូល។ រាជ្យ​របស់​គេ​ជា​រាជ្យ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច មេ​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​បម្រើ ហើយ​ស្ដាប់​បង្គាប់​ប្រជាជន​ដ៏‌វិសុទ្ធ​នោះ។
28 «សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ ដានីអែល ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហេតុ‌ការណ៍​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ក្នុង​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លេក‌ស្លាំង តែ​ខ្ញុំ​រក្សា​ពាក្យ‌ពេចន៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត»។