ជំពូក ១៤

ព្យាការី​ដានីអែល និង​បូជា‌ចារ្យ​របស់​ព្រះ‌បែល

1 កាល ព្រះ‌បាទ​អាស្ទីយ៉ាស​សោយ​ទិវង្គត​ហើយ ព្រះ‌បាទ​ស៊ីរូស​ជា​ជន​ជាតិ​ពែរ្ស​ក៏​គ្រង‌រាជ្យ​បន្ត។ 2 លោក​ដានីអែល ជា​ទី​ប្រឹក្សា​ជំនិត និង​ល្បី​ឈ្មោះ​ដែល​ស្តេច​ទុក​ចិត្ត​ជាង​នា‌ម៉ឺន​មន្ត្រី​ដទៃ​ទៀត។ 3 អ្នក​ក្រុង​បាប៊ីឡូន ធ្លាប់​គោរព​រូប​បដិមា​ដែល​មាន​ឈ្មោះ​ថា​ព្រះ‌បែល។ ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​តែង​តែ​យក​ម្សៅ​ចំនួន​ប្រាំ‌រយ​គីឡូ‌ក្រាម ចៀម​ញី​សែ‌សិប​ក្បាល និង​ស្រា​ពីរ‌រយ​ហាសិប​លីត្រ មក​ថ្វាយ​រូប​នោះ។ 4 ស្តេច​តែង​តែ​គោរព​បូជា​រូប​បដិមា​នោះ ហើយ​យាង​មក​ថ្វាយ​បង្គំ​ជា​រៀង​រាល់​ថ្ងៃ។ រីឯ​លោក​ដានីអែល​ក៏​ថ្វាយ​បង្គំ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​ខ្លួន​ដែរ។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​លោក​ថា៖ «ហេតុ​អ្វី​លោក​មិន​ថ្វាយ​បង្គំ​ព្រះ‌បែល?»។ 5 លោក​ទូល​ថា៖ «ទូល​បង្គំ​មិន​គោរព​បូជា​រូប​បដិមា​ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស​ទេ។ ទូល​បង្គំ​គោរព​បូជា​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី ហើយ​មាន​អំណាច​លើ​សត្វ​លោក​ទាំង​អស់។ 6 ស្តេច​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​ថា៖ «តើ​លោក​មិន​ចាត់​ទុក​ថា ព្រះ‌បែល​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ទេ​ឬ? តើ​លោក​មិន​ឃើញ​ទេ​ឬ ព្រះ‌អង្គ​សោយ​ព្រះ‌ស្ងោយ និង​ស្រា​យ៉ាង​ច្រើន​ជា​រៀង​រាល់​ថ្ងៃ»។ 7 លោក​ដានីអែល​ទូល​ទាំង​សើច​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​ព្រះ‌អង្គ​កុំ​យល់​ច្រឡំ​ឡើយ! រូប​បដិមា​នេះ​ធ្វើ​អំពី​ដី​ឥដ្ឋ​នៅ​ខាង​ក្នុង ហើយ​ពី​លង្ហិន​នៅ​ខាង​ក្រៅ។ រូប​នេះ​មិន​ដែល​សោយ​ព្រះ‌ស្ងោយ ឬ​ស្រា​ទេ!»។ 8 ស្តេច​ព្រះ‌អង្គ​ព្រះ‌ពិរោធ ហើយ​កោះ​ហៅ​ពួក​បូជា‌ចារ្យ​មក ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​ថា តើ​នរណា​បរិភោគ​សំណែន​ទាំង​នេះ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ស្លាប់​ពុំ​ខាន!។ 9 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា បញ្ជាក់​ប្រាប់​ឲ្យ​យើង​ដឹង ពិត​ជា​ព្រះ‌បែល​សោយ​តង្វាយ​ទាំង​នោះ​មែន​ដានីអែល មុខ​ជា​ត្រូវ​ស្លាប់ ព្រោះ​លោក​ហ៊ាន​ប្រមាថ​ព្រះ‌បែល!»។ លោក​ដានីអែល​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​សម្រេច​តាម​រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​ចុះ!»។ 10 ពួក​បូជា‌ចារ្យ​របស់​ព្រះ‌បែល មាន​ចំនួន​ចិត‌សិប​នាក់ ដោយ​មិន​រាប់​បញ្ចូល​ភរិយា និង​កូន​របស់​ពួក​គេ​ផង។ ព្រះ‌រាជា​ក៏​យាង​មក​វិហារ​របស់​ព្រះ‌បែល ជា​មួយ​លោក​ដានីអែល។ 11 ពួក​បូជា‌ចារ្យ​របស់​ព្រះ‌បែល​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូល​បង្គំ​យើង​ខ្ញុំ​នឹង​ចេញ​ពី​ព្រះ‌វិហារ សូម​ព្រះ‌ករុណា​យក​អាហារ និង​ស្រា​លាយ​មក​ថ្វាយ រួច​បិទ​ទ្វារ​ឲ្យ​ជិត​ហើយ​បោះ​ត្រា​ព្រះ‌ទម្រង់។ 12 ព្រឹក​ស្អែក​ឡើង សូម​ព្រះ‌ករុណា​យាង​មក។ ប្រសិន​បើ​ព្រះ‌ករុណា​ទត​ឃើញ​ព្រះ‌បែល មិន​បាន​សោយ​តង្វាយ​ទាំង​នោះ​ទេ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់។ ប្រសិន​បើ​ព្រះ‌បែល​បាន​សោយ​មែន លោក​ដានីអែល​ត្រូវ​ស្លាប់ ព្រោះ​គាត់​និយាយ​មូល​បង្កាច់​យើង»។ 13 ពួក​គេ​វាយ​ឫក​ក្រអឺត ព្រោះ​ពួក​គេ​ធ្វើ​ផ្លូវ​សម្ងាត់​រហូត​ដល់​ក្រោម​តុ​នៃ​ទី​សក្ការៈ ដើម្បី​លួច​ចូល​គ្រប់​ពេល​វេលា​យក​តង្វាយ​ចេញ​ទៅ។ 14 កាល​ពួក​គេ​ចេញ​បាត់​ហើយ ព្រះ‌រាជា​យក​អាហារ​មក​ថ្វាយ​ព្រះ‌បែល រួច​លោក​ដានីអែល​បញ្ជា​អ្នក​បម្រើ​របស់​លោក យក​ផេះ​មក​រោយ​យ៉ាង​ស្តើង​ក្នុង​ទី​សក្ការៈ​ទាំង‌មូល គឺ​មាន​តែ​ព្រះ‌រាជា​ប៉ុណ្ណោះ ដែល​ធ្វើ​ជា​សាក្សី​ចំពោះ​ហេតុ​ការណ៍​នេះ។ ក្រោយ​មក ពួក​គេ​ចេញ​ទាំង​អស់​គ្នា ហើយ​បិទ​ទ្វារ​ជិត និង​បោះ​ត្រា​ព្រះ​ទម្រង់​ពី​លើ រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ។ 15 ពួក​បូជា‌ចារ្យ​លួច​ចូល​នៅ​ពេល​យប់ តាម​ទំលាប់​របស់​គេ ដោយ​នាំ​ទាំង​ប្រពន្ធ​កូន​មក​ជា​មួយ​ផង ហើយ​បរិភោគ​អាហារ និង​ស្រា​ដែល​គេ​យក​មក​ថ្វាយ។ 16 ព្រះ‌រាជា​តើន​ពី​ព្រលឹម ហើយ​យាង​ទៅ​វិហារ​របស់​ព្រះ‌បែល​ជា​មួយ​លោក​ដានីអែល។ 17 ព្រះ‌រាជា​មាន​ព្រះ‌រាជ‌ឱង្ការ​សួរ​ថា៖ «លោក​ដានីអែល​អើយ! តើ​ត្រា​របស់​យើង​នៅ​ដូច​ដើម ឬ​យ៉ាង​ណា?»។ លោក​ដានីអែល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា ត្រា​នៅ​ដូច​ដើម!»។ 18 នៅ​ពេល​គេ​បើក​ទ្វារ ព្រះ‌រាជា​ក្រឡេក​មើល​ទៅ​លើ​តុ ហើយ​មាន​រាជ‌ឱង្ការ​យ៉ាង​ខ្លាំងៗ​ថា៖ «បពិត្រ​ព្រះ‌បែល! ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តម មិន​ចេះ​ភូត​ភរ​ឡើយ!»។ 19 លោក​ដានីអែល​សើច ហើយ​ឃាត់​ព្រះ‌រាជា​មិន​ឲ្យ​យាង​ចូល​ទៅ​ខាង​ក្នុង។ លោក​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ទត​មើល​លើ​ដី តើ​ដាន​ជើង​នេះ​ជា​ដាន​ជើង​នរណា?»។ 20 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ឃើញ​ដាន​ជើង​បុរស ស្រ្តី និង​កូន​ក្មេង»។ 21 ព្រះ‌រាជា​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង បញ្ជា​ឲ្យ​គេ​ទៅ​ចាប់​ពួក​បូជា‌ចារ្យ ភរិយា និង​កូន​គេ​មក។ ពួក​គេ​បង្ហាញ​ផ្លូវ​សម្ងាត់ ដែល​ពួក​គេ​ធ្លាប់​លួច​ចូល​មក​ក្នុង​វិហារ ដើម្បី​បរិភោគ​តង្វាយ​ដែល​ដាក់​នៅ​លើ តុ។ 22 ព្រះ‌រាជា​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​ពួក​គេ រួច​ប្រគល់​រូប​បដិមា ព្រះ‌បែល​ឲ្យ​លោក​ដានីអែល។ លោក​ក៏​ផ្តួល​រលំ​រូប​បដិមា ព្រម​ទាំង​វិហារ​នោះ​ចោល។

លោក​ដានីអែល និង​នាគរាជ​ធំ

23 អ្នក​ក្រុង​បាប៊ី​ឡូន តែង​តែ​គោរព​បូជា​នាគ​រាជ​មួយ​ដ៏​ធំ​ដែរ។ 24 នៅ​ថ្ងៃ​មួយ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ដានីអែល​ថា៖ «អ្នក​ត្រូវ​តែ​ទទួល​ស្គាល់​ថា នាគ​រាជ​នេះ​ជា​ព្រះ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​មែន! ចូរ​ថ្វាយ​បង្គំ​ពស់​នាគ​រាជ​នេះ​ទៅ!»។ 25 លោក​ដានីអែល​ទូល​ថា​៖ «ទូល​បង្គំ​សូម​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ទូល​បង្គំ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ព្រោះ​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ 26 បពិត្រ​ព្រះ‌ករុណា សូម​ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​ទូល​បង្គំ​សម្លាប់​នាគ​រាជ​នេះ ដោយ​មិន​បាច់​ប្រើ​ដាវ​ឬ​ដំបង​ឡើយ»។ ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ​លោក​ដានីអែល។ 27 លោក​ដានីអែល​យក​ជ័រ ខ្លាញ់ និង​រោម​សត្វ​មក​ដាក់​ស្ងោរ​ជា​មួយ​គ្នា រួច​លុញ​ជា​ដុំ​តូចៗ បោះ​ចូល​ក្នុង​មាត់​នាគ។ នាគ​ស៊ី​ហើយ​ក៏​ងាប់​ទៅ។ លោក​ដានីអែល​មាន​ប្រសាសន៍​ថា៖ «សូម​មើល​ព្រះ​ដែល​អ្នក​រាល់​គ្នា​តែង​តែ​គោរព​បូជា»។ 28 ពេល​អ្នក​ក្រុង​បាប៊ីឡូន​ជ្រាប​ដំណឹង​នេះ គេ​ទាស់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​បះ​បោរ​ប្រឆាំង​នឹង​ស្តេច​ទាំង​ស្រែក​ថា៖ «ព្រះ‌រាជា​ក្លាយ​ជា​ជន​ជាតិ​យូដា​ហើយ! ព្រះ‌រាជា​រំលំ​ព្រះ‌បែល សម្លាប់​នាគ​រាជ ហើយ​ប្រហារ​ពួក​បូជា‌ចារ្យ​ទៀត។ 29 បន្ទាប់​មក ពួក​គេ​នាំ​គ្នា​ទៅ​គាល់​ព្រះ‌រាជា ហើយ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ប្រគល់​លោក​ដានីអែល​ឲ្យ​យើង! ប្រសិន​បើ​ព្រះ‌ករុណា​មិន​យល់​ព្រម​ទេ យើង​នឹង​ធ្វើ​គត់​ព្រះ‌ករុណា និង​រាជ‌វង្សា​នុវង្ស»។ 30 ព្រះ‌រាជា​យល់​ថា ពួក​គេ​គំរាម​យ៉ាង​ខ្លាំង ស្តេច​ក៏​ព្រម​ប្រគល់​លោក​ដានីអែល​ឲ្យ​ទៅ​ពួក​គេ។ 31 ពួក​គេ​បោះ​លោក​ដានីអែល​ទៅ​ក្នុង​រូង​តោ ហើយ​គាត់​ស្ថិត​នៅ​ទី​នោះ‌រយៈ​ពេល​ប្រាំ‌មួយ​ថ្ងៃ។ 32 ក្នុង​រូង​នោះ​មាន​តោ​ប្រាំ​ពីរ​ក្បាល គេ​តែង​យក​សាក​សព​មនុស្ស​ពីរ​នាក់ និង​ចៀម​ពីរ​ក្បាល​ឲ្យ​វា​ស៊ី​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ នៅ​ពេល​នោះ គេ​មិន​ឲ្យ​ចំណី​អ្វី​សោះ ដើម្បី​ឲ្យ​តោ​ហែក​លោក​ដានីអែល​ស៊ី។ 33 ពេល​នោះ​ព្យាការី​ហាបាគុក ស្ថិត​នៅ​ស្រុក​យូដា។ លោក​ដាំ​បបរ និង​យក​ចំនិត​នំបុ័ង​តូចៗ​ដាក់​ក្នុង​ចាន​ធំ​មួយ យក​ទៅ​ឲ្យ​អ្នក​ច្រូត​ស្រូវ​នៅ​ឯ​ស្រែ។ 34 ទេវទូត​របស់​ព្រះ‌អម្ចាស់ ពោល​ទៅ​កាន់​ព្យាការី​ហាបាគុក​ថា៖ «ចូរ​យក​អាហារ​ដែល​អ្នក​កាន់​នេះ ទៅ​ឲ្យ​លោក​ដានីអែល នៅ​ក្នុង​រូង​តោ នា​ក្រុង​បាប៊ីឡូន»។ 35 ព្យាការី​ហាបាគុក​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូល​បង្គំ​ពុំ​ដែល​ឃើញ​ក្រុង​បាប៊ីឡូន​ទេ ទូល​បង្គំ​ពុំ​ស្គាល់​រូង​នោះ​ឡើយ»។ 36 ទេវ​ទូត​របស់​ព្រះ‌អម្ចាស់​ចាប់​យួរ​សក់​លោក ហើយ​នាំ​ទៅ​យ៉ាង​លឿន​បំផុត​ដាក់​មាត់​រូង​តោ​នៅ​ក្រុង​បាប៊ីឡូន។ 37 ព្យាការី​ហាបាគុក ស្រែក​ហៅ​ថា៖ «លោក​ដានីអែល​អើយ! លោក​ដានីអែល! សូម​យក​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​ខ្ញុំ យក​មក​ជូន​លោក​ពិសា»។ 38 លោក​ដានីអែល​ពោល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​មិន​បំភ្លេច​ទូល​បង្គំ​ទេ ព្រះ‌អង្គ​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​ឡើយ»។ 39 លោក​ដានីអែល​ក្រោក​ឈរ ហើយ​ទទួល​អាហារ​យក​មក​បរិភោគ។ ទេវ​ទូត​របស់​ព្រះ‌អម្ចាស់ ក៏​នាំ​ព្យាការី​ហាបាគុក​ត្រឡប់​ទៅ​ស្រុក​លោក​ភ្លាម មួយ​រំពេច។ 40 ថ្ងៃ​ទី​ប្រាំពីរ​ព្រះ‌រាជា​យាង​មក​ធ្វើ​ពិធី​កាន់​ទុក្ខ​លោក​ដានីអែល។ លុះ​មក​ដល់​រូង​តោ ស្តេច​ទត​មើល​ខាង​ក្នុង ឃើញ​លោក​ដានីអែល​កំពុង​អង្គុយ។ 41 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​យ៉ាង​ខ្លាំងៗ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​ដានីអែល! ព្រះ‌អង្គ​ប្រសើរ​ឧត្តម! ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ទៀត​សោះ​ឡើយ!»។ 42 ព្រះ‌រាជា​បញ្ជា​ឲ្យ​គេ​យក​លោក​ដានីអែល​ចេញ​ពី​រូង​តោ។ រីឯ​អស់​អ្នក​ដែល​ប៉ុន​ប៉ង​សម្លាប់​លោក ព្រះ‌រាជា​បញ្ជា​ឲ្យ​គេ​សម្លាប់​នៅ​ក្នុង​រូង​ថ្ម​វិញ។ តោ​ក៏​ហែក​ស៊ី​ពួក​ទាំង​នោះ​ភ្លាម នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌រាជា៕