ជំពូក ៤
1 (៤) យើង នេប៊ូកានេសារ កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងព្រះបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។
2 (៥) យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើក្រឡាបន្ទំ យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។ 3 (៦) យើងឲ្យគេកោះហៅអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូនមកជួបយើង ដើម្បីកាត់ស្រាយសុបិននេះឲ្យយើង។ 4 (៧) ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរា គ្រូទាយ ព្រមទាំងគ្រូធ្មប់ផ្សេងៗបាននាំគ្នាមក។ យើងរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់យើង ប៉ុន្តែ ពួកគេពុំអាចកាត់ស្រាយអត្ថន័យប្រាប់យើងបានឡើយ។ 5 (៨) នៅទីបំផុត លោកដានីអែលចូលមក (លោកក៏មាននាមថា “បេលថាសារ” តាមនាមព្រះរបស់យើងដែរ) ហើយមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ យើងបានរៀបរាប់ឲ្យលោកដឹងពីសុបិនរបស់យើង ដូចតទៅ: 6 (៩) “លោកបេលថាសារ ជាប្រមុខលើពួកគ្រូទាំងអស់អើយ យើងដឹងថា លោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន ហើយលោកដឹងការលាក់កំបាំងទាំងអស់។ ហេតុនេះ សុំលោកកាត់ស្រាយន័យរបស់និមិត្តហេតុដ៏អស្ចារ្យ ដែលយើងបានឃើញក្នុងសុបិនឲ្យយើងដឹងផង។ 7 (១០) នៅពេលផ្ទំ យើងសុបិនឃើញនិមិត្តហេតុដ៏អស្ចារ្យដូចតទៅ៖
នៅកណ្ដាលផែនដី មានដើមឈើមួយដើម
យ៉ាងខ្ពស់អស្ចារ្យ
8 (១១) ដើមឈើនេះដុះកាន់តែធំឡើងៗ
ហើយមាំទៀតផង
ចុងរបស់វាខ្ពស់រហូតដល់មេឃ
សូម្បីតែអស់អ្នកដែលរស់នៅទីដាច់ស្រយាល
នៃផែនដីក៏មើលឃើញដើមឈើនេះដែរ។
9 (១២) ដើមឈើនេះមានស្លឹកខៀវខ្ចី
មានផ្លែយ៉ាងច្រើនបរិបូណ៌
សម្រាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់
សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វា
បក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វា
ហើយសត្វលោកទាំងអស់ទទួលអាហារ
ពីដើមឈើនេះ។
10 (១៣) ក្នុងនិមិត្តហេតុដ៏អស្ចារ្យដែលព្រលឹងយើងបានឃើញនៅពេលផ្ទំនោះ គឺមាន:
ទេវទូតដ៏វិសុទ្ធមួយរូបចុះពីលើមេឃមក
11 (១៤) លោកស្រែកយ៉ាងខ្លាំងៗថា:
ចូររំលំដើមឈើនេះ និងកាប់មែកវាចោលទៅ
ចូរលះស្លឹក ជម្រុះផ្លែរបស់វាឲ្យខ្ចាត់ខ្ចាយ
ឲ្យសត្វទាំងឡាយរត់ចេញពីម្លប់របស់វា
ហើយឲ្យបក្សាបក្សីទាំងឡាយ
ហើរចេញពីមែករបស់វាដែរ!
12 (១៥) ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី
ហើយយកច្រវាក់ដែក និងលង្ហិនមកចងវា
ទុកចោលក្នុងវាលស្មៅ
ឲ្យជោកទឹកសន្សើមដែលធ្លាក់ពីលើមេឃ
ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ។
13 (១៦) ដើមឈើនោះនឹងលែងមានចិត្តជាមនុស្ស
ទៀតហើយ តែមានចិត្តជាសត្វ
រហូតដល់គម្រប់ប្រាំពីរខួប។
14 (១៧) នេះជាការសម្រេចរបស់ទេវទូត
ជាបញ្ជារបស់ពួកអ្នកដ៏វិសុទ្ធ
ដើម្បីមនុស្សទាំងអស់ដឹងថា
ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ
របស់មនុស្សលោក
ព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន
ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ
ហើយព្រះអង្គលើកអ្នកដែលទន់ទាបជាងគេ
ឲ្យឡើងគ្រងរាជ្យក៏បាន។
15 (១៨) នេះជាសុបិនដែលយើង ស្តេចនេប៊ូកានេសារ បាននិមិត្តឃើញ។ ឥឡូវនេះ សុំលោកបេលថាសារកាត់ស្រាយអត្ថន័យឲ្យយើងបានដឹងផង ដ្បិតក្នុងចំណោមអ្នកប្រាជ្ញទាំងអស់នៅនគររបស់យើង គ្មាននរណាអាចកាត់ស្រាយបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះទើបកាត់ស្រាយបាន ព្រោះលោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន”»។
លោកដានីអែលកាត់ស្រាយសុបិនរបស់ស្តេច
16 (១៩) ពេលនោះ លោកដានីអែល ហៅបេលថាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលលោកដឹងនៅក្នុងចិត្តគំនិត នាំឲ្យលោកភ័យរន្ធត់ជាខ្លាំង។ ព្រះរាជាមានរាជឱង្ការមកកាន់លោកសាជាថ្មីថា៖ «លោកបេលថាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថាសារទូលស្តេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណា ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ព្រះករុណាវិញ! 17 (២០) ព្រះករុណាបានឃើញដើមឈើដែលដុះកាន់តែធំឡើង មាំមួន និងមានចុងខ្ពស់ដល់មេឃ ហើយអស់អ្នកនៅតាមទីដាច់ស្រយាលនៃផែនដីក៏មើលឃើញដែរ។ 18 (២១) ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែដ៏បរិបូណ៌ ធ្វើជាអាហារសម្រាប់សត្វលោកទាំងអស់ និងជម្រកដល់សត្វទាំងឡាយ ហើយមានបក្សាបក្សីមកទំនៅតាមមែកទៀតផង។ 19 (២២) ដើមឈើនោះគឺព្រះករុណាផ្ទាល់! បពិត្រព្រះរាជា ព្រះអង្គបានចម្រើនឡើង និងមានឫទ្ធិអំណាចក្រៃលែង ឋានៈរបស់ព្រះករុណាខ្ពង់ខ្ពស់រហូតដល់មេឃ។ ព្រះករុណាគ្រប់គ្រងរហូតដល់ទីដាច់ស្រយាលនៃផែនដី។
20 (២៣) បន្ទាប់មក ព្រះករុណាឃើញទេវទូតដ៏វិសុទ្ធ ដែលចុះពីលើមេឃមកពោលថា “ចូរកាប់រំលំដើមឈើនេះចោលទៅ ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី ហើយយកច្រវាក់ដែក និងលង្ហិនមកចងវា ទុកចោលនៅក្នុងវាលស្មៅ ឲ្យជោកដោយទឹកសន្សើមធ្លាក់ពីលើមេឃ ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ រហូតដល់គម្រប់ប្រាំពីរខួប”។ 21 (២៤) បពិត្រព្រះរាជា សុបិនរបស់ព្រះករុណាមានន័យបែបនេះ គឺព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្រេចចំពោះព្រះករុណាជាអម្ចាស់ដូចតទៅ: 22 (២៥) គេនឹងដេញព្រះករុណាចេញពីចំណោមមនុស្ស ព្រះអង្គនឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកថ្វាយព្រះករុណាសោយដូចគោដែរ។ ព្រះកាយរបស់ព្រះករុណានឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គម្រប់ប្រាំពីរខួប គឺទាល់តែព្រះករុណាទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ។ 23 (២៦) រីឯបញ្ជាឲ្យទុកគល់ឈើ និងឫសនោះមានន័យថា គេនឹងថ្វាយរាជសម្បត្តិមកព្រះករុណាវិញ នៅពេលព្រះករុណាទទួលស្គាល់ព្រះជាអម្ចាស់សួគ៌។ 24 (២៧) ហេតុនេះ បពិត្រព្រះរាជា សូមព្រះអង្គប្រោសមេត្តាឲ្យទូលបង្គំថ្វាយយោបល់ចំពោះព្រះករុណាដូចតទៅ គឺសូមព្រះអង្គលះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសម្ដែងព្រះហឫទ័យអាណិតអាសូរចំពោះមនុស្សទុរគតវិញ ធ្វើដូច្នេះព្រះករុណានឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។
25 (២៨) ក្រោយមក ហេតុការណ៍ទាំងនោះកើតមានដល់ព្រះចៅនេប៊ូកានេសារមែន 26 (២៩) គឺដប់ពីរខែកន្លងមក ពេលស្តេចកំពុងតែយាងក្រសាលក្នុងព្រះបរមរាជវាំងនៅក្រុងបាប៊ីឡូន 27 (៣០) ព្រះអង្គមានរាជឱង្ការថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។ 28 (៣១) ពេលស្តេចមានរាជឱង្ការមិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូកានេសារអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។ 29 (៣២) គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោក ឲ្យទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងឲ្យអ្នកស៊ីស្មៅដូចគោ រហូតដល់គម្រប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ»។
30 (៣៣) រំពេចនោះ ហេតុការណ៍ក៏កើតឡើងចំពោះព្រះចៅនេប៊ូកានេសារមែន។ គេដេញស្តេចចេញពីចំណោមមនុស្ស ព្រះអង្គសោយស្មៅដូចគោ ព្រះកាយទទឹកជោកទៅដោយទឹកសន្សើមដែលធ្លាក់ចុះពីលើមេឃ ព្រះកេសារបស់ស្តេចដុះឡើងដូចស្លាបឥន្ទ្រី ហើយក្រចករបស់ព្រះអង្គប្រៀបបាននឹងក្រចកសត្វស្លាប។
31 (៣៤) «លុះពេលកំណត់កន្លងផុតទៅ យើង នេប៊ូកានេសារងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរព្រះគុណ ព្រះដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ 32 (៣៥) មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ព្រះអង្គប្រព្រឹត្តចំពោះពួកទេវទូត និងចំពោះមនុស្សលោក តាមព្រះហឫទ័យរបស់ព្រះអង្គ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ព្រះអង្គ ដោយពោលថា “ម្ដេចក៏ព្រះអង្គធ្វើដូច្នេះ?” បានឡើយ។
33 (៣៦) នៅគ្រានោះ យើងបានដឹងស្មារតីឡើងវិញ គេក៏បានប្រគល់កិត្តិយស រាជសម្បត្តិ សិរីរុងរឿង និងភាពថ្កុំថ្កើងមកយើងវិញ ហើយក្រុមប្រឹក្សា និងនាម៉ឺនមន្ត្រីរបស់យើងក៏បានសុំឲ្យយើងវិលមកកាន់កាប់អំណាច គេលើកយើងឲ្យគ្រងរាជ្យឡើងវិញ ហើយយើងក៏បានថ្កុំថ្កើងកាន់តែខ្លាំងឡើង។
34 (៣៧) ឥឡូវនេះ យើងនេប៊ូកានេសារ សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងព្រះមហាក្សត្រនៃស្ថានបរមសុខ ដ្បិតស្នាព្រះហស្ដរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត ហើយព្រះអង្គអាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។