ជំពូក ៥
ពិធីជប់លៀងរបស់ព្រះចៅបេលថាសារ
1 ព្រះចៅបេលថាសារបានចាត់ឲ្យគេរៀបពិធីជប់លៀងមួយយ៉ាងធំជូននាម៉ឺនមន្ត្រី ចំនួនមួយពាន់នាក់ ហើយព្រះអង្គបានសោយស្រាជាច្រើននៅមុខនាម៉ឺនមន្ត្រីទាំងនោះ។ 2 ក្រោយពីក្រេបស្រារួចហើយ ព្រះចៅបេលថាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលព្រះចៅនេប៊ូកានេសារ ជាបិតា បានរឹបអូសមកពីព្រះវិហារនៅក្រុងយេរូសាឡឹម។ ស្តេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ព្រះអង្គផ្ទាល់ សម្រាប់ពួកមហេសី សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្តេច។ 3 ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយទាំងស្តេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកមហេសី និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ 4 កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។ 5 ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងព្រះបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលព្រះរាជាទតឃើញម្រាមដៃដែលកំពុងតែសរសេរនោះ 6 ព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាស្លេកស្លាំង ព្រះអង្គរំជួលព្រះហឫទ័យ មានព្រះកាយពលទន់ខ្សោយ និងព្រះបាទាញាប់ញ័រ។ 7 ស្តេចក៏ស្រែកឡើងយ៉ាងខ្លាំងៗ បញ្ជាឲ្យគេហៅពួកហោរា ពួកគ្រូទាយ និងពួកគ្រូធ្មប់មក រួចហើយស្តេចមានរាជឱង្ការទៅកាន់អ្នកប្រាជ្ញនៃស្រុកបាប៊ីឡូនថា៖ «អ្នកណាអាចអានអក្សរនោះ ហើយពន្យល់អត្ថន័យឲ្យយើងបាន យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាស ជូនជាកិត្តិយស ហើយប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងរាជាណាចក្រនេះផង»។ 8 ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្តេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យថ្វាយព្រះរាជាបានឡើយ 9 ជាហេតុធ្វើឲ្យព្រះចៅបេលថាសាររឹតតែខ្វល់ខ្វាយ និងភ័យញាប់ញ័រថែមទៀត ហើយនាម៉ឺនមន្ត្រីរបស់ស្តេចក៏ទាល់គំនិតដែរ។
10 ពេលព្រះមហាក្សត្រិយានីឮរាជឱង្ការរបស់ស្តេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី ព្រះនាងក៏យាងចូលមកក្នុងសាលជប់លៀង ហើយមានរាជសវនីយ៍ថា៖ «បពិត្រព្រះរាជា សូមព្រះអង្គដ៏មានព្រះជន្មគង់នៅរហូតតទៅអើយ! សូមព្រះករុណាកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ! 11 ក្នុងរាជាណាចក្ររបស់ព្រះអង្គ មានបុរសម្នាក់ដែលមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់ព្រះបិតារបស់ព្រះករុណា គេបានឃើញថា លោកនោះដឹងការលាក់កំបាំង មានតម្រិះ និងប្រាជ្ញា ដូចទេវទូត។ ហេតុនេះហើយបានជាព្រះចៅនេប៊ូកានេសារ ជាព្រះបិតារបស់ព្រះករុណា បានតែងតាំងលោកឲ្យធ្វើជាប្រមុខលើពួកគ្រូ គ្រូហោរា គ្រូទាយ និងគ្រូធ្មប់ទាំងអស់។ ព្រះមហាក្សត្រដែលជាព្រះបិតារបស់ព្រះករុណា បានតែងតាំងលោកដូច្នេះ 12 ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ លោកនោះគឺដានីអែល ដែលព្រះបិតារបស់ព្រះករុណាប្រទាននាមថា បេលថាសារ ដូច្នេះ សូមឲ្យគេហៅលោកដានីអែលនោះមក លោកនឹងពន្យល់អត្ថន័យថ្វាយព្រះករុណាជាមិនខាន»។
លោកដានីអែលកាត់ស្រាយសេចក្ដីដែលមានសរសេរនៅលើជញ្ជាំង
13 គេអញ្ជើញលោកដានីអែលចូលគាល់ព្រះរាជា ហើយព្រះអង្គមានរាជឱង្ការមកលោកថា៖ «តើលោកឈ្មោះដានីអែល ជាអ្នកដែលព្រះបិតារបស់យើងបានជន្លៀសយកមកពីស្រុកយូដាមែនឬ? 14 យើងបានឮគេនិយាយថា លោកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន និងដឹងការលាក់កំបាំង ហើយមានតម្រិះប្រាជ្ញាដ៏វាងវៃអស្ចារ្យ។ 15 គេទើបនឹងនាំពួកអ្នកប្រាជ្ញ និងគ្រូហោរា មកជួបយើងដើម្បីអានអក្សរ និងកាត់ស្រាយអត្ថន័យឲ្យយើង តែអ្នកទាំងនោះពុំអាចកាត់ស្រាយអត្ថន័យបានឡើយ។ 16 យើងក៏បានឮគេនិយាយទៀតថា លោកអាចកាត់ស្រាយអត្ថន័យ និងដោះស្រាយបញ្ហាស្មុគស្មាញបានទៀតផង។ ឥឡូវនេះ ប្រសិនបើលោកអាចអានអក្សរនេះបាន ហើយពន្យល់អត្ថន័យឲ្យយើង យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាសជូនជាកិត្តិយស ព្រមទាំងប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបី នៅក្នុងរាជាណាចក្រនេះផង»។
17 ពេលនោះ លោកដានីអែលទូលព្រះរាជាវិញថា៖ «សូមព្រះករុណាទុកកិត្តិយសនេះ សម្រាប់អ្នកដទៃចុះ រីឯទូលបង្គំ ទូលបង្គំសូមអានអក្សរនេះ ព្រមទាំងពន្យល់អត្ថន័យថ្វាយព្រះករុណាជ្រាប។ 18 បពិត្រព្រះរាជា ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ព្រះចៅនេប៊ូកានេសារ ជាព្រះបិតារបស់ព្រះករុណា។ 19 ព្រោះតែភាពឧត្តុង្គឧត្ដម ដែលព្រះជាម្ចាស់ប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះចៅនេប៊ូកានេសារ។ ព្រះអង្គប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន ព្រះអង្គលើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។ 20 ប៉ុន្តែ ព្រះរាជាមានអំនួត មានចិត្តរឹងរូសរហូតដល់វាយឫកខ្ពស់ ព្រះអង្គក៏ត្រូវគេទម្លាក់ចុះពីរាជសម្បត្តិ ហើយបាត់បង់សិរីរុងរឿង។ 21 គេបានបណ្តេញព្រះរាជាចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ព្រះរាជាប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ព្រះអង្គគង់នៅជាមួយសត្វព្រៃ គេឲ្យព្រះអង្គសោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលព្រះរាជាទទួលស្គាល់ថា ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយព្រះអង្គលើកនរណាឲ្យសោយរាជ្យក៏បាន។ 22 បពិត្រព្រះករុណាបេលថាសារជាព្រះរាជបុត្រ ទោះបីព្រះករុណាជ្រាបហេតុការណ៍ទាំងនោះក្តី ក៏ព្រះអង្គពុំបានបន្ទាបខ្លួនដែរ 23 ព្រះករុណាបានប្រឆាំងព្រះអម្ចាស់នៃស្ថានបរមសុខ ដោយបញ្ជាឲ្យគេយកពែងពីព្រះវិហាររបស់ព្រះអង្គ មកចាក់ស្រាសម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកមហេសី និងពួកស្នំ។ បន្ទាប់មក ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺព្រះករុណាមិនបានលើកតម្កើងព្រះដែលជាម្ចាស់លើព្រះជន្ម និងជាម្ចាស់លើដំណើរជីវិតរបស់ព្រះករុណាឡើយ។ 24 ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ម្រាមដៃឲ្យមកសរសេរអក្សរនេះ 25 គឺ “ម៉េណេ ម៉េណេ តេកែល និងប៉ារស៊ីន”។ 26 ពាក្យទាំងនេះមានន័យដូចតទៅ: “ម៉េណេ” (ប្រែថារាប់) មានន័យថា ព្រះជាម្ចាស់បានរាប់ចំនួនថ្ងៃនៃរាជ្យរបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់រាជ្យនេះហើយ។ 27 “តេកែល” (ប្រែថាថ្លឹង) មានន័យថា ព្រះជាម្ចាស់បានថ្លឹងព្រះករុណាលើជញ្ជីងរួចហើយ ហើយព្រះអង្គទតឃើញថា ស្រាលពេក។ 28 “ប៉ារស៊ីន” (ប្រែថាចែក) មានន័យថា ព្រះជាម្ចាស់នឹងចែករាជាណាចក្ររបស់ព្រះករុណាជាពីរ គឺមួយចំណែកឲ្យជនជាតិម៉ែដ និងមួយចំណែកទៀតឲ្យជនជាតិពែរ្ស»។
29 ពេលនោះ ព្រះចៅបេលថាសារបញ្ជាឲ្យគេយកសម្លៀកបំពាក់ពណ៌ក្រហមទុំ និងខ្សែកមាស មកពាក់ឲ្យលោកដានីអែលភ្លាម ព្រមទាំងចេញរាជប្រកាសថា លោកនឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រ។
30 នៅយប់នោះ ព្រះចៅបេលថាសារជាស្តេចរបស់ជនជាតិខាល់ដេបានត្រូវគេធ្វើគុត។ 1 (5.31) ព្រះចៅដារីយូសជាជនជាតិម៉ែដបានឡើងស្នងរាជ្យ ក្នុងជន្មាយុហុកសិបពីរព្រះវស្សា។