ជំពូក ១១
1 រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយូស ជាជនជាតិម៉ែដ ខ្ញុំបានស្ថិតនៅជាមួយមហាទេវទូតមីកាអែល ដើម្បីជួយគាំទ្រលោក។ 2 ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្ដីពិតជូនលោក ដូចតទៅ:
ចម្បាំងរវាងស្តេចនៃអាណាចក្រខាងជើង និងស្តេចនៃអាណាចក្រខាងត្បូង
ស្តេចបីអង្គនឹងឡើងគ្រងរាជ្យលើចក្រភពពែរ្ស បន្ទាប់មក មានស្តេចទីបួនដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្តេចឯទៀតៗ។ ពេលស្តេចនោះមានអំណាចរឹងប៉ឹង ដោយសារទ្រព្យសម្បត្តិដ៏ច្រើន ស្តេចក៏ប្រើគ្រប់មធ្យោបាយធ្វើសឹកនឹងអាណាចក្រក្រិក។ 3 ប៉ុន្តែ នឹងមានស្តេចមួយអង្គទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយឫទ្ធិអំណាចជាខ្លាំង ហើយស្តេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។ 4 ពេលស្តេចបានថ្កុំថ្កើងឡើង ចក្រភពរបស់ស្តេចត្រូវបាក់បែកជាបួនចំណែក។ ព្រះរាជវង្សរបស់ស្តេចនឹងមិនស្នងរាជសម្បត្តិឡើយ ដ្បិតរាជសម្បត្តិនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង តែអ្នកទាំងនោះពុំមានឫទ្ធិអំណាចដូចស្តេចមុនទេ។
5 ស្តេចរបស់អាណាចក្រខាងត្បូងនឹងមានឫទ្ធិអំណាចយ៉ាងខ្លាំង តែមេទ័ពមួយរូបរបស់ស្តេចនឹងមានអំណាចខ្លាំងជាង ក៏ឡើងគ្រប់គ្រងស្រុកដែរ ហើយអាណាចក្ររបស់លោកមានអំណាចខ្លាំងជាងអាណាចក្ររបស់ស្តេចនោះ។ 6 ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្តេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្តេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្តេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតា ទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។
7 ពេលនោះ នឹងមានស្តេចមួយអង្គដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្តេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្តេចខាងជើង ហើយមានជ័យជម្នះ។ 8 ស្តេចនាំយកជ័យភ័ណ្ឌទៅស្រុកអេស៊ីប គឺមានរូបព្រះ រូបសំណាកផ្សេងៗ ដែលធ្វើពីលោហធាតុដ៏ភ្លឺៗ និងវត្ថុដ៏មានតម្លៃធ្វើពីប្រាក់ ពីមាសជាដើម។ បន្ទាប់មក ស្តេចនេះនឹងឈប់ធ្វើសឹកសង្គ្រាមជាមួយស្តេចខាងជើងមួយរយៈ។ 9 ក្រោយមក ស្តេចខាងជើងក៏ចេញទៅច្បាំងនឹងអាណាចក្ររបស់ស្តេចខាងត្បូង រួចវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។
10 បុត្ររបស់ស្តេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយអង្គវាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។ 11 ពេលនោះ ស្តេចខាងត្បូងក្ដៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្តេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្តេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចខាងត្បូង។ 12 ដោយឃើញខ្មាំងយ៉ាងច្រើនធ្លាក់ក្នុងកណ្ដាប់ដៃខ្លួនដូច្នេះ ស្តេចក៏មានចិត្តអួតបំប៉ោង ហើយប្រហារជីវិតពួកគេរាប់ម៉ឺនរាប់សែន។ ទោះបីយ៉ាងនេះក៏ដោយ ក៏ស្តេចនៅតែយកជ័យជម្នះពុំបានដែរ។ 13 ស្តេចខាងជើងវិលត្រឡប់មកវិញ ទាំងលើកទ័ពច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្តេចខាងជើងនឹងលើកទ័ពយ៉ាងធំទាំងមានគ្រឿងសាស្ត្រាវុធយ៉ាងច្រើនមកជាមួយផង។ 14 នៅគ្រានោះ នឹងមានមនុស្សជាច្រើនប្រឆាំងនឹងស្តេចខាងត្បូង ហើយមានមនុស្សឃោរឃៅជាច្រើនក្នុងចំណោមប្រជាជនរបស់លោក លើកគ្នាបះបោរ ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនោះ តែពួកគេពុំអាចសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។ 15 ទ័ពស្តេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្តេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់បានឡើយ។ 16 ស្តេចខាងជើងក៏វាយលុកពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើចិត្ត គ្មាននរណាតទល់បានទាល់តែសោះ រួចស្តេចក៏ឈប់ត្រឹមស្រុកដ៏ស្អាត ហើយកម្ទេចអ្វីៗទាំងអស់ដែលស្តេចជួបប្រទះ។
17 ស្តេចខាងជើងមានបំណងទៅជួបស្តេចខាងត្បូង ដើម្បីបង្ហាញឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន និងចង់ចងស្ពានមេត្រីជាមួយស្តេចខាងត្បូង។ ព្រះអង្គលើកបុត្រីឲ្យធ្វើជាមហេសីស្តេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្តេចនោះ តែពុំបានសម្រេចដូចបំណងឡើយ។ 18 ដូច្នេះ ស្តេចនោះក៏បែរទៅរកកោះនានា ហើយវាយយកបានជាច្រើន។ ប៉ុន្តែ មានមេទ័ពម្នាក់មកបញ្ឈប់សកម្មភាពដ៏អាម៉ាស់របស់ស្តេច តែស្តេចមិនអាចធ្វើឲ្យគាត់ត្រូវអាម៉ាស់វិញទេ។ 19 បន្ទាប់មក ស្តេចវិលទៅធ្វើសឹកតាមក្រុងដែលមានកំពែង នៅស្រុករបស់ខ្លួនវិញ តែស្តេចត្រូវបរាជ័យ ហើយវិនាសសូន្យទៅ។ 20 ស្តេចមួយអង្គទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្តេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។
21 ពេលនោះ មានមនុស្សម្នាក់គួរឲ្យមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាអភិសេកជាស្តេច។ ស្តេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណ ដោយប្រើកលល្បិច។ 22 កងទ័ពដ៏ខ្លាំងពូកែដែលមកលុកលុយស្រុក នឹងត្រូវចុះចាញ់ស្តេចនោះ ហើយសូម្បីតែមហាបូជាចារ្យរបស់ប្រជារាស្ដ្រនៃសម្ពន្ធមេត្រីក៏បរាជ័យដែរ។ 23 ស្តេចនោះនឹងចងសម្ពន្ធមិត្តជាមួយអ្នកឯទៀតៗ ដើម្បីបោកប្រាស់ពួកគេ ហើយពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ ទោះបីមានបក្សពួកតិចក៏ដោយ។ 24 ក្នុងឱកាសដែលគេកំពុងតែមានសន្តិភាព ស្តេចនោះឆ្លៀតពង្រីកទឹកដី រហូតទៅដល់ស្រុកដែលមានជីជាតិច្រើនជាងគេក្នុងអាណាខេត្ត ហើយព្រះអង្គប្រព្រឹត្តអំពើដែលពួកអយ្យកោពុំបានប្រព្រឹត្ត គឺព្រះអង្គរឹបអូសរបស់របរ និងទ្រព្យសម្បត្តិរបស់គេចែកឲ្យបក្សពួកខ្លួន។ ស្តេចប្រើល្បិចកិច្ចកលផ្សេងៗ ដើម្បីវាយលុកបន្ទាយនានា តែការនេះកើតមានមួយរយៈប៉ុណ្ណោះ។ 25 ដោយអាងលើកម្លាំង និងចិត្តក្លាហានរបស់ខ្លួន ស្តេចនោះលើកទ័ពទៅវាយស្តេចខាងត្បូង។ ស្តេចខាងត្បូងក៏លើកទ័ពយ៉ាងសន្ធឹកសន្ធាប់ និងខ្លាំងពូកែមកតទល់ តែពុំអាចយកជ័យជម្នះបានឡើយ ព្រោះស្តេចខាងជើងប្រើល្បិចកិច្ចកលផ្សេងៗប្រឆាំងស្តេចខាងត្បូង 26 គឺពួកជំនិតរបស់ស្តេចផ្ទាល់នឹងនាំគ្នាក្បត់ស្តេច ធ្វើឲ្យទ័ពរបស់ស្តេចត្រូវបរាជ័យ ហើយទាហានមួយចំនួនធំត្រូវស្លាប់បាត់បង់ជីវិត។ 27 បន្ទាប់មក ស្តេចទាំងពីរអង្គុយចរចាជាមួយគ្នា តែដោយគំនិតរបស់គេសុទ្ធតែអាក្រក់ គេពោលពាក្យកុហកគ្នាទៅវិញទៅមក។ ដូច្នេះ ការចរចារបស់គេពុំអាចបានផលអ្វីឡើយ ដ្បិតមិនទាន់ដល់គ្រាបញ្ចប់ដែលបានកំណត់ទុក។
28 ស្តេចខាងជើងក៏វិលត្រឡប់ទៅស្រុកវិញ ទាំងនាំទ្រព្យសម្បត្តិយ៉ាងច្រើនទៅជាមួយផង។ ពេលនោះ ស្តេចនឹងធ្វើបាបប្រជារាស្ដ្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ តាមគម្រោងការរបស់ខ្លួន រួចបន្តដំណើរវិលទៅស្រុករបស់ខ្លួនវិញ។ 29 លុះដល់ពេលកំណត់ ស្តេចខាងជើងក៏លើកទ័ពទៅវាយអាណាចក្រខាងត្បូងសាជាថ្មី ប៉ុន្តែ លើកនេះពុំដូចគ្រាមុនទេ 30 គឺមាននាវាជាច្រើនពីស្រុកគីទីមមកច្បាំងនឹងស្តេច ធ្វើឲ្យស្តេចបាក់ទឹកចិត្ត ហើយដកទ័ពថយទៅវិញ។ តាមផ្លូវ ស្តេចខ្ញាល់ជាខ្លាំង ហើយក៏ធ្វើបាបប្រជារាស្ដ្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ ដោយរួមគំនិតជាមួយអស់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។ 31 ពេលនោះ កងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់ស្តេច នឹងនាំគ្នាបន្ថោកបន្ទាយដែលជាទីសក្ការៈ ហើយបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ ហើយយកវត្ថុចង្រៃដ៏គួរស្អប់ខ្ពើមមកតាំងជំនួសវិញ។ 32 ស្តេចនោះនឹងពោលពាក្យបញ្ចើចបញ្ចើ ល្បួងអស់អ្នកដែលក្បត់សម្ពន្ធមេត្រី។ ប៉ុន្តែ ប្រជាជនដែលស្គាល់ព្រះជាម្ចាស់នឹងកាន់ចិត្តរឹងប៉ឹង។ 33 ពួកអ្នកមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងនាំគ្នាអប់រំមនុស្សជាច្រើន។ ក៏ប៉ុន្តែ ក្នុងពេលមួយរយៈ ក្នុងចំណោមអ្នកមានប្រាជ្ញាទាំងនោះ មានអ្នកខ្លះត្រូវគេសម្លាប់ ត្រូវគេដុត ត្រូវគេកៀរយកទៅជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិមួយរយៈ។ 34 ក្នុងពេលដែលគេធ្វើបាបអ្នកទាំងនោះ នឹងមានអ្នកខ្លះមកជួយបន្តិចដែរ។ មនុស្សជាច្រើននឹងមកចូលរួមជាមួយអ្នកទាំងនោះ តែដោយប្រើកលល្បិច។ 35 ក្នុងចំណោមអ្នកមានប្រាជ្ញា នឹងមានអ្នកខ្លះបាត់បង់ជីវិត ដើម្បីឲ្យពួកគេបានស្អាតបរិសុទ្ធ និងបានសស្គុសរហូតដល់គ្រាចុងក្រោយ ដ្បិតគ្រានោះនឹងកើតមានតាមពេលកំណត់។
36 ស្តេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើព្រះនានាផង។ ស្តេចនោះនឹងចម្រើនមាំមួនឡើង រហូតទាល់តែព្រះពិរោធកើនដល់កម្រិត ដ្បិតហេតុការណ៍អ្វីដែលព្រះជាម្ចាស់គ្រោងទុកត្រូវតែបានសម្រេច។ 37 ស្តេចនោះមិនយោគយល់ដល់ព្រះដែលអយ្យកោរបស់ខ្លួនធ្លាប់គោរព ហើយក៏មិនយោគយល់ដល់ព្រះដែលពួកស្ត្រីៗស្រឡាញ់ដែរ គឺស្តេចមិនយោគយល់ដល់ព្រះណាឡើយ ព្រោះព្រះអង្គតម្កើងខ្លួនឯងទុកជាធំលើសអ្វីៗទាំងអស់។ 38 ក៏ប៉ុន្តែ ស្តេចនោះគោរពព្រះមួយ ជាព្រះការពារបន្ទាយ ហើយយកមាស ប្រាក់ ត្បូង ពេជ្រ និងរបស់ដ៏មានតម្លៃទៅថ្វាយ។ អយ្យកោរបស់ស្តេចមិនដែលស្គាល់ព្រះនេះទេ។ 39 ស្តេចទៅវាយទីតាំងទ័ពរបស់សាសន៍នានា ដោយពឹងផ្អែកលើព្រះនៃជនបរទេស។ ស្តេចលើកកិត្តិយសអស់អ្នកដែលទទួលស្គាល់ព្រះនេះ ហើយឲ្យពួកគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកទឹកដីឲ្យពួកគេជារង្វាន់ផង។
40 នៅគ្រាចុងក្រោយ ស្តេចខាងត្បូងនឹងទៅប្រយុទ្ធនឹងស្តេចខាងជើង។ ស្តេចខាងជើងក៏លើកទ័ពទៅវាយសម្រុកស្តេចខាងត្បូង ដោយប្រើរទេះចម្បាំង ទ័ពសេះ និងនាវាចម្បាំងជាច្រើន។ ស្តេចនោះនាំពលទ័ពយ៉ាងគគ្រឹកគគ្រេងឆ្លងព្រំដែនចូលទៅក្នុងស្រុកនានាដូចទឹកជំនន់ 41 គឺឆ្លងកាត់ស្រុកដែលស្អាតជាងគេ ហើយប្រហារជីវិតមនុស្សជាច្រើន តែជនជាតិអេដុម ជនជាតិម៉ូអាប់ ព្រមទាំងអ្នកដឹកនាំសំខាន់ៗរបស់ជនជាតិអាំម៉ូន នឹងគេចផុតពីកណ្ដាប់ដៃរបស់ស្តេច។ 42 ស្តេចនោះនឹងវាតអំណាចទៅលើស្រុកនានា ហើយសូម្បីតែស្រុកអេស៊ីបក៏គេចមិនផុតដែរ។ 43 ស្តេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពី នឹងសុំធ្វើជាចំណុះរបស់ស្តេចនោះ។ 44 បន្ទាប់មក មានលេចឮដំណឹងអំពីហេតុការណ៍ដែលកើតឡើងនៅបូព៌ាប្រទេស និងស្រុកខាងជើង បណ្តាលឲ្យស្តេចបារម្ភក្រៃលែង។ ស្តេចពោរពេញដោយកំហឹងយ៉ាងខ្លាំង ក៏លើកទ័ពទៅកម្ទេចស្រុកនានា ព្រមទាំងសម្លាប់រង្គាលមនុស្សជាច្រើន។ 45 ស្តេចនឹងសង់ពន្លានៅចន្លោះសមុទ្រទាំងពីរ គឺនៅជិតភ្នំដ៏រុងរឿងវិសុទ្ធ។ បន្ទាប់មក ស្តេចនោះក៏បាត់បង់ជីវិតទៅ ដោយឥតមាននរណាជួយឡើយ។