ជំពូក ២៣
ការកែទម្រង់នៅរជ្ជកាលព្រះបាទយ៉ូស្យាស
(២របា.៣៤.២៩-៣៣, ៣-៧)
1 ព្រះរាជាចាត់គេឲ្យទៅអញ្ជើញអស់លោកព្រឹទ្ធាចារ្យ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកគាល់។ 2 បន្ទាប់មក ស្តេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ព្យាការី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មានក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ឲ្យប្រជាជនស្ដាប់។ 3 ព្រះរាជាឈរនៅលើវេទិកា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្ដីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។ ប្រជាជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធមេត្រីនេះដែរ។
4 ស្តេចចេញបញ្ជាដល់លោកមហាបូជាចារ្យហ៊ីលគីយ៉ា និងពួកបូជាចារ្យថ្នាក់បន្ទាប់ ព្រមទាំងក្រុមយាមទ្វារ ឲ្យយកវត្ថុទាំងប៉ុន្មានដែលគេថ្វាយព្រះបាល ព្រះអាសេរ៉ា និងផ្កាយទាំងប៉ុន្មាននៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះអម្ចាស់។ គេយកវត្ថុទាំងនោះទៅដុតចោលនៅក្រៅក្រុងយេរូសាឡឹម ក្នុងជ្រោះកេដ្រូន រួចយកផេះទៅចោលនៅបេតអែល។ 5 ស្តេចលុបបំបាត់ពួកបូជាចារ្យដែលស្តេចស្រុកយូដាបានលើកបន្តុប សម្រាប់ដុតគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗនៃក្រុងទាំងឡាយក្នុងស្រុកយូដា និងនៅជុំវិញក្រុងយេរូសាឡឹម។ ស្តេចលុបបំបាត់អស់អ្នកដែលដុតគ្រឿងក្រអូបថ្វាយព្រះបាល ព្រះអាទិត្យ ព្រះច័ន្ទ តារានិករ និងហ្វូងតារាទាំងប៉ុន្មាននៅលើមេឃ។ 6 ស្តេចយកបង្គោលរបស់ព្រះអាសេរ៉ាចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅចោលក្រៅក្រុងយេរូសាឡឹម រួចដុតនៅជ្រោះកេដ្រូន។ គេដុតកម្ទេចបង្គោលនោះឲ្យទៅជាផេះ ហើយយកផេះទៅបាចលើផ្នូររបស់ប្រជាជន។ 7 ព្រះបាទយ៉ូស្យាសកម្ទេចកន្លែងសម្រាប់ប្រព្រឹត្តអំពើពេស្យាចារ ដែលស្ថិតក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ ធ្វើសម្លៀកបំពាក់ថ្វាយព្រះអាសេរ៉ាដែរ។ 8 ស្តេចកោះហៅបូជាចារ្យទាំងអស់ពីក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ស្តេចបានបំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ចាប់ពីក្រុងកេបារហូតដល់បៀរសេបា ជាកន្លែងដែលបូជាចារ្យទាំងនោះធ្លាប់ដុតគ្រឿងក្រអូប។ ស្តេចក៏រំលំកន្លែងសក្ការៈនៅតាមទ្វារក្រុងយេរូសាឡឹម ដូចជាកន្លែងសក្ការៈដែលស្ថិតនៅខាងឆ្វេងទ្វារលោកយ៉ូស៊ូអា ជាអភិបាលក្រុង។ 9 ពួកបូជាចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗ គ្មានសិទ្ធិឡើងទៅថ្វាយយញ្ញបូជានៅលើអាសនៈរបស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹមទេ តែពួកគេអាចបរិភោគនំបុ័ងឥតមេជាមួយបូជាចារ្យដទៃទៀតបាន។
10 ព្រះបាទយ៉ូស្យាសបានបំផ្លាញកន្លែងធ្វើបូជាយញ្ញនៅតូផែត ក្នុងជ្រលងភ្នំបេនហ៊ីណូម ដើម្បីកុំឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួន ទៅធ្វើបូជាយញ្ញថ្វាយព្រះម៉ូឡុកទៀតឡើយ។ 11 ព្រះបាទយ៉ូស្យាសយករូបសេះទាំងប៉ុន្មាន ដែលស្តេចស្រុកយូដាធ្វើថ្វាយព្រះអាទិត្យ ចេញពីមាត់ទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ រូបទាំងនោះស្ថិតក្បែរបន្ទប់របស់លោកមហាតលិកនេតានមេឡេក គឺនៅក្នុងបន្ទប់អម។ ស្តេចក៏បានដុតរទេះរបស់ព្រះអាទិត្យចោលដែរ។ 12 ស្តេចរំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទអខាស់ និងស្តេចនានានៃស្រុកយូដាបានសង់ នៅតាមថែវនៃបន្ទប់ខាងលើ។ ស្តេចក៏រំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទម៉ាណាសេបានសង់ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់ពីបំផ្លាញអាសនៈទាំងនោះហើយ ស្តេចយកកម្ទេចទៅបោះចោលនៅជ្រលងភ្នំកេដ្រូន។ 13 ស្តេចបំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងប៉ុន្មាន ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម ប៉ែកខាងត្បូងភ្នំដើមអូលីវ។ ព្រះបាទសាឡូម៉ូន ជាស្តេចស្រុកអ៊ីស្រាអែល បានសង់កន្លែងសក្ការៈទាំងនោះថ្វាយព្រះអាស្តារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។ 14 ស្តេចវាយបំបាក់ស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយយកធាតុមនុស្សមករាយពាសពេញទីនោះវិញ។
15 ព្រះបាទយ៉ូស្យាសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រាអែល ឲ្យប្រព្រឹត្តអំពើបាប។ ស្តេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្តេចដុតឲ្យទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។ 16 ព្រះបាទយ៉ូស្យាសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាឲ្យគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្តេចធ្វើឲ្យអាសនៈនោះទៅជាសៅហ្មង ស្របតាមព្រះបន្ទូលដែលអ្នកជំនិតរបស់ព្រះអម្ចាស់ថ្លែងទុក។ 17 ស្តេចមានរាជឱង្ការថា៖ «មើល! ផ្នូរនោះជាអ្វី?»។ ពួកអ្នកក្រុងទូលថា៖ «គឺផ្នូរអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដា ដើម្បីថ្លែងពីការទាំងប៉ុន្មាន ដែលព្រះករុណាទើបនឹងប្រព្រឹត្តចំពោះអាសនៈនៅបេតអែលនេះ»។ 18 ស្តេចមានរាជឱង្ការថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ធាតុរបស់លោកឡើយ»។ ដូច្នេះ គេមិនគាស់យកធាតុរបស់លោក ព្រមទាំងធាតុរបស់ព្យាការីដែលមកពីស្រុកសាម៉ារីទេ។
19 កាលពីដើម ស្តេចនានានៃស្រុកអ៊ីស្រាអែលបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ក្នុងក្រុងទាំងឡាយនៅស្រុកសាម៉ារី បណ្តាលឲ្យព្រះអម្ចាស់ព្រះអង្គព្រះពិរោធ។ ព្រះបាទយ៉ូស្យាសលុបបំបាត់កន្លែងសក្ការៈទាំងនោះដូចព្រះអង្គបានធ្វើនៅបេតអែលដែរ។ 20 ស្តេចបានប្រហារបូជាចារ្យទាំងអស់នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រមទាំងដុតឆ្អឹងខ្មោចនៅលើនោះផងដែរ។ បន្ទាប់មក ព្រះអង្គយាងត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
ជនជាតិយូដាប្រារព្ធពិធីបុណ្យចម្លង
(២របា.៣៥.១, ១៨-១៩)
21 ព្រះរាជាបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារព្ធបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុក ក្នុងគម្ពីរសម្ពន្ធមេត្រី»។ 22 តាំងពីជំនាន់ពួកវិរបុរស និងក្នុងជំនាន់ស្តេចនានានៃស្រុកអ៊ីស្រាអែល និងស្រុកយូដា គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះទេ។ 23 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូស្យាស គេនាំគ្នាប្រារព្ធពិធីបុណ្យចម្លងបែបនេះថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។
ដំណាក់ចុងក្រោយនៃរាជ្យព្រះបាទយ៉ូស្យាស
(២របា.៣៥.២០-២៧, ៣៦.១)
24 ព្រះបាទយ៉ូស្យាសលុបបំបាត់គ្រូបញ្ជាន់រូប គ្រូទាយជោគរាសី រូបតេរ៉ាភីម*សម្រាប់បូល រូបព្រះក្លែងក្លាយ និងវត្ថុទាំងប៉ុន្មានគួរស្អប់ខ្ពើមដែលមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្របតាមសេចក្ដីទាំងប៉ុន្មាន ចែងទុកក្នុងគម្ពីរ ដែលលោកបូជាចារ្យហ៊ីលគីយ៉ាបានរកឃើញនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
25 កាលពីមុន ពុំដែលមានស្តេចអង្គណាមួយវិលមករកព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត អស់ពីស្មារតី និងអស់ពីកម្លាំង ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ដូចព្រះបាទយ៉ូស្យាសឡើយ ហើយក្រោយមក ក៏គ្មានដែរ។
26 ប៉ុន្តែ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធប្រឆាំងនឹងអ្នកស្រុកយូដាយ៉ាងខ្លាំងដូចមុនដដែល ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ 27 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងបណ្តេញជនជាតិយូដាចេញឲ្យឆ្ងាយពីមុខយើង ដូចយើងបានបណ្តេញជនជាតិអ៊ីស្រាអែលដែរ។ យើងនឹងបោះបង់ចោលយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស ព្រមទាំងបោះបង់ចោលដំណាក់ ជាកន្លែងដែលយើងសម្ដែងនាមរបស់យើង»។
28 រាជកិច្ចផ្សេងៗរបស់ព្រះបាទយ៉ូស្យាស និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ 29 ក្នុងរជ្ជកាលព្រះបាទយ៉ូស្យាស ព្រះចៅផារ៉ោននេកូ ជាស្តេចស្រុកអេស៊ីប បានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្តេចស្រុកអាស្ស៊ីរី។ ព្រះបាទយ៉ូស្យាសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលព្រះចៅផារ៉ោនទតឃើញ ក៏ធ្វើគុតព្រះបាទយ៉ូស្យាសនៅមេគីដូ។
30 ពួកនាយទាហានលើកសពរបស់ស្តេចដាក់លើរទេះ នាំពីមេគីដូមកក្រុងយេរូសាឡឹមវិញ ហើយបញ្ចុះនៅក្នុងផ្នូររបស់ស្តេច។ ប្រជាជននៅស្រុកយូដានាំគ្នាជ្រើសរើសព្រះបាទយ៉ូអាខាស ជាបុត្ររបស់ព្រះបាទយ៉ូស្យាស មកចាក់ប្រេងអភិសេកឲ្យស្នងរាជ្យបិតា។
ព្រះបាទយ៉ូអាខាស់សោយរាជ្យនៅស្រុកយូដា
(២របា.៣៦.២-៤)
31 កាលព្រះបាទយ៉ូអាខាសឡើងសោយរាជ្យ ព្រះអង្គមានជន្មាយុម្ភៃបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថាហាមូតាល ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។ 32 ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។ 33 ព្រះចៅផារ៉ោននេកូចាប់ព្រះបាទយ៉ូអាខាសដាក់ច្រវាក់នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ដើម្បីកុំឲ្យស្តេចសោយរាជ្យនៅក្រុងយេរូសាឡឹមតទៅទៀត។ ព្រះចៅផារ៉ោននេកូតម្រូវឲ្យស្រុកយូដាបង់សួយសារអាករជាប្រាក់ហាសិបហាប និងមាសកន្លះហាប។ 34 ព្រះចៅផារ៉ោននេកូតែងតាំងព្រះបាទអេលីយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូស្យាស ឲ្យស្នងរាជ្យបិតា ហើយដូរនាមថា យ៉ូយ៉ាគីមវិញ។ រីឯព្រះបាទយ៉ូអាខាស ព្រះចៅផារ៉ោននាំយកទៅជាឈ្លើយ នៅស្រុកអេស៊ីប ហើយព្រះអង្គក៏សោយទិវង្គតនៅទីនោះ។ 35 ព្រះបាទយ៉ូយ៉ាគីមបានហូតពន្ធពីប្រជាជននៅក្នុងស្រុក គឺស្តេចបង្ខំពួកគេឲ្យបង់ជាមាស ជាប្រាក់ ដូចព្រះចៅផារ៉ោនបានកំណត់ទុក។ លុះបានគ្រប់ចំនួនហើយ ស្តេចក៏យកទៅថ្វាយព្រះចៅផារ៉ោននេកូ។
ព្រះបាទយ៉ូយ៉ាគីមសោយរាជ្យនៅស្រុកយូដា
(២របា.៣៦.៥-៨)
36 កាលព្រះបាទយ៉ូយ៉ាគីមឡើងសោយរាជ្យ ព្រះអង្គមានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយព្រះអង្គសោយរាជ្យបានដប់មួយឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា សេប៊ូដា ជាកូនរបស់លោកពេដាយ៉ា ជាអ្នកស្រុករូម៉ា។ 37 ព្រះបាទយ៉ូយ៉ាគីមប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។