ជំពូក ១៦

ព្រះ‌បាទ​អខាស​សោយ​រាជ្យ​លើ​ស្រុក​យូដា

(២​របា‌ក្សត្រ ២៨.១-២៧)

1 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លីយ៉ា ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អខាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូថាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ 2 កាល​ព្រះ‌បាទ​អខាស​ឡើង​សោយ‌រាជ្យ ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច ដូច​ព្រះ‌បាទ​ដាវីឌ​ជា​អយ្យ‌កោ​ឡើយ 3 ប៉ុន្តែ ស្តេច​ដើរ​តាម​ផ្លូវ​របស់​ស្តេច​នានា​នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​ស្តេច​ហ៊ាន​រហូត​ដល់​យក​បុត្រ​ទៅ​បូជា​យញ្ញ តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ព្រះ‌អម្ចាស់​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។ 4 ស្តេច​បាន​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។

5 ពេល​នោះ ព្រះ‌បាទ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី និង​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លីយ៉ា ស្តេច​ស្រុក​អ៊ីស្រា‌អែល នាំ​គ្នា​ឡើង​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​ឡោម‌ព័ទ្ធ​ព្រះ‌បាទ​អខាស តែ​មិន​អាច​យក​ជ័យ‌ជម្នះ​ទេ។ 6 នៅ​គ្រា​ដដែល​នោះ ព្រះ‌បាទ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី ដណ្ដើម​យក​ក្រុង​អេឡាត​បាន​វិញ រួច​បណ្តេញ​ជន​ជាតិ​យូដា​ចេញ​ពី​ក្រុង​នោះ។ ជន​ជាតិ​អេដុម​ក៏​វិល​មក​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​អេឡាត រហូត​ដល់​សព្វ​ថ្ងៃ។ 7 ព្រះ‌បាទ​អខាស​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូល‌បង្គំ​ជា​អ្នក​បម្រើ និង​ជា​កូន​ចៅ​របស់​ព្រះ‌ករុណា សូម​ព្រះ‌ករុណា​យាង​មក​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​ស៊ីរី និង​ស្តេច​ស្រុក​អ៊ីស្រា‌អែល ដែល​លើក​គ្នា​មក​វាយ​ទូល‌បង្គំ​ផង»។ 8 ព្រះ‌បាទ​អខាស​យក​មាស ប្រាក់​ដែល​មាន​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​រាជ‌ទ្រព្យ ផ្ញើ​ទៅ​ថ្វាយ​ស្តេច​ស្រុក​អាស្ស៊ីរី។ 9 ស្តេច​ស្រុក​អាស្ស៊ីរី​យល់​ព្រម​តាម​សំណើ​របស់​ព្រះ‌បាទ​អខាស។ ស្តេច​យាង​ទៅ​វាយ​ក្រុង​ដាម៉ាស ដណ្ដើម​យក​បាន​ក្រុង​នោះ រួច​កៀរ​អ្នក​ក្រុង​នោះ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ ព្រម​ទាំង​ធ្វើ​គុត​ព្រះ‌បាទ​រេស៊ីន​ទៀត​ផង។

10 ព្រះ‌បាទ​អខាស​យាង​ទៅ​គាល់​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី នៅ​ក្រុង​ដាម៉ាស។ ស្តេច​ទត​ឃើញ​អាសនៈ​មួយ​ដែល​ស្ថិត​នៅ​ក្រុង​ដាម៉ាស ស្តេច​ក៏​ផ្ញើ​គំរូ និង​គម្រោង​សង់​អាសនៈ​នោះ ជូន​លោក​បូជា‌ចារ្យ​អ៊ូរី។ 11 លោក​បូជា‌ចារ្យ​អ៊ូរី​សង់​អាសនៈ​មួយ តាម​គំរូ ដែល​ព្រះ‌បាទ​អខាស​ផ្ញើ​ពី​ក្រុង​ដាម៉ាស។ លោក​បូជា‌ចារ្យ​អ៊ូរី​បាន​សង់​អាសនៈ​នេះ​រួច​ជា​ស្រេច មុន​ពេល​ព្រះ‌បាទ​អខាស​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ។ 12 កាល​ស្តេច​យាង​ត្រឡប់​មក​វិញ ទត​ឃើញ​អាសនៈ​នោះ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​អាសនៈ 13 រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ធ្វើ​ពិធី​ច្រួច‌ស្រា ព្រម​ទាំង​ប្រោះ​ឈាម​របស់​សត្វ ដែល​ស្តេច​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ផង។ 14 រីឯ​អាសនៈ​ធ្វើ​ពី​លង្ហិន ដែល​ស្ថិត​នៅ​ខាង​មុខ​ទី​សក្ការៈ​របស់​ព្រះ‌អម្ចាស់ ស្តេច​ឲ្យ​គេ​លើក​ចេញ​ពី​កន្លែង​ដើម ដែល​ស្ថិត​នៅ​ចន្លោះ​អាសនៈ​ថ្មី និង​ទី​សក្ការៈ​របស់​ព្រះ‌អម្ចាស់ យក​ទៅ​ដាក់​នៅ​ខាង​ជើង​អាសនៈ​ថ្មី​វិញ។ 15 ព្រះ‌បាទ​អខាស​ចេញ​បញ្ជា​ដល់​លោក​បូជា‌ចារ្យ​អ៊ូរី​ដូច​ត​ទៅ៖ «លោក​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​នៅ​ពេល​ល្ងាច លើ​អាសនៈ​ធំ​នេះ គឺ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​ស្តេច ព្រម​ទាំង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជា‌រាស្ដ្រ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ពិធី​ច្រួច‌ស្រា។ ត្រូវ​ប្រោះ​ឈាម​ទាំង​អស់​របស់​សត្វ ដែល​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​នេះ​ដែរ។ រីឯ​អាសនៈ​ពី​លង្ហិន​វិញ ទុក​ឲ្យ​យើង​ចាត់​ចែង​ចុះ»។ 16 លោក​បូជា‌ចារ្យ​អ៊ូរី​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អខាស។

17 ព្រះ‌បាទ​អខាស​បាន​កម្ទេច​បន្ទះ​លង្ហិន​របស់​រទេះ និង​យក​អាង​ដែល​នៅ​លើ​រទេះ​នោះ​ចេញ ហើយ​លើក​អាង​ធំ​ដែល​ទ្រ​ដោយ​រូប​គោ​លង្ហិន ចុះ​មក​ដាក់​លើ​ឥដ្ឋ​វិញ។ 18 ព្រះ‌បាទ​អខាស​បាន​រើ​ថែវ​សប្ប័ទ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ ដើម្បី​ផ្គាប់​ព្រះ‌ហឫ‌ទ័យ​ស្តេច​ស្រុក​អាស្ស៊ីរី គឺ​ថែវ​ដែល​គេ​សង់​នៅ​ខាង​ក្នុង​ព្រះ‌ដំណាក់ និង​ថែវ​ច្រក​ចូល​របស់​ស្តេច​ដែល​នៅ​ខាង​ក្រៅ។ 19 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អខាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ 20 ព្រះ‌បាទ​អខាស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អេសេ‌ខ្យាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។