ជំពូក ១២
ព្រះបាទយ៉ូអាសសោយរាជ្យនៅស្រុកយូដា
(២របាក្សត្រ ២៤.១-៣)
1(១១.២១) ព្រះបាទយ៉ូអាសឡើងសោយរាជ្យក្នុងជន្មាយុប្រាំពីរវស្សា 2(១) គឺនៅឆ្នាំទីប្រាំពីរក្នុងរជ្ជកាលព្រះបាទយេហ៊ូ ជាស្តេចស្រុកអ៊ីស្រាអែល ព្រះអង្គសោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ រីឯមាតារបស់ស្តេចមាននាមថា ស៊ីបយ៉ាជាអ្នកស្រុកបៀរសេបា។ 3(២) ព្រះបាទយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ អស់មួយជីវិត ដូចលោកបូជាចារ្យយេហូយ៉ាដាបានបង្ហាត់បង្រៀន។ 4(៣) ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។
ព្រះបាទយ៉ូអាសជួសជុលព្រះវិហារ
(២របាក្សត្រ ២៤.៤-១៤)
5(៤) ព្រះបាទយ៉ូអាសមានរាជឱង្ការទៅកាន់ពួកបូជាចារ្យថា៖ «ចំពោះប្រាក់ទាំងប៉ុន្មាន ដែលគេយកមកថ្វាយជាតង្វាយ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ដែលប្រជាជនយកមកបង់ពន្ធសម្រាប់ព្រះដំណាក់ ប្រាក់បានមកពីតង្វាយលោះមនុស្ស ស្របតាមការវាយតម្លៃ និងតង្វាយស្ម័គ្រចិត្ត ដែលគេយកមកថ្វាយព្រះដំណាក់របស់ព្រះអម្ចាស់ 6(៥) នោះឲ្យក្រុមបូជាចារ្យទទួលយក គឺម្នាក់ៗត្រូវទទួលយកចំណែករបស់ខ្លួនពីអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលកន្លែងបាក់បែកទាំងប៉ុន្មាននៅក្នុងព្រះដំណាក់ ដែលគេយល់ថាចាំបាច់គួរតែជួសជុល»។ 7(៦) ប៉ុន្តែ រហូតមកដល់ឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះបាទយ៉ូអាស ក្រុមបូជាចារ្យពុំទាន់បានជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់នៅឡើយទេ។ 8(៧) ព្រះបាទយ៉ូអាសកោះហៅលោកបូជាចារ្យយេហូយ៉ាដា ព្រមទាំងបូជាចារ្យឯទៀតៗមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់? ចាប់ពីពេលនេះតទៅ អស់លោកមិនត្រូវទទួលប្រាក់ពីអ្នកស្គាល់ទៀតឡើយ តែត្រូវបង្វិលប្រាក់នេះសម្រាប់ការជួសជុលព្រះដំណាក់វិញ»។ 9(៨) ដូច្នេះ ពួកបូជាចារ្យក៏ឈប់ទទួលប្រាក់ពីប្រជាជន និងលែងទទួលបន្ទុកលើការជួសជុលព្រះដំណាក់ទៀត។ 10(៩) លោកបូជាចារ្យយេហូយ៉ាដាយកហិបមួយចោះរន្ធលើគម្រប រួចដាក់នៅខាងស្តាំអាសនៈ ត្រង់មាត់ទ្វារចូលព្រះដំណាក់។ ពួកបូជាចារ្យជាអ្នកយាមនៅមាត់ទ្វារ ដាក់ប្រាក់ទាំងអស់ដែលគេយកមកថ្វាយព្រះដំណាក់ ក្នុងហិបនោះ។ 11(១០) កាលណាគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនហ្លួង និងមហាបូជាចារ្យក៏មកទទួលប្រាក់ នៅក្នុងព្រះដំណាក់យកទៅរាប់ រួចទុកក្នុងថង់មួយ។ 12(១១) បន្ទាប់មក លោកប្រគល់ប្រាក់នោះឲ្យពួកមេជាងដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ គេប្រើប្រាក់នោះសម្រាប់ជួលជាងឈើ និងជាងសំណង់ដែលត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ 13(១២) ព្រមទាំងជួលជាងកំបោរ ជាងដាប់ថ្ម ហើយទិញឈើ និងថ្មដាប់សម្រាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ប្រាក់នេះក៏ប្រើសម្រាប់ការចំណាយគ្រប់ប្រភេទ ក្នុងការជួសជុលព្រះដំណាក់ឡើងវិញ។ 14(១៣) ប៉ុន្តែ គេពុំបានប្រើប្រាក់ដែលប្រជាជនយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទៅធ្វើពានប្រាក់ កាំបិត ថូ ត្រែ ឬប្រដាប់ប្រដាអ្វីផ្សេងទៀតអំពីមាស ប្រាក់ សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ។ 15(១៤) គេប្រគល់ប្រាក់នេះ ឲ្យអស់អ្នកដែលទទួលបន្ទុកលើការងារ សម្រាប់ប្រើប្រាស់ជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ 16(១៥) គេពុំបានត្រួតពិនិត្យអស់អ្នកដែលយកប្រាក់នោះ ទៅបើកឲ្យពួកជាងទេ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះស្ម័គ្របំផុត។
17(១៦) រីឯប្រាក់តង្វាយដែលប្រជាជនយកមកថ្វាយជាយញ្ញបូជាសុំលើកលែងទោស និងយញ្ញបូជារំដោះបាប គេពុំបានទុកសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ទេ គឺប្រាក់នោះត្រូវបានជាចំណែករបស់ពួកបូជាចារ្យវិញ។
ចុងបញ្ចប់នៃរជ្ជកាលព្រះបាទយ៉ូអាស
(២របាក្សត្រ ២៤.២៣-២៧)
18(១៧) នៅគ្រានោះ ព្រះបាទហាសាអែល ជាស្តេចស្រុកស៊ីរី ឡើងមកវាយ និងដណ្ដើមយកបានក្រុងកាថ។ បន្ទាប់មក ព្រះបាទហាសាអែលលើកទ័ពតម្រង់ឆ្ពោះទៅក្រុងយេរូសាឡឹមទៀត។ 19(១៨) ព្រះបាទយ៉ូអាស ស្តេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងវាំង ជាវត្ថុដែលស្តេចស្រុកយូដា ជាអយ្យកោ គឺព្រះបាទយ៉ូសាផាត ព្រះបាទយ៉ូរ៉ាម និងព្រះបាទអហាស៊ីយ៉ា បានថ្វាយជាតង្វាយ ព្រមទាំងវត្ថុដែលស្តេចផ្ទាល់បានថ្វាយជាតង្វាយ ហើយចាត់គេឲ្យនាំយកទៅថ្វាយព្រះបាទហាសាអែល ជាស្តេចស្រុកស៊ីរី។ ហេតុនេះ ស្តេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូសាឡឹម។
20(១៩) រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងអស់ដែលស្តេចបានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ 21(២០) មេទ័ពរបស់ស្តេចបានក្រោកឡើងរួមគំនិតគ្នាក្បត់នឹងព្រះបាទយ៉ូអាស។ ពួកគេធ្វើគុតស្តេច នៅបេតមីឡូ តាមផ្លូវចុះទៅស៊ីឡា។ 22(២១) មេទ័ពដែលបានធ្វើគុតស្តេច គឺលោកយ៉ូសាបាដ ជាកូនរបស់លោកស៊ីម៉ាត និងលោកយេហូសេបាដ ជាកូនរបស់លោកសូមែរ។ គេបានបញ្ចុះសពស្តេចក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអម៉ាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។