ជំពូក ១
ព្រះជាម្ចាស់ដាក់ទោសព្រះបាទអហាស៊ីយ៉ា
1 ក្រោយពីព្រះបាទអខាប់សោយទិវង្គត ជនជាតិម៉ូអាប់បានបះបោរប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ 2 ថ្ងៃមួយ ព្រះបាទអហាស៊ីយ៉ាបានធ្លាក់ពីរានហាលបន្ទប់ជាន់លើបំផុតនៃព្រះដំណាក់នៅក្រុងសាម៉ារី ហើយមានរបួសជាទម្ងន់។ ស្តេចបានចាត់អ្នកនាំសារឲ្យទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ដើម្បីចង់ដឹងថា តើស្ដេចអាចជាសះស្បើយពីរបួសនេះឬទេ?។ 3 ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់ ថ្លែងទៅកាន់លោកអេលី ជាអ្នកស្រុកទីសបេថា៖ «ចូរក្រោកឡើង ទៅជួបអ្នកនាំសាររបស់ស្តេចក្រុងសាម៉ារី ហើយសួរថា “តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកនាំគ្នាទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?”។ 4 ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។ លោកអេលីក៏ចាកចេញទៅ។ 5 ពួកអ្នកនាំសារវិលមកគាល់ស្តេចវិញ ហើយស្តេចមានរាជឱង្ការសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាវិលមកវិញដូច្នេះ?»។ 6 ពួកគេទូលថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅទូលស្តេច ដែលបានចាត់អ្នករាល់គ្នាឲ្យមកនោះថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកចាត់គេឲ្យទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?។ ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។ 7 ស្តេចសួរអ្នកនាំសារថា៖ «តើបុរសដែលមកជួបអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងដូចម្ដេច?»។ 8 ពួកគេទូលស្តេចថា៖ «បុរសនោះស្លៀកសម្លៀកបំពាក់ធ្វើពីរោមសត្វ ហើយពាក់ខ្សែក្រវាត់ធ្វើពីស្បែកនៅចង្កេះផង»។ ពេលនោះ ស្តេចក៏មានរាជឱង្ការថា៖ «គឺពិតជាអេលី អ្នកស្រុកទីសបេ!»។
ព្រះបាទអហាស៊ីយ៉ារកចាប់ព្យាការីអេលី
9 ស្តេចក៏ចាត់មេកងម្នាក់ឲ្យនាំពលទាហានហាសិបនាក់ ទៅរកចាប់លោកអេលី។ គេនាំគ្នាឡើងទៅរកចាប់លោកអេលី ដែលកំពុងអង្គុយនៅលើកំពូលភ្នំ។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរចុះមក! នេះជាបញ្ជារបស់ព្រះរាជា»។ 10 លោកអេលីមានប្រសាសន៍ទៅកាន់មេកងនោះថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃ មកឆេះលោក និងពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។ 11 ស្តេចចាត់មេទ័ពម្នាក់ទៀតឲ្យនាំពលទាហានហាសិបនាក់ទៅរកចាប់លោកអេលី។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរប្រញាប់ចុះមក! នេះជាបញ្ជារបស់ព្រះរាជា!»។ 12 លោកអេលីមានប្រសាសន៍មកពួកគេថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃមក ឆេះលោក និងពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃ មកឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។ 13 ស្តេចចាត់មេកងទីបីឲ្យនាំពលទាហានហាសិបនាក់ទៅសាជាថ្មី។ ពេលមេកងទីបីនេះឡើងទៅដល់លើកំពូលភ្នំ គាត់លុតជង្គង់នៅមុខលោកអេលី រួចអង្វរថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងពលទាហានទាំងហាសិបនាក់នេះផង។ 14 មានភ្លើងធ្លាក់ពីលើមេឃមកឆេះមេកងទាំងពីរ និងពលទាហានរបស់ពួកគេដែលមកមុនៗនោះអស់ហើយ ឥឡូវនេះ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទផង!»។ 15 ទេវទូត*របស់ព្រះអម្ចាស់ប្រាប់លោកអេលីថា៖ «ចូរទៅជាមួយគេចុះ កុំភ័យខ្លាចឡើយ!»។ លោកអេលីក្រោកឡើង ហើយទៅជាមួយគេ ចូលគាល់ស្តេច 16 ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ដោយអ្នកបានចាត់អ្នកនាំសារឲ្យទៅសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ធ្វើហាក់ដូចជានៅក្នុងស្រុកអ៊ីស្រាអែលគ្មានព្រះដែលគេអាចសួរបាន។ ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។
17 ព្រះបាទអហាស៊ីយ៉ាសោយទិវង្គតស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលលោកអេលីបានថ្លែង។ ព្រះបាទអហាស៊ីយ៉ាគ្មានបុត្រទេ ដូច្នេះ ព្រះបាទយ៉ូរ៉ាម ជាអនុជ ឡើងស្នងរាជ្យនៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្តេចស្រុកយូដា។ 18 រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស៊ីយ៉ា និងអ្វីៗដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។