ពាក្យលំនាំ
គម្ពីរលោកបារូក
លោកបារូកជាលេខាធិការរបស់ព្យាការីយេរេមី ដែលរស់នៅសតវត្សទី៦ មុនគ.ស។ ជាច្រើនសតវត្សក្រោយមក គឺនៅសតវត្សទី២ មុនគ.ស មានអ្នកប្រាជ្ញបានប្រមែប្រមូលអត្ថបទផ្សេងៗ ដែលប្រជាជនយូដារស់នៅខ្ចាត់ខ្ចាយ ពាសពេញមជ្ឈិមបូព៌ា តែងតែអានក្នុងធម្មសាលា (សាលាប្រជុំ) មកចងក្រងជាកណ្ឌមួយ ហើយដាក់ឈ្មោះ «គម្ពីរលោកបារូក» ទុកលោកបារូកជាអ្នកនិពន្ធ។ នេះជារបៀបធម្មតានាជំនាន់នោះ ដើម្បីនាំប្រជាជនឲ្យគោរពសេចក្តីដែលមានចែងក្នុងកណ្ឌនេះ។
កណ្ឌនេះចែកជាបួនភាគ ដែលមិនសូវស៊ីគ្នា មានអ្នកនិពន្ធផ្សេងៗប្រហែលជាបានប្រមូលឯកសារនៅជំនាន់ផ្សេងពីគ្នាដែរ ព្រោះ៖
- អារម្ភកថាបញ្ជាក់អំពីពេលដែលត្រូវអានកណ្ឌនោះ គឺក្នុងពិធី សូមព្រះជាម្ចាស់អត់ទោសឲ្យប្រជាជននៅក្រុងយេរូសាឡឹម (១, ១–១៤)។
- បទទទួលសារភាពអំពើបាប(១,១៥‑២,១០) តាមរបៀបលោកដានីអែល ៩។ បន្ទាប់មក មានពាក្យអង្វរសូមព្រះជាម្ចាស់លើកលែងទោសរំដោះបាប (២, ១១‑៣,៨)។
- សេចក្តីនឹកសញ្ជឹងគិតអំពីព្រះប្រាជ្ញាញាណ (៣, ៩‑៤,៤)។ ធម្មវិន័យជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។
- ពាក្យដាស់តឿនអ្នកក្រុងយេរូសាឡឹម (៤,៥‑៥,៩) ប្រហែលនឹងសេចក្តីដែលព្យាការីអេសាយទី២ បានថ្លែងដែរ។
- ក្នុងឯកសារបុរាណខ្លះ «លិខិតរបស់ព្យាការីយេរេមី» ត្រូវនឹងជំពូកទី៦នៃគម្ពីរលោកបារូក។
លិខិតរបស់ព្យាការីយេរេមី
កណ្ឌនេះ ជាលិខិតមួយច្បាប់ផ្ញើជូនជនជាតិយូដាដែលរស់នៅក្នុងចំណោមសាសន៍ដទៃ ប្រហែលនៅស្រុកបាប៊ីឡូន នៅស្រុកស៊ីរី ឬស្រុកភេនីស៊ី ក្នុងសតវត្សទី ៣ ឬទី ២ មុន គ.ស.។ អ្នកនិពន្ធរៀបរៀងលិខិតនេះ ដើម្បីដាស់តឿនពួកគេមិនឲ្យគោរពព្រះក្លែងក្លាយ ហើយឲ្យគោរពបម្រើ ព្រះអម្ចាស់ដោយចិត្តស្មោះព្រោះមានតែព្រះអម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលជាព្រះដ៏ពិតប្រាកដ និងជាព្រះដែលមានព្រះជន្មគង់នៅ។ អ្នកនិពន្ធចែងថា ព្យាការីយេរេមីបានសរសេរលិខិតនេះ។ នេះជារបៀបធម្មតានៅជំនាន់នោះ ដើម្បីឲ្យប្រជាជនគោរពតាមសេចក្ដីក្នុងលិខិតនេះ។
ក្នុងឯកសារខ្លះ លិខិតនេះជាជំពូកទី ៦ នៃគម្គីរលោកបារូក។