ជំពូក ៦

លិខិត​របស់​ព្យាការី​យេរេមី

នេះ​ជា​សេចក្ដី​ចម្លង​នៃ​លិខិត ដែល​ព្យាការី​យេរេមី​បាន​ផ្ញើ​ជូន​ជន​ជាតិ​យូដា មុន​ពេល​ព្រះ‌មហា​ក្សត្រ​បាប៊ីឡូន កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ីឡូន ដើម្បី​ប្រាប់​ពួក​គេ​អំពី​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បង្គាប់។

1 ព្រះ‌បាទ​នេប៊ូកា‌នេសារ ជា​ព្រះ‌មហា​ក្សត្រ ស្រុក​បាប៊ីឡូន​នឹង​កៀរ​អ្នក​រាល់​គ្នា​ជា​ឈ្លើយ​នាំ​ទៅ​នៅ​ស្រុក​បាប៊ីឡូន ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ 2 អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​បាប៊ីឡូន​នោះ​ជា​យូរ​ឆ្នាំ គឺ​អស់‌រយៈ​ពេល​ប្រាំពីរ​តំណ។ ក្រោយ​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ ដោយ​សុខ​សាន្ត។ 3 នៅ​ស្រុក​បាប៊ីឡូន អ្នក​រាល់​គ្នា​នឹង​ឃើញ​រូប​ព្រះ​ធ្វើ​ពី​ប្រាក់ ពី​មាស ពី​ឈើ ដែល​អ្នក​ស្រុក​តែង​តែ​សែង​រូប​នោះ ហើយ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ក៏​កោត​ខ្លាច​រូប​ព្រះ​ទាំង​នោះ​ដែរ។ 4 ដូច្នេះ ចូរ​ប្រយ័ត្ន! កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច​ជាតិ​សាសន៍​ដទៃ​ទាំង​នោះ​ក្នុង​គ្រប់​ប្រការ​ឡើយ ក្រែង​អ្នក​រាល់​គ្នា បែរ​ទៅ​គោរព​កោត​ខ្លាច​ព្រះ​ក្លែង‌ក្លាយ​ទាំង​នោះ 5 ដោយ​ឃើញ​មហា​ជន​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ទាំង​នោះ​ពី​មុខ ពី​ក្រោយ។ ផ្ទុយ​ទៅ​វិញ​អ្នក​រាល់​គ្នា​ត្រូវ​នឹក​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! យើង​ខ្ញុំ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ!» 6 ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទេវ‌ទូត​របស់​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា និង​ថែ‌រក្សា​ការ‌ពារ​អ្នក​រាល់​គ្នា»។

7 ជាង​ម្នាក់ បាន​ឆ្លាក់ អណ្ដាត​ព្រះ​ទាំង​នោះ។ ទោះ​បី គេ​យក​មាស និង​ប្រាក់​មក​ស្រោប​រូប​ព្រះ​ទាំង​នោះ​ក្ដី ក៏​រូប​ទាំង​នោះ ជា​រូប​បោក​បញ្ឆោត​មិន​អាច​និយាយ​បាន​ឡើយ។ 8 ពួក​គេ​យក​មាស​មក​ធ្វើ​មកុដ​បំពាក់​លើ​ក្បាល​ព្រះ​របស់​គេ ដូច​ស្រី​ក្រមុំ​ដែល​ចូល​ចិត្ត​តែង​ខ្លួន។ 9 ជួន​កាល​ពួក​បូជា‌ចារ្យ​របស់​គេ ឆ្លៀត​លួច​យក​មាស ប្រាក់​ពី​រូប​ទាំង​នោះ​មក​សម្រាប់​ចាយ​វាយ​ផ្ទាល់​ខ្លួន 10 ឬ​ក៏​យក​ទៅ​ឲ្យ​ស្រី​ពេស្យា​សក្ការៈ។ ពួក​គេ​យក​សម្លៀក‌បំពាក់ មក​ស្លៀក‌ពាក់​ឲ្យ​រូប​ព្រះ​ដែល​ធ្វើ​ពី​ប្រាក់ ពី​មាស ពី​ឈើ​ទាំង​នោះ ដូច​ស្លៀក‌ពាក់​ឲ្យ​មនុស្ស។ 11 ប៉ុន្តែ រូប​ទាំង​នោះ​មុខ​ជា​ត្រូវ​រលួយ និង​ត្រូវ​ច្រេះ​ស៊ី​មិន​ខាន។ បន្ទាប់​ពី​យក​សម្លៀក‌បំពាក់​ពណ៌​ស្វាយ​មក​បំពាក់ 12 ពួក​គេ​តែង​តែ​ជូត​សំអាត​មុខ​រូប​ព្រះ​ទាំង​នោះ មិន​ឲ្យ​ធូលី​ក្នុង​វិហារ​ប្រឡាក់​ជាប់​លើ​មុខ​ឡើយ។ 13 ទោះ​បី​រូប​ព្រះ​ទាំង​នោះ​ពុំ​អាច​ប្រហារ​ជីវិត​ជន ដែល​ប្រឆាំង​នឹង​គេ​បាន​ក៏​ដោយ ក៏​រូប​ព្រះ​ទាំង​នោះ​កាន់​ដំបង​រាជ្យ ដូច​ជា​អ្នក​គ្រប់​គ្រង​ស្រុក​មួយ។ 14 រូប​ខ្លះ​កាន់​កាំបិត ឬ​ពូថៅ​នៅ​ដៃ​ស្ដាំ ប៉ុន្តែ មិន​អាច​ការ‌ពារ​ខ្លួន​ពី​ភ្លើង​សង្រ្គាម ឬ​ពី​ចោរ​ប្លន់​បាន​ឡើយ។

សេចក្ដី​ខាង​លើ​នេះ បង្ហាញ​ឲ្យ​ដឹង​ថា រូប​ទាំង​នោះ​មិន‌មែន​ជា​ព្រះ​ទេ។ ដូច្នេះ កុំ​ខ្លាច​រូប​ទាំង​នោះ​ឲ្យ​សោះ។

15 រូប​ព្រះ​ទាំង​នោះ ប្រៀប​ដូច​ជា​ចាន​កំបែក​ប្រើ​លែង​កើត។ 16 កាល​អ្នក​ស្រុក​តម្កល់​រូប​បដិមា​ទាំង​នោះ​ក្នុង​វិហារ​របស់​គេ រួច​ហើយ​ភ្នែក​របស់​រូប​ព្រះ​ទាំង​នោះ ដក់​ជាប់​ពេញ​ដោយ​ធូលី ដែល​អ្នក​ចេញ​ចូល​ក្នុង​វិហារ​ធ្វើ​ឲ្យ​ហុយ។ 17 ពួក​បូជា‌ចារ្យ​បិទ​ទ្វារ​វិហារ ដាក់​ចម្រឹង និង​រនុក​ចាក់​សោរ​មិន​ឲ្យ​ចោរ​ចូល​យក​រូប​ព្រះ​ទាំង​នោះ ដូច​រាជ​ការ​តែង​ឃុំ​ឃាំង​អ្នក​ទោស ដែល​បាន​ធ្វើ​ខុស​ចំពោះ​សេ្ដច មុន​នឹង​យក​ទៅ​ប្រហារ​ជីវិត។ 18 ពួក​បូជា‌ចារ្យ តែង​អុជ​ចង្កៀង​យ៉ាង​ច្រើន លើស​ពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ផ្ទាល់​ទៅ​ទៀត ប៉ុន្តែ ព្រះ​ទាំង​នោះ នៅ​តែ​មើល​មិន​ឃើញ​ចង្កៀង​ណា​មួយ​សោះ។ 19 រូប​បដិមា​ទាំង​នោះ ប្រៀប​ដូច​ជា​ធ្នឹម​មួយ​ក្នុង​វិហារ ដែល​កណ្ដៀរ​ស៊ី​ខ្លឹម​ខាង​ក្នុង​អស់​ដូច​អ្នក​ស្រុក​ធ្លាប់​និយាយ។ កណ្តៀរ​ចេញ​ពី​ដី​មក​ស៊ី​ទាំង​រូប ទាំង​សម្លៀក‌បំពាក់ ក៏​រូប​បដិមា​ទាំង​នោះ​មិន​ដឹង​ខ្លួន​ដែរ 20 មុខ​រូប​បដិមា​ទាំង​នោះ រោល​ដោយ​ផ្សែង​ក្នុង​ព្រះ‌វិហារ។ 21 មាន​ប្រជៀវ ត្រចៀក‌កាំ និង​សត្វ​ស្លាប​នានា​ហើរ​ពី​លើ​ខ្លួន និង​ក្បាល។ សូម្បី​តែ​ឆ្មា​ក៏​អង្គុយ​ពី​លើ​ដែរ។

22 សេចក្ដី​ខាង​លើ​នេះ បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា រូប​ទាំង​នេះ​មិន‌មែន​ជា​ព្រះ​ទេ។ ដូច្នេះ កុំ​កោត​ខ្លាច​រូប​ទាំង​នោះ​ឲ្យ​សោះ!

23 ជាង​យក​មាស និង​ប្រាក់​ស្រោប​រូប​ទាំង​នោះ​ដើម្បី​លំអ។ ប៉ុន្តែ បើ​គេ​មិន​ខាត់​ទេ ព្រះ​ទាំង​នោះ​មិន​អាច​ភ្លឺ​បាន​ឡើយ។ ពេល​ជាង​សិត ក៏​ព្រះ​ទាំង​នោះ​មិន​ដឹង​អ្វី​ដែរ។ 24 គេ​ទិញ​រូប​ដែល​មិន​ចេះ​ដក​ដង្ហើម​នោះ​ដោយ​តម្លៃ​ខ្ពស់​បំផុត។ 25 គេ​តែង​តែ​សែង​ព្រះ​ទាំង​នោះ​ដាក់​លើ​ស្មា ព្រោះ​រូប​ព្រះ​ទាំង​នោះ មាន​ជើង​តែ​ដើរ​មិន​កើត។ ដូច្នេះ ព្រះ​ទាំង​នោះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​គ្មាន​តម្លៃ​អ្វី​សោះ! សូម្បី​តែ​ថែ​ទាំ​រូប​ព្រះ​ទាំង​នោះ ក៏​អៀន​ខ្មាស​ដែរ។ 26 ប្រសិន​បើ​មាន​រូប​ព្រះ​មួយ​រលំ​ដួល​ដល់​ដី ទាល់​តែ​គេ​លើក​ឡើង​វិញ​ទើប​ឈរ​បាន។ ប្រសិន​បើ​គេ​លើក​រូប​នោះ​បញ្ឈរ​ឡើង រូប​ព្រះ​នោះ​ពុំ​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន​ឡើយ។ ប្រសិន​បើ​រូប​ព្រះ​នោះ​ដេក ក៏​មិន​អាច​ក្រោក​ឈរ​ខ្លួន​ឯង​បាន​ដែរ។ អ្នក​ស្រុក​សែន​ព្រេន​រូប​ព្រះ​ទាំង​នោះ ដូច​ជា​សែន​ខ្មោច។ 27 ពួក​អាចារ្យ​តែង​តែ​យក​សាច់​យញ្ញ‌បូជា ដែល​អ្នក​ស្រុក​យក​មក​ថ្វាយ​ទៅ​លក់​ដើម្បី​យក​កម្រៃ។ ប្រពន្ធ​របស់​ពួក​គេ ក៏​យក​សាច់​មួយ​ចំណែក​ដែល​ត្រូវ​ចែក​ឲ្យ​ជន​ក្រីក្រ និង​ជន​ពិការ មក​ប្រឡាក់​អំបិល​ទុក​សម្រាប់​បរិភោគ​ខ្លួន​ឯង។ 28 ស្ត្រីៗ​ដែល​មិន​ស្រួល​ខ្លួន និង​ស្ត្រីៗ​ដែល​ទើប​នឹង​សម្រាល​កូន ក៏​ប៉ះ​ពាល់​យញ្ញ‌បូជា​ទាំង​នោះ​បាន​ដែរ។

ដោយ​សារ​សេចក្ដី​ខាង​លើ​នេះ អ្នក​រាល់​គ្នា​ដឹង​ថា រូប​ទាំង​នោះ​ពុំ​មែន​ជា​ព្រះ​ទេ។ ដូច្នេះ កុំ​ខ្លាច​រូប​ព្រះ​ទាំង​នោះ​ឲ្យ​សោះ! 29 ហេតុ​អ្វី​ក៏​គេ​ហ៊ាន​ហៅ​រូប ទាំង​នោះ​ថា​ជា «ព្រះ» បើ​ស្ត្រីៗ​តែង​តែ​បម្រើ​ព្រះ​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​ឈើ​ដូច្នេះ​នោះ? 30 ពួក​បូជា‌ចារ្យ​របស់​គេ​អង្គុយ​នៅ​ក្នុង​វិហារ ទាំង​ស្លៀក​សម្លៀក‌បំពាក់​រហែក កោរសក់ កោរ​ពុក‌មាត់ គ្មាន​អ្វី​គ្រប​ក្បាល​ទៀត​ផង។ 31 ពួក​គេ​ស្រែក​ដូច​សត្វ​តិរច្ឆាន​នៅ​មុខ​រូប​ព្រះ​របស់​គេ ដូច​អ្នក​ដែល​ចូល​រួម​ក្នុង​ពិធី​កាន់​ទុក្ខ។ 32 ពួក​បូជា‌ចារ្យ​ដក​យក​សម្លៀក‌បំពាក់​ពី​រូប​ព្រះ​ទាំង​នោះ​ទៅ​បំពាក់​ឲ្យ​ប្រពន្ធ​កូន​របស់​ខ្លួន។ 33 ប៉ុន្តែ ទោះ​បី​ពួក​គេ​ប្រព្រឹត្ត​ល្អ ឬ​ប្រព្រឹត្ត​អាក្រក់ ចំពោះ​រូប​ព្រះ​របស់​គេ​យ៉ាង​ណា​ក្ដី ក៏​ព្រះ​ទាំង​នោះ​មិន​អាច​តប​ស្នង​វិញ​បាន​ឡើយ ហើយ​ក៏​មិន​អាច​តែង​តាំង​នរណា​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្ដេច ឬ​ទម្លាក់​ស្ដេច​ណា​បាន​ដែរ។ 34 ព្រះ​ទាំង​នោះ មិន​អាច​ប្រោស​នរណា​ម្នាក់​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ មាន​ប្រាក់​ចាយ​វាយ​បាន​ឡើយ។ ប្រសិន​បើ​នរណា​ម្នាក់ មិន​បាន​លា​បំណន់ ដែល​ខ្លួន​បន់​ចំពោះ​ព្រះ​ទាំង​នោះ​ទេ ក៏​ព្រះ​ទាំង​នោះ​មិន​ទាម​ទារ​អ្វី​ពី​គេ​ដែរ។ 35 ព្រះ​ទាំង​នេះ​មិន​អាច​សង្គ្រោះ​នរណា ឲ្យ​រួច​ពី​ស្លាប់​បាន ហើយ​ក៏​មិន​អាច​ជួយ​មនុស្ស​ទន់​ខ្សោយ ឲ្យ​រួច​ពី​ការ​ជិះ​ជាន់​របស់​អ្នក​មាន​កម្លាំង​ខ្លាំង​ក្លា​បាន​ដែរ។ 36 ព្រះ​ទាំង​នោះ​មិន​អាច​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ហើយ​ក៏​មិន​អាច​ជួយ​ឲ្យ​មនុស្ស រួច​ពី​គ្រោះ​អាសន្ន​បាន​ទេ។ 37 ព្រះ​ទាំង​នោះ មិន​អាណិត‌អាសូរ​ដល់​ស្ត្រី​មេ​ម៉ាយ ហើយ​ក៏​មិន​ជួយ​យក​អាសា​ក្មេង​កំព្រា​ដែរ។ 38 វត្ថុ​ទាំង​នោះ​ធ្វើ​ពី​ឈើ​ស្រោប​ប្រាក់ និង​មាស​ប្រៀប​ដូច​ជា​ដុំ​ថ្ម​ដែល​គេ​យក​មក​ពី​ភ្នំ។ អស់​អ្នក​ដែល​គោរព​បម្រើ​រូប​ព្រះ​ទាំង​នោះ មុខ​ជា​ត្រូវ​អាម៉ាស់​ពុំ​ខាន។

39 ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ចាត់​ទុក​រូប​ទាំង​នោះ​ជា «ព្រះ» ឬ​ប្រកាស​ថា​ជា «ព្រះ» ថែម​ទៀត​នោះ?

40 សូម្បី​តែ​អ្នក​ស្រុក​បាប៊ីឡូន ក៏​បន្តុះ​បង្អាប់​រូប​ព្រះ​ទាំង​នោះ​ដែរ។ ពេល​ណា​ពួក​គេ​ឃើញ​មនុស្ស ម្នាក់​ដែល​មិន​អាច​និយាយ​បាន គេ​នាំ​អ្នក​ទៅ​មុខ​រូប​ព្រះ​បែល ហើយ​អង្វរ​ព្រះ​បែល សូម​ឲ្យ​មនុស្ស​គ​នោះ​អាច​និយាយ​បាន ហាក់​ដូច​ជា​ព្រះ​បែល​នោះ មាន​វិញ្ញាណ​អាច​យល់​អ្វី​សព្វ​គ្រប់។ 41 ទោះ​បី​ជា​រូប​ព្រះ​របស់​ពួក​គេ​មិន​អាច​សម្រេច​អ្វី​បាន​ក្តី ក៏​ពួក​គេ​មិន​បាន​គិត​ថា​នឹង​បោះ​បង់​ចោល​រូប​ព្រះ​ទាំង​នោះ​ដែរ ព្រោះ​ពួក​គេ​ខ្វះ​ប្រាជ្ញា។ 42 រីឯ​ពួក​ស្ត្រីៗ​យក​ខ្សែ​មក​រុំ​ខ្លួន ហើយ​នាំ​គ្នា​ទៅ​អង្គុយ​ដុត​កន្ទក់​នៅ​តាម​ផ្លូវ។ 43 ប្រសិន​បើ​មាន​បុរស​ម្នាក់​ដើរ​កាត់​តាម​នោះ ហើយ​ហៅ​ស្ត្រី​ម្នាក់​ទៅ​រួម​ដំណេក​ជាមួយ នាង​នោះ​នឹង​មើល​ងាយ ចំអក​ដាក់​ស្ត្រី​នៅ​ក្បែរ​ខ្លួន​ថា គ្មាន​នរណា​ជ្រើស‌រើស​នាង​នោះ ហើយ​ស្រាយ​ខ្សែ​របស់​គេ។

44 អ្វីៗ​ដែល​មាន​ទំនាក់‌ទំនង នឹង​រូប​ព្រះ​ទាំង​នោះ សុទ្ធ​តែ​ជា​ការ​កុហក​បោក​ប្រាស់​ទាំង​អស់។ ហេតុ​អ្វី បាន​ជា​គេ​ចាត់​ទុក​រូប​ទាំង​នោះ​ដូច​ជា «ព្រះ» ឬ​ប្រកាស​ថា​ជា «ព្រះ» ដូច្នេះ?

45 ជាង​ឈើ និង​ជាង​ទង​បាន​ធ្វើ​រូប​ទាំង​នោះ។ ដូច្នេះ រូប​ព្រះ​ទាំង​នេះ​គ្រាន់​តែ​ជា​វត្ថុ​ដែល​ធ្វើ​តាម​ចិត្ត​របស់​ពួក​គេ មិន​អាច​ប្រែ​ទៅ​ជា​អ្វី​ផ្សេង​ទៀត​បាន​ទេ។ 46 ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ ក៏​រស់​មិន​បាន​យូរ​ដែរ។ 47 ដូច្នេះ ធ្វើ​ដូច​ម្ដេច​ទើប​វត្ថុ​ដែល​ពួក​គេ​បាន​បង្កើត​នោះ អាច​ទៅ​ជា​ព្រះ​បាន? 48 ជាង​ទាំង​នោះ​បន្សល់​ទុក​តែ​ការ​បោក​បញ្ឆោត និង​ភាព​អាម៉ាស់​របស់​ខ្លួន ជា​កេរ​មត៌ក​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។ 49 នៅ​គ្រា​មាន​សង្គ្រាម និង​ពេល​មាន​គ្រោះ​អាសន្ន​កើត​ឡើង ពួក​បូជា‌ចារ្យ​ពិគ្រោះ​គ្នា​រក​កន្លែង​លាក់​ខ្លួន​ជា​មួយ​រូប​ព្រះ​ទាំង​នោះ។ 50 នៅ​គ្រា​មាន​សង្គ្រាម និង​ពេល​មាន​គ្រោះ​អាសន្ន កើត​ឡើង​ព្រះ​ទាំង​នោះ​ពុំ​អាច​សង្គ្រោះ​ខ្លូន​ឯង​បាន​ទេ ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​ម្នា​មិន​ព្រម​ទទួល​ស្គាល់​ថា រូប​ព្រះ​ទាំង​នោះ​មិន​មែន​ជា​ព្រះ? 51 រូប​ព្រះ​ទាំង​នោះ​គ្រាន់​តែ​ជា​វត្ថុ​ធ្វើ​ពី​ឈើ​ស្រោប​ប្រាក់ និង​មាស​ប៉ុណ្ណោះ។ មនុស្ស​គួរ​តែ​ទទួល​ស្គាល់​ថា រូប​ព្រះ​ទាំង​នោះ​សុទ្ធ​ជា​ការ​បោក​បញ្ឆោត។ ប្រជា‌ជាតិ​នានា និង​មហា​ក្សត្រ​ទាំង‌ឡាយ​គួរ​តែ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា រូប​ទាំង​នេះ​មិន‌មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​ស្នា​ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។ ក្នុង​រូប​ទាំង​នោះ គ្មាន​អ្វី​ដែល​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់​ឡើយ។ 52 ហេតុ​នេះ​មនុស្ស​ម្នា​ត្រូវ​តែ​ទទួល​ស្គាល់​ថា រូប​ព្រះ​ទាំង​នេះ​មិន‌មែន​ជា​ព្រះ​ទេ។

53 ព្រះ​ទាំង​នេះ​មិន​អាច​តែង​តាំង​ស្ដេច​ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​មួយ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​មក​សម្រាប់​មនុស្ស​បាន​ដែរ។ 54 សូម្បី​តែ​កិច្ច‌ការ​ផ្ទាល់​ខ្លួន ក៏​ព្រះ​ទាំង​នោះ​មិន​អាច​សម្រេច​អ្វី​បាន​ឡើយ ហើយ​ក៏​មិន​អាច​ទាម​ទារ​រក​យុត្តិ‌ធម៌​ឲ្យ​អ្នក​ដែល​ត្រូវ​គេ​វិនិច្ឆ័យ ដោយ​អយុត្តិ‌ធម៌​បាន​ទៀត​ផង។ ព្រះ​ទាំង​នោះ​មិន​បាន​ការ​អ្វី​សោះ! 55 ហើយ​ប្រៀប​បាន​នឹង​សត្វ​ក្អែក ដែល​ហើរ​នៅ​លើ​អាកាស។ ប្រសិន​បើ​ភ្លើង​ឆេះ​វិហារ​របស់​ព្រះ​ដែល​ធ្វើ​អំពី​ឈើ​ស្រោប​មាស និង​ប្រាក់​នោះ ពួក​បូជា‌ចារ្យ​មុខ​ជា​រត់​ប្រាស​ព្រះ​អាយុ តែ​រូប​ព្រះ​ត្រូវ​ឆេះ​សុស​ដូច​ជា​ធ្នឹម​ផ្ទះ​ដែរ។ 56 ព្រះ​ទាំង​នោះ​មិន​អាច​ប្រឆាំង​នឹង​ព្រះ‌មហា​ក្សត្រ ឬ​ប្រឆាំង​នឹង​ពួក​សត្រូវ​ទេ។

57 ហេតុ​អ្វី​បាន​ជា​គេ​ទទួល​ស្គាល់​រូប​ទាំង​នោះ​ថា​ជា «ព្រះ» ដូច្នេះ? រូប​ព្រះ​ដែល​ធ្វើ​អំពី​ឈើ​ស្រោប​ប្រាក់ និង​មាស មិន​អាច​ការ‌ពារ​ខ្លួន​ផុត​ពី​ចោរ​លួច ឬ​ចោរ​ប្លន់​បាន​ឡើយ។ 58 ប្រសិន​បើ​មាន​គេ​ឆក់​យក​មាស​ប្រាក់ និង​សម្លៀក‌បំពាក់​របស់​រូប​ព្រះ​ទាំង​នោះ ហើយ​រត់​បាត់​ទៅ ព្រះ​ទាំង​នោះ​មិន​អាច​ជួយ​សង្គ្រោះ​ខ្លួន​ឯង​បាន​ឡើយ។ 59 ហេតុ​នេះ ស្ដេច​ដែល​ក្លាហាន​អង់​អាច ប្រសើរ​ជាង​ព្រះ​ដែល​កុហក​ភូត​ភរ​ទាំង​នោះ។ គ្រឿង​បរិក្ខារ​ដែល​មាន​ប្រយោជន៍​ក្នុង​ផ្ទះ​ម្ចាស់​វា ទ្វារ​ដែល​ការ‌ពារ​ទ្រព្យ‌សម្បត្តិ​នៅ​ក្នុង​ផ្ទះ ឬ​សរសរ​ឈើ​ក្នុង​រាជ​វាំង​ក៏​គ្រាន់​បើ​ជាង​ព្រះ​ដែល​តែង​តែ​កុហក​ភូត​ភរ​នោះ​ដែរ។ 60 ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​ផ្កាយ​សុទ្ធ​តែ​មាន​ប្រយោជន៍ ដោយ​បញ្ចេញ​ពន្លឺ ហើយ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់។ 61 ផ្លេក​បន្ទោរ​ដែល​បញ្ចេញ​ពន្លឺ​ឆ្វេច​ឆ្វាច និង​ខ្យល់​ដែល​បក់​មក​គ្រប់​កន្លែង​ក៏​បំពេញ​មុខ​ងារ​របស់​ខ្លួន តាម​បង្គាប់​ព្រះ‌ជាម្ចាស់​ដែរ។ 62 នៅ​ពេល​ព្រះ‌ជាម្ចាស់​បញ្ជា​ពពក​ឲ្យ​រសាត់​កាត់​ផែន​ដី​ទាំង‌មូល ពពក​ក៏​បំពេញ​មុខ​ងារ​របស់​ខ្លួន​តាម​បញ្ជា។ 63 រន្ទះ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ពី​លើ​មេឃ មក បាញ់​បំផ្លាញ​ភ្នំ និង​ព្រៃ​ឈើ ក៏​ធ្វើ​តាម​បញ្ជា​ដែរ។ រីឯ​ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ​វិញ មិន​បាន​ធ្វើ​ឲ្យ​ដូច​តាម​លក្ខណៈ​ថាមពល​ធម្ម​ជាតិ​ទាំង​អស់​នេះ​ទេ។ 64 ហេតុ​នេះ​ហើយ បាន​ជា​យើង​មិន​ចាត់​ទុក ឬ​ប្រកាស​ថា រូប​ទាំង​នោះ​ជា​ព្រះ​ឡើយ ដ្បិត​ព្រះ​ទាំង​នោះ​ពុំ​អាច​កាត់​ក្ដី ឬ​ជួយ​ធ្វើ​អ្វី​ដ៏​ល្អ​សម្រាប់​មនុស្ស​បាន​ទេ។ 65 ដោយ​អ្នក​រាល់​គ្នា​ដឹង​ថា រូប​ទាំង​នោះ​មិន‌មែន​ជា​ព្រះ ដូច​នេះ ចូរ​កុំ​ខ្លាច​រូប​ទាំង​នោះ​ឲ្យ​សោះ។ 66 រូប​ព្រះ​ទាំង​នេះ​ពុំ​អាច​ដាក់​បណ្ដា​សា ឬ​ប្រទាន‌ពរ​ថ្វាយ​ព្រះ‌មហា​ក្សត្រ​ទេ 67 ហើយ​ក៏​មិន​អាច​បង្ហាញ​សញ្ញា‌សម្គាល់​ដ៏​អស្ចារ្យ​នៅ​លើ​មេឃ ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឃើញ​ដែរ។ រូប​ព្រះ​ទាំង​នោះ មិន​បំភ្លឺ​ដូច​ព្រះ‌អាទិត្យ និង​គ្មាន​រស្មី​ដូច​ព្រះ‌ចន្ទ។ 68 សូម្បី​តែ​សត្វ​ព្រៃ​ក៏​គ្រាន់​បើ​ជាង​រូប​ទាំង​នោះ​ដែរ ដ្បិត​វា​អាច​ជួយ​ខ្លួន​ឯង​ដោយ​រត់​ទៅ​រក​ទី​ជម្រក​បាន។ ហេតុ​នេះ យើង​ត្រូវ​យល់​ច្បាស់​ថា រូប​ព្រះ​ទាំង​នេះ មិន‌មែន​ជា​ព្រះ​ទាល់​តែ​សោះ! កុំ​ខ្លាច​ព្រះ​ទាំង​នោះ​ឡើយ។ 69 ព្រះ​របស់​គេ​ធ្វើ​ពី​ឈើ​ស្រោប​មាស និង​ប្រាក់ ប្រៀប​ដូច​ជា​ទីង​មោង​នៅ​ចាំ​ក្នុង​ចម្ការ​ត្រសក់ មិន​អាច​ការ‌ពារ​អ្វី​បាន។ 70 គេ​ប្រៀប​ដូច​ជា គុម្ពោត​បន្លា​នៅ​ក្នុង​សួន​ច្បារ​សម្រាប់​បក្សា‌បក្សី​ទាំង​អស់​មក​ទំ ប្រៀប​បាន​នឹង​សាក‌សព​ដែល​គេ យក​ទៅ​ចោល​នៅ​ក្នុង​ទី​ងងឹត។ 71 ដោយ​ឃើញ​សម្លៀក‌បំពាក់​ដ៏​ឆើតឆាយ​របស់​ព្រះ​ទាំង​នោះ​រលួយ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា រូប​ព្រះ​ទាំង​នោះ​មិន‌មែន​ជា​រូប​ព្រះ​ទេ។ នៅ​ទី​បំផុត រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​កណ្តៀរ​ស៊ី ហើយ​ត្រូវ​អាម៉ាស់​ក្នុង​ស្រុក​ទាំង​មូល។ 72 មនុស្ស​សុចរិត​ដែល​មិន​គោរព​រូប​ព្រះ​នោះ​ប្រសើរ​ណាស់ ព្រោះ​គេ​មិន​ត្រូវ​អាម៉ាស់​ឡើយ។