ជំពូក ៥

1 ក្រុង​យេរូ‌សាឡឹម​អើយ! ចូរ​ផ្លាស់​សម្លៀក‌បំពាក់​កាន់​ទុក្ខ​ចេញ​ទៅ ហើយ​យក​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ មក​ពាក់​លំអ​ជា​គ្រឿង​អលង្ការ​រហូត​តរៀង​ទៅ។ 2 ចូរ​យក​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ‌ជាម្ចាស់ មក​ពាក់​ដូច​ជា​អាវ​ធំ។ ចូរ​យក​សិរី‌រុង​រឿង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម គង់​នៅ​អស់​កល្ប‌ជានិច្ច មក​ពាក់​លើ​ក្បាល​ធ្វើ​ជា​មកុដ។ 3 ដ្បិត​ព្រះ‌ជាម្ចាស់ នឹង​បង្ហាញ​ភាព​ថ្កុំ​ថ្កើង​របស់​អ្នក ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី​ទាំង​មូល​ឃើញ។ 4 ព្រះ‌ជាម្ចាស់​នឹង​ប្រទាន ឲ្យ​អ្នក​មាន​ឈ្មោះ​ជាប់​រហូត​ថា «សន្តិ‌ភាព​មក​ពី​សេចក្តី​សុចរិត» និង​«សិរី‌រុង​រឿង​មក​ពី​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់»។ 5 ក្រុង​យេរូ‌សាឡឹម​អើយ! ចូរ​ក្រោក​ឡើង ចូរ​ឈរ​នៅ​ទី​ខ្ពស់ ហើយ​បែរ​មុខ​ទៅ​ខាង​កើត។ ចូរ​មើល​កូន​របស់​អ្នក ដែល​មក​ជួប​ជុំ​គ្នា តាំង​ពី​ទិស​ខាង​លិច រហូត​ដល់​ទិស​ខាង​កើត ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏‌វិសុទ្ធ។ ពួក​គេ​ត្រេក​អរ‌សប្បាយ​រីក​រាយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹក​គិត​ដល់​ពួក​គេ។ 6 ខ្មាំង​សត្រូវ​កៀរ​ពួក​កូន​របស់​អ្នក​ចេញ​ទៅ​ដោយ​ដើរ តែ​ព្រះ‌ជាម្ចាស់ នាំ​ពួក​គេ ឲ្យ​ត្រឡប់​មក​រក​អ្នក​វិញ ដោយ​មាន​អ្នក​ស្រុក​សែង​គេ​បែប​រុង‌រឿង ដូច​គេ​សែង​ស្តេច។ 7 ព្រះ‌ជាម្ចាស់​បញ្ជា​ឲ្យ​ពង្រាប​ភ្នំ​ធំ ភ្នំ​ខ្សាច់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​បំផ្លាញ​ច្រក​ភ្នំ​ទាំង‌ឡាយ ឲ្យ​រាប​ស្មើ ដើម្បី​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល ដើរ​ទៅ​មុខ​យ៉ាង​ងាយ​ស្រួល ទាំង​មាន​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ គង់​នៅ​ជាមួយ។ 8 តាម​ព្រះ​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ព្រៃ​ព្រឹក្សា និង​ដើម​ឈើ​ទាំង​ប៉ុន្មាន ដែល​មាន​ក្លិន​ក្រអូប ផ្តល់​ម្លប់​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល។ 9 ព្រះ‌ជាម្ចាស់​នឹង​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​ត្រេក‌អរ​សប្បាយ​យ៉ាង​ក្រៃ​លែង ក្រោម​ពន្លឺ​នៃ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា ករុណា ចំពោះ​ពួក​គេ ហើយ​ព្រះ‌អង្គ​ក៏​សង្រ្គោះ​ពួក​គេ​ដែរ។