ជំពូក ១
លោកបារូក
1 នេះជាសេចក្តីដែលមានចែងក្នុងសៀវភៅរបស់លោកបារូក ជាកូនរបស់លោកណេរីយ៉ា ដែលជាកូនរបស់លោកម៉ាសេអា ជាកូនរបស់លោកសេដេគីយ៉ា ជាកូនលោកហាសាឌីយ៉ា ជាកូនរបស់លោកហែលគីយ៉ា។ លោកសរសេរសៀវភៅនេះ នៅស្រុកបាប៊ីឡូន 2 នាថ្ងៃទីប្រាំពីរ ខែទីប្រាំ នៃឆ្នាំ ទីប្រាំ ក្រោយពេល កងទ័ពបាប៊ីឡូនវាយដណ្តើមយកក្រុងយេរូសាឡឹម និងដុតបំផ្លាញចោល។
3 លោកបារូកអានសេចក្តី ដែលមានចែងក្នុងសៀវភៅនេះ នៅចំពោះព្រះភ័ក្រ្តព្រះបាទយ៉េកូនីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូយ៉ាគីម ជាស្តេចស្រុកយូដា និងនៅចំពោះមុខប្រជាជនទាំងមូល ដែលមកស្តាប់។ 4 លោកអាននៅចំពោះមុខនាម៉ឺនមន្រ្តីរាជវង្សានុវង្ស ព្រឹទ្ធាចារ្យ និងប្រជាជនទាំងមូល គឺតាំងពីអ្នកតូចរហូតដល់អ្នកធំ ដែលរស់នៅក្នុងស្រុកបាប៊ីឡូន តាមដងទន្លេស៊ូដា។ 5 ពួកគេនាំគ្នាយំ តមអាហារ និងទូលអង្វរ នៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់។ 6 បន្ទាប់មក គេនាំគ្នារៃប្រាក់តាមធនធានរៀងៗខ្លួន 7 ផ្ញើជូនលោកបូជាចារ្យយ៉ូអាគីម ជាកូនរបស់លោកហែលគីយ៉ា ជាចៅរបស់លោកសាឡូម ព្រមទាំងជូនក្រុមបូជាចារ្យ និងប្រជាជនទាំងមូល ដែលរស់នៅក្រុងយេរូសាឡឹមជាមួយលោក។ 8 កាលពីមុន គឺនៅថ្ងៃទីដប់នៃខែជេស្ឋ លោកបារូកបានប្រមូលគ្រឿងបរិក្ខារ នៃព្រះដំណាក់របស់ព្រះអម្ចាស់ ដែលខ្មាំងបានរឹបអូសយក បញ្ជូនមកស្រុកយូដាវិញ។ ព្រះបាទសេដេខ្យាស ជាបុត្ររបស់ព្រះបាទយ៉ូស្យាស ជាស្តេចស្រុកយូដា បានបញ្ជាឲ្យធ្វើគ្រឿងបរិក្ខារទាំងនោះពីប្រាក់ 9 ក្រោយពីព្រះបាទនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន កៀរព្រះបាទយេខូនីយ៉ា ពួកមេដឹកនាំ ពួកឈ្លើយ នាម៉ឺនមន្ត្រី និងប្រជាជនក្នុងស្រុក ចេញពីក្រុងយេរូសាឡឹម ទៅកាន់ស្រុកបាប៊ីឡូន។
10 ពួកគេសរសេរលិខិត ផ្ញើជូនអ្នកក្រុងយេរូសាឡឹម មានសេចក្តីដូចតទៅ៖ «យើងសូមបញ្ជូនប្រាក់នេះ ដើម្បីឲ្យបងប្អូនទិញសត្វសម្រាប់ធ្វើជាតង្វាយដុតទាំងមូល និងសម្រាប់ថ្វាយសក្ការបូជា ដើម្បីរំដោះបាប។ សូមទិញគ្រឿងក្រអូប សូមថ្វាយតង្វាយ និងសក្ការបូជានៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើងផង។ 11 ចូរទូលអង្វរព្រះអង្គ សូមប្រទានពរដល់ព្រះបាទនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន និងសម្តេចបាលតាសារជារាជបុត្រ ឲ្យមានព្រះជន្មាយុយឺនយូររហូតតរៀងទៅ។ 12 ដូច្នេះ ព្រះអម្ចាស់មុខជាប្រទានកម្លាំង និងអំណរឲ្យពួកយើង។ យើងនឹងរស់នៅក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃព្រះបាទនេប៊ូកានេសារ ជាស្តេច ស្រុកបាប៊ីឡូន និងសម្តេចបាលតាសារ ជារាជបុត្រ។ ពួកយើងនឹងបំរើក្សត្រទាំងពីរអង្គនេះជាយូរឆ្នាំ ហើយនឹងបានគាប់ព្រះហប្ញទ័យនៃក្សត្រទាំងនោះផង។ 13 សូមទូលអង្វរព្រះអម្ចាស់ជាព្រះរបស់យើង ឲ្យយើងខ្ញុំទាំងអស់គ្នា ដ្បិតពួកយើងបានប្រព្រឹត្តអំពើបាប ខុសនឹងព្រះហប្ញទ័យព្រះអម្ចាស់ ជាព្រះរបស់យើង។ ព្រះអង្គនៅតែព្រះពិរោធក្រេវក្រោធ ប្រឆាំងនឹងពួកយើងជារៀងរហូត។ 14 សូមអានសៀវភៅដែលពួកយើងផ្ញើមកនេះ ដើម្បីធ្វើពិធីទទួលសារភាពអំពើបាប ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅថ្ងៃដំបូង នៃបុណ្យបារាំតាមពេលកំណត់»។
ពាក្យទទួលសារភាពអំពើបាប
15 សូមបងប្អូនពោលដូចតទៅ៖ «បពិត្រព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ! ព្រះអង្គប្រកបដោយព្រះហប្ញទ័យសុចរិត រីឯយើងខ្ញុំវិញ យើងខ្ញុំត្រូវអាម៉ាស់ដូចនៅថ្ងៃនេះ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹម 16 ទាំងស្តេចរបស់យើងខ្ញុំ ទាំងមេដឹកនាំ ទាំងបូជាចារ្យ ទាំងព្យាការី ទាំងដូនតា ត្រូវអាម៉ាស់មុខគ្រប់គ្នា 17 ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យព្រះអម្ចាស់។ 18 យើងខ្ញុំមិនស្មោះត្រង់នឹងព្រះអង្គ ហើយមិនបានស្តាប់ព្រះសូរសៀងព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ដែលប្រៀនប្រដៅយើងខ្ញុំ ឲ្យដើរតាមព្រះបញ្ជា ដូចព្រះអង្គបានបង្ហាញឲ្យយើងខ្ញុំស្គាល់នោះទេ។ 19 តាំងពីថ្ងៃដែលព្រះអម្ចាស់នាំដូនតាយើងខ្ញុំចាកចេញពីស្រុកអេស៊ីបរហូតមកដល់សព្វថ្ងៃ យើងខ្ញុំមិនស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំឡើយ។ យើងខ្ញុំបានធ្វេសប្រហែស មិនព្រមស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ។ 20 ហេតុនេះហើយ បានជាយើងខ្ញុំជួបគ្រោះអាសន្នជាប់រហូត ដូចគេឃើញសព្វថ្ងៃនេះ។ យើងខ្ញុំត្រូវបណ្តាសា ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ បានថ្លែងក្នុងនាមព្រះអង្គ នៅថ្ងៃដែលព្រះអង្គនាំដូនតារបស់យើងខ្ញុំ ចេញពីស្រុកអេស៊ីបមក ដើម្បីប្រទានស្រុកដ៏សម្បូណ៌សប្បាយឲ្យយើងខ្ញុំ។ 21 យើងខ្ញុំមិនស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ព្រះអង្គមានព្រះបន្ទូលតាមរយៈព្យាការី ដែលព្រះអង្គបានចាត់មករកយើងខ្ញុំ។ 22 យើងខ្ញុំម្នាក់ៗបានបណ្តោយតាមចិត្តគំនិតអាក្រក់របស់ខ្លួន បែរទៅបម្រើព្រះដទៃ និងប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ។