ពាក្យ​លំនាំ

គម្ពីរ​លោក​បារូក

លោក​បារូក​ជា​លេខា​ធិការ​របស់​ព្យា​ការី​យេរេមី ដែល​រស់​នៅ​សត‌វត្ស​ទី​៦ មុន​គ.ស។ ជា​ច្រើន​សត‌វត្ស​ក្រោយ​មក គឺ​នៅ​សត‌វត្ស​ទី​២ មុន​គ.ស មាន​អ្នក​ប្រាជ្ញ​បាន​ប្រមែ​ប្រមូល​អត្ថ‌បទ​ផ្សេងៗ ដែល​ប្រជាជន​យូដា​រស់​នៅ​ខ្ចាត់‌ខ្ចាយ ពាស​ពេញ​មជ្ឈិម​បូព៌ា តែង​តែ​អាន​ក្នុង​ធម្ម​សា‌លា (សា‌លា​ប្រជុំ) មក​ចង​ក្រង​ជា​កណ្ឌ​មួយ ហើយ​ដាក់​ឈ្មោះ «គម្ពីរ​លោក​បារូក» ទុក​លោក​បារូក​ជា​អ្នក​និពន្ធ។ នេះ​ជា​របៀប​ធម្មតា​នា​ជំ​នាន់​នោះ ដើម្បី​នាំ​ប្រជាជន​ឲ្យ​គោរព​សេចក្តី​ដែល​មាន​ចែង​ក្នុង​កណ្ឌ​នេះ។

កណ្ឌ​នេះ​ចែក​ជា​បួន​ភាគ ដែល​មិន​សូវ​ស៊ី​គ្នា មាន​អ្នក​និពន្ធ​ផ្សេងៗ​ប្រហែល​ជា​បាន​ប្រមូល​ឯក​សារ​នៅ​ជំនាន់​ផ្សេង​ពី​គ្នា​ដែរ ព្រោះ៖

  • អារម្ភ​កថា​បញ្ជាក់​អំពី​ពេល​ដែល​ត្រូវ​អាន​កណ្ឌ​នោះ គឺ​ក្នុង​ពិធី សូម​ព្រះ‌ជាម្ចាស់​អត់​ទោស​ឲ្យ​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម (១, ១–១៤)។
  • បទ​ទទួល​សារ​ភាព​អំពើ​បាប​(១,១៥‑២,១០) តាម​របៀប​លោក​ដានីអែល ៩។ បន្ទាប់​មក មាន​ពាក្យ​អង្វរ​សូម​ព្រះ‌ជាម្ចាស់​លើក​លែង​ទោស​រំដោះ​បាប (២, ១១‑៣,៨)។
  • សេចក្តី​នឹក​សញ្ជឹង​គិត​អំពី​ព្រះ‌ប្រាជ្ញា​ញាណ (៣, ៩‑៤,៤)។ ធម្ម‌វិន័យ​ជា​ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌ជាម្ចាស់។
  • ពាក្យ​ដាស់​តឿន​អ្នក​ក្រុង​យេរូ‌សាឡឹម (៤,៥‑៥,៩) ប្រហែល​នឹង​សេចក្តី​ដែល​ព្យា​ការី​អេសាយ​ទី​២ បាន​ថ្លែង​ដែរ។
  • ក្នុង​ឯក​សារ​បុរាណ​ខ្លះ «លិខិត​របស់​ព្យាការី​យេរេមី​» ត្រូវ​នឹង​ជំពូក​ទី៦​នៃ​គម្ពីរ​លោក​បារូក។
លិខិត​របស់​ព្យាការី​យេរេមី

កណ្ឌ​នេះ ជា​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ជន​ជាតិ​យូដា​ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ប្រហែល​នៅ​ស្រុក​បាប៊ីឡូន នៅ​ស្រុក​ស៊ីរី ឬ​ស្រុក​ភេនីស៊ី ក្នុង​សត‌វត្ស​ទី ៣ ឬ​ទី ២ មុន គ.ស.។ អ្នក​និពន្ធ​រៀប​រៀង​លិខិត​នេះ ដើម្បី​ដាស់​តឿន​ពួក​គេ​មិន​ឲ្យ​គោរព​ព្រះ​ក្លែង‌ក្លាយ ហើយ​ឲ្យ​គោរព​បម្រើ ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ព្រោះ​មាន​តែ​ព្រះ‌អម្ចាស់​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ និង​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ អ្នក​និពន្ធ​ចែង​ថា ព្យាការី​យេរេមី​បាន​សរសេរ​លិខិត​នេះ។ នេះ​ជា​របៀប​ធម្មតា​នៅ​ជំនាន់​នោះ ដើម្បី​ឲ្យ​ប្រជាជន​គោរព​តាម​សេចក្ដី​ក្នុង​លិខិត​នេះ។
ក្នុង​ឯកសារ​ខ្លះ លិខិត​នេះ​ជា​ជំពូក​ទី ៦ នៃ​គម្គីរ​លោក​បារូក។