ជំពូក ៣

1 បពិត្រ​ព្រះ‌អម្ចាស់ ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ! ព្រះ‌អង្គ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល! យើង​ខ្ញុំ​តប់​ប្រមល់ និង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង យើង​ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អង្គ។ 2 ឱ! ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ​សណ្តាប់ និង​អាណិត‌អាសូរ​យើង​ខ្ញុំ​ផង! ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់​ព្រះ‌អង្គ។ 3 ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច រីឯ​យើង​ខ្ញុំ​វិញ ត្រូវ​តែ​ស្លាប់​អស់​កល្ប‌ជានិច្ច​ដែរ។ 4 ឱ! ព្រះ‌អម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ! ឱ! ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! សូម​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ ដែល​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់។ យើង​ខ្ញុំ ជា​កូន​ជា​ចៅ​របស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។ ពួក​គេ​មិន​ព្រម​ស្តាប់​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ​ទេ។ ហេតុ​នេះ​ហើយ បាន​ជា​យើង​ខ្ញុំ​ជួប​ប្រទះ​នឹង​គ្រោះ​កាច​ជា‌និច្ច។ 5 សូម​ព្រះ‌អង្គ​កុំ​នឹក​ចាំ​ពី​អំពើ​ទុច្ច‌រិត នៃ​ដូន‌តា​របស់​យើង​ខ្ញុំ​ឡើយ! សូម​នឹក​គិត​តែ​ពី​ឫទ្ធិ‌បារមី និង​ពី​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ។ 6 ដ្បិត​ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ!។ ដូច្នេះ យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។ 7 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កោត​ខ្លាច​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​ខ្ញុំ​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ។ នៅ​លើ​ទឹក​ដី​ដែល​ខ្មាំង​សត្រូវ​កៀរ​នោះ យើង​ខ្ញុំ នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​យើង​ខ្ញុំ​បែរ​ចិត្ត​ចេញ​ពី​អំពើ​អាក្រក់ ដែល​ដូន‌តា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌អង្គ 8 ឥឡូវ​នេះ យើង​ខ្ញុំ​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​ទេស​មក​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ ដែល​ព្រះ‌អង្គ​កម្ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ។ ពួក​គេ​ជេរ​ប្រមាថ និង​ប្រទេច​ផ្តាសា ដើម្បី​ឲ្យ​យើង​ខ្ញុំ​កែ​ប្រែ​ចិត្ត​គំនិត។ ព្រះ‌អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ដូច្នេះ មក​ពី​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ដូន‌តា​របស់​យើង​ខ្ញុំ ដែល​បាន​ឃ្លាត​ចាក​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ។

ការ​នឹក​សញ្ជឹង​អំពី​ព្រះ‌ប្រាជ្ញា​ញាណ

9 ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! ចូរ​ស្តាប់​វិន័យ​ដែល​ផ្តល់​ជីវិត! ចូរ​ផ្ទៀង​ត្រចៀក​ត្រង​ត្រាប់​ស្តាប់ ដើម្បី​រិះ​គិត​ពិចារ‌ណា។ 10 ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! តើ​មាន​រឿង​អ្វី? ហេតុ​អ្វី​បាន​ជា អ្នក​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក កាន់​តែ​ចាស់​ទៅៗ នៅ​លើ​ទឹក​ដី​ជន​បរទេស​ដូច្នេះ? 11 ហេតុ​អ្វី បាន​ជា​អ្នក​ជាប់​សៅ​ហ្មង​ដោយ​រស់​នៅ​ជា​មួយ​មនុស្ស​ស្លាប់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ឈ្មោះ​របស់​អ្នក​មាន​នៅ​ក្នុង​បញ្ជី​មច្ចុរាជ? 12 អ្នក​ជួប​ហេតុ‌ការណ៍​នេះ មក​ពី​អ្នក​បោះ​បង់​ប្រភព​នៃ​ព្រះ‌ប្រាជ្ញា​ញាណ​ចោល 13 ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ អ្នក​នឹង​រស់​នៅ​ដោយ​សេចក្តី​សុខ​សាន្ត​ជា​រៀង​រហូត។ 14 ចូរ​ស្វែង​យល់​ឲ្យ​ដឹង​ថា តើ​ការ​ត្រិះ​រិះ​ពិចារណា កម្លាំង និង​ចំណេះ​ដឹង​បាន​មក​ពី​ណា? អ្នក​មុខ​ជា​ដឹង​ថា ជីវិត និង​អាយុ​វែង ពន្លឺ​ភ្នែក​ភ្លឺ​ថ្លា និង​សេចក្តី​សុខ​សាន្ត​កើត​ពី​ប្រភព​នោះ​ដែរ។

គ្មាន​នរណា​អាច​យល់​ព្រះ‌ប្រាជ្ញា​ញាណ​បាន

15 តើ​នរណា​រក​ព្រះ​ដំណាក់ នៃ​ព្រះ‌ប្រាជ្ញា​ញាណ​ឃើញ? តើ​នរណា​យល់​តម្លៃ​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ‌ប្រាជ្ញា​ញាណ? 16 តើ​ពួក​មេ​ដឹក​នាំ​ប្រជា‌ជាតិ​នានា​នៅ​ឯ​ណា? តើ​អ្នក​បង្រ្កាប​សត្វ​តិរច្ឆាន​នៅ​ឯណា​ដែរ? 17 តើ​អ្នក​ដែល​ចេះ​ផ្សាំង​បក្សា‌បក្សី នៅ​ឯណា? តើ​អ្នក​ដែល​ប្រមូល​មាស​ប្រាក់​ជា​ច្រើន​អនេក ហើយ​អាង​លើ​ធន​ធាន​របស់​ខ្លួន​នៅ​ឯណា? 18 តើ​ជាង​ទង​ដែល​ខំ​បញ្ចេញ​ស្នា​ដៃ ហួស​ពី​ការ​ស្មាន​នៅ​ឯណា?។ 19 ពួក​គេ​ត្រូវ​វិនាស​សាប‌សូន្យ គេ​បាត់​បង់​ជីវិត​ហើយ មាន​អ្នក​ផ្សេង​មក​ធ្វើ​ការ​ជំនួស​វិញ។ 20 ក្រោយ​ពួក​គេ​មាន​អ្នក​ផ្សេង​ទៀត​កើត​មក ហើយ​រស់​នៅ​លើ​ផែន​ដី​នេះ ប៉ុន្តែ ពួក​គេ​ក៏​មិន​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ព្រះ‌ប្រាជ្ញា​ញាណ​ដែរ។ 21 ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​មិន​រវល់​នឹង​ព្រះ‌អង្គ​ទៀត។ រីឯ​កូន​ចៅ​របស់​ពួក​គេ​ក៏​ដើរ​តាម​ផ្លូវ​ផ្សេង​ពី​ឪពុក​ដែរ។ 22 គ្មាន​នរណា​តំណាល​ពី​ព្រះ‌ប្រាជ្ញា​ញាណ​នៅ​ស្រុក​កាណាន គ្មាន​នរណា​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ នៅ​ស្រុក​តេម៉ន​ទៀត​ដែរ។ 23 សូម្បី​តែ​កូន​ចៅ​របស់​នាង​ហាការ ដែល​តែង​តែ​ស្វែង​រក​ចំណេះ​ដឹង​នៅ​លើ​ផែន​ដី ឈ្មួញ​នៅ​ស្រុក​ម៉េរ៉ន និង​ស្រុក​តេម៉ន អ្នក​តែង​និទាន​រឿង​ព្រេង ឬ​ទស្សន‌វិទូ ក៏​មិន​បាន​ស្គាល់​ផ្លូវ​ទៅ​កាន់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​ក៏​មិន​ចាំ​ផ្លូវ​ទៅ​រក​ព្រះ‌អង្គ​ដែរ។ 24 ប្រជាជន​អ៊ីស្រា‌អែល​អើយ! ពិភព‌លោក​ដែល​ជា​ដំណាក់​ផ្ទាល់​របស់​ព្រះ‌ជាម្ចាស់ ធំ​ទូលាយ​ណាស់ ទឹក​ដី​របស់​ព្រះ‌អង្គ ក៏​ធំ​ទូលំ‌ទូលាយ​ដែរ! 25 ពិភព‌លោក​ធំ​ធេង គ្មាន​ពំ្រ​ដែន ខ្ពស់​ណាស់ គ្មាន​នរណា​វាស់​បាន​ទេ។ 26 មនុស្ស​មាឌ​ធំៗ ហើយ​មាន​ឈ្មោះ​ល្បី​នៅ​គ្រា​ដំបូង បាន​កើត​នៅ​ទី​នោះ ពួក​គេ​មាន​មាឌ​ធំ​សម្បើម និង​ស្ទាត់​ជំនាញ​ធ្វើ​សង្រ្គាម 27 ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​បាន​ជ្រើស‌រើស​ពួក​គេ​ទេ ព្រះ‌អង្គ​ក៏​មិន​បាន​បង្ហាញ​មាគ៌ា​នៃ​ព្រះ‌ប្រាជ្ញា​ញាណ ឲ្យ​ពួក​គេ​ស្គាល់​ដែរ។ 28 ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ព្រោះ​គេ​គ្មាន​សុភ​និច្ឆ័យ មិន​ចេះ​រិះ​គិត​ពិចារណា។ 29 តើ​នរណា​បាន​ឡើង​ទៅ​លើ​មេឃ ដើម្បី​ទៅ​ចាប់​យក​ព្រះ‌ប្រាជ្ញា​ញាណ​នាំ​ចុះ​ពី​ពពក​មក? 30 តើ​នរណា​ឆ្លង​ទៅ​ត្រើយ​ម្ខាង​នៃ​សមុទ្រ រក​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​នាំ​យក​មក ដោយ​ដូរ​នឹង​មាស​យ៉ាង​សន្ធឹក​សន្ធាប់? 31 គ្មាន​នរណា​ស្គាល់​ផ្លូវ​ទៅ​កាន់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​ក៏​គ្មាន​នរណា​ប៉ង​ប្រាថ្នា​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ប្រាជ្ញា​ញាណ​ដែរ។

ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌ប្រាជ្ញា​ញាណ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល

32 ប៉ុន្តែ ព្រះ‌ជាម្ចាស់ ដែល​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះ‌អង្គ​ស្គាល់​ច្បាស់​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌អង្គ​រក​ព្រះ‌ប្រាជ្ញា​ញាណ​ឃើញ ដោយ​សារ​ព្រះ​តម្រិះ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​រៀប​ចំ​ផែន​ដី​ឲ្យ​ស្ថិត​នៅ​អស់​កល្ប‌ជានិច្ច រួច​ព្រះ‌អង្គ​បង្កើត​សត្វ​ចតុ‌ប្បាទ​ឲ្យ​នៅ​ពាស​ពេញ។ 33 ព្រះ‌អង្គ​ចាត់​ពន្លឺ​ទៅ ពន្លឺ​ក៏​ចេញ​ដំណើរ​ទៅ។ ព្រះ‌អង្គ​ហៅ​ពន្លឺ​មក​វិញ ពន្លឺ​ក៏​មក​វិញ​ទាំង​ញ័រ​រន្ធត់។ 34 ផ្កាយ​បញ្ចេញ​រស្មី​នៅ​កន្លែង​ប្រចាំ​ការ ដោយ​អំណរ​សប្បាយ។ 35 ព្រះ‌អង្គ​ហៅ​ផ្កាយ ហើយ​ផ្កាយ​ក៏​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌ជាម្ចាស់!»។ ផ្កាយ​បញ្ចេញ​រស្មី​ដោយ​អំណរ​សប្បាយ ថ្វាយ​ព្រះ​ដែល​បាន​បង្កើត​ពួក​វា។ 36 ព្រះ‌អង្គ​ពិត​ជា​ព្រះ​នៃ​យើង កុំ​ពឹង​ផ្អែក លើ​ព្រះ​ឯណា​ផ្សេង​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។ 37 ព្រះ‌អង្គ​រក​ឃើញ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ព្រះ‌ប្រាជ្ញា​ញាណ ព្រះ‌អង្គ​បាន​បង្ហាញ​មាគ៌ា​នោះ ឲ្យ​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ជន​ជាតិ​អ៊ីស្រា‌អែល ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ស្គាល់​ដែរ 38 តាំង​ពី​ពេល​នោះ​មក គេ​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ​នៅ​លើ​ផែន​ដី ហើយ​ព្រះ‌អង្គ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។