ជំពូក ៤
1 ព្រះប្រាជ្ញាញាណ ជាគម្ពីរដែលមានចែងពីព្រះបញ្ជារបស់ព្រះជាម្ចាស់ ជាធម្មវិន័យដែលស្ថិតស្ថេរអស់កល្បជានិច្ច។ អស់អ្នកជំពាក់ចិត្តនឹងព្រះប្រាជ្ញាញាណ ពិតជាទៅកាន់ជីវិត រីឯអស់អ្នក ដែលបោះបង់ចោលព្រះប្រាជ្ញាញាណ មុខជាបាត់បង់ជីវិតពុំខាន។ 2 កូនចៅលោកយ៉ាកុបអើយ! ចូរវិលត្រឡប់មកវិញ! កាន់ព្រះប្រាជ្ញាញាណឲ្យជាប់!។ ចូរដើរឆ្ពោះទៅរកពន្លឺរបស់ព្រះអង្គ គឺជួបរស្មីនៃព្រះប្រាជ្ញាញាណចុះ។ 3 កុំប្រគល់សិរីរុងរឿងរបស់អ្នក ឲ្យអ្នកផ្សេង កុំប្រគល់ឯកសិទ្ធិរបស់អ្នក ឲ្យប្រជាជាតិដទៃឡើយ។ 4 ជនជាតិអ៊ីស្រាអែលអើយ! យើងមានសុភមង្គលហើយ ដ្បិតយើងអាចស្គាល់អ្វីដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។
ព្រះជាម្ចាស់សម្រាលទុក្ខអ្នកក្រុងយេរូសាឡឹម
5 ប្រជាជនខ្ញុំអើយ! ចូរមានចិត្តក្លាហានឡើង! អ្នកជាសក្ខីភាព ដែលធ្វើឲ្យគេនឹកចាំឈ្មោះ អ៊ីស្រាអែលតរៀងទៅ។ 6 គេលក់អ្នករាល់គ្នាឲ្យប្រជាជាតិនានា មិនមែន ដើម្បីឲ្យអ្នករាល់គ្នាវិនាសសាបសូន្យឡើយ។ ព្រះជាម្ចាស់បញ្ជូនអ្នករាល់គ្នាទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ព្រោះអ្នករាល់គ្នាធ្វើឲ្យព្រះអង្គព្រះអង្គព្រះពិរោធ។ 7 អ្នករាល់គ្នាបានធ្វើឲ្យព្រះបង្កើតអ្នករាល់គ្នាក្រេវក្រោធ ដ្បិតអ្នករាល់គ្នាបានយកសក្ការបូជាថ្វាយអារក្ខ ពុំមែនថ្វាយព្រះជាម្ចាស់ទេ។ 8 អ្នករាល់គ្នាភ្លេចព្រះជាម្ចាស់ដែលមានព្រះជន្មគង់ នៅអស់កល្បជានិច្ច គឺព្រះអង្គដែលបានចិញ្ចឹមអ្នករាល់គ្នា។ អ្នករាល់គ្នាក៏ធ្វើឲ្យក្រុងយេរូសាឡឹម ដែលបានចិញ្ចឹមបីបាច់អ្នក រាល់គ្នាកើតទុក្ខដែរ។ 9 ក្រុងយេរូសាឡឹមបានឃើញព្រះជាម្ចាស់ ព្រះអង្គព្រះពិរោធប្រឆាំងនឹងអ្នករាល់គ្នា ហើយពោលថា៖ «ម្នាលក្រុងទាំងប៉ុន្មាន ដែលនៅជិតខាងក្រុងស៊ីយ៉ូនអើយ! សូមស្តាប់ខ្ញុំសិន! ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំឈឺចុកចាប់យ៉ាងខ្លាំង។ 10 ខ្ញុំឃើញខ្មាំងសត្រូវកៀរកូនប្រុស កូនស្រីរបស់ខ្ញុំទៅធ្វើជាឈ្លើយ ព្រោះព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចដាក់ទោសពួកគេ! 11 ខ្ញុំមានអំណរសប្បាយ ដោយចិញ្ចឹមបីបាច់កូនរួចខ្ញុំ មានទុក្ខព្រួយស្រណោះស្រណោក ដោយឃើញខ្មាំងកៀរយកពួកវាចេញទៅ។ 12 សូមកុំឲ្យនរណាមានអំណរសប្បាយ ដោយឃើញខ្ញុំធ្លាក់ខ្លួនជាស្រ្តីមេម៉ាយ ដែលគេចាប់ពង្រាត់កូនទាំងអស់របស់ខ្ញុំ។ ខ្ញុំនៅស្ងាត់ជ្រងំ ដោយសារតែកូនៗរបស់ខ្ញុំបានប្រព្រឹត្តអំពើបាប គឺពួកវាបានឃ្លាតចាកពីធម្មវិន័យរបស់ព្រះជាម្ចាស់។ 13 ពួកគេមិនបានគោរពតាមបទបញ្ជារបស់ព្រះអង្គ មិនបានដើរតាមមាគ៌ានៃវិន័យរបស់ព្រះអង្គ ពួកគេមិនកាន់តាមការអប់រំ ស្របតាមសេចក្តីសុចរិតទេ។ 14 អស់ក្រុងទាំងប៉ុន្មានដែលនៅជិតខាងក្រុងស៊ីយ៉ូនអើយ! សូមអញ្ជើញមកមើល ហើយចងចាំថា ព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច បានដាក់ទោសកូនប្រុស កូនស្រីរបស់ខ្ញុំ ហើយបញ្ជូនឲ្យទៅជាឈ្លើយ។ 15 ព្រះអង្គចាត់ប្រជាជាតិមួយមកពីចម្ងាយ គឺជាតិសាសន៍ដ៏ព្រហើន ដែលនិយាយភាសាបរទេស មិនចេះគោរពចាស់ទុំ និងមិនចេះអាណិតអាសូរកូនក្មេងឡើយ។ 16 ជាតិសាសន៍នោះ កៀរកូនប្រុស កូនស្រីដ៏ជាទីស្រឡាញ់ របស់ខ្ញុំដែលជាស្រ្តីមេម៉ាយ ហើយទុកខ្ញុំចោលឲ្យនៅម្នាក់ឯង។ 17 កូនអើយ! តើម្តាយអាចជួយកូនដូចម្តេចបាន? 18 មានតែព្រះជាម្ចាស់ ដែលធ្វើទណ្ឌកម្មកូនៗប៉ុណ្ណោះទេ ទើបអាចរំដោះកូនៗ ឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវបាន។ 19 កូនអើយ ចូរចេញទៅ! ចូរចេញទៅ! ម្តាយត្រូវគេបោះបង់ចោល នៅទីនេះម្នាក់ឯង។ 20 ម្តាយផ្លាស់សម្លៀកបំពាក់ នៅពេលសប្បាយចេញ ហើយស្លៀកពាក់កាន់ទុក្ខវិញ។ ជារៀងរាល់ ថ្ងៃ ម្តាយនឹងទូលអង្វរព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច អស់មួយជីវិត។ 21 កូនអើយចូរក្លាហានឡើង! ចូរស្រែកដង្ហោយហៅព្រះជាម្ចាស់! ព្រះអង្គមុខជារំដោះកូន ឲ្យរួចពីដៃរបស់ខ្មាំងសត្រូវ ដែលសង្កត់សង្កិនកូនៗ។ 22 ម្តាយសង្ឃឹមថា ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចនឹងសង្រ្គោះកូន។ ព្រះអង្គជាព្រះដ៏វិសុទ្ធបានប្រោសឲ្យម្តាយមានអំណរ គឺព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច និងជាព្រះសង្រ្គោះរបស់កូន ព្រះអង្គនឹងសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះកូន នៅពេលឆាប់ៗជាពុំខាន។ 23 ម្តាយឃើញកូនចាកចេញទៅ ទាំងកើតទុក្ខព្រួយ និងសោកសង្រេង ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រគល់កូនឲ្យមកម្តាយវិញ ទាំងមានអំណរសប្បាយរីករាយអស់កល្បជានិច្ចពុំខាន។ 24 ឥឡូវនេះ ក្រុងទាំងប៉ុន្មាន ដែលនៅជិតខាងក្រុងស៊ីយ៉ូនឃើញកូនជាប់ជាឈ្លើយយ៉ាងណា បន្តិចទៀត គេនឹងឃើញព្រះជាម្ចាស់យាងមកសង្រ្គោះកូនៗយ៉ាងនោះដែរ។ ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច នឹងយាងមក ប្រកបដោយសិរីរុងរឿងថ្កុំថ្កើងឧត្តុង្គឧត្តម។ 25 ចូរកូនអត់ធ្មត់ ស៊ូទ្រាំរងទារុណកម្ម ដែលមកពីព្រះពិរោធរបស់ព្រះជាម្ចាស់។ ពួកខ្មាំងសត្រូវធ្វើទុក្ខបុកម្នេញកូន ប៉ុន្តែ បន្តិចទៀត កូននឹងបង្រ្កាបពួកគេឲ្យវិនាសអន្តរាយ។ 26 កូនជាទីស្រឡាញ់របស់ម៉ែ កូនធ្វើដំណើរតាមផ្លូវរដិបរដុប កូនប្រៀបបាននឹងហ្វូងសត្វដែលខ្មាំងឆក់ប្លន់រឹបអូសយកទៅ។ 27 កូនទាំងឡាយអើយ ចូរមានចិត្តក្លាហានឡើង! ចូរស្រែកដង្ហោយហៅព្រះជាម្ចាស់ទៅ! ព្រះអង្គដែលនាំកូនមកទីនេះមុខជា មិនបំភ្លេចកូនទេ។ 28 កាលពីមុន កូនមានបំណងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ឥឡូវនេះ កូនប្រែចិត្តគំនិតហើយ! ចូរខិតខំស្វែងរកព្រះអង្គ ឲ្យខ្លាំងជាងមុនដប់ដង។ 29 ព្រះអង្គដែលដាក់ទោសកូន ឲ្យរងទុក្ខវេទនាយ៉ាងនេះនឹងយាងមកជួយសង្រ្គោះកូន ហើយប្រទានអំណរសប្បាយឲ្យកូនជារៀងរហូត។
30 ក្រុងយេរូសាឡឹមអើយ! ចូរមានចិត្តក្លាហានឡើង! ព្រះជាម្ចាស់ដែលបានប្រទានឈ្មោះឲ្យអ្នក ព្រះអង្គមុខជាសម្រាល ទុក្ខរបស់អ្នកពុំខាន។ 31 រីឯអស់អ្នកដែលសង្កត់សង្កិនអ្នក ហើយអរសប្បាយដោយឃើញអ្នកដួល មុខជាត្រូវវេទនាពុំខាន។ 32 ក្រុងទាំងប៉ុន្មានដែលយកកូនរបស់អ្នកធ្វើជាទាសាទាសី ជាពិសេសក្រុងបាប៊ីឡូន ដែលកៀរយកកូនអ្នកទៅក៏ត្រូវវេទនាដែរ។ 33 ក្រុងបាប៊ីឡូននោះបានអំណរសប្បាយ ដោយឃើញអ្នកត្រូវវិនាស ហើយលើកតម្កើងខ្លួនដោយឃើញអ្នកត្រូវអន្តរាយ ក៏ត្រូវវេទនាដែរ។ ក្រុងនោះនឹងសោកសង្រេង ព្រោះខ្មាំងបំផ្លាញគេ។ 34 យើងនឹងធ្វើឲ្យក្រុងនោះលែងមានអំណរ ដោយមានប្រជាជនច្រើន។ យើងធ្វើឲ្យឫកពារដ៏ព្រហើនរបស់គេ ប្រែទៅជាក្រៀមក្រំ។ 35 ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច នឹងធ្វើឲ្យមានភ្លើងធ្លាក់មកឆាបឆេះ ក្រុងនោះជាយូរថ្ងៃ ហើយក្រុងនោះទៅជាទីស្នាក់របស់អារក្ខ បិសាចយ៉ាងយូរតទៅទៀតផង។ 36 យេរូសាឡឹមអើយ! ចូរក្រឡេកមើលទៅទិសខាងកើត! ចូរមើលអំណរដែលមកពីព្រះជាម្ចាស់។ 37 ចូរក្រឡេកមើលកូនប្រុសស្រីរបស់អ្នក ដែលខ្មាំងកៀរយកទៅ កំពុងតែវិលមកស្រុកវិញ។ ព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធបានប្រមូលផ្តុំគេ តាំងពីទិសខាងកើតដល់ទិសខាងលិច។ គេត្រេកអរសប្បាយរីករាយ ដោយមានសិរីរុងរឿងរបស់ព្រះជាម្ចាស់គង់នៅជាមួយ។