ជំពូក ២
1 ដូច្នេះ ព្រះអម្ចាស់បានប្រព្រឹត្តតាមព្រះបន្ទូលប្រឆាំងនឹងយើងខ្ញុំ ប្រឆាំងនឹងវីរបុរស ដែលគ្រប់គ្រងប្រជាជនអ៊ីស្រាអែល ប្រឆាំងនឹងស្តេច មេដឹកនាំ ព្រមទាំងប្រជាជននៃស្រុកអ៊ីស្រាអែល និងស្រុកយូដា។ 2 គ្មានគ្រោះកាចណានៅលើផែនដី ដូចគ្រោះកាចដែលកើតឡើងនៅក្រុងយេរូសាឡឹម ស្របតាមសេចក្តីដែលមានចែងក្នុងគម្ពីរវិន័យរបស់លោកម៉ូសេទេ។ 3 នៅគ្រានោះ យើងម្នាក់ៗបានបរិភោគសាច់របស់កូនខ្លួន គឺម្នាក់បានបរិភោគសាច់របស់កូនប្រុស ម្នាក់ទៀតបានបរិភោគសាច់របស់កូនស្រី។ 4 ព្រះអម្ចាស់បានបញ្ជូនយើងខ្ញុំ ទៅក្នុងកណ្តាប់ដៃរបស់ជាតិសាសន៍ទាំងឡាយ ដែលរស់នៅជុំវិញយើងខ្ញុំ ដើម្បីឲ្យពួកគេមើលងាយ និងបំភ័យយើងខ្ញុំនៅក្នុងចំណោមជាតិសាសន៍ ដែលព្រះអង្គបានកម្ចាត់កម្ចាយឲ្យយើងខ្ញុំទៅរស់នៅ។ 5 យើងខ្ញុំមិនបានទទួលជោគជ័យទេ គឺបរាជ័យទៅវិញ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យនៃព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ដោយមិនព្រមស្តាប់ព្រះសូរសៀងព្រះអង្គ។ 6 បពិត្រព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ! ព្រះអង្គមានព្រះហឫទ័យសុចរិត រីឯយើងខ្ញុំ និងដូនតារបស់យើងខ្ញុំវិញ ត្រូវអាម៉ាស់ដូចនៅថ្ងៃនេះ។ 7 យើងខ្ញុំជួបប្រទះគ្រោះកាចទាំងនេះ ស្របតាមព្រះបន្ទូលដែលព្រះអង្គព្រមានយើងខ្ញុំមែន។ 8 យើងខ្ញុំពុំបានទូលអង្វរព្រះអម្ចាស់ សូមបង្វែរចិត្តគំនិតយើងខ្ញុំម្នាក់ៗ ឲ្យលះបង់គំនិតអាក្រក់ចោលទេ!។ 9 ហេតុនេះហើយ បានជាព្រះអង្គធ្វើឲ្យគ្រោះកាចទាំងនេះ ធ្លាក់មកលើយើងខ្ញុំ ដ្បិតសេចក្តីដែលព្រះអម្ចាស់បញ្ជាឲ្យយើងខ្ញុំប្រព្រឹត្ត សុទ្ធតែត្រឹមត្រូវទាំងអស់។ 10 ប៉ុន្តែ យើងខ្ញុំមិនព្រមស្តាប់ព្រះអម្ចាស់បញ្ជាឲ្យយើងខ្ញុំដើរតាមវិន័យ ដែលព្រះអង្គដាក់នៅមុខយើងខ្ញុំទេ។
ពាក្យអង្វរ
11 បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! កាលពីដើម ព្រះអង្គបាននាំប្រជារាស្រ្តរបស់ព្រះអង្គចេញពីស្រុកអេស៊ីប ដោយសម្ដែងឫទ្ធិបារមីដ៏ខ្លាំងក្លា សម្ដែងទីសម្គាល់ និងបាដិហារិយ៍ផ្សេងៗ។ ព្រះអង្គប្រើឫទ្ធានុភាពដ៏អស្ចារ្យ និងលាតព្រះហស្តរបស់ ព្រះអង្គទៀតផង! ព្រះអង្គបានសម្ដែងបារមី ឲ្យមនុស្សលោកស្គាល់ ព្រះនាមព្រះអង្គ ដូចគេឃើញសព្វថ្ងៃនេះស្រាប់។ 12 បពិត្រព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ! ឥឡូវនេះ យើងខ្ញុំទទួលសារភាពថា យើងខ្ញុំបានប្រព្រឹត្តអំពើបាបដូចមនុស្សទមិឡ។ យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត ទាស់នឹងបញ្ជារបស់ព្រះអង្គមែន!។ 13 សូមព្រះអង្គឈប់ ព្រះពិរោធនឹងយើងខ្ញុំទៅ! ដ្បិតយើងខ្ញុំនៅសល់ចំនួនតិចតួចណាស់ ដោយសារព្រះអង្គកម្ចាត់កម្ចាយឲ្យ ទៅរស់នៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។ 14 ឱ! ព្រះអម្ចាស់អើយ! សូមព្រះអង្គព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង!។ សូមព្រះអង្គឈ្វេងយល់ ដល់ព្រះនាមរបស់ព្រះអង្គ ហើយសូមប្រណីសន្តោសយើងខ្ញុំ នៅចំពោះមុខអស់អ្នកដែលបានកៀរយើងខ្ញុំ។ 15 ដើម្បីឲ្យមនុស្សលោកទាំងអស់នៅលើផែនដីដឹងថា ព្រះអង្គពិតជាព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ដ្បិតព្រះអង្គបានជ្រើសរើសជនជាតិអ៊ីស្រាអែល ទុកជាប្រជារាស្រ្តរបស់ព្រះអង្គផ្ទាល់។ 16 ឱ! ព្រះអម្ចាស់អើយ! សូមព្រះអង្គទតមើលពីដំណាក់ដ៏វិសុទ្ធ របស់ព្រះអង្គ! សូមនឹកគិតដល់យើងខ្ញុំផង!។ ឱ! ព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ ហើយព្រះសណ្តាប់ផង!។ 17 សូមបើកព្រះនេត្រហើយទតមើល! សូមព្រះអង្គឈ្វេងយល់ហើយនឹកថា មនុស្សស្លាប់មិនអាចលើកតម្កើងសិរីរុងរឿង និងសេចក្តីសុចរិតរបស់ព្រះអង្គឡើយ!។ 18 បពិត្រព្រះអម្ចាស់! មានតែអ្នកកើតទុក្ខវេទនាសែនខ្លោចផ្សា អ្នកទន់ខ្សោយ ដែលដើរឱនត្រុនៗ ព្រមទាំងអ្នកគ្មានទីពឹង និងអ្នកស្រេកឃ្លាន ទើបអាចលើកតម្កើងសិរីរុងរឿង និងសេចក្តីសុចរិតរបស់ព្រះអង្គបាន។ 19 បពិត្រព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ យើងខ្ញុំមកទូលអង្វរព្រះអង្គ ដោយមិនសំអាងលើអំពើសុចរិតរបស់ដូនតា ឬរបស់ស្តេចយើងខ្ញុំឡើយ។ 20 ដ្បិតព្រះអង្គព្រះអង្គជះព្រះពិរោធដ៏ខ្លាំងក្លា មកលើយើងខ្ញុំយ៉ាងនេះ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គថ្លែងតាមរយៈព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គថា៖ 21 «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ “ចូរដាក់ខ្លួនបម្រើព្រះមហាក្សត្រស្រុកបាប៊ីឡូន នោះអ្នករាល់គ្នាអាចរស់នៅលើទឹកដី ដែលយើងបានប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា។ 22 ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនព្រមស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបញ្ជាឲ្យបម្រើព្រះមហាក្សត្រ ស្រុកបាប៊ីឡូនទេ 23 យើងនឹងលែងឲ្យមានឮសូរស័ព្ទសំឡេង ដ៏សប្បាយ បទចម្រៀងសម្រាប់ពិធីបុណ្យ និងការសាសង រវាងគូស្វាមីភរិយា ក្នុងក្រុងនានានៃស្រុកយូដា និងក្រុងយេរូសាឡឹម ហើយស្រុកទាំងមូល នឹងត្រូវអន្តរាយស្ងាត់ជ្រងំ គ្មានមនុស្សរស់នៅទៀតទេ។ 24 ប៉ុន្តែ យើងខ្ញុំមិនបានស្តាប់ព្រះសូរសៀងព្រះអង្គ ដែលបញ្ជាឲ្យយើងខ្ញុំបម្រើព្រះមហាក្សត្រស្រុកបាប៊ីឡូន។ ហេតុនេះ ព្រះអង្គប្រព្រឹត្តតាមសេចក្តីដែលព្រះអង្គថ្លែងតាមរយៈព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គថា គេនឹងយកធាតុរបស់ស្តេច និងធាតុដូនតាយើងខ្ញុំចេញពីផ្នូរ។ 25 ស្តេច និងដូនតាយើងខ្ញុំ បាត់បង់ជីវិតយ៉ាង សែនខ្លោចផ្សា រងទុក្ខវេទនាបំផុត ដោយស្រេកឃ្លាន ដោយត្រូវមុខដាវ និងដោយខ្មាំងកៀរយកទៅ។ ឥឡូវនេះ ធាតុរបស់អស់លោក ត្រូវនៅហាលថ្ងៃ និងហាលសន្សើម នៅពេលយប់ថែមទៀតផង។ 26 ព្រះអង្គធ្វើឲ្យព្រះដំណាក់ដែលព្រះអង្គបានជ្រើសរើស ទុកជាទីលំនៅរបស់ព្រះអង្គ ត្រូវហិនហោច ដូចគេឃើញសព្វថ្ងៃនេះស្រាប់ ព្រោះតែអំពើអាក្រក់របស់ប្រជារាស្រ្តអ៊ីស្រាអែល និងជនជាតិយូដា។ 27 បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រព្រឹត្តចំពោះយើងខ្ញុំ ត្រឹមត្រូវតាមយុត្តិធម៌ និងតាមព្រះហឫទ័យអាណិតអាសូរដ៏លើសលប់ របស់ព្រះអង្គ 28 ស្របតាមសេចក្តីដែលព្រះអង្គមានព្រះបន្ទូលតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ នៅថ្ងៃដែលព្រះអង្គបញ្ជាឲ្យលោកចារឹកធម្មវិន័យរបស់ព្រះអង្គ នៅចំពោះមុខប្រជាជន អ៊ីស្រាអែល។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ 29 ប្រសិនបើ អ្នករាល់គ្នាមិនស្តាប់ពាក្យរបស់យើង មហាជនដ៏ច្រើនឥតគណនានេះ នឹងក្លាយទៅជាមនុស្សមួយក្រុមតូច ក្នុងចំណោមប្រជាជាតិទាំងឡាយ ជាកន្លែងដែលយើងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅរស់នៅ។ 30 យើងដឹងថា ពួកគេមិនស្តាប់យើងទេ ព្រោះពួកគេជាមនុស្សចចេស។ ប៉ុន្តែ ពេលពួកគេរស់នៅក្នុងស្រុក ដែលខ្មាំងកៀរយកទៅនោះ ពួកគេនឹងភ្ញាក់ស្មារតី។ 31 ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ យើងនឹងឲ្យពួកគេមានចិត្ត និងមានត្រចៀក អាចស្តាប់បាន។ 32 នៅលើទឹកដីដែលខ្មាំងកៀរ ពួកគេទៅនោះ ពួកគេនឹងលើកតម្កើងយើង ហើយនឹកដល់នាមរបស់យើង។ 33 ពួកគេលែងមានចិត្តរឹងរូស និងលែងប្រព្រឹត្តអំពើអាក្រក់ ដ្បិតពួកគេនឹកឃើញហេតុការណ៍ ដែលកើតមានចំពោះដូនតារបស់ពួកគេ ដែលបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យព្រះអម្ចាស់។ 34 យើងនឹងនាំពួកគេឲ្យវិលត្រឡប់មកទឹកដីដែលយើងបានសន្យាថា នឹងប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ជាបុព្វបុរសរបស់ពួកគេ។ ពួកគេនឹងត្រួតត្រាទឹកដីនោះ។ យើងនឹងធ្វើឲ្យ ចំនួនពួកគេ កើនឡើង។ មែន! គឺឲ្យមានចំនួនច្រើនឡើង! មិនអន់ថយឡើយ។ 35 យើងនឹងចងសម្ពន្ធមេត្រីអស់កល្បជានិច្ចជាមួយពួកគេ ដើម្បីឲ្យធ្វើជាព្រះរបស់ពួកគេ ហើយពួកគេធ្វើជាប្រជារាស្រ្តរបស់យើង។ យើងមិនបណ្តោយប្រជាជនអ៊ីស្រាអែល ឲ្យចេញពីស្រុក ដែលយើងបានប្រគល់ឲ្យពួកគេទៀតឡើយ។