ជំពូក ១៣

ការ​កែ​ទម្រង់​ផ្សេងៗ

1 នៅ​គ្រា​នោះ ពេល​អាន​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​អស់ គេ​ឃើញ​មាន​អត្ថ‌បទ​មួយ​ចែង​ថា ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​ជា​ដាច់​ខាត 2 ដ្បិត​ពួក​គេ​ពុំ​បាន​យក​អាហារ និង​ទឹក មក​ទទួល​ជន​ជាតិ​អ៊ីស្រា‌អែល​ទេ។ ជន​ជាតិ​ម៉ូអាប់​បាន​សូក​លោក​បាឡាម​ឲ្យ​ដាក់​បណ្ដាសា​ជន​ជាតិ​អ៊ីស្រា‌អែល។ ប៉ុន្តែ ព្រះ​របស់​យើង​បាន​ប្ដូរ​បណ្ដាសា ឲ្យ​ប្រែ​ទៅ​ជា​ព្រះ‌ពរ​វិញ។ 3 ពេល​ឮ​វិន័យ​នេះ​ហើយ គេ​ក៏​បំបែក​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។ 4 មុន​ពេល​នោះ គេ​តែង‌តាំង​លោក​បូជា‌ចារ្យ​អេលី‌យ៉ា‌ស៊ីប ឲ្យ​មើល​ខុស​ត្រូវ​បន្ទប់​នានា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ ដោយ​លោក​ត្រូវ​ជា​សាច់‌ញាតិ​របស់​លោក​តូប៊ីយ៉ា 5 លោក​បាន​រៀប‌ចំ​បន្ទប់​មួយ​ធំ​សម្រាប់​ទទួល​លោក​តូប៊ីយ៉ា គឺ​បន្ទប់​ដែល​គេ​ដាក់​តង្វាយ​ម្សៅ គ្រឿង​ក្រអូប គ្រឿង​បរិក្ខារ​របស់​ព្រះ‌វិហារ ព្រម​ទាំង​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង​ជា​តង្វាយ​មួយ​ភាគ​ដប់​ដែល​បម្រុង​ទុក​សម្រាប់​ពួក​លេវី ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ និង​ជា​ចំណែក​ដែល​ញែក​សម្រាប់​ក្រុម​បូជា‌ចារ្យ។ 6 ពេល​ហេតុ‌ការណ៍​នេះ​កើត​មាន ខ្ញុំ​មិន​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ ដ្បិត​ខ្ញុំ​បាន​វិល​ទៅ​គាល់​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស ជា​ស្តេច​ស្រុក​បាប៊ីឡូន​វិញ នៅ​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​របស់​ស្តេច។ នៅ​ចុង​ឆ្នាំ ខ្ញុំ​បាន​ទទួល​រាជា‌នុញ្ញាត 7 វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ឃើញ​អំពើ​ដ៏​អាក្រក់​ដែល​លោក​អេលី‌យ៉ា‌ស៊ីប​បាន​ប្រព្រឹត្ត គឺ​លោក​រៀប‌ចំ​បន្ទប់​មួយ​ក្នុង​ទី‌ធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ សម្រាប់​លោក​តូប៊ីយ៉ា។ 8 ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ខ្ញុំ​ក៏​ឲ្យ​គេ​យក​សម្ភារៈ​ទាំង​ប៉ុន្មាន ដែល​ជា​កម្ម‌សិទ្ធិ​របស់​លោក​តូប៊ីយ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់ 9 ខ្ញុំ​ឲ្យ​គេ​ធ្វើ​ពិធី​ជម្រះ​បន្ទប់​ទាំង​នោះ ហើយ​យក​សម្ភារៈ​នៃ​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់ តង្វាយ និង​គ្រឿង​ក្រអូប​មក​ដាក់​ជំនួស​វិញ។
10 ខ្ញុំ​ក៏​ទទួល​ដំណឹង​ថា ក្រុម​លេវី​ពុំ​បាន​ទទួល​របប​របស់​ខ្លួន​ទេ ដូច្នេះ ពួក​លេវី និង​ក្រុម​ចម្រៀង​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់ បែរ​ជា​នាំ​គ្នា​រត់​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​វិញ។ 11 ខ្ញុំ​ស្តី​បន្ទោស​ពួក​អ្នក​គ្រប់‌គ្រង​ថា «ហេតុ​អ្វី​បាន​ជា​អស់​លោក​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ?»។ ខ្ញុំ​ក៏​ប្រមូល​ក្រុម​លេវី និង​ក្រុម​ចម្រៀង ឲ្យ​មក​បំពេញ​មុខ‌ងារ​របស់​ខ្លួន​វិញ។ 12 ពេល​នោះ ប្រជាជន​យូដា​ទាំង​មូល​យក​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង ដែល​ជា​តង្វាយ​មួយ​ភាគ​ដប់​មក​ដាក់​ក្នុង​ឃ្លាំង។ 13 ខ្ញុំ​បាន​ប្រគល់​ភារ‌កិច្ច​មើល​ខុស​ត្រូវ​ឃ្លាំង​ទៅ​លោក​សេមេ‌លីយ៉ា ជា​បូជា‌ចារ្យ លោក​សាដុក ជា​បណ្ឌិត​ខាង​វិន័យ និង​លោក​ពេដាយ៉ា ពី​ក្រុម​លេវី ហើយ​ក៏​មាន​លោក​ហាណន ជា​កូន​របស់​លោក​សាគួរ និង​ជា​ចៅ​របស់​លោក​ម៉ាថា‌នីយ៉ា ធ្វើ​ការ​រួម​ជា​មួយ​ដែរ។ ប្រជាជន​ទទួល​ស្គាល់​ថា​លោក​ទាំង​នោះ​ជា​មនុស្ស​ស្មោះ‌ត្រង់ ដូច្នេះ ពួក​គេ​មាន​ភារ‌កិច្ច​ចែក​របប​ឲ្យ​បង‌ប្អូន​របស់​ខ្លួន។
14 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​ទូល‌បង្គំ​បាន​ធ្វើ​នេះ​ផង! សូម​កុំ​បំភ្លេច​កិច្ច‌ការ​ផ្សេងៗ​ដែល​ទូល‌បង្គំ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្មោះ‌ត្រង់ ចំពោះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ និង​ឲ្យ​ប្រជាជន​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះ‌អង្គ។
15 នៅ​គ្រា​នោះ ខ្ញុំ​បាន​ឃើញ​មនុស្ស​មួយ​ចំនួន​នៅ​ស្រុក​យូដា នាំ​គ្នា​កៀប​ផ្លែ​ទំពាំង‌បាយ‌ជូរ នៅ​ថ្ងៃ​សប្ប័ទ* ហើយ​ខ្ញុំ​ក៏​ឃើញ​គេ​ដឹក​កណ្ដាប់​ស្រូវ ដឹក​ស្រា ដឹក​ផ្លែ​ទំពាំង‌បាយ‌ជូរ ផ្លែ​ឧទុម្ពរ និង​របស់​ឯ​ទៀតៗ លើ​ខ្នង​លា នាំ​ចូល​មក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​សប្ប័ទ។ ខ្ញុំ​ព្រមាន​ពួក​គេ​កុំ​ឲ្យ​លក់​ដូរ​អ្វី​នៅ​ថ្ងៃ​នោះ។ 16 មាន​អ្នក​ក្រុង​ទីរ៉ុស​ខ្លះ​ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម តែង‌តែ​ដឹក​ត្រី និង​ទំនិញ​គ្រប់​យ៉ាង មក​លក់​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​សប្ប័ទ។ 17 ខ្ញុំ​បន្ទោស​ពួក​អភិជន​នៃ​ស្រុក​យូដា​ថា៖ «ម្ដេច​ក៏​អស់​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​ដូច្នេះ? 18 ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​កើត​មាន​ដល់​ពួក​យើង និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ដូន‌តា​របស់​អស់​លោក​ធ្លាប់​ប្រព្រឹត្ត​អាក្រក់​បែប​នេះ​ដែរ។ រីឯ​អស់​លោក​វិញ អស់​លោក​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​ដូច្នេះ តើ​អស់​លោក​ចង់​ធ្វើ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ ឆាប‌ឆេះ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ឬ!»។ 19 បន្ទាប់​មក ខ្ញុំ​បញ្ជា​ឲ្យ​គេ​ខ្ទាស់​ទ្វារ​ក្រុង នៅ​ល្ងាច​ផ្តើម​ថ្ងៃ​សប្ប័ទ ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​គេ​បើក​ទ្វារ​វិញ ក្រោយ​ថ្ងៃ​សប្ប័ទ។ ខ្ញុំ​ដាក់​សហ‌ការី​របស់​ខ្ញុំ​មួយ​ចំនួន​ឲ្យ​យាម​មាត់​ទ្វារ​ក្រុង ដើម្បី​កុំ​ឲ្យ​នរណា​ដឹក​អ្វី​ចូល​ទី‌ក្រុង​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ។ 20 ដូច្នេះ អ្នក​ជំនួញ និង​អ្នក​លក់​ដូរ​ទំនិញ​គ្រប់​យ៉ាង ត្រូវ​តែ​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម មួយ​យប់ ឬ​ពីរ​យប់។ 21 ខ្ញុំ​ព្រមាន​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​នៅ​ខាង​មុខ​កំពែង​ក្រុង​ដូច្នេះ? ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ​ទៀត ខ្ញុំ​នឹង​ចាប់​ខ្លួន​អ្នក​រាល់​គ្នា​ជា​មិន​ខាន»។ ចាប់​ពី​ពេល​នោះ ពួក​គេ​លែង​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​សប្ប័ទ​ទៀត​ហើយ។ 22 ខ្ញុំ​បាន​ប្រាប់​ក្រុម​លេវី​ឲ្យ​ធ្វើ​ពិធី​ជម្រះ​កាយ រួច​មក​យាម​ទ្វារ​នៅ​ថ្ងៃ​សប្ប័ទ ដើម្បី​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​វិសុទ្ធ។
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ហេតុ​នេះ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ សូម​អាណិត​មេត្តា​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ។
23 នៅ​គ្រា​ដដែល​នោះ ខ្ញុំ​សង្កេត​ឃើញ​ជន​ជាតិ​យូដា​មួយ​ចំនួន រៀប‌ការ​ជា​មួយ​ស្ត្រី​មក​ពី​ក្រុង​អាស្តូដ ស្ត្រី​សាសន៍​អាំម៉ូន និង​ស្ត្រី​សាសន៍​ម៉ូអាប់។ 24 កូន​របស់​ពួក​គេ​ចំនួន​ពាក់​កណ្ដាល​និយាយ​ភាសា​អាស្តូដ គឺ​មិន​ចេះ​និយាយ​ភាសា​យូដា​ទេ ពួក​គេ​ចេះ​និយាយ​តែ​ភាសា​របស់​ជន​ជាតិ​ដទៃ​ប៉ុណ្ណោះ។ 25 ខ្ញុំ​បាន​ស្តី​បន្ទោស​អ្នក​ទាំង​នោះ និង​ខ្ញុំ​ដាក់​បណ្ដាសា​ពួក​គេ ខ្ញុំ​បាន​វាយ​អ្នក​ខ្លះ ព្រម​ទាំង​ទាញ​សក់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​លើក​កូន​ស្រី​ឲ្យ​សាសន៍​ដទៃ និង​ដណ្ដឹង​កូន​ស្រី​របស់​សាសន៍​ដទៃ ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ឡើយ។ 26 ព្រោះ​តែ​បញ្ហា​នេះ​ហើយ​ដែល​ព្រះ‌បាទ​សាឡូម៉ូន ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល បាន​ប្រព្រឹត្ត​អំពើ​បាប។ ក្នុង​ចំណោម​ស្តេច​របស់​ជាតិ​សាសន៍​ទាំង​អស់ គ្មាន​ស្តេច​ណា​មួយ​ដូច​ព្រះ‌បាទ​សាឡូម៉ូន​ទេ។ ព្រះ‌ជាម្ចាស់​ស្រឡាញ់​ព្រះ‌បាទ​សាឡូម៉ូន ព្រះ‌អង្គ​បាន​តែង‌តាំង​ស្តេច​ឲ្យ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​អូស​ទាញ​ស្តេច​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ 27 ដូច្នេះ យើង​មិន​ចង់​ឮ​ដំណឹង​ថា អ្នក​រាល់​គ្នា​ផ្ទាល់​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ ហើយ​ក្បត់​នឹង​ព្រះ​នៃ​យើង ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ឡើយ»។
28 លោក​យ៉ូយ៉ាដា​ជា​កូន​របស់​លោក​មហា‌បូជា‌ចារ្យ​អេលី‌យ៉ា‌ស៊ីប មាន​កូន​ប្រុស​ម្នាក់​ត្រូវ​ជា​កូន​ប្រសា​របស់​លោក​សាន់‌បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូន។ ខ្ញុំ​បាន​ដេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។ 29 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ដែល​បាន​ធ្វើ​ឲ្យ​មុខ‌ងារ​របស់​ខ្លួន​ជា​បូជា‌ចារ្យ​ទៅ​ជា​សៅ‌ហ្មង ហើយ​ធ្វើ​ឲ្យ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ទៅ​ជា​ស្មៅ‌ហ្មង​ដែរ។ 30 ខ្ញុំ​បាន​ជម្រះ​ពួក​គេ​ឲ្យ​ដាច់​ស្រឡះ​ពី​ជន​បរទេស ហើយ​ខ្ញុំ​បាន​ចេញ​ច្បាប់​ឲ្យ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី អនុវត្ត ស្រប​តាម​មុខ‌ងារ​របស់​ខ្លួន។ 31 ខ្ញុំ​បាន​ចាត់​ចែង​ឲ្យ​ប្រជាជន​យក​អុស​មក​ថ្វាយ​តាម​ពេល​កំណត់ ព្រម​ទាំង​តង្វាយ​ដែល​ជា​ផល​ដំបូង​នៃ​ដំណាំ​របស់​គេ​ដែរ។
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ហើយ​ប្រព្រឹត្ត​ចំពោះ​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​សន្ដោស​ផង៕