ជំពូក ២
លោកនេហេមីធ្វើដំណើរទៅទីក្រុងយេរូសាឡឹម
1 នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះចៅអ័រតាស៊ែរសេស ក្នុងពេលដែលស្តេចកំពុងសោយព្រះស្ងោយ ខ្ញុំបានយកស្រាចាក់ថ្វាយស្តេច។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀមក្រំបែបនេះ នៅចំពោះព្រះភ័ក្ត្រស្តេចឡើយ។ 2 ព្រះចៅអធិរាជសួរខ្ញុំថា៖ «លោកគ្មានជំងឺទាល់តែសោះ ហេតុអ្វីបានជាលោកមានទឹកមុខក្រៀមក្រំបែបនេះ តើលោកពិបាកចិត្តរឿងអ្វី?»។ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង។ 3 ខ្ញុំទូលព្រះចៅអធិរាជវិញថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅបាក់បែក រីឯទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។ 4 ព្រះចៅអធិរាជមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់សុំអ្វីពីយើង?»។
ពេលនោះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានបរមសុខ 5 រួចខ្ញុំទូលស្តេចវិញថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំមែននោះ សូមចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីសង់ក្រុងនោះឡើងវិញផង»។ 6 ព្រះរាជាដោយមានព្រះមហេសីគង់នៅក្បែរផង សួរខ្ញុំទៀតថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ដើម្បីធ្វើដំណើរទៅ ហើយអង្កាល់ទើបលោកត្រឡប់មកវិញ?»។
ខ្ញុំទូលព្រះចៅអធិរាជពីពេលវេលាដែលខ្ញុំត្រូវត្រឡប់មកវិញ ហើយស្តេចក៏យល់ព្រមឲ្យខ្ញុំចេញដំណើរ។ 7 បន្ទាប់មក ខ្ញុំទូលព្រះចៅអធិរាជទៀតថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រទានរាជសារឲ្យទូលបង្គំយកទៅជូនអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ដើម្បីអនុញ្ញាតឲ្យទូលបង្គំធ្វើដំណើររហូតដល់ស្រុកយូដា 8 ហើយរាជសារមួយទៀតជូនលោកអសាភ ដែលជាមេព្រៃរបស់ព្រះករុណា ដើម្បីឲ្យគាត់ផ្តល់ឈើមកទូលបង្គំ សង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរព្រះដំណាក់ និងសង់កំពែងក្រុង ព្រមទាំងសង់ផ្ទះដែលទូលបង្គំត្រូវស្នាក់នៅ»។
ព្រះចៅអធិរាជប្រទានរាជសារតាមសំណូមពររបស់ខ្ញុំ ដ្បិតព្រះដ៏សប្បុរសរបស់ខ្ញុំបានដាក់ព្រះហស្ដលើខ្ញុំ។
9 ខ្ញុំបានទៅជួបអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ហើយប្រគល់សាររបស់ព្រះចៅអធិរាជជូនពួកលោក។ ព្រះចៅអធិរាជបានចាត់នាយទាហាន និងកងពលសេះ ឲ្យជូនដំណើរខ្ញុំដែរ។ 10 ពេលលោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូន និងលោកតូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ដឹងដំណឹងនេះ ពួកគេមិនសប្បាយចិត្តទេ ព្រោះឃើញមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យជនជាតិអ៊ីស្រាអែល។
លោកនេហេមីពិនិត្យមើលកំពែងក្រុងយេរូសាឡឹម
11 ខ្ញុំបានទៅដល់ក្រុងយេរូសាឡឹម ហើយស្នាក់នៅទីនោះចំនួនបីថ្ងៃ។ 12 បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់ឲ្យនរណាដឹងអំពីគម្រោងការ ដែលព្រះរបស់ខ្ញុំបណ្តាលចិត្តខ្ញុំឲ្យគិតគូរធ្វើ ចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។ 13 នៅពេលយប់ ខ្ញុំចាកចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។ 14 ខ្ញុំបានទៅជិតទ្វារប្រភពទឹក និងស្រះហ្លួង ប៉ុន្តែ គ្មានច្រកអាចឲ្យសត្វដែលខ្ញុំជិះនោះ ដើរទៅមុខទៀតឡើយ។ 15 ដូច្នេះ ខ្ញុំក៏ឡើងតាមជ្រោះទៅទាំងយប់ ដើម្បីពិនិត្យមើលកំពែងក្រុង រួចខ្ញុំវិលត្រឡប់មកវិញ ដោយចូលតាមទ្វារជ្រលងភ្នំ។ 16 ពួកអ្នកគ្រប់គ្រងក្រុងពុំបានដឹងថា ខ្ញុំទៅទីណា ហើយខ្ញុំធ្វើអ្វីទេ។ មកទល់ពេលនេះ ខ្ញុំពុំបានប្រាប់ប្រជាជនយូដា ពួកបូជាចារ្យ ពួកអភិជន ពួកអ្នកគ្រប់គ្រង ឬមេជាងសំណង់ឯទៀតៗ ឲ្យដឹងពីគម្រោងការរបស់ខ្ញុំឡើយ។
17 បន្ទាប់មក ខ្ញុំពោលទៅពួកគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ ពួកយើងរងទុក្ខវេទនាដល់កម្រិតណា ក្រុងយេរូសាឡឹមត្រូវគេបំផ្លាញចោល ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ដែរ! ដូច្នេះ ចូរនាំគ្នាមក យើងសង់ក្រុងយេរូសាឡឹមឡើងវិញ ដើម្បីកុំឲ្យយើងបាក់មុខទៀត!»។
18 ពេលនោះ ខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាព្រះដ៏សប្បុរសរបស់ខ្ញុំដាក់ព្រះហស្ដលើខ្ញុំ ហើយព្រះចៅអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ។
19 លោកសាន់បាឡាត់ជាអ្នកស្រុកហូរ៉ូន លោកតូប៊ីយ៉ាជាមន្ត្រីសាសន៍អាំម៉ូន និងកេសិមជាជនជាតិអារ៉ាប់ បានដឹងដំណឹងនេះ ពួកគេនាំគ្នាសើចចំអក និងមើលងាយពួកយើង ដោយពោលថា៖ «តើអ្នករាល់គ្នាចង់ធ្វើអ្វីហ្នឹង? តើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះចៅអធិរាជឬ?»។ 20 ខ្ញុំឆ្លើយទៅពួកគេថា៖ «ព្រះនៃស្ថានបរមសុខមុខជាប្រទានឲ្យពួកយើងទទួលជោគជ័យមិនខាន! ពួកយើង ជាអ្នកបម្រើរបស់ព្រះអង្គ នឹងក្រោកឡើងសង់ក្រុងនេះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិ ឬអនុស្សាវរីយ៍អ្វីក្នុងក្រុងយេរូសាឡឹមនេះទេ»។