ជំពូក ១២

បញ្ជី​រាយ​នាម​ពួក​បូជា‌ចារ្យ និង​ពួក​លេវី

1 នេះ​ជា​បញ្ជី​រាយ​នាម​ពួក​បូជា‌ចារ្យ និង​ពួក​លេវី​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ​ជា​មួយ​លោក​សូរ៉ូ‌បា‌បិល ជា​កូន​របស់​លោក​សាឡា‌ធាល និង​ជា​មួយ​លោក​យ៉ូស៊ូអា: លោក​សេរ៉ាយ៉ា លោក​យេរេមី លោក​អែសរ៉ា 2 លោក​អម៉ា‌រីយ៉ា លោក​ម៉ាលូក លោក​ហាទូស 3 លោក​សេកា‌នីយ៉ា លោក​រេហ៊ូម លោក​មេរេម៉ុត 4 លោក​អ៊ីដូ លោក​គីនេ‌តូអ៊ី លោក​អប៊ីយ៉ា 5 លោក​មៀរយ៉ា‌មីន លោក​ម៉ាឌីយ៉ា លោក​ប៊ីលកា 6 លោក​សេម៉ាយ៉ា លោក​យ៉ូយ៉ា‌រីប លោក​យេដាយ៉ា 7 លោក​សាលូ លោក​អម៉ុក លោក​ហ៊ីល‌គីយ៉ា លោក​យេដាយ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ដឹក​នាំ​ពួក​បូជា‌ចារ្យ និង​ពួក​លេវី​នៅ​ជំនាន់​លោក​យ៉ូស៊ូអា។ 8 ពួក​លេវី​មាន: លោក​យ៉ូស៊ូអា លោក​ប៊ីនូអ៊ី លោក​កាដ‌មី‌អែល លោក​សេរេ‌ប៊ីយ៉ា លោក​យូដា លោក​ម៉ាថា‌នីយ៉ា ដែល​ជា​អ្នក​ដឹក​នាំ​ចម្រៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បង‌ប្អូន​របស់​លោក។ 9 រីឯ​លោក​បាកប៊ូ‌គីយ៉ា និង​លោក​អ៊ូនី បំពេញ​មុខ‌ងារ​នៅ​ទល់​មុខ​នឹង​លោក​ទាំង​នោះ។
10 លោក​យ៉ូស៊ូអា​ជា​ឪពុក​របស់​លោក​យ៉ូយ៉ា‌គីម លោក​យ៉ូយ៉ា‌គីម​ជា​ឪពុក​របស់​លោក​អេលី‌យ៉ា‌ស៊ីប លោក​អេលី‌យ៉ា‌ស៊ីប​ជា​ឪពុក​របស់​លោក​យ៉ូយ៉ាដា 11 លោក​យ៉ូយ៉ាដា​ជា​ឪពុក​របស់​លោក​យ៉ូណាថាន លោក​យ៉ូណាថាន​ជា​ឪពុក​របស់​លោក​យ៉ាឌូអា។
12 នៅ​ជំនាន់​ដែល​លោក​យ៉ូយ៉ា‌គីម​ធ្វើ​ជា​មហា‌បូជា‌ចារ្យ អ្នក​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បូជា‌ចារ្យ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មេរីយ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​សេរ៉ាយ៉ា លោក​ហាណា‌នីយ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​យេរេមី 13 លោក​មេស៊ូឡាម​ជា​មេ​ដឹក​នាំ​គ្រួសារ​អែសរ៉ា លោក​យ៉ូហា‌ណាន​ជា​មេ​ដឹក​នាំ​គ្រួសារ​អម៉ា‌រីយ៉ា 14 លោក​យ៉ូណាថាន ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉េលូគី លោក​យ៉ូសែប​ជា​មេ​ដឹក​នាំ​គ្រួសារ​សេបា‌នីយ៉ា 15 លោក​អាដណា​ជា​មេ​ដឹក​នាំ​គ្រួសារ​ហារីម លោក​ហេល‌កាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉េរ៉ា‌យ៉ុត 16 លោក​សាការី​ជា​មេ​ដឹក​នាំ​គ្រួសារ​អ៊ីដូ លោក​មេស៊ូឡាម​ជា​មេ​ដឹក​នាំ​គ្រួសារ​គីនេថូន 17 លោក​ស៊ីគរី​ជា​មេ​ដឹក​នាំ​គ្រួសារ​អប៊ីយ៉ា …ជា​មេ​ដឹក​នាំ​គ្រួសារ​មិនយ៉ា‌មីន លោក​ពីល‌ថាយ ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉ូអា‌ឌីយ៉ា 18 លោក​សាមូអា​ជា​មេ​ដឹក​នាំ​គ្រួសារ​ប៊ីលកា លោក​យ៉ូណាថាន​ជា​មេ​ដឹក​នាំ​គ្រួសារ​សេម៉ាយ៉ា 19 លោក​ម៉ាត់ណៃ​ជា​មេ​ដឹក​នាំ​គ្រួសារ​យ៉ូយ៉ា‌រីប លោក​អ៊ូស៊ី​ជា​មេ​ដឹក​នាំ​គ្រួសារ​យេដាយ៉ា 20 លោក​កាឡាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​សាឡាយ លោក​អេប៊ែរ​ជា​មេ​ដឹក​នាំ​គ្រួសារ​អម៉ុក 21 លោក​ហាសា‌ប៊ីយ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​ហ៊ីល‌គីយ៉ា លោក​ណាថា‌ណាអែល​ជា​មេ​ដឹក​នាំ​គ្រួសារ​យេដាយ៉ា។
22 នៅ​ជំនាន់​ដែល​លោក​អេលី‌យ៉ា‌ស៊ីប លោក​យ៉ូយ៉ាដា លោក​យ៉ូហា‌ណាន និង​លោក​យ៉ាឌូអា ធ្វើ​ជា​មហា‌បូជា‌ចារ្យ​ជា​បន្ត​បន្ទាប់​គ្នា គេ​បាន​ធ្វើ​បញ្ជី​រាយ​នាម​ក្រុម​លេវី ជា​មេ​លើ​ក្រុម​គ្រួសារ និង​បញ្ជី​រាយ​នាម​ក្រុម​បូជា‌ចារ្យ រហូត​ដល់​រជ្ជ‌កាល​ព្រះ‌ចៅ​ដារី‌យូស។ 23 ក្រុម​លេវី​ដែល​ជា​មេ​ក្រុម​គ្រួសារ ក៏​មាន​ឈ្មោះ​ក្នុង​សៀវភៅ​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​សំខាន់ៗ​ដែរ គឺ​រហូត​ដល់​ជំនាន់​លោក​យ៉ូហា‌ណាន ជា​ចៅ​របស់​លោក​អេលី‌យ៉ា‌ស៊ីប។
24 មេ​ដឹក​នាំ​ក្រុម​លេវី ព្រម​ទាំង​លោក​ហាសា‌ប៊ីយ៉ា លោក​សេរេ‌ប៊ីយ៉ា និង​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​កាដ‌មី‌អែល ទទួល​បន្ទុក​រួម​ជា​មួយ​បង‌ប្អូន​របស់​ពួក​គេ​ឯ​ទៀតៗ​ដែល​ឈរ​ទល់​មុខ​គ្នា នៅ​ពេល​ច្រៀង​សរសើរ និង​លើក​តម្កើង​ព្រះ‌អម្ចាស់ តាម​ក្រុម​តាម​វេន​របស់​ខ្លួន ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ 25 បន្ទាប់​មក មាន​លោក​ម៉ាថា‌នីយ៉ា លោក​បាកប៊ូ‌គីយ៉ា លោក​អូបាឌី លោក​មេស៊ូឡាម លោក​ថាល‌ម៉ូន និង​លោក​អាកគូប ជា​អ្នក​យាម​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ។ 26 អ្នក​ទាំង​នោះ​រស់​នៅ​ជំនាន់​លោក​យ៉ូយ៉ា‌គីម ជា​កូន​របស់​លោក​យ៉ូស៊ូអា និង​ជា​ចៅ​របស់​លោក​យ៉ូសា‌ដាក គឺ​នៅ​ជំនាន់​លោក​នេហេមី​កាន់​តំណែង​ជា​ទេសា‌ភិបាល ហើយ​លោក​បូជា‌ចារ្យ​អែសរ៉ា​ធ្វើ​ជា​បណ្ឌិត​ខាង​វិន័យ។

ពិធី​សម្ពោធ​កំពែង​ក្រុង​យេរូ‌សាឡឹម

27 លុះ​ដល់​ពេល​សម្ពោធ​កំពែង​ក្រុង គេ​ទៅ​ប្រមូល​ពួក​លេវី​ពី​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សម្ពោធ​កំពែង​ក្រុង​យ៉ាង​សប្បាយ គឺ​ពួក​គេ​ច្រៀង​ជា​ក្រុម ព្រម​ទាំង​លើក​ទំនុក​ច្រៀង កំដរ​ដោយ​សំឡេង​ស្គរ ចាប៉ី និង​ពិណ។ 28 ក្រុម​ចម្រៀង​ប្រមូល​គ្នា​ផ្តុំ​ពី​កន្លែង​ផ្សេងៗ នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ភូមិ​នានា​នៅ​តំបន់​នេតូផា 29 បេត‌គីល‌កាល់ តំបន់​កេបា និង​អាស‌ម៉ា‌វេត ដ្បិត​ក្រុម​ចម្រៀង​បាន​សង់​ភូមិ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។ 30 ពួក​បូជា‌ចារ្យ និង​ពួក​លេវី នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ជម្រះ​ប្រជាជន ជម្រះ​ខ្លោង​ទ្វារ និង​កំពែង​ក្រុង​ឲ្យ​បាន​បរិសុទ្ធ​ដែរ។
31 ខ្ញុំ​ចាត់​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​ឲ្យ​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​ខ្ញុំ​ក៏​បាន​រៀប‌ចំ​ក្រុម​ចម្រៀង​ជា​ពីរ​ពួក​ដែរ ក្រុម​ទី​មួយ​ដើរ​នៅ​លើ​កំពែង​ក្រុង​ប៉ែក​ខាង​ស្តាំឆ្ពោះ​ទៅ​កាន់​ទ្វារ​សំរាម។ 32 លោក​ហូសេ និង​មេ​ដឹក​នាំ​ចំនួន​ពាក់​កណ្ដាល ដើរ​ពី​ក្រោយ​ក្រុម​នោះ 33 បន្ទាប់​មក លោក​អសា‌រីយ៉ា លោក​អែសរ៉ា លោក​មេស៊ូឡាម 34 លោក​យូដា លោក​បេន‌យ៉ា‌មីន លោក​សេម៉ាយ៉ា លោក​យេរេមី 35 ពួក​បូជា‌ចារ្យ​ដែល​កាន់​ត្រែ លោក​សាការី ជា​កូន​របស់​លោក​យ៉ូណាថាន ដែល​ត្រូវ​ជា​កូន​របស់​លោក​សេម៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាគួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​អសាភ 36 ព្រម​ទាំង​បង‌ប្អូន​របស់​លោក គឺ​លោក​សេម៉ាយ៉ា លោក​អសារ៉ែល លោក​មីឡា‌ឡាយ លោក​គីឡា‌ឡាយ លោក​ម៉ាអាយ លោក​ណេថា‌ណែល លោក​យូដា និង​លោក​ហាណានី។ លោក​ទាំង​នោះ​កាន់​ឧបករណ៍​តន្ដ្រី​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ លោក​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ ដើរ​នៅ​ខាង​មុខ​គេ។ 37 ពេល​មក​ដល់​មាត់​ទ្វារ​ប្រភព​ទឹក ពួក​គេ​ឡើង​ទៅ​បុរី​ព្រះ‌បាទ​ដាវីឌ តាម​ជណ្ដើរ​កំពែង​ដែល​នៅ​ទល់​មុខ​នោះ កាត់​តាម​ខាង​លើ​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​គង្គា​ដែល​នៅ​ខាង​កើត។ 38 ក្រុម​ចម្រៀង​ទី​ពីរ​ដើរ​ប៉ែក​ខាង​ឆ្វេង ខ្ញុំ​ដើរ​តាម​ក្រោយ​ពួក​គេ​ជា​មួយ​ប្រជាជន មួយ​ផ្នែក​ទៀត នៅ​ខាង​លើ​កំពែង​ក្រុង។ យើង​ដើរ​កាត់​ខាង​លើ​ប៉ម​ឡ​ភ្លើង រហូត​ដល់​កំពែង​ធំ។ 39 បន្ទាប់​មក យើង​ដើរ​កាត់​ខាង​លើ​ទ្វារ​អេប្រា‌អ៊ីម ទ្វារ​ចាស់ ទ្វារ​មច្ឆា ប៉ម​ហាណា‌ណែល និង​ប៉ម​ម៉េអា រហូត​ដល់​ទ្វារ​ចៀម ហើយ​ឈប់​នៅ​ត្រង់​ទ្វារ​នគរ‌បាល។ 40 ក្រុម​ចម្រៀង​ទាំង​ពីរ​នាំ​គ្នា​ឈប់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ រីឯ​ខ្ញុំ និង​ពួក​អ្នក​គ្រប់‌គ្រង​ដែល​នៅ​ជា​មួយ ក៏​ឈប់​នៅ​ទី​នោះ 41 រួម​ទាំង​លោក​បូជា‌ចារ្យ​អេលី‌យ៉ា‌គីម ម៉ាសេយ៉ា មិនយ៉ា‌មីន មីកា អែល‌យ៉ូណៃ សាការី ហាណា‌នីយ៉ា ដែល​ជា​អ្នក​ផ្លុំ​ត្រែ 42 ហើយ​ក៏​មាន​លោក​ម៉ាសេយ៉ា លោក​សេម៉ាយ៉ា លោក​អេឡាសារ លោក​អ៊ូស៊ី លោក​យ៉ូហាណន លោក​មីល‌គីយ៉ា លោក​អេឡាំ និង​លោក​អេស៊ែរ។ ពេល​នោះ ក្រុម​ចម្រៀង​ក៏​បន្លឺ​សំឡេង​ច្រៀង ក្រោម​ការ​ដឹក​នាំ​របស់​លោក​អធិការ​យីស‌រ៉ាយ៉ា។
43 នៅ​ថ្ងៃ​នោះ ប្រជាជន​ថ្វាយ​យញ្ញ‌បូជា​ជា​ច្រើន ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​រីក‌រាយ ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ពួក​គេ​មាន​អំណរ​ដ៏​លើស‌លប់។ ចំណែក​ឯ​ស្ត្រី និង​ក្មេងៗ​វិញ ក៏​នាំ​គ្នា​សប្បាយ​រីក‌រាយ​ដែរ សម្រែក​ដ៏​សប្បាយ​របស់​ពួក​គេ​លាន់​ឮ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​យ៉ាង​ឆ្ងាយ។

ចំណែក​របស់​ពួក​បូជា‌ចារ្យ និង​ពួក​លេវី

44 នៅ​ថ្ងៃ​នោះ គេ​បាន​ចាត់​តាំង​មនុស្ស​ឲ្យ​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ភោគ‌ផល ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​តង្វាយ​ផល​ដំបូង ឬ​តង្វាយ​មួយ​ភាគ​ដប់។ អ្នក​ទាំង​នោះ​មាន​ភារ‌កិច្ច​ប្រមូល​ភោគ‌ផល​ពី​ស្រែ​ចម្ការ​នៅ​ជុំ‌វិញ​ក្រុង​នានា ដែល​ជា​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ដ្បិត​ប្រជាជន​នៅ​ស្រុក​យូដា​សប្បាយ​ចិត្ត ព្រោះ​ឃើញ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​បំពេញ​មុខ‌ងារ​របស់​ខ្លួន 45 គឺ​ប្រតិ‌បត្តិ​តាម​អ្វីៗ​សព្វ​បែប​យ៉ាង​ដែល​ព្រះ​របស់​ខ្លួន​បង្គាប់ និង​ធ្វើ​ពិធី​ជម្រះ​ផ្សេងៗ។ រីឯ​ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ​ព្រះ‌ដំណាក់ ក៏​បំពេញ​មុខ‌ងារ​របស់​ខ្លួន ស្រប​តាម​បញ្ជា​ដែល​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ចែង​ទុក។ 46 កាល​ពី​ជំនាន់​ដើម គឺ​នៅ​ជំនាន់​ព្រះ‌បាទ​ដាវីឌ និង​លោក​អសាភ តែង‌តែ​មាន​គ្រូ​ចម្រៀង​ដឹក​នាំ​ក្រុម​ចម្រៀង ច្រៀង​សរសើរ​តម្កើង និង​អរ‌ព្រះ‌គុណ​ព្រះ‌ជាម្ចាស់។ 47 នៅ​ជំនាន់​លោក​សូរ៉ូ‌បា‌បិល និង​ជំនាន់​លោក​នេហេមី ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​តែង‌តែ​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​ម្ហូប​អាហារ​របស់​ខ្លួន ទៅ​ជូន​ក្រុម​លេវី​ជា​រៀង‌រាល់​ថ្ងៃ ហើយ​ក្រុម​លេវី​ក៏​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​អាហារ​របស់​ខ្លួន ជូន​កូន​ចៅ​របស់​លោក​អរ៉ុន​ដែរ។