ជំពូក ៦
ខ្មាំងសត្រូវយាយីសាជាថ្មី
1 ពេលលោកសាន់បាឡាត់ លោកតូប៊ីយ៉ា លោកកេសិម ជាជនជាតិអារ៉ាប់ ព្រមទាំងខ្មាំងសត្រូវឯទៀតៗ ទទួលដំណឹងថា ខ្ញុំបានសង់កំពែងក្រុងយេរូសាឡឹមឡើងវិញ រីឯកន្លែងបាក់បែកក៏បានជួសជុលហើយ - នៅគ្រានោះ ខ្ញុំពុំទាន់បានដាក់សន្លឹកទ្វារក្រុងនៅឡើយ - 2 លោកសាន់បាឡាត់ និងលោកកេសិម ក៏ចាត់គេឲ្យមកប្រាប់ខ្ញុំថា៖ «សូមអញ្ជើញមកពិភាក្សាគ្នានៅកេភីរីម ក្នុងជ្រលងភ្នំអូណូ»។ អ្នកទាំងនោះឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ 3 ខ្ញុំចាត់អ្នកនាំសារឲ្យយកចម្លើយទៅប្រាប់ពួកគេវិញថា៖ «ខ្ញុំមានកិច្ចការដ៏ច្រើនដែលត្រូវធ្វើ ខ្ញុំមិនអាចចុះមកជួបអស់លោកបានទេ។ ប្រសិនបើខ្ញុំចុះមកជួបអស់លោក ការងារមុខជាត្រូវផ្អាកពុំខាន»។
4 ពួកគេចាត់មនុស្សឲ្យនាំពាក្យដដែលនេះ មកប្រាប់ខ្ញុំដល់ទៅបួនដង ខ្ញុំក៏ផ្តល់ចម្លើយដដែលទៅពួកគេវិញ។ 5 លោកសាន់បាឡាត់ចាត់អ្នកជំនិតរបស់គាត់ឲ្យនាំពាក្យដដែលមកជាលើកទីប្រាំ។ អ្នកនាំសារនោះកាន់សំបុត្រដែលបើកចំហមកជាមួយផង។ 6 សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «មានលេចឮដំណឹងក្នុងចំណោមប្រជាជាតិនានាថា លោក និងជនជាតិយូដាមានបំណងបះបោរ ហេតុនេះហើយបានជាលោកសង់កំពែងក្រុងនេះឡើង។ លោកកេសិមបានបញ្ជាក់អំពីដំណឹងនេះដែរ។ គេថាលោកចង់ឡើងធ្វើជាស្តេចរបស់គេ។ 7 លោកក៏បានតែងតាំងពួកព្យាការី ឲ្យប្រកាសនៅក្រុងយេរូសាឡឹម ស្តីអំពីរូបលោកថា មានស្តេចមួយអង្គនៅស្រុកយូដាហើយ! ដំណឹងបែបនេះមុខជាលេចឮទៅដល់ព្រះចៅអធិរាជមិនខាន។ ដូច្នេះ សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នា»។ 8 ខ្ញុំផ្ញើចម្លើយទៅគាត់វិញថា៖ «ពាក្យចចាមអារ៉ាមដែលលោករៀបរាប់នេះមិនពិតទាល់តែសោះ គឺលោកទេតើដែលប្រឌិតរឿងទាំងនេះ!»។ 9 អ្នកទាំងនោះមានបំណងបំភ័យពួកយើង ដោយគិតថាពួកយើងមុខជាបាក់ទឹកចិត្ត លែងធ្វើការតទៅមុខទៀត។
ឱព្រះអម្ចាស់អើយ សូមប្រទានកម្លាំងឲ្យទូលបង្គំឥឡូវនេះផង! 10 ខ្ញុំទៅផ្ទះលោកសេម៉ាយ៉ា ជាកូនរបស់លោកដេឡាយ៉ា និងជាចៅរបស់លោកមេហាតាបែល ដ្បិតគាត់ពុំអាចចេញពីផ្ទះបានទេ។ គាត់ប្រាប់ខ្ញុំថា៖ «ចូរយើងទៅព្រះដំណាក់របស់ព្រះជាម្ចាស់ជាមួយគ្នា រួចចូលទៅខាងក្នុងទីសក្ការៈ និងបិទទ្វារយ៉ាងជិត ដ្បិតពួកគេនាំគ្នាមករកសម្លាប់លោក នៅពេលយប់»។ 11 ខ្ញុំឆ្លើយវិញថា៖ «មនុស្សដូចខ្ញុំនេះមិនចេះរត់គេចខ្លួនទេ! មួយវិញទៀត មនុស្សដូចខ្ញុំនេះមិនអាចចូលទៅក្នុងទីសក្ការៈ ហើយនៅរស់បានទៀតទេ។ ខ្ញុំមិនចូលទៅក្នុងព្រះវិហារឡើយ»។ 12 ខ្ញុំយល់ឃើញថា ព្រះជាម្ចាស់មិនបានចាត់គាត់ ឲ្យនាំពាក្យនេះមកថ្លែងប្រាប់ខ្ញុំទេ។ គាត់ពោលដូច្នេះ មកពីលោកសាន់បាឡាត់ និងលោកតូប៊ីយ៉ា សូកគាត់។ 13 ពួកគេសូកគាត់មកពីគេសង្ឃឹមថា ខ្ញុំនឹងភ័យខ្លាច ហើយធ្វើតាមយោបល់របស់គាត់ ជាហេតុនាំឲ្យខ្ញុំប្រព្រឹត្តអំពើបាប រួចគេនឹងយករឿងនេះទៅបរិហារ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ។
14 «ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអំពើដែលលោកតូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីព្យាការិនីណូអាឌីយ៉ា និងព្យាការីឯទៀតៗ ដែលចង់បំភ័យទូលបង្គំដែរ»។
15 កំពែងក្រុងត្រូវបានជួសជុលចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺអស់រយៈពេលហាសិបពីរថ្ងៃ។ 16 ពេលខ្មាំងសត្រូវក្នុងចំណោមប្រជាជាតិ ដែលនៅជុំវិញយើង ដឹងដំណឹងនេះ ពួកគេនាំគ្នាភ័យខ្លាច។ ពួកគេបាក់មុខ ហើយយល់ឃើញថា សំណង់នេះសម្រេចជារូបរាងឡើង ដោយសារព្រះនៃយើងបានជួយ។
17 នៅគ្រានោះ ពួកអភិជននៅស្រុកយូដាតែងតែសរសេរលិខិតឆ្លើយឆ្លង ជាមួយលោកតូប៊ីយ៉ាជាញឹកញាប់ 18 ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដាជាប់ពាក់ព័ន្ធជាមួយគាត់ ដោយសារពាក្យសម្បថ ព្រោះគាត់ត្រូវជាកូនប្រសារបស់ជនជាតិយូដាម្នាក់ឈ្មោះសេកានីយ៉ា ជាកូនរបស់លោកអរ៉ា ហើយលោកយ៉ូហាណនជាកូនប្រុសរបស់គាត់ ក៏បានរៀបការជាមួយកូនស្រីរបស់លោកមេស៊ូឡាម ជាកូនរបស់លោកបេរេខ្យា។ 19 អ្នកទាំងនោះចេះតែនិយាយសរសើរគាត់នៅមុខខ្ញុំ ហើយថែមទាំងនាំពាក្យដែលខ្ញុំនិយាយ យកទៅប្រាប់គាត់ទៀតផង។ លោកតូប៊ីយ៉ាតែងតែផ្ញើសំបុត្រមកបំភ័យខ្ញុំ។