ជំពូក ៣

ការ​បែង​ចែក​សំណង់​ក្រុង​យេរូ‌សាឡឹម

1 នៅ​គ្រា​នោះ លោក​អេលី‌យ៉ា‌ស៊ីប ជា​មហា‌បូជា‌ចារ្យ បាន​ក្រោក​ឡើង​ជា​មួយ​បូជា‌ចារ្យ​ឯ​ទៀតៗ ដែល​ជា​បង‌ប្អូន​របស់​លោក ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក​គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ ជា​សក្ការៈ​នៅ​ពេល​ដាក់​សន្លឹក​ទ្វារ ពួក​គេ​ក៏​ធ្វើ​ពិធី​ញែក​កំពែង​ក្រុង​ត្រង់​នោះ​ជា​សក្ការៈ ចាប់​ពី​ប៉ម​ម៉េអា​រហូត​ដល់​ប៉ម​ហាណា‌នេអែល​ដែរ។ 2 នៅ​ក្បែរ​ពួក​លោក មាន​អ្នក​ក្រុង​យេរីខូ​នាំ​គ្នា​សង់​មួយ​ផ្នែក​ទៀត ហើយ​បន្ទាប់​មក មាន​លោក​សាគួរ ជា​កូន​របស់​លោក​អ៊ីមរី។ 3 កូន​ចៅ​របស់​លោក​សេណា​នាំ​គ្នា​សង់​ទ្វារ​មច្ឆា។ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។ 4 នៅ​ក្បែរ​ពួក​គេ​មាន​លោក​មេរេម៉ុត ជា​កូន​របស់​លោក​អ៊ូរីយ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជា​អ្នក​ជួស‌ជុល។ នៅ​ក្បែរ​នោះ មាន​លោក​មេស៊ូឡាម ជា​កូន​របស់​លោក​បេរេខ្យា និង​ជា​ចៅ​របស់​លោក​មសេសា‌បែល។ បន្ទាប់​មក មាន​លោក​សាដុក ជា​កូន​របស់​លោក​បាណា។ 5 នៅ​ក្បែរ​នោះ មាន​អ្នក​ស្រុក​តេកូអា ប៉ុន្តែ​ពួក​អភិជន​របស់​គេ​មិន​ព្រម​ចូល​រួម​ធ្វើ​ការ តាម​បញ្ជា​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។ 6 លោក​យ៉ូយ៉ាដា ជា​កូន​របស់​លោក​ពេសា និង​លោក​មេស៊ូឡាម ជា​កូន​របស់​លោក​បេសូ‌ឌីយ៉ា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ចាស់ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។ 7 នៅ​ក្បែរ​នោះ មាន​លោក​មេឡា‌ទីយ៉ា ជា​អ្នក​ស្រុក​កាបូន លោក​យ៉ាដូន អ្នក​ស្រុក​ម៉េរូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ពី​ក្រុង​កាបូន និង​ក្រុង​មីសប៉ា ដែល​ស្ថិត​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​ទេសា‌ភិបាល របស់​អាណា‌ខេត្ត​នៅ​ខាង​លិច​ទន្លេ​អឺប្រាត។ 8 នៅ​ក្បែរ​ពួក​គេ មាន​លោក​អ៊ូស៊ី‌អែល ជា​កូន​របស់​លោក​ហារហាយ៉ា ដែល​ជា​ជាង​រចនា​គ្រឿង​អលង្ការ ហើយ​បន្ទាប់​មក មាន​លោក​ហាណា‌នីយ៉ា ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប ពួក​គេ​បាន​បង្ហើយ​សំណង់​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​កំពែង​ធំ។ 9 លោក​រេផាយ៉ា​ធ្វើ​ការ​នៅ​ក្បែរ​ពួក​គេ គាត់​ត្រូវ​ជា​កូន​របស់​លោក​ហួរ និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង។ 10 បន្ទាប់​មក​មាន​លោក​យ៉ាដាយ៉ា ជា​កូន​របស់​លោក​ហេរូ‌ម៉ាប ធ្វើ​ការ​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​គាត់។ លោក​ហាទូស ជា​កូន​របស់​លោក​ហាសាបនី​ធ្វើ​ការ​នៅ​ក្បែរ​គាត់។ 11 លោក​ម៉ាល់‌គីយ៉ា ជា​កូន​របស់​លោក​ហារីម និង​លោក​ហាស៊ូប ជា​កូន​របស់​លោក​ប៉ាហាត់-‌ម៉ូអាប់ ជួស‌ជុល​កំពែង​ក្រុង​មួយ​ផ្នែក​ទៀត ព្រម​ទាំង​ប៉ម​ឡ​ភ្លើង។ 12 នៅ​ក្បែរ​ពួក​គេ​មាន​លោក​សាលូម ជា​កូន​របស់​លោក​ហាឡូ‌ហេស និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង​ទៀត ធ្វើ​ការ​ជា​មួយ​កូន​ស្រីៗ​របស់​គាត់។ 13 លោក​ហានូន និង​អ្នក​ស្រុក​សាណូអា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ជ្រលង​ភ្នំ។ ពួក​គេ​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ ពួក​គេ​បាន​សង់​កំពែង​ក្រុង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម។ 14 លោក​ម៉ាល់‌គីយ៉ា ជា​កូន​របស់​លោក​រេកាប និង​ជា​ចៅហ្វាយ​ស្រុក​បេតហា‌កេរិម ជា​អ្នក​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ 15 លោក​សាលូន ជា​កូន​របស់​លោក​កុល‌ហូ‌ស៊ែរ និង​ជា​ចៅហ្វាយ​ស្រុក​មីសប៉ា ជួស‌ជុល​ទ្វារ​ប្រភព​ទឹក។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ គាត់​បាន​ជួស‌ជុល​កំពែង​ស្រះ​សេឡា ដែល​នៅ​ក្បែរ​ឧទ្យាន​ហ្លួង រហូត​ដល់​ជណ្ដើរ​ចុះ​មក​ពី​បុរី​ព្រះ‌បាទ​ដាវីឌ។ 16 បន្ទាប់​ពី​គាត់ មាន​លោក​នេហេមី ជា​កូន​របស់​លោក​អាស‌ប៊ូក និង​ជា​ចៅ​សង្កាត់​បេតសួរ​មួយ​ចំហៀង គាត់​ជួស‌ជុល​រហូត​ដល់​ខាង​មុខ​ផ្នូរ​របស់​ព្រះ‌បាទ​ដាវីឌ និង​រហូត​ដល់​ស្រះ ព្រម​ទាំង​បន្ទាយ​របស់​ពួក​វីរ‌ជន។ 17 បន្ទាប់​មក មាន​ក្រុម​លេវី​ធ្វើ​ការ​នៅ​ក្បែរ​គាត់ គឺ​មាន​លោក​រេហ៊ូម ជា​កូន​របស់​លោក​បានី និង​លោក​ហាសា‌ប៊ីយ៉ា ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង ដែល​ធ្វើ​ការ​ក្នុង​នាម​សង្កាត់​របស់​គាត់។ 18 បន្ទាប់​មក មាន​បង‌ប្អូន​របស់​ពួក​គេ គឺ​លោក​បាវ៉ាយ ជា​កូន​របស់​លោក​ហេណា‌ដាដ និង​ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង​ទៀត។ 19 បន្ទាប់​មក លោក​អេស៊ែរ​ជា​កូន​របស់​លោក​យ៉ូស៊ូអា និង​ជា​ចៅហ្វាយ​ក្រុង​មីសប៉ា ជួស‌ជុល​ផ្នែក​មួយ​ទៀត ដែល​នៅ​ទល់​មុខ​ផ្លូវ​ឡើង​ទៅ​ឃ្លាំង​សាស្ត្រា‌វុធ ត្រង់​មុម​កំពែង។ 20 បន្ទាប់​ពី​គាត់ មាន​លោក​បារូក ជា​កូន​របស់​លោក​សាបៃ ខំ​ប្រឹង​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​មុម​កំពែង រហូត​ដល់​មាត់​ទ្វារ​ផ្ទះ​របស់​លោក​មហា‌បូជា‌ចារ្យ​អេលី‌យ៉ា‌ស៊ីប។ 21 បន្ទាប់​មក មាន​លោក​មេរេម៉ុត​ជា​កូន​របស់​លោក​អ៊ូរី និង​ជា​ចៅ​របស់​លោក​ហាកូស ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​ពី​មាត់​ទ្វារ​ផ្ទះ​របស់​លោក​អេលី‌យ៉ា‌ស៊ីប រហូត​ដល់​កៀន​របង​ផ្ទះ។ 22 បន្ទាប់​មក ពួក​បូជា‌ចារ្យ​ដែល​រស់​នៅ​តាម​តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ជួស‌ជុល​នៅ​ក្បែរ​គាត់។ 23 បន្ទាប់​មក មាន​លោក​បេន‌យ៉ា‌មីន និង​លោក​ហាស៊ូប ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួក​គេ។ បន្ទាប់​មក មាន​លោក​អសា‌រីយ៉ា ជា​កូន​របស់​លោក​ម៉ាសេយ៉ា និង​ជា​ចៅ​របស់​លោក​អណា‌នីយ៉ា ជួស‌ជុល​នៅ​ក្បែរ​ផ្ទះ​របស់​គាត់។ 24 បន្ទាប់​មក​ទៀត មាន​លោក​ប៊ីនូអ៊ី ជា​កូន​របស់​លោក​ហេណា‌ដាដ ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​ពី​ផ្ទះ​របស់​លោក​អសា‌រីយ៉ា រហូត​ដល់​ជ្រុង និង​រហូត​ដល់​មុម​កំពែង។ 25 លោក​ប៉ាឡាល ជា​កូន​របស់​លោក​អ៊ូសាយ ជួស‌ជុល​ផ្នែក​នៅ​ទល់​មុខ​នឹង​ជ្រុង​កំពែង និង​ប៉ម​ខាង​លើ ដែល​លយ​ចេញ​ពី​ដំណាក់​ស្តេច​ជិត​ទី‌ធ្លា​ក្រុម​អង្គ‌រក្ស។ បន្ទាប់​មក មាន​លោក​ពេដាយ៉ា ជា​កូន​របស់​លោក​ប៉ារ៉ូស។ 26 ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ដែល​រស់​នៅ​លើ​អូផែល ជួស‌ជុល​រហូត​ដល់​ផ្នែក​នៅ​ទល់​មុខ​នឹង​ទ្វារ​គង្គា ប៉ែក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ។ 27 បន្ទាប់​មក មាន​អ្នក​ស្រុក​តេកូអា​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ពី​មុខ​នឹង​ប៉ម​ធំ​ដែល​លយ​ចេញ រហូត​ដល់​ជញ្ជាំង​អូផែល។
28 នៅ​ខាង​លើ​ទ្វារ​សេះ ពួក​បូជា‌ចារ្យ​ជួស​ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន។ 29 បន្ទាប់​មក លោក​សាដុក ជា​កូន​លោក​អ៊ីមែរ ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក។ បន្ទាប់​ពី​លោក មាន​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​សេកា‌នីយ៉ា ជា​ឆ្មាំ​ទ្វារ​ខាង​កើត។ 30 បន្ទាប់​មក មាន​លោក​ហាណា‌នីយ៉ា ជា​កូន​របស់​លោក​សេឡេ‌មីយ៉ា និង​លោក​ហានូន ជា​កូន​ទី​ប្រាំ​មួយ​របស់​លោក​សាឡាប ជួស‌ជុល​កំពែង​មួយ​ផ្នែក​ទៀត។ បន្ទាប់​មក មាន​លោក​ម៉ាស៊ូឡាម ជា​កូន​របស់​លោក​បេរេ‌គីយ៉ា ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​លោក។
31 បន្ទាប់​មក លោក​ម៉ាល់‌គីយ៉ា ជា​ជាង​រចនា​គ្រឿង​អលង្ការ បាន​ជួស‌ជុល​រហូត​ដល់​ម្តុំ​ផ្ទះ​របស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ផ្ទះ​របស់​អ្នក​ជំនួញ​ដែល​នៅ​ទល់​មុខ​ទ្វារ​មីភកាដ និង​រហូត​ដល់​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង។ 32 ពួក​ជាង​រចនា​គ្រឿង​អលង្ការ និង​អ្នក​ជំនួញ នាំ​គ្នា​ជួស‌ជុល​ផ្នែក​ដែល​នៅ​ចន្លោះ​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង និង​ទ្វារ​ចៀម។

បច្ចា‌មិត្ត​របស់​ជន​ជាតិ​យូដា​ចង់​បញ្ឈប់​ការ​ជួស‌ជុល

33 (៤.១) ពេល​លោក​សាន់‌បា‌ឡាត់​ទទួល​ដំណឹង​ថា ពួក​យើង​ជួស‌ជុល​កំពែង​ក្រុង​ឡើង​វិញ​ដូច្នេះ គាត់​ខឹង​មួរម៉ៅ​ជា​ខ្លាំង។ គាត់​ចំអក​ឲ្យ​ជន​ជាតិ​យូដា 34 (២) ដោយ​ពោល​នៅ​មុខ​បង‌ប្អូន​របស់​គាត់ និង​ពួក​ទាហាន​ពី​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​ដ៏​ទន់​ខ្សោយ​នេះ​នាំ​គ្នា​ធ្វើ​អ្វី? ពួក​គេ​ស្មាន​ថា​ខ្លួន​អាច​សង់​កំពែង​នេះ ហើយ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ​របស់​ខ្លួន​កើត​ឬ? ពួក​គេ​បង្ហើយ​សំណង់​នៅ​ថ្ងៃ​នេះ​កើត​ឬ? ពួក​គេ​អាច​លើក​ថ្ម​ចេញ​ពី​គំនរ​ឥដ្ឋ និង​ចេញ​ពី​ផេះ មក​ដាក់​គរ​លើ​គ្នា​វិញ​កើត​ឬ?»។ 35 (៣) លោក​តូប៊ីយ៉ា ជា​ជន​ជាតិ​អាំម៉ូន ដែល​នៅ​ក្បែរ​នោះ ពោល​ឡើង​ថា៖ «ទុក​ឲ្យ​ពួក​គេ​សង់​ទៅ! ពេល​ណា​កញ្ជ្រោង​ឡើង​ពី​លើ នោះ​កំពែង​ថ្ម​មុខ​ជា​រលំ​មិន​ខាន!»។
36 (៤) «ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌សណ្ដាប់​ចុះ ពួក​គេ​មើល‌ងាយ​យើង​ខ្ញុំ​ខ្លាំង​ណាស់! សូម​ឲ្យ​ពាក្យ​ប្រមាថ​មាក់‌ងាយ​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ! សូម​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ និង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ 37 (៥) សូម​កុំ​លើក‌លែង​ទោស​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​លុប​បំបាត់​អំពើ​បាប​របស់​ពួក​គេ ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ពួក​គេ​បាន​ជេរ​ប្រមាថ​យើង​ខ្ញុំ ជា​អ្នក​សង់​កំពែង​ក្រុង​នេះ​ឡើង​វិញ»។
38 (៦) ពួក​យើង​នាំ​គ្នា​សង់​កំពែង​ក្រុង​ឡើង​វិញ រហូត​ដល់​បាន​កម្ពស់​ពាក់​កណ្ដាល ដ្បិត​ប្រជាជន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​ធ្វើ​ការ​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។