ជំពូក ១០

ប្រជាជន​សន្យា​ប្រតិ‌បត្តិ​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់

1 (៨.៣៨) ដោយ​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយ‌លក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯក‌សារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​បូជា‌ចារ្យ។ 2 (១) នៅ​ក្នុង​ឯក‌សារ​ដែល​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​ដូច​ត​ទៅ:
លោក​នេហេមី​ជា​អភិបាល​អាណា‌ខេត្ត និង​ជា​កូន​របស់​លោក​ហាកា‌លីយ៉ា ជា​ចៅ​របស់​លោក​សេដេស្យាស 3 (២) លោក​សេរ៉ាយ៉ា លោក​អសា‌រីយ៉ា លោក​យេរេមី 4 (៣) លោក​ប៉ាសួរ លោក​អម៉ា‌រីយ៉ា លោក​ម៉ាល់‌គីយ៉ា 5 (៤) លោក​ហាទូស លោក​សេបា‌នីយ៉ា លោក​ម៉ាលូក 6 (៥) លោក​ហារីម លោក​មេរេម៉ុត លោក​អូបាឌី 7 (៦) លោក​ដានីអែល លោក​គីនេថូន លោក​បារូក 8 (៧) លោក​មេស៊ូឡាម លោក​អប៊ីយ៉ា លោក​មីយ៉ា‌មីន 9 (៨) លោក​ម៉ាស៊ីយ៉ា លោក​ប៊ីលកៃ លោក​សេម៉ាយ៉ា។ លោក​ទាំង​នោះ​សុទ្ធ​តែ​ជា​បូជា‌ចារ្យ។
10 (៩) ក្រុម​លេវី​មាន: លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​អសា‌នីយ៉ា លោក​ប៊ីនូអ៊ី ពី​អំបូរ​ហេណា‌ដាដ លោក​កាដ‌មី‌អែល 11 (១០) ព្រម​ទាំង​បង‌ប្អូន​របស់​គេ​ទាំង​នោះ គឺ​មាន​លោក​សេបា‌នីយ៉ា លោក​ហូឌីយ៉ា លោក​កេលីតា លោក​ពេឡាយ៉ា លោក​ហាណាន 12 (១១) លោក​មីកា លោក​រេហូប លោក​ហាសា‌ប៊ីយ៉ា 13 (១២) លោក​សាគួរ លោក​សេរេ‌ប៊ីយ៉ា លោក​សេបា‌នីយ៉ា 14 (១៣) លោក​ហូឌីយ៉ា លោក​បានី និង​លោក​បេនីនូ។
15 (១៤) មេ​ដឹក​នាំ​របស់​ប្រជាជន​មាន: លោក​ប៉ារ៉ូស លោក​ប៉ាហាត់-‌ម៉ូអាប់ លោក​អេឡាម លោក​សាធូ លោក​បានី 16 (១៥) លោក​ប៊ូនី លោក​អាស‌កាដ លោក​បេបាយ 17 (១៦) លោក​អដូ‌នីយ៉ា លោក​ប៊ីគ‌វ៉ាយ លោក​អឌីន 18 (១៧) លោក​អធែរ លោក​អេសេខ្យាស លោក​អស្យួរ 19 (១៨) លោក​ហូឌីយ៉ា លោក​ហាស៊ូម លោក​បេសាយ 20 (១៩) លោក​ហារីប លោក​អណា‌តូត លោក​នេបៃ 21 (២០) លោក​ម៉ាកពី‌យ៉ាស លោក​មេស៊ូឡាម លោក​ហេសៀរ 22 (២១) លោក​មេសេសា‌បេល លោក​សាដុក លោក​យ៉ាដូអា 23 (២២) លោក​ពេឡា‌ទីយ៉ា លោក​ហាណាន លោក​អសាយ៉ា 24 (២៣) លោក​ហូសេ លោក​ហាណា‌នីយ៉ា លោក​ហាស៊ូប 25 (២៤) លោក​ហាឡូ‌ហេស លោក​ពីលហា លោក​សូបេក 26 (២៥) លោក​រ៉ាហ៊ូម លោក​ហាសាប‌ណា លោក​មេសាយ៉ា 27 (២៦) លោក​អហ៊ីយ៉ា លោក​ហាណាន លោក​អណាន 28 (២៧) លោក​ម៉ាលូក លោក​ហារីម លោក​បាណា។ 29 (២៨) ប្រជាជន​ឯ​ទៀតៗ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​យាម​ទ្វារ ក្រុម​ចម្រៀង ក្រុម​បម្រើ​ព្រះ‌វិហារ និង​អស់​អ្នក​ដែល​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ ដើម្បី​ធ្វើ​តាម​វិន័យ​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ប្រពន្ធ កូន​ប្រុស កូន​ស្រី​របស់​ខ្លួន និង​ក្មេងៗ​ដែល​មាន​វ័យ​អាច​យល់​បាន 30 (២៩) នាំ​គ្នា​ចូល​រួម​ជា​មួយ​បង‌ប្អូន​របស់​ខ្លួន ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន ដើម្បី​សន្យា និង​សច្ចា​ថា សុខ​ចិត្ត​កាន់​តាម​វិន័យ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​តាម‌រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យើង​សុខ​ចិត្ត​កាន់ និង​ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ច្បាប់ និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ 31 (៣០) យើង​សន្យា​ថា មិន​លើក​កូន​ស្រី​របស់​យើង ទៅ​ឲ្យ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​ក៏​មិន​ដណ្ដឹង​កូន​ស្រី​របស់​គេ ឲ្យ​មក​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​យើង​ដែរ។ 32 (៣១) នៅ​ថ្ងៃ​សប្ប័ទ* និង​ថ្ងៃ​បុណ្យ​ផ្សេងៗ យើង​មិន​ទិញ​ទំនិញ ឬ​គ្រឿង​បរិភោគ ដែល​ជន​បរទេស​យក​មក​លក់​នោះ​ឡើយ។ នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ ហើយ​លុប​បំណុល​គ្រប់​យ៉ាង។
33 (៣២) យើង​ក៏​ដាក់​បទ‌បញ្ជា​ថា រៀង‌រាល់​ឆ្នាំ យើង​ត្រូវ​ថ្វាយ​ប្រាក់​សុទ្ធ​មួយ​ជី​ម្នាក់ សម្រាប់​តម្រូវ​ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ 34 (៣៣) គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ដែល​ត្រូវ​តាំង​ថ្វាយ​ព្រះ‌អម្ចាស់ តង្វាយ​អចិន្ត្រៃយ៍ តង្វាយ​ដុត​ទាំង​មូល* ដែល​ត្រូវ​ថ្វាយ​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ វត្ថុ​សក្ការៈ​ឯ​ទៀតៗ យញ្ញ‌បូជា​រំដោះ​បាប​ជន​ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ការ​ប្រើ‌ប្រាស់​ផ្សេង​ទៀត ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ 35 (៣៤) ពួក​យើង​ជា​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជាជន បាន​ចាប់​ឆ្នោត​ដាក់​វេន​គ្នា​ឧបត្ថម្ភ​អុស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង គឺ​រៀង‌រាល់​ឆ្នាំ យើង​ត្រូវ​យក​អុស​មក​ជា​តង្វាយ​តាម​អំបូរ តាម​ពេល​កំណត់ ដើម្បី​ដុត​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ។ 36 (៣៥) យើង​ក៏​សន្យា​យក​ផល​ដំបូង​នៃ​ស្រែ​ចម្ការ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន មក​ថ្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​រៀង‌រាល់​ឆ្នាំ​ដែរ។ 37 (៣៦) យើង​នឹង​នាំ​កូន​ប្រុស​ច្បង​របស់​យើង មក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​ក៏​នាំ​កូន​ដំបូង​នៃ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង មក​ថ្វាយ​ព្រះ‌អង្គ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ គឺ​យើង​នឹង​នាំ​មក​ជូន​ក្រុម​បូជា‌ចារ្យ ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ 38 (៣៧) យើង​នឹង​នាំ​ម្សៅ​ដំបូង​របស់​យើង ព្រម​ទាំង​តង្វាយ​ដែល​យើង​បាន​ញែក​ទុក​ដោយ​ឡែក គឺ​មាន​ផ្លែ​ឈើ​គ្រប់​មុខ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង មក​ជូន​ក្រុម​បូជា‌ចារ្យ នៅ​ក្នុង​បន្ទប់​អម​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ យើង​នឹង​យក​ភោគ‌ផល​ពី​ដី​របស់​យើងមួយ​ភាគ​ដប់ ជូន​ក្រុម​លេវី។ ក្រុម​លេវី​ត្រូវ​ទៅ​ប្រមូល​យក​ផល​ទាំង​នោះ​ពី​ស្រុក​ភូមិ ដែល​មាន​ស្រែ​ចម្ការ​របស់​យើង។ 39 (៣៨) ពេល​ក្រុម​លេវី​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ចូល​មក បូជា‌ចារ្យ​មួយ​រូប​ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អរ៉ុន ត្រូវ​ទៅ​ជា​មួយ ហើយ​ទទួល​យក​មួយ​ភាគ​ដប់​នៃ​តង្វាយ​មួយ​ភាគ​ដប់​នោះ ទៅ​ទុក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ 40 (៣៩) ជន​ជាតិ​អ៊ីស្រា‌អែល និង​ក្រុម​លេវី ត្រូវ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង។ ក្នុង​បន្ទប់​ទាំង​នោះ គេ​ដាក់​វត្ថុ​ប្រើ‌ប្រាស់​ក្នុង​ទី​សក្ការៈ ហើយ​ក្រុម​បូជា‌ចារ្យ​ដែល​ត្រូវ​វេន​បម្រើ​ការ‌ងារ​ក្រុម​យាម​ទ្វារ និង​ក្រុម​ចម្រៀង​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ដែរ។ ដូច្នេះ យើង​ពុំ​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​ឡើយ។