ជំពូក ១១

ការ​បែង​ចែក​កន្លែង​ឲ្យ​ជន​ជាតិ​យូដា​តាំង​ទី​លំ‌នៅ​សា​ជា​ថ្មី នៅ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ

ការ​បែង​ចែក​កន្លែង​ឲ្យ​ជន​ជាតិ​យូដា​តាំង​ទី​លំ‌នៅ​សា​ជា​ថ្មី នៅ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ
1 មេ​ដឹក​នាំ​របស់​ប្រជាជន​តាំង​ទី​លំ‌នៅ នៅ​ក្រុង​យេរូ‌សាឡឹម។ រីឯ​ប្រជាជន​វិញ គេ​បាន​ចាប់​ឆ្នោត​ឲ្យ​ម្នាក់ ក្នុង​ចំណោម​ដប់​នាក់ មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដ៏‌វិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត​ត្រូវ​រស់​នៅ​តាម​ក្រុង​នានា។ 2 ប្រជាជន​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ 3 ពួក​ចៅហ្វាយ​ខេត្ត​នាំ​គ្នា​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ រីឯ​ជន​ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​របស់​អ្នក​បម្រើ​ព្រះ‌បាទ​សាឡូម៉ូន រស់​នៅ​តាម​ក្រុង​នានា ម្នាក់ៗ​ក្នុង​ទឹក​ដី​ដែល​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន។ 4 ប៉ុន្តែ មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ា‌មីន​មួយ​ចំនួន តាំង​ទី​លំ‌នៅ ក្នុង​ក្រុង​យេរូ‌សាឡឹម។ កូន​ចៅ​យូដា​មាន​លោក​អតាយ៉ា​ជា​កូន​របស់​លោក​អសា‌រីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​អម៉ា‌រីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សេផា‌ទីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាហា‌ឡា‌លេ‌អែល ក្នុង​អំបូរ​ពេរេស។ 5 លោក​ម៉ាសេយ៉ា​ជា​កូន​របស់​លោក​បារូក ដែល​ត្រូវ​ជា​កូន​របស់​លោក​កុល‌ហូសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អដាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូយ៉ា‌រីប ដែល​ត្រូវ​ជា​កូន​របស់​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​ស៊ីឡូនី។ 6 កូន​ចៅ​របស់​លោក​ពេរេស ដែល​មក​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម សរុប​ទាំង​អស់​មាន ៤៦៨​នាក់ សុទ្ធ‌សឹង​ជា​មនុស្ស​ដែល​មាន​ចិត្ត​អង់‌អាច។ 7 កូន​ចៅ​បេន‌យ៉ា‌មីន​មាន​លោក​ស៊ីលូ ជា​កូន​របស់​លោក​មេស៊ូឡាម ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូអែដ ដែល​ត្រូវ​ជា​កូន​របស់​លោក​ពេដាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​កូឡាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាសេយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អ៊ីធីអែល ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាយ។ 8 បន្ទាប់​មក មាន​លោក​កាបាអ៊ី និង​លោក​សាឡាអ៊ី។ សរុប​ទាំង​អស់ កូន​ចៅ​របស់​បេន‌យ៉ា‌មីន​មាន ៩២៨​នាក់។ 9 លោក​យ៉ូអែល កូន​របស់​លោក​ស៊ីគ្រី ជា​អធិការ​ក្រុង ហើយ​លោក​យូដា កូន​របស់​លោក​សេនូអា ជា​អធិការ​រង​របស់​ទីក្រុង។
10 ពួក​បូជា‌ចារ្យ​មាន: លោក​យេដាយ៉ា​ជា​កូន​របស់​លោក​យ៉ូយ៉ា‌រីប លោក​យ៉ាគីន 11 លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​លោក​មេស៊ូឡាម ដែល​ជា​កូន​របស់​លោក​សាដុក ដែល​ជា​កូន​របស់​លោក​មេរ៉ា‌យ៉ុត ដែល​ជា​កូន​របស់​លោក​អហ៊ី‌ទូប ដែល​ជា​អ្នក​ដឹក​នាំ​កិច្ច‌ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ 12 ក្រៅ​ពី​នោះ មាន​បង‌ប្អូន​របស់​ពួក​គេ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ផ្សេងៗ​នៅ​ក្នុង​ព្រះ‌ដំណាក់ មាន​គ្នា​ទាំង​អស់ ៨២២​នាក់។ បន្ទាប់​មក មាន​លោក​អដាយ៉ា ជា​កូន​របស់​លោក​យេរ៉ូហាំ ដែល​ជា​កូន​របស់​លោក​ពេឡា‌ទីយ៉ា ដែល​ជា​កូន​របស់​លោក​អាំស៊ី ដែល​ជា​កូន​របស់​លោក​សាការី ដែល​ជា​កូន​របស់​លោក​ប៉ាសួរ ដែល​ជា​កូន​របស់​លោក​ម៉ាល់‌គីយ៉ា 13 ព្រម​ទាំង​បង‌ប្អូន​របស់​គាត់ ដែល​ត្រូវ​ជា​មេ​លើ​ក្រុម​គ្រួសារ មាន​គ្នា​ទាំង​អស់ ២៤២​នាក់។ បន្ទាប់​មក​ទៀត មាន​លោក​អម៉ាសាយ ជា​កូន​របស់​លោក​អសារេល ដែល​ជា​កូន​របស់​លោក​អសៃ ដែល​ជា​កូន​របស់​លោក​មេស៊ី‌លេម៉ុត ដែល​ជា​កូន​របស់​លោក​អ៊ីមែរ 14 ព្រម​ទាំង​បង‌ប្អូន​របស់​គេ សុទ្ធ‌សឹង​តែ​ជា​មនុស្ស​សំខាន់ៗ មាន​គ្នា​ទាំង​អស់ ១២៨​នាក់។ លោក​សាប់‌ឌី‌អែល កូន​របស់​លោក​កេដូលីម ជា​អ្នក​គ្រប់‌គ្រង​លើ​ពួក​គេ។
15 ក្រុម​លេវី​មាន: លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​ហាស៊ូប ដែល​ត្រូវ​ជា​កូន​របស់​លោក​អាសរីកាំ ជា​កូន​របស់​លោក​ហាស៊ីបា ជា​កូន​របស់​លោក​ប៊ូនី។ 16 លោក​សាបឺថាយ និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ទទួល​បន្ទុក​កិច្ច‌ការ​នៅ​ខាង​ក្រៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ រួម​ជា​មួយ​ពួក​មេ​ដឹក​នាំ​ក្រុម​លេវី។ 17 លោក​ម៉ាថា‌នីយ៉ា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាបឌី ជា​កូន​របស់​លោក​អសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចម្រៀង​សរសើរ​តម្កើង សម្រាប់​ពេល​អធិស្ឋាន លោក​បាកប៊ូ‌គីយ៉ា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់ដា ជា​កូន​របស់​លោក​សាមូអា ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូទូន។ 18 សរុប​ទាំង​អស់ កូន​ចៅ​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ដ៏‌វិសុទ្ធ​មាន​ចំនួន ២៨៤​នាក់។
19 ក្រុម​យាម​ទ្វារ​មាន: លោក​អាកគូប លោក​ថាល‌ម៉ូន និង​បង‌ប្អូន​របស់​គេ ជា​អ្នក​យាម​ទ្វារ​ដែល​មាន​គ្នា​ទាំង​អស់ ១៧២​នាក់។
20 រីឯ​ជន​ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី នាំ​គ្នា​តាំង​ទី​លំ‌នៅ តាម​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​របស់​ពួក​គេ។
21 ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ តាំង​ទី​លំ‌នៅ នៅ​ភ្នំ​អូផែល។ លោក​ស៊ីហា និង​លោក​គីស‌ប៉ា ជា​មេ​ដឹក​នាំ​របស់​ពួក​គេ។
22 អធិការ​របស់​ក្រុម​លេវី នៅ​ក្រុង​យេរូ‌សាឡឹម គឺ​លោក​អ៊ូសាយ ជា​កូន​របស់​លោក​បានី ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសា‌ប៊ីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា ជា​កូន​ចៅ​របស់​លោក​អសាភ។ ពួក​គេ​ជា​ក្រុម​តន្ដ្រី​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ 23 ស្តេច​បាន​តាក់‌តែង​ច្បាប់​មួយ​ផ្សេង​សម្រាប់​ក្រុម​តន្ដ្រី ពួក​គេ​បំពេញ​មុខ‌ងារ​ប្រចាំ​ថ្ងៃ ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់​ទុក។ 24 លោក​ពេតាយ៉ា ជា​កូន​របស់​លោក​មេសេ‌សាបេល ក្នុង​អំបូរ​សេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​យូដា ជា​តំណាង​របស់​ប្រជាជន នៅ​ចំពោះ​មុខ​ព្រះ‌ចៅ​អធិរាជ។
25 រីឯ​នៅ​តាម​ភូមិ និង​តាម​តំបន់​នានា កូន​ចៅ​យូដា​តាំង​ទី​លំ‌នៅ​នៅ​គៀរីយ៉ាត-អារបា និង​ស្រុក​ភូមិ​ជុំ‌វិញ ឌីបូន និង​ស្រុក​ភូមិ​ជុំ‌វិញ យេកាប‌សេអែល និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ 26 យេស៊ូអា ម៉ូឡាដា បេតប៉ា‌លែត 27 ហាសារ-‌ស៊ូអាល់ បៀរ‌សេបា និង​ស្រុក​ភូមិ​ជុំ‌វិញ 28 ស៊ីគ‌ឡាក់ ម៉េកូណា និង​ស្រុក​ភូមិ​ជុំ‌វិញ 29 អេនរី‌ម៉ូន សូរេអា យ៉ាមូត 30 សាណូអា អាឌូឡាំ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ឡាគីស និង​តំបន់​ជុំ‌វិញ​អាសេកា និង​ស្រុក​ភូមិ​ជុំ‌វិញ។ កូន​ចៅ​យូដា​តាំង​ទី​លំ‌នៅ​ចាប់​ពី​បៀរ‌សេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ីណូម។
31 កូន​ចៅ​បេន‌យ៉ា‌មីន​តាំង​ទី​លំ‌នៅ នៅ​កេបា មីគម៉ាស់ អាយ៉ា បេត‌អែល និង​ស្រុក​ភូមិ​ជុំ‌វិញ 32 អាណា‌តូត ណូប ហាណា‌នីយ៉ា 33 ហាត់ស៊រ រ៉ាម៉ា គីតាអ៊ីម 34 ហាឌីដ សេបូអ៊ីម នេបា‌ឡាត 35 ឡូដ និង​អូណូ ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។ 36 មាន​ពួក​លេវី​ខ្លះ​ចាក‌ចេញ​ពី​តំបន់​យូដា ទៅ​រស់​នៅ​ក្នុង​តំបន់​បេន‌យ៉ា‌មីន។