ជំពូក ១១
ការបែងចែកកន្លែងឲ្យជនជាតិយូដាតាំងទីលំនៅសាជាថ្មី នៅក្រុងយេរូសាឡឹម និងក្រុងឯទៀតៗ
ការបែងចែកកន្លែងឲ្យជនជាតិយូដាតាំងទីលំនៅសាជាថ្មី នៅក្រុងយេរូសាឡឹម និងក្រុងឯទៀតៗ
1 មេដឹកនាំរបស់ប្រជាជនតាំងទីលំនៅ នៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតឲ្យម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀតត្រូវរស់នៅតាមក្រុងនានា។ 2 ប្រជាជនជូនពរដល់អស់អ្នកដែលស្ម័គ្រចិត្តរស់នៅក្នុងក្រុងយេរូសាឡឹម។ 3 ពួកចៅហ្វាយខេត្តនាំគ្នាតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម។ រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅរបស់អ្នកបម្រើព្រះបាទសាឡូម៉ូន រស់នៅតាមក្រុងនានា ម្នាក់ៗក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ខ្លួន។ 4 ប៉ុន្តែ មានកូនចៅយូដា និងកូនចៅបេនយ៉ាមីនមួយចំនួន តាំងទីលំនៅ ក្នុងក្រុងយេរូសាឡឹម។ កូនចៅយូដាមានលោកអតាយ៉ាជាកូនរបស់លោកអសារីយ៉ា ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកអម៉ារីយ៉ា ដែលត្រូវជាកូនរបស់លោកសេផាទីយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាហាឡាលេអែល ក្នុងអំបូរពេរេស។ 5 លោកម៉ាសេយ៉ាជាកូនរបស់លោកបារូក ដែលត្រូវជាកូនរបស់លោកកុលហូសេ ដែលត្រូវជាកូនរបស់លោកហាសាយ៉ា ដែលត្រូវជាកូនរបស់លោកអដាយ៉ា ដែលត្រូវជាកូនរបស់លោកយ៉ូយ៉ារីប ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកស៊ីឡូនី។ 6 កូនចៅរបស់លោកពេរេស ដែលមកតាំងទីលំនៅនៅក្រុងយេរូសាឡឹម សរុបទាំងអស់មាន ៤៦៨នាក់ សុទ្ធសឹងជាមនុស្សដែលមានចិត្តអង់អាច។ 7 កូនចៅបេនយ៉ាមីនមានលោកស៊ីលូ ជាកូនរបស់លោកមេស៊ូឡាម ដែលត្រូវជាកូនរបស់លោកយ៉ូអែដ ដែលត្រូវជាកូនរបស់លោកពេដាយ៉ា ដែលត្រូវជាកូនរបស់លោកកូឡាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាសេយ៉ា ដែលត្រូវជាកូនរបស់លោកអ៊ីធីអែល ដែលត្រូវជាកូនរបស់លោកអេសាយ។ 8 បន្ទាប់មក មានលោកកាបាអ៊ី និងលោកសាឡាអ៊ី។ សរុបទាំងអស់ កូនចៅរបស់បេនយ៉ាមីនមាន ៩២៨នាក់។ 9 លោកយ៉ូអែល កូនរបស់លោកស៊ីគ្រី ជាអធិការក្រុង ហើយលោកយូដា កូនរបស់លោកសេនូអា ជាអធិការរងរបស់ទីក្រុង។
10 ពួកបូជាចារ្យមាន: លោកយេដាយ៉ាជាកូនរបស់លោកយ៉ូយ៉ារីប លោកយ៉ាគីន 11 លោកសេរ៉ាយ៉ាជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាកូនរបស់លោកមេស៊ូឡាម ដែលជាកូនរបស់លោកសាដុក ដែលជាកូនរបស់លោកមេរ៉ាយ៉ុត ដែលជាកូនរបស់លោកអហ៊ីទូប ដែលជាអ្នកដឹកនាំកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 12 ក្រៅពីនោះ មានបងប្អូនរបស់ពួកគេ ដែលទទួលខុសត្រូវលើការងារផ្សេងៗនៅក្នុងព្រះដំណាក់ មានគ្នាទាំងអស់ ៨២២នាក់។ បន្ទាប់មក មានលោកអដាយ៉ា ជាកូនរបស់លោកយេរ៉ូហាំ ដែលជាកូនរបស់លោកពេឡាទីយ៉ា ដែលជាកូនរបស់លោកអាំស៊ី ដែលជាកូនរបស់លោកសាការី ដែលជាកូនរបស់លោកប៉ាសួរ ដែលជាកូនរបស់លោកម៉ាល់គីយ៉ា 13 ព្រមទាំងបងប្អូនរបស់គាត់ ដែលត្រូវជាមេលើក្រុមគ្រួសារ មានគ្នាទាំងអស់ ២៤២នាក់។ បន្ទាប់មកទៀត មានលោកអម៉ាសាយ ជាកូនរបស់លោកអសារេល ដែលជាកូនរបស់លោកអសៃ ដែលជាកូនរបស់លោកមេស៊ីលេម៉ុត ដែលជាកូនរបស់លោកអ៊ីមែរ 14 ព្រមទាំងបងប្អូនរបស់គេ សុទ្ធសឹងតែជាមនុស្សសំខាន់ៗ មានគ្នាទាំងអស់ ១២៨នាក់។ លោកសាប់ឌីអែល កូនរបស់លោកកេដូលីម ជាអ្នកគ្រប់គ្រងលើពួកគេ។
15 ក្រុមលេវីមាន: លោកសេម៉ាយ៉ា ជាកូនរបស់លោកហាស៊ូប ដែលត្រូវជាកូនរបស់លោកអាសរីកាំ ជាកូនរបស់លោកហាស៊ីបា ជាកូនរបស់លោកប៊ូនី។ 16 លោកសាបឺថាយ និងលោកយ៉ូសាបាដ ជាអ្នកទទួលបន្ទុកកិច្ចការនៅខាងក្រៅព្រះដំណាក់របស់ព្រះជាម្ចាស់ រួមជាមួយពួកមេដឹកនាំក្រុមលេវី។ 17 លោកម៉ាថានីយ៉ា ជាកូនរបស់លោកមីកា ដែលត្រូវជាកូនរបស់លោកសាបឌី ជាកូនរបស់លោកអសាភ ជាមេដឹកនាំក្រុមចម្រៀងសរសើរតម្កើង សម្រាប់ពេលអធិស្ឋាន លោកបាកប៊ូគីយ៉ា ដែលជាមេដឹកនាំរង ព្រមទាំងលោកអាប់ដា ជាកូនរបស់លោកសាមូអា ដែលត្រូវជាកូនរបស់លោកកាឡាល ជាកូនរបស់លោកយេឌូទូន។ 18 សរុបទាំងអស់ កូនចៅលេវីដែលរស់នៅក្នុងក្រុងដ៏វិសុទ្ធមានចំនួន ២៨៤នាក់។
19 ក្រុមយាមទ្វារមាន: លោកអាកគូប លោកថាលម៉ូន និងបងប្អូនរបស់គេ ជាអ្នកយាមទ្វារដែលមានគ្នាទាំងអស់ ១៧២នាក់។
20 រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី នាំគ្នាតាំងទីលំនៅ តាមក្រុងទាំងប៉ុន្មាននៃស្រុកយូដា ក្នុងទឹកដីដែលជាចំណែករបស់ពួកគេ។
21 ក្រុមអ្នកបម្រើព្រះវិហារ តាំងទីលំនៅ នៅភ្នំអូផែល។ លោកស៊ីហា និងលោកគីសប៉ា ជាមេដឹកនាំរបស់ពួកគេ។
22 អធិការរបស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូសាយ ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាប៊ីយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានីយ៉ា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអសាភ។ ពួកគេជាក្រុមតន្ដ្រីបម្រើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 23 ស្តេចបានតាក់តែងច្បាប់មួយផ្សេងសម្រាប់ក្រុមតន្ដ្រី ពួកគេបំពេញមុខងារប្រចាំថ្ងៃ ស្របតាមច្បាប់ដែលបានកំណត់ទុក។ 24 លោកពេតាយ៉ា ជាកូនរបស់លោកមេសេសាបេល ក្នុងអំបូរសេរ៉ា ក្នុងកុលសម្ព័ន្ធយូដា ជាតំណាងរបស់ប្រជាជន នៅចំពោះមុខព្រះចៅអធិរាជ។
25 រីឯនៅតាមភូមិ និងតាមតំបន់នានា កូនចៅយូដាតាំងទីលំនៅនៅគៀរីយ៉ាត-អារបា និងស្រុកភូមិជុំវិញ ឌីបូន និងស្រុកភូមិជុំវិញ យេកាបសេអែល និងភូមិនានាដែលនៅជុំវិញ 26 យេស៊ូអា ម៉ូឡាដា បេតប៉ាលែត 27 ហាសារ-ស៊ូអាល់ បៀរសេបា និងស្រុកភូមិជុំវិញ 28 ស៊ីគឡាក់ ម៉េកូណា និងស្រុកភូមិជុំវិញ 29 អេនរីម៉ូន សូរេអា យ៉ាមូត 30 សាណូអា អាឌូឡាំ និងភូមិនានាដែលនៅជុំវិញ ឡាគីស និងតំបន់ជុំវិញអាសេកា និងស្រុកភូមិជុំវិញ។ កូនចៅយូដាតាំងទីលំនៅចាប់ពីបៀរសេបា រហូតដល់ជ្រលងភ្នំហ៊ីណូម។
31 កូនចៅបេនយ៉ាមីនតាំងទីលំនៅ នៅកេបា មីគម៉ាស់ អាយ៉ា បេតអែល និងស្រុកភូមិជុំវិញ 32 អាណាតូត ណូប ហាណានីយ៉ា 33 ហាត់ស៊រ រ៉ាម៉ា គីតាអ៊ីម 34 ហាឌីដ សេបូអ៊ីម នេបាឡាត 35 ឡូដ និងអូណូ ជ្រលងភ្នំរបស់ពួកសិប្បករ។ 36 មានពួកលេវីខ្លះចាកចេញពីតំបន់យូដា ទៅរស់នៅក្នុងតំបន់បេនយ៉ាមីន។