ជំពូក ១០
ប្រជាជនសន្យាប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់
1 (៨.៣៨) ដោយមានហេតុការណ៍កើតឡើងដូច្នេះ យើងក៏ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ នៅក្នុងឯកសារដែលមានបិទត្រានោះ មានចុះហត្ថលេខាមេដឹកនាំរបស់យើង ព្រមទាំងក្រុមលេវី និងបូជាចារ្យ។ 2 (១) នៅក្នុងឯកសារដែលបិទត្រានោះ មានចុះហត្ថលេខាដូចតទៅ:
លោកនេហេមីជាអភិបាលអាណាខេត្ត និងជាកូនរបស់លោកហាកាលីយ៉ា ជាចៅរបស់លោកសេដេស្យាស 3 (២) លោកសេរ៉ាយ៉ា លោកអសារីយ៉ា លោកយេរេមី 4 (៣) លោកប៉ាសួរ លោកអម៉ារីយ៉ា លោកម៉ាល់គីយ៉ា 5 (៤) លោកហាទូស លោកសេបានីយ៉ា លោកម៉ាលូក 6 (៥) លោកហារីម លោកមេរេម៉ុត លោកអូបាឌី 7 (៦) លោកដានីអែល លោកគីនេថូន លោកបារូក 8 (៧) លោកមេស៊ូឡាម លោកអប៊ីយ៉ា លោកមីយ៉ាមីន 9 (៨) លោកម៉ាស៊ីយ៉ា លោកប៊ីលកៃ លោកសេម៉ាយ៉ា។ លោកទាំងនោះសុទ្ធតែជាបូជាចារ្យ។
10 (៩) ក្រុមលេវីមាន: លោកយ៉ូស៊ូអា ជាកូនរបស់លោកអសានីយ៉ា លោកប៊ីនូអ៊ី ពីអំបូរហេណាដាដ លោកកាដមីអែល 11 (១០) ព្រមទាំងបងប្អូនរបស់គេទាំងនោះ គឺមានលោកសេបានីយ៉ា លោកហូឌីយ៉ា លោកកេលីតា លោកពេឡាយ៉ា លោកហាណាន 12 (១១) លោកមីកា លោករេហូប លោកហាសាប៊ីយ៉ា 13 (១២) លោកសាគួរ លោកសេរេប៊ីយ៉ា លោកសេបានីយ៉ា 14 (១៣) លោកហូឌីយ៉ា លោកបានី និងលោកបេនីនូ។
15 (១៤) មេដឹកនាំរបស់ប្រជាជនមាន: លោកប៉ារ៉ូស លោកប៉ាហាត់-ម៉ូអាប់ លោកអេឡាម លោកសាធូ លោកបានី 16 (១៥) លោកប៊ូនី លោកអាសកាដ លោកបេបាយ 17 (១៦) លោកអដូនីយ៉ា លោកប៊ីគវ៉ាយ លោកអឌីន 18 (១៧) លោកអធែរ លោកអេសេខ្យាស លោកអស្យួរ 19 (១៨) លោកហូឌីយ៉ា លោកហាស៊ូម លោកបេសាយ 20 (១៩) លោកហារីប លោកអណាតូត លោកនេបៃ 21 (២០) លោកម៉ាកពីយ៉ាស លោកមេស៊ូឡាម លោកហេសៀរ 22 (២១) លោកមេសេសាបេល លោកសាដុក លោកយ៉ាដូអា 23 (២២) លោកពេឡាទីយ៉ា លោកហាណាន លោកអសាយ៉ា 24 (២៣) លោកហូសេ លោកហាណានីយ៉ា លោកហាស៊ូប 25 (២៤) លោកហាឡូហេស លោកពីលហា លោកសូបេក 26 (២៥) លោករ៉ាហ៊ូម លោកហាសាបណា លោកមេសាយ៉ា 27 (២៦) លោកអហ៊ីយ៉ា លោកហាណាន លោកអណាន 28 (២៧) លោកម៉ាលូក លោកហារីម លោកបាណា។ 29 (២៨) ប្រជាជនឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចម្រៀង ក្រុមបម្រើព្រះវិហារ និងអស់អ្នកដែលញែកខ្លួនចេញពីសាសន៍ដទៃ ដើម្បីធ្វើតាមវិន័យរបស់ព្រះជាម្ចាស់ ព្រមទាំងប្រពន្ធ កូនប្រុស កូនស្រីរបស់ខ្លួន និងក្មេងៗដែលមានវ័យអាចយល់បាន 30 (២៩) នាំគ្នាចូលរួមជាមួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អាន ដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមវិន័យ ដែលព្រះជាម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងច្បាប់ និងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។ 31 (៣០) យើងសន្យាថា មិនលើកកូនស្រីរបស់យើង ទៅឲ្យជនបរទេសដែលរស់នៅក្នុងស្រុកនេះ ហើយក៏មិនដណ្ដឹងកូនស្រីរបស់គេ ឲ្យមកធ្វើជាភរិយារបស់កូនប្រុសយើងដែរ។ 32 (៣១) នៅថ្ងៃសប្ប័ទ* និងថ្ងៃបុណ្យផ្សេងៗ យើងមិនទិញទំនិញ ឬគ្រឿងបរិភោគ ដែលជនបរទេសយកមកលក់នោះឡើយ។ នៅឆ្នាំទីប្រាំពីរ យើងនឹងទុកដីឲ្យនៅទំនេរ ហើយលុបបំណុលគ្រប់យ៉ាង។
33 (៣២) យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំ យើងត្រូវថ្វាយប្រាក់សុទ្ធមួយជីម្នាក់ សម្រាប់តម្រូវការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ 34 (៣៣) គឺចំណាយទៅលើនំបុ័ងដែលត្រូវតាំងថ្វាយព្រះអម្ចាស់ តង្វាយអចិន្ត្រៃយ៍ តង្វាយដុតទាំងមូល* ដែលត្រូវថ្វាយជាអចិន្ត្រៃយ៍នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗ វត្ថុសក្ការៈឯទៀតៗ យញ្ញបូជារំដោះបាបជនជាតិអ៊ីស្រាអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះនៃយើង។ 35 (៣៤) ពួកយើងជាបូជាចារ្យ ក្រុមលេវី និងប្រជាជន បានចាប់ឆ្នោតដាក់វេនគ្នាឧបត្ថម្ភអុស សម្រាប់ព្រះដំណាក់របស់ព្រះនៃយើង គឺរៀងរាល់ឆ្នាំ យើងត្រូវយកអុសមកជាតង្វាយតាមអំបូរ តាមពេលកំណត់ ដើម្បីដុតនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ដូចមានចែងទុកក្នុងគម្ពីរវិន័យ។ 36 (៣៥) យើងក៏សន្យាយកផលដំបូងនៃស្រែចម្ការ និងផ្លែឈើទាំងប៉ុន្មាន មកថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ជារៀងរាល់ឆ្នាំដែរ។ 37 (៣៦) យើងនឹងនាំកូនប្រុសច្បងរបស់យើង មកថ្វាយព្រះអម្ចាស់ ហើយក៏នាំកូនដំបូងនៃហ្វូងចៀម និងហ្វូងគោរបស់យើង មកថ្វាយព្រះអង្គ ដូចមានចែងទុកក្នុងគម្ពីរវិន័យ គឺយើងនឹងនាំមកជូនក្រុមបូជាចារ្យ ដែលបម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះនៃយើង។ 38 (៣៧) យើងនឹងនាំម្សៅដំបូងរបស់យើង ព្រមទាំងតង្វាយដែលយើងបានញែកទុកដោយឡែក គឺមានផ្លែឈើគ្រប់មុខ ស្រាទំពាំងបាយជូរថ្មី និងប្រេង មកជូនក្រុមបូជាចារ្យ នៅក្នុងបន្ទប់អមនៃព្រះដំណាក់របស់ព្រះនៃយើង។ យើងនឹងយកភោគផលពីដីរបស់យើងមួយភាគដប់ ជូនក្រុមលេវី។ ក្រុមលេវីត្រូវទៅប្រមូលយកផលទាំងនោះពីស្រុកភូមិ ដែលមានស្រែចម្ការរបស់យើង។ 39 (៣៨) ពេលក្រុមលេវីនាំយកតង្វាយមួយភាគដប់ចូលមក បូជាចារ្យមួយរូបដែលជាពូជពង្សរបស់លោកអរ៉ុន ត្រូវទៅជាមួយ ហើយទទួលយកមួយភាគដប់នៃតង្វាយមួយភាគដប់នោះ ទៅទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះនៃយើង។ 40 (៣៩) ជនជាតិអ៊ីស្រាអែល និងក្រុមលេវី ត្រូវយកតង្វាយដែលគេបានញែកទុកដោយឡែក មកទុកក្នុងបន្ទប់ទាំងនោះ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។ ក្នុងបន្ទប់ទាំងនោះ គេដាក់វត្ថុប្រើប្រាស់ក្នុងទីសក្ការៈ ហើយក្រុមបូជាចារ្យដែលត្រូវវេនបម្រើការងារក្រុមយាមទ្វារ និងក្រុមចម្រៀងក៏ស្ថិតនៅក្នុងបន្ទប់នោះដែរ។ ដូច្នេះ យើងពុំបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។