ជំពូក ៥
1 ក្រុងយេរូសាឡឹមអើយ! ចូរផ្លាស់សម្លៀកបំពាក់កាន់ទុក្ខចេញទៅ ហើយយកសិរីរុងរឿងរបស់ព្រះជាម្ចាស់ មកពាក់លំអជាគ្រឿងអលង្ការរហូតតរៀងទៅ។ 2 ចូរយកសេចក្តីសុចរិតដែលមកពីព្រះជាម្ចាស់ មកពាក់ដូចជាអាវធំ។ ចូរយកសិរីរុងរឿងរបស់ព្រះដ៏មានព្រះជន្ម គង់នៅអស់កល្បជានិច្ច មកពាក់លើក្បាលធ្វើជាមកុដ។ 3 ដ្បិតព្រះជាម្ចាស់ នឹងបង្ហាញភាពថ្កុំថ្កើងរបស់អ្នក ឲ្យមនុស្សទាំងអស់នៅលើផែនដីទាំងមូលឃើញ។ 4 ព្រះជាម្ចាស់នឹងប្រទាន ឲ្យអ្នកមានឈ្មោះជាប់រហូតថា «សន្តិភាពមកពីសេចក្តីសុចរិត» និង«សិរីរុងរឿងមកពីការគោរពប្រណិប័តន៍ព្រះជាម្ចាស់»។ 5 ក្រុងយេរូសាឡឹមអើយ! ចូរក្រោកឡើង ចូរឈរនៅទីខ្ពស់ ហើយបែរមុខទៅខាងកើត។ ចូរមើលកូនរបស់អ្នក ដែលមកជួបជុំគ្នា តាំងពីទិសខាងលិច រហូតដល់ទិសខាងកើត ដោយសារព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធ។ ពួកគេត្រេកអរសប្បាយរីករាយ ដ្បិតព្រះជាម្ចាស់នឹកគិតដល់ពួកគេ។ 6 ខ្មាំងសត្រូវកៀរពួកកូនរបស់អ្នកចេញទៅដោយដើរ តែព្រះជាម្ចាស់ នាំពួកគេ ឲ្យត្រឡប់មករកអ្នកវិញ ដោយមានអ្នកស្រុកសែងគេបែបរុងរឿង ដូចគេសែងស្តេច។ 7 ព្រះជាម្ចាស់បញ្ជាឲ្យពង្រាបភ្នំធំ ភ្នំខ្សាច់ទាំងប៉ុន្មាន ព្រមទាំងឲ្យបំផ្លាញច្រកភ្នំទាំងឡាយ ឲ្យរាបស្មើ ដើម្បីឲ្យប្រជាជនអ៊ីស្រាអែល ដើរទៅមុខយ៉ាងងាយស្រួល ទាំងមានសិរីរុងរឿងរបស់ព្រះជាម្ចាស់ គង់នៅជាមួយ។ 8 តាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ព្រៃព្រឹក្សា និងដើមឈើទាំងប៉ុន្មាន ដែលមានក្លិនក្រអូប ផ្តល់ម្លប់ឲ្យប្រជាជនអ៊ីស្រាអែល។ 9 ព្រះជាម្ចាស់នឹងដឹកនាំជនជាតិអ៊ីស្រាអែល ដោយត្រេកអរសប្បាយយ៉ាងក្រៃលែង ក្រោមពន្លឺនៃសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យ មេត្តា ករុណា ចំពោះពួកគេ ហើយព្រះអង្គក៏សង្រ្គោះពួកគេដែរ។