ជំពូក ៣៤
លោកម៉ូសេទទួលមរណភាព
1 លោកម៉ូសេឡើងពីវាលទំនាបស្រុកម៉ូអាប់ឆ្ពោះទៅភ្នំនេបូ ត្រង់កំពូលភ្នំពីស្កា ដែលស្ថិតនៅទល់មុខក្រុងយេរីខូ។ ព្រះអម្ចាស់បានបង្ហាញអោយលោកឃើញស្រុកទាំងមូល គឺទឹកដីស្រុកកាឡាតរហូតដល់ក្រុងដាន់ 2 ទឹកដីណែបថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ទឹកដីស្រុកយូដាទាំងមូល រហូតដល់សមុទ្រមេឌីទែរ៉ាណេ 3 តំបន់ណេកិប ព្រមទាំងតំបន់ជុំវិញទន្លេយ័រដាន់ ក្រុងយេរីខូដែលជាក្រុងដើមលម៉ើ រហូតដល់ក្រុងសូអារ។ 4 ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកថា៖ «នេះជាស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះអប្រាហាំ អ៊ីសាក និងយ៉ាកុបថា “យើងនឹងប្រគល់ស្រុកនេះអោយពូជពង្សរបស់អ្នក”។ យើងបង្ហាញអោយអ្នកឃើញស្រុកនេះផ្ទាល់នឹងភ្នែក តែអ្នកនឹងមិនចូលទៅឡើយ»។
5 លោកម៉ូសេ ជាអ្នកបំរើព្រះអម្ចាស់ បានទទួលមរណភាពនៅទីនោះ គឺនៅក្នុងស្រុកម៉ូអាប់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ 6 ព្រះអម្ចាស់ បញ្ចុះសពលោកនៅជ្រលងភ្នំ ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេតពេអ៊រ។ រហូតមកទល់សព្វថ្ងៃនេះ ពុំមាននរណាម្នាក់ស្គាល់ផ្នូររបស់លោកឡើយ។ 7 ពេលលោកម៉ូសេទទួលមរណភាពនោះ លោកមានអាយុមួយរយម្ភៃឆ្នាំ តែភ្នែកលោកមិនអន់ទេ រីឯកម្លាំងរបស់លោក ក៏មិនចុះអន់ថយដែរ។ 8 ជនជាតិអ៊ីស្រាអែលនាំ គ្នាកាន់ទុក្ខលោកម៉ូសេ អស់រយៈពេលសាមសិបថ្ងៃ នៅវាលទំនាបស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខលោករហូតទាល់តែផុតកំណត់ពេលសាមសិបថ្ងៃនោះ។
9 លោក យ៉ូស៊ូអា ជាកូនរបស់លោកនូន ពោរពេញដោយប្រាជ្ញាញាណ ដ្បិតលោកម៉ូសេបានដាក់ដៃលើលោក។ ជនជាតិអ៊ីស្រាអែលនាំគ្នាស្ដាប់បង្គាប់លោកយ៉ូស៊ូអា ដោយធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
10 នៅស្រុកអ៊ីស្រាអែលពុំដែលមានព្យាការីណាម្នាក់ដូចលោកម៉ូសេទេ គឺព្រះអម្ចាស់មានព្រះបន្ទូលជាមួយលោក មុខទល់នឹងមុខ។ 11 គ្មាននរណាម្នាក់សំដែងទីសំគាល់ និងឫទ្ធិបាដិហារិយ៍ ដូចព្រះអម្ចាស់ចាត់លោកអោយទៅសំដែងនៅស្រុកអេស៊ីប ប្រឆាំងនឹងព្រះចៅផារ៉ោន ព្រមទាំងរាជបំរើ និងប្រជាជនទាំងមូលនៅស្រុកនោះឡើយ 12 ហើយក៏គ្មាននរណាម្នាក់អាចសំដែងឫទ្ធិបារមីគួរអោយស្ញែងខ្លាច នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ដូចលោកម៉ូសេដែរ។