ជំពូក ២៩

1(២) លោក​ម៉ូសេ​កោះ​ហៅ​ជន​ជាតិ ​អ៊ីស្រាអែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ​អម្ចាស់​ធ្វើ​ចំពោះ​ស្ដេច​ផារ៉ោន និង​មន្ត្រី ព្រម​ទាំង​ប្រជារាស្ត្រ​ទាំង​អស់​នៅ​ស្រុក​អេស៊ីប។ 2(៣) អ្នក​រាល់​គ្នា​បាន​ឃើញ​ ព្រះអង្គ​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ ព្រម​ទាំង​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍​ដ៏​ធំៗ​របស់​ព្រះអង្គ។ 3(៤) ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​នេះ ព្រះអម្ចាស់​ពុំ​ទាន់​ប្រទាន​អោយ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ដែល​អាច​ស្វែង​យល់ មាន​ភ្នែក​ដែល​អាច​មើល​ឃើញ ហើយ​មាន​ត្រចៀក​ដែល​អាច​ស្ដាប់​ឮ​ទេ​។ 4(៥) “យើង​បាន​ដឹក​នាំ​អ្នក​ រាល់​គ្នា​ក្នុង​វាល​រហោស្ថាន អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ សម្លៀក​បំ​ពាក់​របស់​អ្នក​រាល់​គ្នា​មិន​ដែល​រេចរឹល ហើយ​ស្បែក​ជើង​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ដែល​សឹក​ដែរ។ 5(៦) អ្នក​រាល់​គ្នា​មិន​បាន​ បរិភោគ​នំបុ័ង អ្នក​រាល់​គ្នា​មិន​បាន​ផឹក​ស្រា​ទំពាំងបាយជូរ ឬ​គ្រឿង​ស្រវឹង​ណា​ទេ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​មែន”។
6(៧) ពេល​អ្នក​ រាល់​គ្នា​មក​ដល់​ទី​នេះ ស៊ីហុន​ជា​ស្ដេច​ក្រុង​ហេសបូន និង​អុក​ជា​ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ចេញ​មក​វាយ​ប្រហារ​ពួក​យើង តែ​ពួក​យើង​យក​ជ័យជំនះ​លើ​ពួក​គេ​។ 7 (៨)ពួក​យើង​ដណ្ដើម​យក​បាន​ ស្រុក​របស់​ពួក​គេ ហើយ​ប្រគល់​ស្រុក​នេះ​ទៅ​អោយ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​ចំណែក​មត៌ក។ 8 (៩)ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធមេត្រី​នេះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ទទួល​ជោគ​ជ័យ ក្នុង​គ្រប់​កិច្ចការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។

9(១០) ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​ចូល​មក​ជិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មាន​ទាំង​មេ​ដឹក​នាំ មាន​ទាំង​កុលសម្ព័ន្ធ ក្រុម​ព្រឹទ្ធាចារ្យ ពួក​មេទ័ព ប្រុសៗ​ទាំង​អស់ 10(១១) រួម​ទាំង​កូន​ចៅ​របស់​ អ្នក​រាល់​គ្នា និង​ស្ត្រីៗ ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ចាប់​ពី​អ្នក​ពុះ​អុស​រហូត​ដល់​អ្នក​រែក​ទឹក។ 11(១២) ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​អ្នក​ចូល​រួម​ក្នុង​សម្ពន្ធមេត្រី​នេះ ដោយ​សច្ចា​ថា​នឹង​អនុវត្ត​តាម។ 12(១៣) ធ្វើ​ដូច្នេះ អ្នក​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ធ្វើ​ជា​ព្រះ​របស់​អ្នក ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​មួយ​អ្នក និង​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប​ជា​បុព្វបុរស​របស់​អ្នក។ 13(១៤) ព្រះអម្ចាស់​មិន​គ្រាន់​តែ​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដែល​បាន​សច្ចា​ថា​អនុវត្ត​តាម​ប៉ុណ្ណោះ​ទេ 14(១៥)​​គឺ​ព្រះអង្គ​ចង​ជា​មួយ​អស់​អ្នក ដែល​មាន​មុខ​ជា​មួយ​ពួក​យើង នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង នៅ​ទី​នេះ ក្នុង​ថ្ងៃ​នេះ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​ទាន់​កើត​ដែរ។
15(១៦) អ្នក​ រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​របៀប​ណា ហើយ​យើង​ឆ្លង​កាត់​ស្រុក​របស់​ប្រជា​ជាតិ​​ទាំងឡាយ​របៀប​ណា។
16(១៧) អ្នក​ រាល់​គ្នា​បាន​ឃើញ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ជា​រូប​បដិមា​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ឬ​ពី​ប្រាក់ និង​មាស​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។
17(១៨) ដូច្នេះ មិន​ត្រូវ​អោយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ប្រុស​ក្ដី ស្ត្រី​ក្ដី ឬ​អំបូរ​ណា​មួយ ឬ​កុលសម្ព័ន្ធ​ណា​មួយ​ក្ដី បែរ​ចិត្ត​ចេញ​ពី​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង នៅ​ថ្ងៃ​នេះ ទៅ​គោរព​ថ្វាយបង្គំ​ព្រះ​នានា​របស់​ប្រជាជាតិ​ទាំង​នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​ក្លាយ​ទៅ​ជា​ប្ញស​គល់​ដែល​បង្ក​ជាតិ​ពុល​ល្វីង​ ជូរ​ចត់​ឡើយ​។ 18(១៩) ក្រោយ​ពី​បាន​ឮ​ពាក្យ​ សច្ចា​ដ៏​ឱឡារិក​នេះ​ហើយ មិន​ត្រូវ​អោយ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អំនួត​ពោល​ថា “ទោះ​បី​ខ្ញុំ​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្ញុំ​ក្ដី ខ្ញុំ​នៅ​តែ​មាន​សេចក្ដី​សុខ​ជានិច្ច”។ គំនិត​ដូច្នេះ​នឹង​ធ្វើ​អោយ​ពួក​គេ​អន្តរាយ​ទាំង​អស់​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។ 19(២០) ព្រះអម្ចាស់​មិន​សព្វ​ព្រះហ​ឫទ័យ​អត់ទោស​អោយ​មនុស្ស​បែប​នេះ​ទេ ផ្ទុយ​ទៅ​វិញ ព្រះពិ​រោធ និង​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះអម្ចាស់ មុខ​ជា​ឆាបឆេះ​គេ បណ្ដាសា​ ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ក៏​នឹង​កើត​មាន​ដល់​គេ ហើយ​ព្រះអម្ចាស់​នឹង​លុប​បំបាត់​ឈ្មោះ​គេ​ពី​ផែនដី​នេះ។ 20(២១) ព្រះអម្ចាស់​ នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​អោយ​រង​ទុក្ខ​វេទនា ស្រប​តាម​បណ្ដាសា​ទាំង​ប៉ុន្មាន​នៃ​សម្ពន្ធមេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​​នេះ។

21(២២) កូន​ចៅ​ របស់​អ្នក​រាល់​គ្នា​ដែល​កើត​នៅ​ជំនាន់​ក្រោយ ព្រម​​​ទាំង​ជន​បរទេស​មក​ពី​ស្រុក​ឆ្ងាយ មុខ​ជា​ឃើញ​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ ​ដែល​ព្រះអម្ចាស់​ធ្វើ​អោយ​កើត​មាន​ចំពោះ​ស្រុក​នេះ ពួក​គេ​នឹង​ពោល​ថា: 22(២៣) “ស្រុក​ទាំង​មូល​នឹង​ ត្រូវ​ឆាបឆេះ ហើយ​មាន​តែ​ស្ពាន់ធ័រ និង​អំបិល គ្មាន​នរណា​អាច​សាប​ព្រោះ គ្មាន​ដំណាំ​អ្វី​ដុះ សូម្បី​តែ​ស្មៅ​ក៏​គ្មាន​ផង គឺ​ស្រុក​នោះ​ប្រៀប​ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេបូអ៊ីម ដែល​ព្រះអម្ចាស់​បំផ្លាញ​ ដោយសារ​ព្រះពិរោធ​ដ៏​ខ្លាំងក្លា”។ 23(២៤) ប្រជាជាតិ​ទាំង​អស់​នឹង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ព្រះអម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ខ្ញាល់​យ៉ាង​ខ្លាំង​បែប​នេះ?”។ 24(២៥) គេ​នឹង​ឆ្លើយ​វិញ​ថា “មក​ពី​ពួក​គេ​បោះ​បង់​ចោល​សម្ពន្ធមេត្រី ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ បាន​ចង​ជា​មួយ​ពួក​គេ នៅ​ពេល​ព្រះអង្គ​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ 25(២៦) ពួក​គេ​នាំ​គ្នា​ទៅ​គោរព​បំរើ​ព្រះ​ដទៃ ហើយ​ថែម​ទាំង​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង គឺ​ព្រះ​ដែល​ពួក​គេ​ពុំ​ស្គាល់ ហើយ​ព្រះអម្ចាស់​ក៏​ពុំ​បាន​អនុញ្ញាត​អោយ​ពួក​គេ​ថ្វាយបង្គំ​ដែរ។ 26(២៧) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ស្រុក​នេះ។ ព្រះអង្គ​ធ្វើ​អោយ​បណ្ដាសា​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ កើត​មាន​ដល់​ពួក​គេ។ 27(២៨) ព្រះអម្ចាស់​ ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ដោយ​ព្រះហឫទ័យ​ក្រេវក្រោធ​យ៉ាង​ខ្លាំង​បំផុត ហើយ​ព្រះអង្គ​យក​ពួក​គេ​ទៅ​បោះ​ចោល​នៅ​ស្រុក​មួយ​ផ្សេង​ទៀត រហូត​មក​ដល់​សព្វ​ថ្ងៃ”។
28(២៩) មាន​តែ​ព្រះអម្ចាស់​ ជា​ព្រះ​របស់​យើង​ប៉ុណ្ណោះ ដែល​ជ្រាប​នូវ​អ្វីៗ​ដ៏​លាក់​កំបាំង។ ព្រះអង្គ​បើក​អោយ​យើង និង​កូន​ចៅ​របស់​យើង​គ្រប់​ជំនាន់​ត​រៀង​ទៅ ស្គាល់​អ្វីៗ​ដែល​ព្រះអង្គ​សំដែង ដើម្បី​អោយ​យើង​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​ក្រឹត្យវិន័យ​នេះ»។