ជំពូក ១៣

1(១២.៣២) ចំណែក​ឯ ​អ្នក​រាល់​គ្នា​វិញ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់ ​គ្នា ដោយ​ឥត​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។

ទោស​របស់​អ្នក​ថ្វាយបង្គំ​រូប​បដិមា

2(១) «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​ណា​ម្នាក់ ប្រកាស​អំពី​ទី​សំគាល់ ឬ​ឫទ្ធិបាដិហារិយ៍​អ្វី​មួយ 3(២) បើ​ទី​សំគាល់ ឬ​ឫទ្ធិបាដិហារិយ៍​នោះ​កើត​មាន​មែន តែ​ជន​នោះ​បបួល​អ្នក​ទៅ​ជំពាក់​ចិត្ត និង​គោរព​បំរើ​ព្រះ​ដទៃ​ទៀត​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ 4(៣) កុំ​ស្ដាប់​ពាក្យ​របស់​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​ឡើយ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចង់​ល្បងល​មើល​អ្នក​រាល់​គ្នា ដើម្បី​អោយ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អស់​ពី​ចិត្ត អស់​ពី​គំនិត ឬ​យ៉ាង​ណា។ 5(៤) ចូរ​ជំពាក់​ចិត្ត​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​កោត​ខ្លាច​ព្រះអង្គ កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ស្ដាប់​បង្គាប់​ព្រះអង្គ ហើយ​គោរព​បំរើ​ព្រះអង្គ និង​ស្រឡាញ់​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ។ 6(៥) រីឯ​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​វិញ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​និយាយ​បំផុសបំផុល​ប្រជាជន អោយ​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​ទាសភាព។ ជន​នោះ​ចង់​នាំ​អ្នក​ចេញ​ពី​មាគ៌ា​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​អោយ​អ្នក​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

7(៦) ប្រសិន​បើ ​បង​ប្អូន​បង្កើត​របស់​អ្នក ឬ​កូន​ប្រុស កូន​ស្រី ឬ​ភរិយា​ជា​ទី​ស្រឡាញ់​របស់​អ្នក ឬ​ក៏​មិត្តភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​អ្នក មក​បបួល​អ្នក​ដោយ​ស្ងាត់ៗ​អោយ​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់ 8(៧) គឺ​ព្រះ​របស់​ជាតិ​សាសន៍​នានា​ដែល​នៅ​ជុំវិញ​អ្នក ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ដាច់​ស្រយាល​ក្ដី 9(៨) កុំ​យល់​ស្រប​ជា​មួយ​គេ កុំ​ស្ដាប់​តាម​គេ​ឡើយ។ កុំ​អាណិត​អាសូរ ឬ​ត្រា​ប្រណី​ជន​នោះ​អោយ​សោះ ហើយ​ក៏​មិន​ត្រូវ​ការពារ​គេ​ដែរ។ 10(៩) ផ្ទុយ​ទៅ​វិញ ត្រូវ​តែ​ប្រហារ​ជីវិត​ជន​នោះ គឺ​អ្នក​លើក​ដៃ​ប្រហារ​មុន​គេ បន្ទាប់​មក ទើប​ប្រជាជន​ប្រហារ​តាម​ក្រោយ។ 11(១០) ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ជន​នេះ ព្រោះ​គេ​ចង់​ទាក់ទាញ​អ្នក​អោយ​ចេញ​ឆ្ងាយ​ពី​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ 12(១១) ប្រជាជន​អ៊ីស្រាអែល​ ទាំង​មូល​នឹង​ដឹង​រឿង​នេះ នាំ​គ្នា​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ដូច្នេះ នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

13(១២) ក្នុង​បណ្ដា​ក្រុង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​រស់​នៅ ប្រសិន​បើ​អ្នក​ឮ​ដំណឹង​ថា 14(១៣) មាន​ជន​ពាល​ក្នុង​ចំណោម ​ប្រជាជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​អោយ​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។ 15(១៤) ពេល​នោះ អ្នក​ត្រូវ​ស៊ើបសួរ និង​តាម​ដាន​មើល ព្រម​ទាំង​សាក​សួរ​ដំណឹង​អោយច្បាស់​លាស់​ថា តើ​ការ​នោះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​ថា អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នោះ​ពិត​ជា​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ មែន 16(១៥) ត្រូវ​ប្រហារ​អ្នក​ ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ គឺ​ត្រូវ​កំទេច​របស់​របរ​នៅ​ក្នុង​ទីក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​អោយ​នៅ​សល់​ឡើយ។

17(១៦) ចូរ​ប្រមូល​ ទ្រព្យសម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ មក​ដាក់​នៅ​ចំ​កណ្ដាល​ទីលាន​ក្រុង រួច​ដុត​កំទេច​ក្រុង​ជា​មួយ​ទ្រព្យសម្បត្តិ​ទាំង​អស់​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ ឥត​មាន​នរណា​សង់​ឡើង​វិញ​ឡើយ។ 18(១៧) កុំ​យក​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះអម្ចាស់​ឡើយ ដើម្បី​អោយ​ព្រះអម្ចាស់​ លែង​ព្រះពិរោធ។ ព្រះអង្គ​នឹង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក ព្រម​ទាំង​ប្រទាន​អោយ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក 19(១៨) ដ្បិត​អ្នក​ស្ដាប់​បង្គាប់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ​ដែល​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក»។

ការ​ហាម​មិន​អោយ​ធ្វើ​ពិធី​ឆូត​សាច់

1 «អ្នក​រាល់​គ្នា​ជា​បុត្រធីតា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ នៅ​ពេល​កាន់​ទុក្ខ មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់ ហើយ​ក៏​មិន​ត្រូវ​កោរ​សក់​ផ្នែក​ខាង​មុខ​ដែរ 2 ដ្បិត​អ្នក​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី អោយ​ធ្វើ​ជា​ប្រជា រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់»។

សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ

3 «កុំ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ 4 សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន គឺ​មាន​គោ ចៀម និង​ពពែ 5 ឈ្លូស ក្ដាន់ រមាំង ពពែ​ភ្នំ ប្រើស ទន្សោង ទ្រាយ។ 6 អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ទាំង​អស់​ដែល​មាន​ក្រចក​ជើង​ឆែក​ជា​ពីរ ហើយ​ជា​សត្វ​ទំពាអៀង។ 7 ប៉ុន្តែ ក្នុង​ចំណោម​សត្វ​ដែល​ទំពាអៀង ឬ​សត្វ​ដែល​មាន​ក្រចក​ជើង​ឆែក​នោះ មិន​ត្រូវ​បរិភោគ​សត្វ​អូដ្ឋ ទន្សាយ​គល់ និង​ទន្សាយ​ថ្ម​ឡើយ ដ្បិត​សត្វ​ទាំង​នេះ​ទំពាអៀង តែ​គ្មាន​ក្រចក​ជើង​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។ 8 រីឯ​ជ្រូក​ក៏​មិន​ត្រូវ​ បរិភោគ​ដែរ ព្រោះ​វា​មាន​ក្រចក​ជើង​ឆែក តែ​មិន​ទំពាអៀង​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ គឺ​កុំ​បរិភោគ​សាច់​វា ហើយ​ក៏​កុំ​ប៉ះពាល់​ខ្មោច​វា​ដែរ។
9 ក្នុង​ចំណោម​សត្វ​រស់​នៅ​ក្នុង​ទឹក អ្នក​រាល់​គ្នា​អាច​បរិភោគ​ត្រី​ទាំង​អស់ ដែល​មាន​ព្រុយ និង​មាន​ស្រកា។ 10 ចំណែក​ឯ​ត្រី​ដែល​គ្មាន​ព្រុយ និង​គ្មាន​ស្រកា កុំ​បរិភោគ​ឡើយ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។

11 អ្នក​អាច​បរិភោគ​សត្វ​ស្លាប​បរិសុទ្ធ​ទាំង​អស់។ 12 ប៉ុន្តែ ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ គឺ​ត្មាត ខ្លែងស្រាក និង​ខ្លែង 13 ល្អូត រអាត ស្ទាំង និង​ពពួក​សត្វ​ប្រភេទ​នេះ 14 ក្អែក​គ្រប់​ប្រភេទ 15 អូទ្រីច ទីទុយ រំពេ ប្រមង់ និង​ពពួក​សត្វ​ប្រភេទ​នេះ 16 គូក មៀម អក 17 ទុង ក្អែក​ទឹក ស្មោញ 18 កុក ក្រសារ និង​ពពួក​សត្វ​ប្រភេទ​នេះ ព្រម​ទាំង​ត្រសេះ និង​ប្រចៀវ។ 19 អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ល្អិត​ដែល​មាន​ស្លាប​ទាំង​អស់ ជា​សត្វ​មិន​បរិសុទ្ធ គឺ​មិន​ត្រូវ​បរិភោគ​ឡើយ។ 20 អ្នក​រាល់​គ្នា​បរិភោគ​បាន​តែ​សត្វ​ស្លាប​ណា​ដែល​បរិសុទ្ធ។
21 មិន​ ត្រូវ​បរិភោគ​សាច់​សត្វ ដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ ត្រូវ​អោយ​សត្វ​នោះ​ទៅ​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​បរិភោគ ឬ​លក់​អោយ​សាសន៍​ដទៃ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជាជន​ដ៏វិសុទ្ធ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។

តង្វាយ​មួយ​ភាគ​ដប់

22 «រៀង​រាល់​ឆ្នាំ ត្រូវ​ញែក​ភោគផល​ពី​ស្រែ​ចំការ​របស់​អ្នក​ចំនួន​មួយ​ភាគ​ដប់ ទុក​ជា​តង្វាយ។ 23 ត្រូវ​បរិភោគ​តង្វាយ​ មួយ​ភាគ​ដប់ ដែល​អ្នក​ញែក​ចេញ​ពី​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី ប្រេង ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស​ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ ដើម្បី​អោយ​អ្នក​រៀន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រហូត​ត​ទៅ។ 24 ប្រសិន​បើ​ផ្ទះ​របស់​អ្នក​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ ហើយ​អ្នក​មិន​អាច​ដឹក​ជញ្ជូន​តង្វាយ​មួយ​ភាគ​ដប់ ​នៃ​ភោគផល​ដែល​អ្នក​បាន​ ទទួល ដោយសារ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​ទេ​នោះ 25 ចូរ​លក់​តង្វាយ​មួយ​ ភាគ​ដប់​របស់​អ្នក ហើយ​យក​ប្រាក់​ដែល​អ្នក​លក់​បាន ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស។ 26 ពេល​ទៅ​ដល់ អ្នក​អាច​ទិញ​អ្វីៗ​ដែល​អ្នក​ពេញ​ចិត្ត ដូច​ជា​គោ ចៀម ស្រា​ទំពាំងបាយជូរ ឬ​ស្រា​ផ្សេង​ទៀត គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​អោយ​អ្នក​សប្បាយ​ចិត្ត រួច​បរិភោគ​ដោយ​រីករាយ​ជា​មួយ​ក្រុម​គ្រួសារ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ 27 កុំ​ភ្លេច​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​ឡើយ ដ្បិត​គេ​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក​ទេ។
28 បី​ឆ្នាំ​ម្ដង ត្រូវ​យក​ភោគផល​ដែល​អ្នក​ទទួល​នៅ​ឆ្នាំ​ទី​បី ចំនួន​មួយ​ភាគ​ដប់ ចេញ​មក​ដាក់​ក្នុង​ក្រុង​ដែល​អ្នក​រស់​នៅ។ 29  ពេល​នោះ ពួក​លេវី​ដែល​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក នឹង​នាំ​គ្នា​មក​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។ ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អោយ​អ្នក​បាន​ចំរុង​ចំរើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។