ជំពូក ១៨
សិទ្ធិរបស់ពួកបូជាចារ្យ និងពួកលេវី
1 «ពួកបូជាចារ្យលេវី និងកុលសម្ព័ន្ធលេវីទាំងមូល គ្មានទឹកដីជាចំណែកមត៌កនៅស្រុកអ៊ីស្រាអែលទេ គឺពួកគេមានតែអាហារពីយញ្ញបូជា និងតង្វាយផ្សេងៗ ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ប៉ុណ្ណោះ។ 2 ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះអង្គមានព្រះបន្ទូលស្រាប់។ 3 ពេលប្រជាជនយកគោ និងចៀមមកថ្វាយជាយញ្ញបូជា ពួកគេត្រូវយកសាច់ស្មា សាច់ថ្គាម និងក្រពះ ជូនបូជាចារ្យ។ 4 ត្រូវយកផលដំបូងនៃស្រូវរបស់អ្នក ព្រមទាំងស្រាទំពាំងបាយជូរថ្មី ប្រេង និងរោមចៀមដែលអ្នកកាត់មុនគេ ជូនបូជាចារ្យ 5 ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសបូជាចារ្យ និងពូជពង្សរបស់លោក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល អោយនៅបំរើព្រះអង្គជារៀងរាល់ថ្ងៃ។
6 ប្រសិនបើ ពួកលេវីម្នាក់ចាកចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រាអែល ជាកន្លែងដែលខ្លួនរស់នៅ ហើយមានបំណងទៅនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស 7 គាត់អាចបំពេញមុខងារបំរើព្រះអម្ចាស់ ជាព្រះរបស់អ្នក ដូចពួកលេវីឯទៀតៗជាបងប្អូនរបស់ខ្លួន ដែលធ្វើការនៅទីសក្ការៈនោះ 8 ហើយគាត់ក៏អាចទទួលអាហារមួយចំណែកស្មើនឹងពួកលេវីឯទៀតៗ ថែមពីលើអ្វីៗដែលគាត់លក់បាន»។
ព្យាការីក្លែងក្លាយ និងព្យាការីពិតប្រាកដ
9 «កាលណាអ្នកចូលទៅក្នុងស្រុក ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ មិនត្រូវរៀនយកតំរាប់តាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងនោះឡើយ។ 10 ក្នុងចំណោមអ្នករាល់ គ្នា មិនត្រូវអោយនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើង។ មិនត្រូវអោយមាននរណាម្នាក់ បញ្ជាន់រូប ទស្សន៍ទាយ ប្រព្រឹត្តមន្តអាគម ឬអំពើអាបធ្មប់ 11 ធ្វើអំពើ ហើយក៏មិនត្រូវអោយនរណាម្នាក់ទៅរកគ្រូអន្ទងខ្មោច ទៅរកគ្រូទាយ មើលជោគរាសី និងខាបព្រលឹងដែរ 12 ដ្បិតព្រះអម្ចាស់ ចាត់ទុកអ្នកដែលប្រព្រឹត្តអំពើទាំងនេះ ជាមនុស្សគួរស្អប់ខ្ពើម។ ព្រោះតែប្រជាជាតិនានាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះហើយ បានជាព្រះអម្ចាស់ ជាព្រះរបស់អ្នកបណ្ដេញពួកគេចេញពីមុខអ្នក។ 13 អ្នកត្រូវស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នកជានិច្ច។ 14 ប្រជាជាតិទាំងឡាយដែលអ្នកនឹងដេញចេញពីទឹកដី តែងតែស្ដាប់ពាក្យរបស់គ្រូទស្សន៍ទាយ និងគ្រូធ្មប់។ ចំណែកឯអ្នកវិញ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនអោយអ្នកប្រព្រឹត្តដូច្នេះឡើយ។
15 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើអោយមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីក្នុងចំណោមអ្នក ហើយលោកជាបងប្អូនរបស់អ្នក។ ចូរនាំគ្នាស្ដាប់តាមព្យាការីនោះចុះ 16 ដ្បិតនៅថ្ងៃអ្នកជួបជុំគ្នានៅហូរែប អ្នកបានទូលសូមពីព្រះអម្ចាស់ ជាព្រះរបស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំអោយយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំតទៅទៀត ហើយក៏កុំអោយយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។ 17 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “សេចក្ដីដែលពួកគេនិយាយពិតជាត្រឹមត្រូវមែន។ 18 យើងនឹងធ្វើអោយមាន ព្យាការីម្នាក់ដូចអ្នក ងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន យើងនឹងដាក់ព្រះបន្ទូលរបស់យើងក្នុងមាត់របស់ព្យាការីនោះ លោកនឹងថ្លែងសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់។ 19 អ្នកណាមិនស្ដាប់ពាក្យដែលលោកថ្លែង ក្នុងនាមយើងទេ យើងនឹងដាក់ទោសអ្នកនោះ។ 20 ផ្ទុយទៅវិញ ប្រសិនបើព្យាការីណាម្នាក់ហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់អោយថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងនាមព្រះដទៃទៀត ព្យាការីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។ 21 អ្នកប្រហែលជាសួរថា តើធ្វើដូចម្ដេចអោយដឹងថា ពាក្យណាមួយដែលមិនមែនមកពីព្រះអម្ចាស់។ 22 ពេលព្យាការីណាម្នាក់ថ្លែងពាក្យក្នុងនាមរបស់ព្រះអម្ចាស់ តែមិនឃើញមានហេតុការណ៍អ្វីកើតឡើង ដូចពាក្យគេប្រកាសទេ បានសេចក្ដីថាពាក្យនោះមិនមែនជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ។ ព្យាការីនោះហ៊ាននិយាយដោយចិត្តឯង ដូច្នេះ កុំខ្លាចគេអោយសោះ»។