ជំពូក ២៨
ព្រះពរ
1 «ប្រសិនបើអ្នកយកចិត្តទុកដាក់ស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដូចខ្ញុំបង្គាប់នៅថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានអោយអ្នកបានទៅជាប្រជាជាតិមួយ ប្រសើរជាងប្រជាជាតិទាំងអស់នៅលើផែនដី។ 2 ប្រសិនបើអ្នកស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះរបស់អ្នក ព្រះអង្គនឹងប្រទានពរគ្រប់យ៉ាងដល់អ្នក 3 គឺព្រះអង្គប្រទានពរដល់អ្នក នៅតាមទីក្រុង ព្រះអង្គប្រទានពរដល់អ្នកនៅតាមស្រែចំការ។ 4 ព្រះអង្គប្រទានពរអោយ អ្នកមានកូនចៅច្រើន អោយដីរបស់អ្នកកើនភោគផលបរិបូណ៌ ហើយហ្វូងសត្វរបស់អ្នក គឺគោ និងចៀមក៏នឹងកើនចំនួនឡើងជាច្រើនដែរ។ 5 ព្រះអង្គប្រទានពរអោយអ្នកមានផ្លែឈើពេញល្អី ព្រមទាំងមានស្រូវពេញជង្រុក។
6 ព្រះអង្គនឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
7 ព្រះអម្ចាស់ នឹងធ្វើអោយបច្ចាមិត្តបាក់ទ័ព រត់នៅពីមុខអ្នក។ ពួកគេចេញមកវាយអ្នក ដោយដើរតាមផ្លូវតែមួយ តែពួកគេនឹងរត់នៅមុខអ្នក ទៅតាមផ្លូវប្រាំពីរ។
8 ព្រះអម្ចាស់ ប្រទានពរអោយអ្នកមានស្រូវពេញជង្រុក ហើយអ្វីៗដែលអ្នកធ្វើ ព្រះអង្គប្រទានពរជានិច្ច។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងស្រុកដែលព្រះអង្គប្រទានអោយអ្នក។ 9 ពេលណាអ្នកប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ នោះព្រះអម្ចាស់នឹងធ្វើអោយអ្នកទៅជាប្រជារាស្ត្រដ៏វិសុទ្ធ* ដូចព្រះអង្គបានសន្យាជាមួយអ្នក។ 10 ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងឃើញថា ព្រះអម្ចាស់បានជ្រើសរើសអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ហើយពួកគេនឹងកោតខ្លាចអ្នក។ 11 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានអោយអ្នកបានចំរុងចំរើន ដោយធ្វើអោយពូជពង្សរបស់អ្នក និងហ្វូងសត្វរបស់អ្នកកើនចំនួនច្រើនឡើង ហើយក៏ធ្វើអោយអ្នកទទួលភោគផលជាច្រើន នៅលើទឹកដីដែលព្រះអង្គបានសន្យាដល់បុព្វបុរស* ថាប្រទានអោយអ្នកដែរ។ 12 ព្រះអម្ចាស់ នឹងបើកផ្ទៃមេឃ បង្អុរភ្លៀងចុះមកស្រោចស្រពទឹកដីរបស់អ្នក តាមរដូវកាល ដើម្បីប្រទានពរដល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ។ អ្នកនឹងអោយទ្រព្យដល់ប្រជាជាតិជាច្រើនខ្ចី តែអ្នកមិនខ្ចីពីគេឡើយ។
13 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើអោយអ្នកបានថ្កុំថ្កើងជាងគេ គឺមិនមែនអន់ជាងគេទេ អ្នកនឹងទទួលកិត្តិយសខ្ពង់ខ្ពស់ជានិច្ច គឺមិនចុះអោនថយឡើយ។ ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ។ 14 មិនត្រូវងាកទៅឆ្វេង ទៅស្ដាំ ឆ្ងាយពីបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ ហើយបែរទៅជំពាក់ចិត្ត និងគោរពថ្វាយបង្គំព្រះឯទៀតៗឡើយ»
បណ្ដាសា
15 «ប្រសិនបើអ្នក មិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ប្រសិនបើអ្នកមិនកាន់ ឬប្រតិបត្តិតាមបទបញ្ជា និងច្បាប់ទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះទេ នោះអ្នកនឹងទទួលបណ្ដាសាដូចតទៅ:
16 អ្នកនឹងត្រូវបណ្ដាសានៅតាមទីក្រុង ហើយអ្នកនឹងត្រូវបណ្ដាសានៅតាមស្រុកស្រែ។ 17 អ្នកនឹងត្រូវបណ្ដាសា ដោយគ្មានផ្លែឈើនៅក្នុងល្អី គ្មានស្រូវនៅក្នុងជង្រុក។ 18 អ្នកនឹងត្រូវបណ្ដាសាដោយគ្មានកូនចៅ ដីរបស់អ្នកមិនបង្កើតភោគផល ហ្វូងគោ និងហ្វូងចៀមរបស់អ្នក ក៏មិនកើនចំនួនដែរ។ 19 អ្នកនឹងទទួលបណ្ដាសាក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
20 ព្រះអម្ចាស់ នឹងធ្វើអោយអ្នកជួបប្រទះទុក្ខវេទនា ភាពអាសន្ន និងភយន្តរាយ ហើយអ្វីៗដែលអ្នកធ្វើនឹងត្រូវខូចបង់ រហូតទាល់តែអ្នកវិនាសសូន្យ ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយបោះបង់ចោលព្រះអង្គ។
21 ព្រះអម្ចាស់ នឹងធ្វើអោយអាសន្នរោគកើតមានចំពោះអ្នក រហូតដល់អ្នកវិនាសសូន្យ បាត់ពីទឹកដីដែលអ្នកចូលទៅកាន់កាប់។ 22 ព្រះអម្ចាស់ នឹងប្រហារអ្នកដោយជំងឺរាតត្បាត ជំងឺគ្រុនក្ដៅ គ្រុនរលាក គ្រុនសន្ធំ ព្រមទាំងមានកើតការរាំងស្ងួត ស្រូវរបស់អ្នកនឹងស្កក ហើយមានក្រាស៊ី។ ទុក្ខវេទនាទាំងនេះនឹងកើតមានដល់អ្នក រហូតទាល់តែអ្នកវិនាស។ 23 មេឃដែលនៅពីលើអ្នកនឹងក្ដៅដូចជាលង្ហិន ហើយដីដែលនៅពីក្រោមអ្នកនឹងរឹងដូចដែក។ 24 ព្រះអម្ចាស់នឹងធ្វើអោយធូលីដី ព្រមទាំងផេះធ្លាក់ពីលើមេឃ មកលើស្រុករបស់អ្នកជំនួសភ្លៀង រហូតទាល់តែអ្នកវិនាស។
25 ព្រះអម្ចាស់ នឹងធ្វើអោយអ្នកបាក់ទ័ព រត់នៅមុខខ្មាំងសត្រូវ។ អ្នកចេញទៅវាយពួកគេ ដោយដើរតាមផ្លូវតែមួយ តែអ្នកនឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។ នគរទាំងប៉ុន្មាននៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាព្រឺខ្លាច។ 26 សាកសពរបស់អ្នកនឹងក្លាយទៅជាចំណីរបស់ត្មាត និងសត្វព្រៃ ហើយគ្មាននរណាមកដេញពួកវាឡើយ។
27 ព្រះអម្ចាស់ នឹងប្រហារអ្នកដោយគ្រោះកាច ដូចព្រះអង្គធ្លាប់ប្រហារជនជាតិអេស៊ីបដែរ។ ព្រះអង្គនឹងប្រហារអ្នកដោយរោគប្ញសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាឡើយ។ 28 ព្រះអម្ចាស់ប្រហារអ្នកអោយវង្វេងស្មារតី វិកលចរិត និងមើលអ្វីលែងឃើញ។ 29 អ្នកនឹងដើររាវនៅ ពេលថ្ងៃត្រង់ ដូចមនុស្សខ្វាក់ដើរស្ទាបៗ ក្នុងភាពអន្ធការ។ អ្នកពុំអាចសំរេចតាមគំរោងការដែលអ្នករៀបចំឡើយ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយគ្មាននរណាមកជួយអ្នកទេ។
30 ពេល អ្នកមានគូដណ្ដឹង បុរសម្នាក់ទៀតនឹងរំលោភនាង។ ពេលអ្នកសង់ផ្ទះ អ្នកនឹងមិនបានរស់នៅក្នុងផ្ទះនោះទេ ពេលអ្នកដាំទំពាំងបាយជូរ អ្នកនឹងមិនបានបរិភោគផលឡើយ។ 31 គេនឹងសម្លាប់គោរបស់ អ្នក នៅចំពោះមុខអ្នក តែអ្នកមិនបានសាច់បរិភោគឡើយ។ គេរឹបអូសយកលារបស់អ្នក នៅចំពោះមុខអ្នក ហើយវានឹងមិនវិលមកវិញទេ។ គេនឹងប្រគល់ហ្វូងចៀមរបស់អ្នកទៅអោយខ្មាំងសត្រូវរបស់អ្នក ហើយគ្មាននរណាមកជួយអ្នកឡើយ។ 32 គេនឹងលក់កូនប្រុស កូនស្រីរបស់អ្នកទៅអោយសាសន៍ដទៃ នៅចំពោះមុខអ្នក រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំពួកគេវិលត្រឡប់មកវិញ រហូតដល់ផ្សាភ្នែក តែពុំបានសំរេចដូចប្រាថ្នាឡើយ។ 33 ជាតិសាសន៍ដែលអ្នក ពុំស្គាល់នឹងបរិភោគដំណាំ ដែលដុះចេញពីដីរបស់អ្នក គឺភោគផលទាំងប៉ុន្មានដែលអ្នកប្រឹងប្រែងធ្វើ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់សង្កត់សង្កិន។ 34 ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក មុខជាធ្វើអោយអ្នកវង្វេងស្មារតី។
35 ព្រះអម្ចាស់ នឹងប្រហារអ្នកអោយកើតដំបៅរីកនៅក្បាលជង្គង់ និងនៅជើងដែលអ្នកពុំអាចមើលជាបានឡើយ។ ព្រះអង្គនឹងប្រហារអ្នកចាប់ពីក្បាលរហូតដល់ចុងជើង។ 36 ព្រះអម្ចាស់ នឹងអោយគេកៀរអ្នក ព្រមទាំងស្ដេចដែលអ្នកនឹងជ្រើសរើសអោយសោយរាជ្យលើអ្នក ធ្វើដំណើរទៅកាន់ស្រុកមួយដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់។ នៅទីនោះ អ្នកនឹងគោរពបំរើព្រះដទៃ ជាព្រះដែលគេធ្វើពីឈើ និងពីថ្ម។
37 ជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់ នាំអ្នកទៅនៅស្រុកគេនោះ នឹងនាំគ្នាភ្ញាក់ផ្អើល ហើយយករឿងរបស់អ្នកទៅនិទានប្រាប់គ្នា ព្រមទាំងប្រមាថមាក់ងាយអ្នករាល់គ្នាទៀតផង។
38 អ្នកនឹងយកគ្រាប់ពូជជាច្រើនទៅព្រោះនៅក្នុងស្រែចំការរបស់អ្នក តែអ្នកច្រូតផលបានតិច ព្រោះមានកណ្ដូបស៊ី។ 39 អ្នកដាំទំពាំងបាយជូរ ហើយមើលថែទាំ តែអ្នកនឹងពុំបានបេះផ្លែ ឬបរិភោគស្រាទំពាំងបាយជូរឡើយ ដ្បិតមានដង្កូវស៊ីទំពាំងបាយជូរនោះអស់។ 40 អ្នកដាំអូលីវពាសពេញស្រុក តែអ្នកនឹងពុំបានគាបផ្លែយកប្រេងទេ ដ្បិតផ្លែអូលីវរបស់អ្នកនឹងជ្រុះអស់។ 41 អ្នកមានកូនប្រុសកូនស្រី តែពួកគេនឹងមិននៅជាមួយអ្នកឡើយ ព្រោះពួកគេនឹងត្រូវខ្មាំងចាប់ទៅជាឈ្លើយ។ 42 ដើមឈើ និងដំណាំទាំងប៉ុន្មានរបស់អ្នកមុខជាត្រូវចង្រិតស៊ីបង្ហិន។
43 ជនបរទេសដែលរស់នៅជាមួយអ្នកនឹងមានអំណាចកាន់តែខ្លាំងឡើងៗលើអ្នក ហើយអ្នកចុះអោនថយកាន់តែខ្សោយទៅៗ។ 44 គេនឹងអោយទ្រព្យអ្នកខ្ចី គឺមិនមែនអ្នកទេដែលអោយគេខ្ចី។ គេនឹងថ្កុំថ្កើងបំផុត រីឯអ្នកវិញអ្នកអន់ជាងគេបំផុត។
45 បណ្ដាសា ទាំងនេះនឹងកើតមានដល់អ្នក ហើយស្ថិតនៅជាប់ជាមួយអ្នកជានិច្ច រហូតទាល់តែអ្នកវិនាស ព្រោះអ្នកពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អ្នកពុំបានកាន់តាមបទបញ្ជា និងក្រឹត្យវិន័យដែលព្រះអង្គប្រទានមកអ្នកឡើយ។ 46 បណ្ដាសាទាំងនេះជាទីសំគាល់ និងជាប្ញទ្ធិបាដិហារិយ៍ សំរាប់អ្នក ព្រមទាំងពូជពង្សរបស់អ្នករហូតតទៅ។
47 នៅពេលសម្បូណ៌សប្បាយ ប្រសិនបើអ្នកពុំគោរពបំរើព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយអំណរ និងដោយស្មោះអស់ពីចិត្តទេ 48 នោះអ្នកនឹងបំរើខ្មាំងសត្រូវ ដែលព្រះអម្ចាស់ ចាត់អោយមកប្រហារអ្នក។ អ្នកនឹងស្រេកឃ្លាន ខ្លួនទទេ ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គដាក់នឹមដែកលើអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ 49 ព្រះអម្ចាស់ នឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយដាច់ស្រយាលនៃផែនដី មកប្រហារអ្នក។ ប្រជាជាតិនោះនឹងមកដល់ដូចសត្វត្មាតបោះពួយ អ្នកស្ដាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ។ 50 ពួកគេមានទឹកមុខសាហាវ ពួកគេមិនគោរពចាស់ទុំ ហើយក៏គ្មានចិត្តមេត្តាចំពោះកូនក្មេងដែរ។ 51 ពួកគេនឹងបរិភោគសត្វ ព្រមទាំងភោគផលដែលកើតពីដីរបស់អ្នក រហូតទាល់តែអ្នកហិនហោចអស់។ ពួកគេមិនទុកស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង កូនគោ កូនចៀម អោយនៅសល់ សំរាប់អ្នកឡើយ រួចហើយពួកគេនឹងធ្វើអោយអ្នកវិនាសសូន្យ។ 52 ពួកគេនឹងឡោមព័ទ្ធ ទីក្រុងទាំងឡាយដែលអ្នករស់នៅ ពួកគេនឹងរំលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំ នៅក្នុងស្រុករបស់អ្នក គឺកំពែងដែលជាទីទុកចិត្តរបស់អ្នក។ ពួកគេនឹងឡោមព័ទ្ធអ្នកគ្រប់ទីកន្លែង នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ។ 53 ក្នុងពេលខ្មាំងសត្រូវឡោមព័ទ្ធ អ្នកនឹងរងទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ស៊ីសាច់កូនរបស់ខ្លួន គឺកូនប្រុសកូនស្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ។ 54 ក្នុងចំណោមអ្នករាល់ គ្នា អ្នកដែលធ្លាប់តែស្លូតបូតជាងគេ ហើយមានចិត្តមេត្តា បែរជាសម្លក់សម្លឹងបងប្អូន ប្រពន្ធជាទីស្រឡាញ់ និងកូនរបស់ខ្លួនដែលនៅសេសសល់ 55 ដោយខ្លាចគេដណ្ដើម សាច់កូនដែលខ្លួនទុកបរិភោគ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាជាខ្លាំង គ្មានអ្វីបរិភោគទេ។ 56 ក្នុងចំណោមអ្នករាល់ គ្នា ស្ត្រីដែលធ្លាប់តែស្លូតបូត ហើយមានចិត្តមេត្តា សូម្បីតែដីក៏មិនហ៊ានយកជើងជាន់ផងនោះ បែរជាសម្លក់សម្លឹងប្ដីជាទីស្រឡាញ់ និងកូនប្រុសកូនស្រីរបស់ខ្លួន 57 ដ្បិតពេលខ្មាំង សត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាយ៉ាងខ្លាំង ហើយដោយខ្វះខាតពេក នាងមានបំណងយកទារកដែលទើបនឹងចេញពីផ្ទៃរបស់ខ្លួន ទៅធ្វើម្ហូបបរិភោគស្ងាត់ៗតែម្នាក់ឯង។
58 ប្រសិន បើអ្នកមិនកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងវិន័យ ដែលមានចែងទុកក្នុងគម្ពីរនេះ ប្រសិនបើអ្នកមិនកោតខ្លាចព្រះនាមដ៏រុងរឿង គួរអោយស្ញែងខ្លាចរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ 59 ព្រះអម្ចាស់នឹងប្រហារអ្នក ព្រមទាំងពូជពង្សរបស់អ្នក ដោយសំដែងការអស្ចារ្យ ធ្វើអោយកើតដំបៅ និងជំងឺដ៏ធ្ងន់ៗ ដែលពុំអាចមើលជា។ 60 ព្រះអង្គនឹងធ្វើអោយ ជំងឺរាតត្បាតផ្សេងៗ ដែលធ្លាប់កើតចំពោះជនជាតិអេស៊ីប ហើយធ្លាប់ធ្វើអោយអ្នកញញើតនោះ កើតចំពោះអ្នកដែរ។ ជំងឺទាំងនោះនឹងនៅជាប់ជាមួយអ្នក។ 61 ព្រះអម្ចាស់ ធ្វើអោយជំងឺ និងគ្រោះកាចគ្រប់យ៉ាង ដែលគ្មានចែងទុកក្នុងគម្ពីរនៃវិន័យនេះ កើតមានចំពោះអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ 62 អ្នករាល់គ្នាដែលមាន ចំនួនយ៉ាងច្រើនដូចផ្កាយនៅលើមេឃ នឹងក្លាយទៅជាជាតិសាសន៍មួយដ៏តូច ព្រោះអ្នករាល់គ្នាពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ 63 ព្រះអម្ចាស់ សព្វព្រះហឫទ័យប្រទានពរអោយអ្នករាល់គ្នាកើនចំនួនច្រើនឡើងយ៉ាងណា ព្រះអង្គក៏មានព្រះហឫទ័យរីករាយនឹងកំទេចអ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាអោយវិនាសយ៉ាងនោះដែរ។ ព្រះអង្គនឹងដកអ្នករាល់គ្នាចេញពីស្រុក ដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
64 ព្រះអម្ចាស់ នឹងកំចាត់កំចាយអ្នកទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង។ នៅទីនោះ អ្នកនឹងគោរពបំរើព្រះដទៃ ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់ គឺព្រះធ្វើពីឈើ និងពីថ្ម។ 65 ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នកនឹងមិនបានសុខសាន្ត ហើយក៏មិនមែនជាកន្លែងដែលអ្នកសំរាកដែរ។ ព្រះអម្ចាស់នឹងធ្វើអោយចិត្តអ្នកពុំបានស្ងប់ អោយភ្នែករបស់អ្នកស្រវាំង ហើយអោយចិត្តគំនិតរបស់អ្នកឈឺចាប់។ 66 ជីវិតរបស់អ្នកប្រៀបបាននឹងអំបោះមួយសរសៃ អ្នកភ័យខ្លាចទាំងយប់ទាំងថ្ងៃ ហើយជីវិតគ្មានន័យអ្វីសំរាប់អ្នកទៀតឡើយ។ 67 ហេតុការណ៍ដែលអ្នកឃើញ ផ្ទាល់នឹងភ្នែក បណ្ដាលអោយអ្នកភ័យខ្លាច។ នៅពេលព្រឹក អ្នកនឹងពោលថា “សូមអោយល្ងាចឆាប់មកដល់!” នៅពេលល្ងាចអ្នកនឹងពោលថា “សូមអោយព្រឹកឆាប់មកដល់!”។ 68 ព្រះអម្ចាស់ នឹងនាំអ្នកទៅស្រុកអេស៊ីបវិញ តាមនាវា។ អ្នកនឹងវិលត្រឡប់ទៅស្រុក ដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនបានឃើញទៀតឡើយ! នៅទីនោះ អ្នករាល់គ្នានឹងលក់ខ្លួនធ្វើជាទាសាទាសីរបស់ខ្មាំងសត្រូវ តែគ្មាននរណាចង់ទិញអ្នករាល់គ្នាទេ!»។
សុន្ទរកថាចុងក្រោយរបស់លោកម៉ូសេ
សម្ពន្ធមេត្រីនៅស្រុកម៉ូអាប់
69(២៩.១) ក្រៅពីសម្ពន្ធមេត្រី*ដែលព្រះអម្ចាស់ ចងជាមួយជនជាតិអ៊ីស្រាអែលនៅភ្នំហូរែប ព្រះអង្គបានបង្គាប់អោយលោកម៉ូសេចងសម្ពន្ធមេត្រីមួយទៀតជាមួយពួក គេនៅស្រុកម៉ូអាប់ ដែលមានសេចក្ដីដូចខាងក្រោមនេះ។