ជំពូក ១
សុន្ទរកថាទីមួយរបស់លោកម៉ូសេ
ការចេញដំណើរពីវាលរហោស្ថានស៊ីណៃ
1 នេះជាសុន្ទរកថាដែលលោកម៉ូសេថ្លែងទៅកាន់ប្រជា ជនអ៊ីស្រាអែលទាំងមូល នៅត្រើយខាងកើតទន្លេយ័រ ដាន់ ក្នុងវាលរហោស្ថានតំបន់អារ៉ាបា នៅទល់មុខនឹងស៊ូភ ត្រង់ចន្លោះប៉ារ៉ន តូផែល ឡាបាន់ ហាសេរ៉ូត និងឌីសាហាប។ 2 ចាប់ពីភ្នំហូរែបរហូតដល់កាដែស-បារណេអា ដោយកាត់តាមតំបន់ភ្នំសៀរ មានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ។ 3 នៅឆ្នាំទីសែសិប ថ្ងៃទីមួយ ខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់អោយលោកថ្លែងប្រាប់ពួកគេ 4 គឺនៅក្រោយពេលលោកមាន ជ័យជំនះលើព្រះបាទស៊ីហុន ជាស្ដេចជនជាតិអាម៉ូរី គង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសតារ៉ូត និងអេដ្រេយី។
5 កាលនៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅក្នុងស្រុកម៉ូអាប់ លោកម៉ូសេចាប់ផ្ដើមបង្រៀនវិន័យ*ដូចតទៅ៖
6 «ព្រះអម្ចាស់ ជាព្រះនៃយើង មានព្រះបន្ទូលមកយើង នៅភ្នំហូរែបថា “អ្នករាល់គ្នាស្នាក់នៅភ្នំនេះអស់រយៈពេលជាយូរមកហើយ។ 7 ដូច្នេះ ចូរនាំគ្នាចេញដំណើរទៅមុខទៀត ឆ្ពោះទៅស្រុក ភ្នំរបស់ជនជាតិអាម៉ូរី និងតំបន់ទាំងប៉ុន្មាននៅជុំវិញ ព្រមទាំងតំបន់អារ៉ាបា តំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប តំបន់ឆ្នេរសមុទ្រ ស្រុកកាណាន ស្រុកលីបង់ រហូតដល់ទន្លេធំ គឺទន្លេអឺប្រាត។ 8 មើលចុះ! យើងប្រគល់ស្រុកអោយអ្នករាល់គ្នាហើយ គឺស្រុកដែលយើងជាព្រះអម្ចាស់ បានសន្យាប្រគល់អោយអប្រាហាំ អ៊ីសាក និងយ៉ាកុប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជពង្សដែលកើតមកតាមក្រោយ។ ដូច្នេះ ចូរនាំគ្នាចូលទៅកាន់កាប់ស្រុកនោះទៅ”។
9 នៅគ្រានោះ ខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាថា “ខ្លួនខ្ញុំតែម្នាក់ពុំអាចទទួលខុសត្រូវលើអ្នករាល់គ្នាទេ។ 10 ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើអោយអ្នករាល់គ្នាកើនចំនួនឡើង ហើយសព្វថ្ងៃ អ្នករាល់គ្នាមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។ 11 សូមព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រោសប្រទានអោយអ្នករាល់គ្នា កើនចំនួនមួយពាន់ដងលើសនេះទៅទៀត សូមព្រះអង្គប្រទានពរអ្នករាល់គ្នា ដូចព្រះអង្គបានសន្យាចំពោះអ្នករាល់គ្នាស្រាប់ហើយ។ 12 ប៉ុន្តែ ខ្លួនខ្ញុំម្នាក់ឯងពុំអាចទទួលបន្ទុកដោះស្រាយបញ្ហាក្ដីក្ដាំ និងជម្លោះរបស់អ្នករាល់គ្នាបានទេ។ 13 ហេតុនេះ ចូរជ្រើសរើសមនុស្សដែលមានប្រាជ្ញា និងការយល់ដឹង ហើយមានកេរ្តិ៍ឈ្មោះល្អ ក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ខ្ញុំនឹងតែងតាំងលោកទាំងនោះអោយធ្វើជាមេដឹកនាំរបស់អ្នករាល់គ្នា”។ 14 ពេលនោះ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំវិញថា “សំណើរបស់លោកសមហេតុសមផលណាស់”។ 15 ខ្ញុំក៏បានជ្រើសរើស មេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា គឺមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះល្អ តែងតាំងអោយធ្វើជាមេដឹកនាំលើមួយពាន់នាក់ មេដឹកនាំលើមួយរយនាក់ មេដឹកនាំលើហាសិបនាក់ និងមេដឹកនាំលើដប់នាក់ ព្រមទាំងអោយមានពួកតំរួតមើលខុសត្រូវលើកុលសម្ព័ន្ធរបស់អ្នករាល់ គ្នា។ 16 នៅគ្រានោះ ខ្ញុំបានបញ្ជាដល់ពួកចៅក្រមរបស់អ្នករាល់គ្នាថា “ចូរយកចិត្តទុកដាក់ស្ដាប់បងប្អូនរបស់អ្នករាល់គ្នា នៅពេលពួកគេមានរឿងរ៉ាវជាមួយជនរួមជាតិរបស់ខ្លួន ឬជាមួយជនបរទេស ត្រូវកាត់ក្ដីអោយពួកគេម្នាក់ៗដោយយុត្តិធម៌។ 17 ក្នុងការកាត់ក្ដី កុំរើសមុខនរណាឡើយ គឺអ្នករាល់គ្នាត្រូវស្ដាប់អ្នកតូចក៏ដូចអ្នកធំដែរ កុំខ្លាចនរណាអោយសោះ ដ្បិតការវិនិច្ឆ័យស្ថិតនៅលើព្រះជាម្ចាស់។ ប្រសិនបើរឿងរ៉ាវនោះពិបាកកាត់ក្ដីពេក ចូរបញ្ជូនមកខ្ញុំចុះ ដើម្បីអោយខ្ញុំពិនិត្យមើល”។ 18 នៅគ្រានោះ ខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា អំពីច្បាប់ទម្លាប់ទាំងប៉ុន្មានដែលអ្នករាល់គ្នាត្រូវអនុវត្តតាម»។
ការបះបោរនៅកាដែស
19 «បន្ទាប់មក យើងចាកចេញពីភ្នំហូរែបឆ្លងកាត់វាលរហោស្ថានទាំងមូលនេះ ជាវាលរហោស្ថានដ៏ធំគួរអោយស្ញែងខ្លាច ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។ យើងធ្វើដំណើរឆ្ពោះទៅភ្នំរបស់ជនជាតិអាម៉ូរី ដូចព្រះអម្ចាស់ជាព្រះនៃយើងបានបង្គាប់។ ពេលមកដល់កាដែស-បារណេអា 20 ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “អ្នករាល់គ្នាមកដល់ភ្នំរបស់ជនជាតិអាម៉ូរី ដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានមកយើង។ 21 មើល៍ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ស្រុកនេះអោយអ្នកហើយ ចូរឡើងទៅកាន់កាប់តាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសអ្នក បានសន្យាចំពោះអ្នក កុំភ័យខ្លាច ឬតក់ស្លុតឡើយ!”។ 22 ពេលនោះ អ្នករាល់គ្នាបានចូលមកជិតខ្ញុំ ហើយប្រាប់ថា: “សូមចាត់មនុស្សអោយទៅមុនពួកយើង ដើម្បីពិនិត្យមើលស្រុក រួចរាយការណ៍ប្រាប់យើងខ្ញុំអំពីស្ថានភាពផ្លូវ និងក្រុងនានាដែលយើងខ្ញុំត្រូវធ្វើដំណើរទៅ”។ 23 ខ្ញុំយល់ឃើញថាគំនិត នោះល្អ ខ្ញុំក៏ចាត់មនុស្សដប់ពីរនាក់ ក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់តំណាងកុលសម្ព័ន្ធមួយ អោយទៅ។ 24 ពួកគេក៏នាំគ្នាចេញដំណើរតម្រង់ទៅតំបន់ភ្នំ រហូតដល់ជ្រលងភ្នំអេកុល រួចពិនិត្យមើលស្រុក។ 25 ពួកគេបាននាំយកផ្លែឈើពីស្រុកនោះមកបង្ហាញពួកយើង និងរាយការណ៍ប្រាប់ពួកយើងថា: “ស្រុកដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានមកយើង ជាស្រុកល្អណាស់”។ 26 ក៏ប៉ុន្តែ អ្នករាល់គ្នាពុំព្រមឡើងទៅស្រុកនោះទេ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា 27 អ្នករាល់គ្នារអ៊ូរទាំក្នុងតង់ត៍របស់អ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់ ស្អប់ពួកយើងហើយ បានជាព្រះអង្គនាំពួកយើងចេញពីស្រុកអេស៊ីប ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរី និងកំទេចពួកយើង។ 28 តើអោយយើងខ្ញុំឡើង ទៅណា? ពួកយើងគ្មានទឹកចិត្តនឹងឡើងទៅស្រុកនោះទេ ដ្បិតបងប្អូនរបស់យើងខ្ញុំរាយការណ៍ប្រាប់ពួកយើង ថាប្រជាជននៅស្រុកនោះខ្លាំងពូកែ ហើយមានមាឌធំជាងពួកយើង។ រីឯក្រុងរបស់ពួកគេជាក្រុងធំៗ និងមានកំពែងខ្ពស់កប់ពពក។ ពួកយើងក៏បានឃើញកូនចៅអណាក់ នៅស្រុកនោះដែរ”។ 29 ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “កុំភ័យតក់ស្លុត ហើយកុំខ្លាចពួកគេឡើយ។ 30 ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យាងនៅមុខអ្នករាល់គ្នា ព្រះអង្គនឹងប្រយុទ្ធដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានប្រយុទ្ធអោយអ្នករាល់គ្នាឃើញ នៅស្រុកអេស៊ីបដែរ។ 31 ក្រោយមក នៅវាលរហោស្ថាន តាមផ្លូវដែលអ្នករាល់គ្នាធ្វើដំណើររហូតមកដល់កន្លែងនេះ អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បីអ្នក ដូចឪពុកបីកូន។ 32 ប៉ុន្តែ នៅគ្រានោះ អ្នករាល់គ្នាពុំបានទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេ 33 ថ្វីដ្បិតតែព្រះអង្គ យាងនៅមុខអ្នករាល់គ្នា ដើម្បីរកកន្លែងអោយអ្នករាល់គ្នាបោះជំរំ។ ព្រះអង្គនាំមុខអ្នករាល់គ្នាក្នុងដុំភ្លើង ដើម្បីបំភ្លឺផ្លូវដែលអ្នករាល់គ្នាត្រូវដើរនៅពេលយប់ ហើយព្រះអង្គនាំមុខអ្នករាល់គ្នាក្នុងដុំពពក* នៅពេលថ្ងៃ”។
34 ពេលឮពាក្យអ្នករាល់គ្នារអ៊ូរទាំ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: 35 “ក្នុងចំណោមមនុស្សដ៏អាក្រក់នៅជំនាន់នេះ គ្មាននរណាម្នាក់អាចឃើញស្រុកដ៏ល្អ ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រគល់អោយបុព្វបុរសរបស់អ្នករាល់គ្នាឡើយ 36 លើកលែងតែកាលែប ជាកូនរបស់យេភូនេ។ កាលែបនឹងឃើញស្រុក ហើយយើងប្រគល់ស្រុកដែលគាត់បានដើរកាត់នោះអោយគាត់ និងកូនចៅរបស់គាត់ ដ្បិតគាត់បានដើរតាមព្រះអម្ចាស់ ឥតល្អៀងត្រង់ណាឡើយ”។ 37 ព្រោះតែអ្នករាល់គ្នា ព្រះអម្ចាស់ក៏ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “សូម្បីតែអ្នកក៏មិនចូលទៅស្រុកនោះដែរ។ 38 សហការីរបស់អ្នក គឺយ៉ូស៊ូអា ជាកូនរបស់នូន នឹងចូលទៅក្នុងស្រុក។ ដូច្នេះ ចូរពង្រឹងកម្លាំងរបស់គាត់ ព្រោះ គាត់នឹងនាំជនជាតិអ៊ីស្រាអែលចូលទៅកាន់កាប់ស្រុក ដែលជាចំណែកមត៌ករបស់ពួកគេ។ 39 រីឯកូនតូចៗរបស់អ្នក រាល់គ្នា ដែលអ្នករាល់គ្នាពោលថា ពួកគេមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង កូនរបស់អ្នករាល់គ្នាដែលសព្វថ្ងៃពុំទាន់ស្គាល់ការអាក្រក់ ឬល្អនៅឡើយ គឺពួកគេហើយដែលចូលទៅក្នុងស្រុកនោះ យើងនឹងប្រគល់ស្រុកអោយពួកគេ ហើយពួកគេនឹងកាន់កាប់ទឹកដីនោះ។ 40 ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រកក់វិញ”។
41 ពេលនោះ អ្នករាល់គ្នាឆ្លើយមកខ្ញុំថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ហេតុនេះយើងខ្ញុំនឹងឡើងទៅវាយយកស្រុក តាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ បានបង្គាប់យើងខ្ញុំ”។ ពេលនោះ អ្នករាល់គ្នាប្រដាប់អាវុធរៀងៗខ្លួន ព្រោះអ្នករាល់គ្នាគិតថាងាយស្រួលក្នុងការវាយយកតំបន់ភ្នំ។ 42 ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា “ចូរប្រាប់ពួកគេកុំអោយឡើងទៅវាយយកស្រុកនោះឡើយ ដ្បិតយើងមិនស្ថិតនៅក្នុងចំណោមអ្នករាល់គ្នាទេ ខ្មាំងសត្រូវមុខជាវាយអ្នករាល់គ្នាអោយបរាជ័យមិនខាន”។ 43 ខ្ញុំបានប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំស្ដាប់ឡើយ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ហើយនាំគ្នាឡើងទៅលើភ្នំដោយអួតអាង។ 44 ពេលនោះ ជនជាតិអាម៉ូរីដែលរស់នៅលើភ្នំ លើកទ័ពចេញមកតទល់នឹងអ្នករាល់គ្នា ហើយដេញតាមអ្នករាល់គ្នា ដូចឃ្មុំដេញទិច។ ពួកគេកំទេចអ្នករាល់គ្នានៅតំបន់ភ្នំសៀរ ហើយដេញតាមអ្នករាល់គ្នារហូតដល់ហ៊រម៉ា។ 45 ពេលត្រឡប់មកវិញ អ្នករាល់គ្នាយំសោកនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គពុំបានផ្ទៀងព្រះកាណ៌ស្ដាប់អ្នករាល់គ្នាទេ។ 46 អ្នករាល់គ្នាក៏រស់នៅត្រង់កាដែសនោះអស់រយៈពេលជាយូរថ្ងៃ។