ជំពូក ៣១
លោកយ៉ូសូអាទទួលមុខងារជំនួសលោកម៉ូសេ
1 លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលទៀតថា៖ 2 «ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា ខ្ញុំពុំអាចឆ្លងទន្លេយ័រ ដាន់នេះឡើយ។ 3 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងយាងនៅមុខអ្នក ព្រះអង្គនឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីអោយអ្នកដណ្ដើមយកស្រុកពីពួកគេ។ លោកយ៉ូស្វេនឹងធ្វើជាមេដឹកនាំរបស់អ្នក ដូចព្រះអម្ចាស់មានព្រះបន្ទូល។ 4 ព្រះអម្ចាស់នឹងកំទេចប្រជាជាតិទាំងនោះ ដូចព្រះអង្គបានកំទេចស៊ីហុន និងអុកជាស្ដេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។ 5 ព្រះអម្ចាស់ នឹងប្រគល់ប្រជាជាតិទាំងនោះមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកត្រូវប្រព្រឹត្តចំពោះពួកគេ តាមបញ្ជាដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ។ 6 ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេអោយសោះ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាព្រះរបស់អ្នក នឹងយាងទៅជាមួយអ្នក។ ព្រះអង្គមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
7 លោកម៉ូសេ ហៅលោកយ៉ូស៊ូអាមក ហើយមានប្រសាសន៍ទៅកាន់លោក នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ដ្បិតអ្នកត្រូវនាំប្រជាជននេះចូលទៅក្នុងស្រុក ដែលព្រះអម្ចាស់ បានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់អោយពួកគេ។ ដូច្នេះ អ្នកត្រូវនាំប្រជាជននេះទៅកាន់កាប់ទឹកដី ជាចំណែកមត៌ករបស់ពួកគេ។ 8 ព្រះអម្ចាស់ ផ្ទាល់នឹងយាងនៅមុខអ្នក ព្រះអង្គគង់នៅជាមួយអ្នក ហើយព្រះអង្គមិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះ កុំភ័យខ្លាច ឬតក់ស្លុតអោយសោះ»។
បញ្ជាអោយអានគម្ពីរវិន័យរៀងរាល់ប្រាំពីរឆ្នាំ
9 លោកម៉ូសេ បានសរសេរគម្ពីរវិន័យនេះប្រគល់ជូនពួកបូជាចារ្យ ជាកូនចៅលេវី ដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយលោកក៏ប្រគល់ជូនលោកព្រឹទ្ធាចារ្យទាំងអស់នៃជនជាតិអ៊ីស្រាអែលដែរ។ 10 លោកម៉ូសេបង្គាប់ដល់ពួកគេដូចតទៅ៖ «ប្រាំពីរឆ្នាំម្ដង គឺនៅឆ្នាំដែលត្រូវលុបបំណុល ក្នុងឱកាសបុណ្យបារាំ 11 ពេលជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស ចូរអានគម្ពីរវិន័យនេះនៅមុខជនជាតិអ៊ីស្រាអែលទាំងអស់ ដើម្បីអោយពួកគេបានឮ។ 12 ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងជនបរទេសដែលរស់នៅជាមួយអ្នក ដើម្បីអោយពួកគេឮគម្ពីរវិន័យនេះ ហើយរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងកាន់ និងអនុវត្តតាមអ្វីៗទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យនេះ។ 13 ចំណែកឯកូនចៅរបស់គេដែលពុំស្គាល់គម្ពីរវិន័យនេះ ក៏នឹងបានឮ ហើយរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ក្នុងពេលអ្នករាល់គ្នារស់នៅលើទឹកដី ដែលអ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
អ៊ីស្រាអែលនឹងក្បត់សម្ពន្ធមេត្រីរបស់ព្រះអម្ចាស់
14 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ឥឡូវនេះ ជិតដល់ថ្ងៃដែលអ្នកត្រូវស្លាប់ហើយ។ ចូរហៅយ៉ូស៊ូអាមក ហើយអ្នកទាំងពីរត្រូវឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ យើងនឹងចេញបញ្ជាដល់យ៉ូស៊ូអា»។ លោកម៉ូសេ និងលោកយ៉ូស៊ូអា នាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 15 ពេលនោះ ព្រះអម្ចាស់លេចមកអោយលោកទាំងពីរឃើញក្នុងដុំពពក នៅក្នុងពន្លា។ ដុំពពកនោះស្ថិតនៅមាត់ទ្វារពន្លា។
16 ព្រះអម្ចាស់មាន ព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បន្តិចទៀត អ្នកនឹងត្រូវស្លាប់។ ពេលនោះ ប្រជាជននឹងនាំគ្នាក្បត់យើង ហើយគោរពព្រះដទៃ ក្នុងស្រុកដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើង ដោយផ្ដាច់សម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ។ 17 នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងភាពអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីព្រះរបស់ខ្ញុំលែងគង់នៅជាមួយខ្ញុំ!”។ 18 នៅថ្ងៃនោះ យើងលែងរវីរវល់នឹងពួកគេទាំងស្រុង ព្រោះពួកគេប្រព្រឹត្តអំពើអាក្រក់ ដោយបែរទៅគោរពព្រះឯទៀតៗ។ 19 ចូរសរសេរបទចំរៀងនេះ ទុក ព្រមទាំងបង្រៀនជនជាតិអ៊ីស្រាអែលអោយចេះច្រៀង ហើយអោយបទចំរៀងនេះធ្វើជាសាក្សីរបស់យើង ប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ 20 យើងនឹងនាំជនជាតិ នេះចូលទៅក្នុងស្រុក ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់អោយពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ។ ពេលមានអាហារបរិភោគឆ្អែត បានធំធាត់ ពួកគេនឹងបែរចិត្តទៅរកព្រះដទៃ ហើយគោរពបំរើព្រះទាំងនោះ។ ពួកគេនឹងប្រមាថមាក់ងាយយើង ហើយផ្ដាច់សម្ពន្ធមេត្រីជាមួយយើង។ 21 នៅពេលមហន្តរាយ និងទុក្ខវេទនាជាច្រើន កើតមានដល់ពួកគេ បទចំរៀងនេះធ្វើជាសាក្សីទាស់នឹងពួកគេ សូម្បីតែពូជពង្សរបស់ពួកគេក៏ចេះច្រៀងបទនេះដែរ។ មុនពេលយើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងសន្យាយ៉ាងម៉ឺងម៉ាត់ ថាប្រគល់អោយពួកគេ យើងដឹងជាមុនថា ចិត្តរបស់ពួកគេប្រែប្រួល»។ 22 នៅថ្ងៃនោះ លោកម៉ូសេបានសរសេរបទចំរៀងនេះ ហើយបង្រៀនដល់កូនចៅអ៊ីស្រាអែល។
23 ព្រះអម្ចាស់ បង្គាប់លោកយ៉ូស៊ូអា ជាកូនរបស់លោកនូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំជនជាតិអ៊ីស្រាអែលចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់អោយពួកគេ។ យើងនឹងស្ថិតនៅជាមួយអ្នក»។
24 ពេលលោកម៉ូសេសរសេរព្រះបន្ទូលស្ដីអំពីវិន័យនេះទុកក្នុងគម្ពីរ ចប់សព្វគ្រប់ហើយ 25 លោកបង្គាប់ពួកលេវីដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ថា៖ 26 «ចូរយកគម្ពីរវិន័យនេះទៅទុកជាមួយហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ គម្ពីរនេះជាបន្ទាល់ទាស់នឹងអ្នក 27 ដ្បិតខ្ញុំដឹងថាអ្នកមានគំនិតបះបោរ និងមានចិត្តរឹងរូស។ ពេលខ្ញុំនៅរស់ អ្នកបះបោរប្រឆាំងនឹងព្រះអម្ចាស់យ៉ាងនេះទៅហើយ ចុះទំរាំបើខ្ញុំស្លាប់ តើអ្នកនឹងបះបោរយ៉ាងណាទៅទៀត! 28 ចូរប្រមូល ព្រឹទ្ធាចារ្យ*ទាំងអស់នៃកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ព្រមទាំងមេក្រុមអោយមកជួបខ្ញុំ ខ្ញុំនឹងអោយពួកគេឮព្រះបន្ទូលទាំងនេះ។ ខ្ញុំក៏យកមេឃ និងដីធ្វើជាសាក្សីទាស់នឹងពួកគេដែរ 29 ដ្បិតខ្ញុំដឹងថា ពេលខ្ញុំលាចាកលោកនេះទៅ អ្នករាល់គ្នានឹងក្បត់ព្រះជាម្ចាស់ ដោយងាកចេញពីមាគ៌ាដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ពេលអនាគត អ្នករាល់គ្នានឹងប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ រហូតបណ្ដាលអោយព្រះអង្គទ្រង់ព្រះពិរោធ ហើយទុក្ខវេទនានឹងកើតមានដល់អ្នករាល់គ្នា»។
30 លោក ម៉ូសេបានថ្លែងសេចក្ដីទាំងប៉ុន្មានដែលមាននៅក្នុងបទចំរៀងនេះ អោយអង្គប្រជុំទាំងមូលនៃជនជាតិអ៊ីស្រាអែលស្ដាប់ រហូតដល់ចប់។