ជំពូក ២០
ច្បាប់អំពីការចូលបំរើកងទ័ព
1 «ពេលណាអ្នកចេញទៅធ្វើ សឹកសង្គ្រាម ហើយអ្នកឃើញថា សត្រូវមានទ័ពសេះ រទេះចំបាំង និងពលទាហានច្រើនជាង មិនត្រូវខ្លាចពួកគេឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ទ្រង់គង់នៅជាមួយអ្នក។ 2 មុនពេលចូលប្រយុទ្ធ បូជាចារ្យ*ត្រូវចេញទៅឈរនៅមុខពលទាហាន ហើយនិយាយទៅកាន់ពួកគេដូចតទៅ: 3 “អ៊ីស្រាអែលអើយ ចូរស្ដាប់! ថ្ងៃនេះ អ្នករាល់គ្នាត្រូវចូលទៅប្រយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវបាក់ទឹកចិត្ត ភ័យខ្លាច ញ័ររន្ធត់ និងតក់ស្លុតនៅចំពោះមុខពួកគេឡើយ 4 ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យាងទៅច្បាំងជាមួយអ្នករាល់គ្នា ដើម្បីវាយប្រហារខ្មាំងសត្រូវជំនួសអ្នករាល់គ្នា ហើយប្រទានអោយអ្នករាល់គ្នាមានជ័យជំនះ”។
5 បន្ទាប់ មក ពួកមេទ័ពត្រូវនិយាយទៅកាន់ពលទាហានថា: “ក្នុងចំណោមអ្នករាល់គ្នា បើមាននរណាម្នាក់ទើបនឹងសង់ផ្ទះថ្មី ហើយពុំទាន់បានឡើងផ្ទះនៅឡើយ ចូរអោយអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតឡើងផ្ទះជំនួស។ 6 បើមាននរណាម្នាក់ដាំ ទំពាំងបាយជូរ ហើយពុំទាន់បានទទួលផលនៅឡើយ ចូរអោយអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតទទួលផលជំនួស។ 7 បើនរណាម្នាក់មាន គូដណ្ដឹង តែមិនទាន់បានរៀបការជាមួយនាងនៅឡើយ ចូរអោយអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតរៀបការនឹងនាង”។ 8 នាយទាហានត្រូវនិយាយទៅ កាន់ពលទ័ពទៀតថា: “បើនរណាភ័យខ្លាច ឬគ្មានទឹកចិត្តក្លាហានទេ ចូរអោយអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេនាំអោយបងប្អូនឯទៀតៗបាក់ទឹកចិត្តដូចខ្លួនដែរ”។ 9 ពេលមេទ័ពនិយាយបែបនេះទៅកាន់ពលទាហានហើយ ពួកគេក៏ចាត់តាំងអោយមានមេក្រុម នាំមុខពលទាហានទាំងនោះ»។
ច្បាប់អំពីការឡោមព័ទ្ធក្រុង
10 «ពេលណាអ្នកចូលទៅជិតក្រុងមួយ ដើម្បីវាយយកក្រុងនោះ ត្រូវស្នើអោយពួកគេចុះចូលជាមុនសិន។ 11 ប្រសិនបើអ្នកក្រុង នោះយល់ព្រមទទួលសំណើ ហើយបើកទ្វារក្រុងអោយអ្នកចូល ប្រជាជនទាំងមូលក្នុងក្រុងនោះត្រូវតែចំណុះអ្នក ហើយធ្វើការបំរើអ្នក។ 12 ប្រសិនបើអ្នកក្រុងនោះមិនព្រមទទួលសំណើ ហើយចង់ធ្វើសឹកជាមួយអ្នក ត្រូវឡោមព័ទ្ធទីក្រុង 13 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកត្រូវប្រហារប្រុសៗទាំងអស់របស់ពួកគេ ដោយមុខដាវ។ 14 ចំណែកឯស្រីៗ ក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មាននៅក្នុងទីក្រុង អ្នកអាចរឹបអូសជាជ័យភ័ណ្ឌ អ្នកអាចបរិភោគសាច់របស់សត្វរឹបអូសយកពីខ្មាំងសត្រូវ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក។ 15 អ្នកត្រូវប្រព្រឹត្ត បែបនេះចំពោះក្រុងទាំងអស់ដែលនៅឆ្ងាយៗពីអ្នក ជាក្រុងដែលមិនស្ថិតនៅក្នុងចំណោមក្រុងរបស់ប្រជាជាតិទាំងនេះទេ។ 16 រីឯក្រុងរបស់ជាតិសាសន៍ទាំងឡាយដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក ជាកេរមត៌ក អ្នកមិនត្រូវទុកជីវិតអោយនរណាម្នាក់សោះឡើយ 17 គឺអ្នកត្រូវបំផ្លាញ ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរេស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ទុក។ 18 ធ្វើដូច្នេះ ពួកគេនឹងមិនបង្រៀនអ្នករាល់គ្នា អោយប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដែលពួកគេធ្លាប់ប្រព្រឹត្តចំពោះព្រះរបស់ខ្លួន ជាអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ 19 ប្រសិនបើអ្នក ឡោមព័ទ្ធទីក្រុងមួយ អស់រយៈពេលយ៉ាងយូរ ដើម្បីវាយដណ្ដើមយកក្រុងនោះ អ្នកមិនត្រូវយកពូថៅកាប់បំផ្លាញដើមឈើ នៅទីនោះឡើយ។ ត្រូវបរិភោគផ្លែឈើនោះ គឺកុំកាប់វាចោលអោយសោះ ដ្បិតដើមឈើនៅតាមចំការមិនមែនជាមនុស្សទេ ដូច្នេះ កុំធ្វើសឹកនឹងដើមឈើទាំងនោះ។ 20 ក៏ប៉ុន្តែ ដើមឈើណាដែលអ្នកឃើញថាមិនមែនជាដើមឈើស៊ីផ្លែ អ្នកអាចកាប់ដើមឈើនោះយកទៅធ្វើជាជញ្ជាំង ដើម្បីវាយលុកក្រុងដែលអ្នកធ្វើសឹក រហូតដល់អ្នកវាយយកក្រុងនោះបាន»។