ជំពូក ១០
រូបកូនគោមាសៈព្រះអម្ចាស់អត់ទោសអោយប្រជាជនអ៊ីស្រាអែល
1 «នៅគ្រានោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “ចូរដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន រួចឡើងទៅជួបយើងនៅលើភ្នំ។ ចូរធ្វើហិបមួយពីឈើដែរ។ 2 យើងនឹងសរសេរសេចក្ដី ទាំងប៉ុន្មាន ដែលមានចារឹកលើបន្ទះថ្មពីមុន នៅលើបន្ទះថ្មថ្មី ហើយអ្នកត្រូវទុកបន្ទះថ្មនេះនៅក្នុងហិប”។ 3 ខ្ញុំក៏បានធ្វើហិប មួយពីឈើនាងនួន ហើយដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ រួចខ្ញុំឡើងទៅលើភ្នំ ដោយកាន់ថ្មទាំងពីរបន្ទះទៅជាមួយផង។ 4 ព្រះអម្ចាស់ បានចារសេចក្ដីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺបទបញ្ជាទាំងដប់ប្រការ ដែលព្រះអង្គបានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលអ្នករាល់គ្នាជួបជុំគ្នា រួចហើយព្រះអម្ចាស់ប្រគល់បន្ទះថ្មទាំងពីរមកអោយខ្ញុំ។ 5 ខ្ញុំចុះពីភ្នំមកវិញ ដាក់បន្ទះថ្មនៅក្នុងហិបដែលខ្ញុំបានធ្វើ ហើយបន្ទះថ្មក៏នៅក្នុងហិបនោះរហូត ដូចព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។
6 ជនជាតិ អ៊ីស្រាអែលចេញដំណើរពីបេរ៉ូត-បេណេ-យ៉ាកានឆ្ពោះទៅម៉ូសេរ៉ា។ នៅទីនោះ លោកអរ៉ុនបានទទួលមរណភាព ហើយគេក៏បញ្ចុះសពលោក។ លោកអេឡាសារ ជាកូន បានទទួលមុខងារជាបូជាចារ្យបន្តពីលោក។ 7 បន្ទាប់មក ពួកគេចេញដំណើរពីទីនោះ ឆ្ពោះទៅកាន់គុឌកូដា ហើយចេញពីគុឌកូដា ឆ្ពោះទៅកាន់យ៉ូតបាតា ជាស្រុកដែលមានទឹកអូរច្រើន។ 8 នៅគ្រានោះ ព្រះអម្ចាស់បានញែកកុលសម្ព័ន្ធលេវីទុកដោយឡែក ដើម្បីអោយពួកគេសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ អោយពួកគេបំរើព្រះអង្គ និងជូនពរដល់ប្រជាជនក្នុងនាមព្រះអង្គ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។ 9 ហេតុនេះហើយបានជាពួកលេវីគ្មានចំណែកមត៌កអ្វី រួមជាមួយបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ផ្ទាល់ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក មានព្រះបន្ទូលប្រាប់ពួកគេ។
10 «ខ្ញុំស្ថិតនៅលើភ្នំចំនួនសែសិបថ្ងៃ សែសិបយប់ដូចពីមុន។ ព្រះអម្ចាស់ យល់ព្រមស្ដាប់តាមពាក្យទូលអង្វររបស់ខ្ញុំសាជាថ្មី ព្រះអង្គមិនចង់បំផ្លាញអ្នកទេ។ 11 ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា: “ចូរក្រោកឡើង ដើរនាំមុខប្រជាជននេះ។ ចូរអោយពួកគេចូលកាន់កាប់ទឹកដី ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថា នឹងប្រគល់អោយពួកគេ”»។
ការទូន្មានអោយស្រឡាញ់ និងស្ដាប់បង្គាប់ព្រះអម្ចាស់
12 ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក សព្វព្រះហឫទ័យអោយអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយអោយអ្នកស្រឡាញ់ និងគោរពបំរើព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។ 13 ព្រះអម្ចាស់ សព្វព្រះហឫទ័យអោយអ្នកកាន់តាមបទបញ្ជា និងច្បាប់ផ្សេងៗរបស់ព្រះអង្គ ដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ ដើម្បីអ្នកមានសុភមង្គល។ 14 ផ្ទៃមេឃ អាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ 15 ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ព្រះអម្ចាស់ជំពាក់ព្រះហឫទ័យ និងស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គក៏បានជ្រើសរើសអ្នករាល់គ្នា ដែលជាពូជពង្សរបស់ពួកលោកដែរ ដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។ 16 ចូរថ្វាយចិត្តគំនិតទៅព្រះអង្គ ហើយកុំមានចិត្តរឹងរូសអោយសោះ 17 ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទ្រង់ជាព្រះលើព្រះនានា ជាព្រះអម្ចាស់លើព្រះអម្ចាស់នានា។ ព្រះអង្គជាព្រះដ៏ឧត្ដម ប្រកបដោយព្រះចេស្ដា និងគួរអោយស្ញែងខ្លាច។ ព្រះអង្គមិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។ 18 ព្រះអង្គរកយុត្តិធម៌ អោយក្មេងកំព្រា និងស្ត្រីមេម៉ាយ ព្រះអង្គស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និងសម្លៀកបំពាក់អោយពួកគេ។ 19 អ្នករាល់គ្នាត្រូវ ស្រឡាញ់ជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។
20 «ចូរគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រូវគោរពបំរើព្រះអង្គ ជំពាក់ចិត្តលើព្រះអង្គ ហើយស្បថក្នុងនាមព្រះអង្គតែប៉ុណ្ណោះ។ 21 ចូរលើកតម្កើងតែ ព្រះអង្គប៉ុណ្ណោះ ព្រះអង្គជាព្រះរបស់អ្នក គឺព្រះអង្គហើយដែលបានធ្វើការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងចំណោមអ្នក ដូចអ្នកបានឃើញស្រាប់។ 22 កាលបុព្វបុរសរបស់អ្នកចុះទៅនៅស្រុកអេស៊ីប ពួកគេមានគ្នាតែចិតសិបនាក់ប៉ុណ្ណោះ។ ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើអោយអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ»។