ជំពូក ៤

ចូរ​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះជាម្ចាស់!

1 «ឥឡូវ​នេះ អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់ ហើយ​ប្រតិបត្តិ​តាម​ ក្រឹត្យ​វិន័យ និងបទបញ្ជា​ផ្សេងៗ​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ប្រគល់​អោយ​អ្នក​រាល់​គ្នា។ 2 មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី ទៅ​លើ​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ត្រូវ​ធ្វើ​តាមសេច​ក្ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បង្គាប់​អោយ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ខ្ញុំ​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា។ 3 អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុការណ៍​ដែល​ព្រះអម្ចាស់​បាន​ធ្វើ នៅ​គ្រា​ដែល​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប​ជា​មួយ​ព្រះ​បាល-ពេអ៊រ។ ព្រះ​អម្ចាស់​ប្រហារ​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បាន​ចូល​រួម​ថ្វាយបង្គំ​ព្រះ​បាល-ពេអ៊រ 4 ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នៅ​រស់​រាន​រហូត​មក​ទល់​សព្វ​ថ្ងៃ។

5 អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាមក្រឹត្យ​វិន័យ និងបទបញ្ជា​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា ដូច​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។ 6 អ្នក​រាល់​គ្នា​ត្រូវ​ កាន់ ព្រម​ទាំង​ប្រតិបត្តិ​តាម​ក្រឹត្យ​វិន័យ និងបទបញ្ជា​ទាំង​នោះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ចំពោះ​មុខ​ជាតិ​សាសន៍​នានា។ ពេល​ឮ​អំពី​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន ពួក​គេ​នឹង​ពោល​ថា ប្រជាជាតិ​ដ៏​ធំ​នេះ​ពិត​ជា​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មែន!។ 7 តើ​ប្រជាជាតិ​ដ៏​ធំ​ណា​មួយ​មាន​ព្រះ​ដែល​គង់​នៅ​ជិត​គេ ដូច​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​យើង​គង់​នៅ​ជិត​យើង គ្រប់​ពេល​យើង​អង្វរ​រក​ព្រះអង្គ? 8 តើ​ប្រជាជាតិ​ដ៏​ធំ​ណា​ មួយ​មានក្រឹត្យ​វិន័យ និងបទ​បញ្ជា​​ត្រឹម​ត្រូវ ដូចវិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ?»។

គ្រាដែល​ព្រះអម្ចាស់​ប្រទានវិន័យនៅ​ភ្នំ​ហូរែប

9 «ហេតុ​នេះ ចូរ​ប្រយ័ត្ន ហើយ​ប្រុង​ស្មារតី​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក ដើម្បី​កុំ​អោយ​ភ្លេច​ហេតុការណ៍​ដែល​អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក្រែង​លោ​ចិត្ត​របស់​អ្នក​លែង​នឹក​នា​ដល់​ហេតុការណ៍​នោះ។ ចូរ​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​អោយ​ដឹង​អំពី​ហេតុការណ៍​នេះ​ដែរ។ 10 ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ដែល​អ្នក​មក​គាល់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​ភ្នំ​ហូរែប គឺ​នៅ​ថ្ងៃ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រមូល​ប្រជាជន​អោយ​មក​ជួប​នឹង​យើង ដ្បិត​យើង​ចង់​អោយ​ពួក​គេ​ឮ​ព្រះបន្ទូល​របស់​យើង ដើម្បី​អោយ​ពួក​គេ​គោរព​កោត​ខ្លាច​យើង​អស់​មួយ​ជីវិត ដែល​ពួក​គេ​រស់​នៅ​លើ​ផែនដី ព្រម​ទាំង​អោយ​ពួក​គេ​បង្រៀន​ព្រះបន្ទូល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន”។ 11 អ្នក​រាល់​គ្នា​បាន​ចូល ​ទៅ​ជិត​ភ្នំ ហើយ​ឈរ​នៅ​ជើង​ភ្នំ។ ពេល​នោះ មាន​ភ្លើង​ឆាបឆេះ​ភ្នំ អណ្ដាត​ភ្លើង​នេះ​ឡើង​ទៅ​ដល់​អាកាសវេហាស៍ មាន​ភាព​ងងឹត មាន​ពពក និង​អ័ព្ទ។ 12 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ពី​ក្នុង​ភ្លើង​នោះ​មក​កាន់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះអង្គ​មាន​ភិនភាគ​ដូច​ម្ដេច​ឡើយ គឺ​ឮ​តែ​ព្រះសូរសៀង​ប៉ុណ្ណោះ។ 13 ព្រះអង្គ​បាន​បង្ហាញ​ សម្ពន្ធមេត្រី​របស់​ព្រះអង្គ​ដល់​អ្នក​រាល់​គ្នា គឺ​ព្រះអង្គ​ប្រទាន​បទ​បញ្ជា​ទាំង​ដប់​ប្រការ​អោយ​អ្នក​រាល់​គ្នា​ ប្រតិបត្តិ​តាម។ ព្រះអង្គ​បាន​ចារ​ច្បាប់ និង​វិន័យ​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ។
14 នៅ​គ្រា​នោះ ព្រះអម្ចាស់​បាន​បង្គាប់​អោយ​ខ្ញុំ​បង្រៀន​អ្នក​ រាល់​គ្នា​អំពីក្រឹត្យ​វិន័យ និងបទបញ្ជាដើម្បី​អោយ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់»។

បំរាម​គោរព​ព្រះ​ក្លែងក្លាយ

15 «នៅ​ថ្ងៃ​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​ភ្នំ​ហូរែប អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះអង្គ​មាន​ភិនភាគ​បែប​ណា​ឡើយ ហេតុ​នេះ តោង​ប្រយ័ត្ន​ស្មារតី 16 ក្រែង​លោ​អ្នក​រាល់​ គ្នា​បណ្ដាល​អោយ​ខ្លួន​មាន​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ​ជា​រូប​តំណាង​ព្រះ​ណា​មួយ ទោះ​បី​ជា​រូប​មនុស្ស​ប្រុស​ស្រី 17 រូប​សត្វ​នៅ​លើ​ដី ឬ​សត្វ​ស្លាប​ហើរ​នៅ​លើ​មេឃ 18 រូប​សត្វ​លូន​វារ ឬ​រូប​ត្រី​នៅ​ក្នុង​ទឹក។ 19 ពេល​ណា​អ្នក​ងើយ​សម្លឹង ​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំងឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្ដោយ​ខ្លួន​អោយ​ក្រាប​ថ្វាយបង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ ឡើយ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បណ្ដោយ​អោយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយបង្គំ​ផ្កាយ​ទាំង​នោះ។ 20 ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ព្រះអម្ចាស់​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ទាសភាព ​នៅ​ស្រុក​អេស៊ីប ដើម្បី​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជាជន​របស់​ព្រះអង្គ​ផ្ទាល់ ដូច​សព្វ​ថ្ងៃ។

21 ព្រះអម្ចាស់​ ទ្រង់​ព្រះពិរោធ​នឹង​ខ្ញុំ ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ថា ខ្ញុំ​នឹង​មិន​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ប្រគល់​អោយ​អ្នក ទុក​ជា​កេរមត៌ក​ឡើយ។ 22 ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ ខ្ញុំ​នឹង​មិន​ឆ្លង​ទន្លេ​យ័រដាន់​ទេ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទៅ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នោះ។ 23 ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បំភ្លេច​សម្ពន្ធមេត្រី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ចង​ជា​មួយ​អ្នក​អោយ​សោះ។ កុំ​ធ្វើ​រូប​ចម្លាក់ ឬ​រូប​តំណាង​អ្វី​មួយ ផ្ទុយ​ពី​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ហាម​ឡើយ 24 ដ្បិត​ព្រះអម្ចាស់ ព្រះ​របស់​អ្នក ជា​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ ព្រះអង្គ​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ជា​ដាច់​ខាត។

25 ពេល​ណា​ អ្នក​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ អ្នក​រាល់​គ្នា​នឹង​បង្កើត​កូន​ចៅ​តៗ​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​បណ្ដោយ​ខ្លួន អោយ​ប្រព្រឹត្ត​អំពើ​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ឬ​រូប​តំណាង​អ្វីៗ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ 26 ថ្ងៃ​នេះ ខ្ញុំ​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​បាត់​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ ដោយ​ការ​ស្លាប់​យ៉ាង​ទាន់ហន់។ អ្នក​រាល់​គ្នា​ពុំ​អាច​មាន​អាយុ​វែង​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ទាំង​អស់​គ្នា។ 27 ព្រះ​អម្ចាស់​ នឹង​កំចាត់កំចាយ​អ្នក​រាល់​គ្នា អោយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន​ជាតិ​ភាគ​តិច ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ដែល ព្រះអម្ចាស់​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។ 28 នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ថ្វាយបង្គំ​ព្រះ​ដែល​ជា​ស្នាដៃ​របស់​មនុស្ស ជា​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ មិន​ចេះ​បរិភោគ ហើយ​ក៏​មិន​ដឹង​អ្វី​ទាំង​អស់។ 29 នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ព្រះអង្គ​មិន​ខាន។ 30 នៅ​ពេល​ខាង​មុខ កាល​ហេតុការណ៍​ទាំង​នេះ​កើត​មាន ហើយ​អ្នក​រង​ទុក្ខ​លំបាក អ្នក​នឹង​វិល​មក​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​វិញ អ្នក​នឹង​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអង្គ 31 ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រកប​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បំផ្លាញ​អ្នក​ដែរ។ ព្រះអង្គ​នឹក​ឃើញ​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​អ្នក​ជានិច្ច»។

ឯកសិទ្ធិ​របស់​ជន​ជាតិ​អ៊ីស្រាអែល

32 «ចូរ​សាក​សួរ​មើល​ចុះ ថា​តើ​នៅ​ជំនាន់​ដើម គឺ​តាំង​ពី​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បង្កើត​មនុស្ស​នៅ​លើ​ផែនដី​នេះ ហើយ​ចាប់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត តើ​ធ្លាប់​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បែប​នេះ ឬ​ក៏​មាន​នរណា​ធ្លាប់​ឮ​ហេតុការណ៍​ដ៏​ចម្លែក​បែប​នេះ​ទេ?។ 33 តើ​មាន​ជាតិ​សាសន៍​មួយ​ ណា​ធ្លាប់​បាន​ឮ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ពី​ក្នុង​ភ្លើង​ដូច​អ្នក​បាន​ ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឬ​ទេ? 34 តើ​ដែល​មាន​ព្រះ​ណា​ ខិតខំ​រំដោះ​ប្រជាជាតិ​មួយ​ចេញ​ពី​ប្រជាជាតិ​មួយ​ទៀត អោយ​ធ្វើ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សំគាល់ ឫទ្ធិបាដិហារិយ៍ ហើយ​ប្រយុទ្ធ​ជំនួស​គេ​ដោយ​ឫទ្ធិបារមី និង​តេជានុភាព​ដ៏​ខ្លាំងក្លា​គួរ​ស្ញែង​ខ្លាច ដូច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប​ អោយ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ? 35 អ្នក​បាន​ឃើញ​ការ​ទាំង​នោះ ដើម្បី​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​ពិត​ជា​ព្រះជាម្ចាស់​មែន ក្រៅ​ពី​ព្រះអង្គ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។
36 ព្រះអង្គ ​បាន​អោយ​អ្នក​ឮ​ព្រះសូរសៀង​ពី​លើ​មេឃ​មក ដើម្បី​អប់រំ​អ្នក។ ព្រះអង្គ​អោយ​អ្នក​ឃើញ​ភ្លើង​ដ៏​សន្ធោសន្ធៅ​នៅ​លើ​ផែនដី​នេះ ហើយ​អ្នក​បាន​ឮ ព្រះសូរសៀង​របស់​ព្រះអង្គ ពី​ក្នុង​ភ្លើង​នោះ​មក។
37 ព្រះអង្គ ​បាន​ស្រឡាញ់​បុព្វបុរស​របស់​អ្នក ហើយ​បាន​ជ្រើស​រើស​ពូជពង្ស​របស់​ពួក​គេ នៅ​ជំនាន់​ក្រោយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ផ្ទាល់​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិឫទ្ធិ​របស់​ព្រះអង្គ។
37 ព្រះអង្គ ​បាន​បណ្ដេញ​ប្រជាជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក ដើម្បី​អោយ​អ្នក​ចូល​កាន់​កាប់​ស្រុក​របស់​គេ ហើយ​ព្រះអង្គ​ប្រគល់​ស្រុក​នោះ​មក​អោយ​អ្នក​ទុក​ជា​កេរមត៌ក ដូច​អ្នក​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់។ 39 ដូច្នេះ ចូរ​ទទួល​ស្គាល់​នៅ​ថ្ងៃ​នេះ ហើយ​ចង​ចាំ​ថា ព្រះអម្ចាស់​ពិត​ជា​ព្រះជាម្ចាស់ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។ 40 អ្នក​ត្រូវ​កាន់​តាម​ក្រឹត្យវន័យ និង​បទ​បញ្ជា​របស់​ព្រះអង្គ ដែល​ខ្ញុំ​បាន​ប្រគល់​អោយ​អ្នក​ក្នុង​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​មាន​សុភមង្គល គឺ​ទាំង​អ្នក​ទាំង​កូន​ចៅ​របស់​អ្នក ហើយ​អោយ​អ្នក​មាន​អាយុ​យឺនយូរ​នៅ​លើ​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​រហូត​ត​ទៅ»។

ក្រុង​ជំរក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់

41 ពេល​នោះ លោក​ម៉ូសេ​បាន​ញែក​ក្រុង​បី នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ដោយ​ឡែក 42 ធ្វើ​ជា​ក្រុង​ជំរក​ សំរាប់​អោយ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន គឺ​អ្នក​ដែល​បាន​សម្លាប់​គេ ដោយ​គ្មាន​ចិត្ត​ស្អប់​ពី​មុន អាច​រត់​ភៀស​ខ្លួន​មក​ជ្រក​នៅ​ក្នុង​ក្រុង​ណា​មួយ ក្នុង​ចំណោម​ក្រុង​ទាំង​បី ដើម្បី​បាន​រួច​ជីវិត។ 43 ក្រុង​ទាំង​នោះ​គឺ: ក្រុង​បេស៊ែរ នៅ​វាល​រហោស្ថាន​នៃ​ខ្ពង់​រាប​ក្នុង​ទឹក​ដី​រូបេន ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ក្នុង​ទឹក​ដី​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​ក្នុង​ទឹក​ដី​ម៉ាណាសេ។

សុន្ទរកថា​ទី​ពីរ​របស់​លោក​ម៉ូសេ

ព្រះបន្ទូល​ទាំង​ដប់​ប្រការ

44 នេះ​ជាវិន័យ ​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល។ 45 លោក​ម៉ូសេ​បាន​ប្រកាស​​វិន័យ និងបទបញ្ជា​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល នៅ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប 46 នា​ត្រើយ​ខាង​កើត​ទន្លេ ​យ័រដាន់ ត្រង់​ជ្រលង​ភ្នំ​ទល់​មុខ​នឹង​បាលពេអ៊រ គឺ​នៅ​ស្រុក​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី នៅ​ក្រុង​ហេសបូន។ លោក​ម៉ូសេ និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ស្ដេច​នេះ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប 47 ហើយ​ដណ្ដើម​យក​ទឹក​ដី​ របស់​ស្ដេច​នេះ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន មក​កាន់​កាប់។ ពី​មុន ស្ដេច​ទាំង​ពីរ​អង្គ​របស់​ជន​ជាតិ​អាម៉ូរី​គ្រប់គ្រង​ត្រើយ​​​ខាង​កើត​ទន្លេ​ យ័រដាន់ 48 ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ែរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អារណូន រហូត​ដល់​ភ្នំ​ស៊ីអូន ដែល​មាន​ឈ្មោះ​ថា​ភ្នំ​ហ៊ែរម៉ូន 49 វាល​ទំនាប​អារ៉ាបា​ទាំង​មូល ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ រហូត​ដល់​សមុទ្រ​អារ៉ាបា ដែល​នៅ​ជើង​ភ្នំ​ពីស្កា។