ពាក្យ​លំនាំ

លោក​នេហេមី​រស់​នៅ​ជំនាន់​លោក​បូជា‌ចារ្យ​អែសរ៉ា​ដែរ។ លោក​ជា​មន្ត្រី​មួយ​រូប​ដ៏​សំខាន់​របស់​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស ជា​អធិ‌រាជ​របស់​ចក្រ‌ភព​ពែរ្ស។ លោក​បាន​ទទួល​រាជា‌នុញ្ញាត​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដើម្បី​ស្តារ​ស្រុក​ទេស​ឡើង​វិញ ផ្នែក​ខាង​នយោ‌បាយ សេដ្ឋ‌កិច្ច និង​សង្គម‌កិច្ច (១.១‑២.១០)។ ពេល​ទៅ​ដល់ ទោះ‌បី​មាន​ការ​ប្រឆាំង​ពី​សំណាក់​បច្ចា‌មិត្ត​មួយ​ចំនួន​ក្តី ក៏​មាន​ជន​រួម​ជាតិ​របស់​លោក​ជា​ច្រើន​បាន​ជួយ​គាំ‌ទ្រ​លោក ក្នុង​ការ​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ (២.១១‑៧.៧២)។ បន្ទាប់​មក លោក​បាន​រួម​សហ‌ការ​ជា​មួយ​លោក​បូជា‌ចារ្យ​អែសរ៉ា ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​ផ្សេងៗ ហើយ​នៅ​ពេល​នោះ លោក​អែសរ៉ា​អាន​គម្ពីរ‌វិន័យ​ឲ្យ​ប្រជាជន​ស្ដាប់។ ក្រុម​លេវី​មាន​ភារ‌កិច្ច​ពន្យល់​គម្ពីរ‌វិន័យ និង​បក​ប្រែ​ឲ្យ​អស់​អ្នក​ដែល​ពុំ​យល់​ភាសា​ហេប្រឺ​ស្ដាប់។ ដូច្នេះ ប្រជាជន​នាំ​គ្នា​ប្ដេជ្ញា‌ចិត្ត​សម្ដែង​ភក្តី‌ភាព​ចំពោះ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី (៨.១‑១០.៤០)។ ក្រោយ​ពី​បាន​រៀប‌ចំ​សណ្ដាប់‌ធ្នាប់​សម្រាប់​ស្រុក​ទេស ជា​ពិសេស សណ្ដាប់‌ធ្នាប់​ផ្នែក​នយោ‌បាយ​ចប់​សព្វ​គ្រប់​ហើយ (១១.១‑១២.២៦) លោក​នេហេមី​នាំ​មុខ​ប្រជាជន​ធ្វើ​ពិធី​សម្ពោធ​កំពែង​ក្រុង ដែល​គេ​ទើប​នឹង​សង់​រួច (១២.២៧-៤៣)។ បន្ទាប់​មក​ទៀត លោក​រៀប‌ចំ​កែ​ទម្រង់​ខ្លះ​ផ្នែក​ខាង​ជំនឿ​សាសនា (១២.៤៤-១៣.៣១)។

គម្ពីរ​នេហេមី​បង្ហាញ​ឲ្យ​យើង​ស្គាល់​មនុស្ស​ម្នាក់ ដែល​មាន​ចិត្ត​ពុះ‌ពារ ធ្វើ​សកម្ម‌ភាព​ផ្សេងៗ ដើម្បី​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ‌ជាម្ចាស់ និង​ជាតិ​មាតុ‌ភូមិ។ លោក​នេហេមី​ជា​មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់ មាន​ចិត្ត​ក្លា‌ហាន ហើយ​បំពេញ​កិច្ច‌ការ​ទាំង​អស់​ដោយ​អធិ‌ស្ឋាន។