ពាក្យលំនាំ
ទុតិយកថា
(ចោទិយកថា)
ក្នុងព្រះគម្ពីរបកប្រែមុន ក័ណ្ឌគម្ពីរនេះមានឈ្មោះថា «ចោទិយកថា» ។ ដោយប្រជាជនភាគច្រើនមិនស្គាល់ពាក្យ « ចោទិយកថា »នេះ យើងបានដូរមកជា « ទុតិយកថា » ដើម្បីអោយត្រឹមត្រូវតាមភាសាខ្មែរផង ហើយមានអត្ថន័យចំនឹង គម្ពីរផង។ ពាក្យ « ទុតិយកថា » មានន័យថា «កថាទីពីរ» ពោលគឺ«កថាដែលរំលឹកអំពីវិន័យឡើងវិញ»។
ផ្នែកខាងចុងនៃគម្ពីរ«ជំរឿនប្រជាជន»មានបរិយាយអំពីជនជាតិអ៉ីស្រាអែលចូលទៅជិតដល់ទឹកដីសន្យា។បន្ទាប់មកក្នុងក័ណ្ឌ គម្ពីរ «ទុតិយកថា» មានចែងអំពីសុន្ទរកថាដែលលោកម៉ូសេបានថ្លែងទៅកាន់ប្រជាជនអ៉ីស្រាអែល (១.១-៤.៤៣;៤.៤៤-២៨.៦៨និង២៨.៦៩-៣០.២០)។ក្នុងសុន្ទរកថាទាំងនោះ លោកម៉ូសេរំលឹកអំពីការអស្ចារ្យដែលព្រះជាម្ចាស់បានធ្វើដើម្បី សំដែងនូវព្រះហប្ញទ័យស្រឡាញ់ដ៏ស្មោះស្ម័គ្រ ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ។ ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយពួកគេព្រះអង្គដឹកនាំពួកគេអស់រយៈ ពេលសែសិបឆ្នាំក្នុងវាលរហោស្ថានដោយការពារពួកគេអោយរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ហើយប្រទានវិន័យអោយពួកគេ កាន់តាម ដោយមានព្រះបន្ទូលសន្យាជាប់ជាមួយ ផង។
ក័ណ្ឌគម្ពីរទុតិយកថា មិនត្រឹមតែរំលឹកឡើងវិញ នូវវិន័យច្បាប់និងបញ្ញត្តិរបស់ព្រះជាម្ចាស់ដែលមានចែងទុកក្នុងគម្ពីរ វិន័យមុនៗប៉ុណ្ណោះទេ តែសុន្ទរកថារបស់លោកម៉ូសេដាស់តឿនប្រជាជនអ៉ីស្រាអែលអោយនឹកដល់ព្រះហប្ញទ័យស្មោះស្ម័គ្រ របស់ព្រះជាម្ចាស់ ហើយលើកទឹកចិត្តពួកគេអោយរួមរស់ជាមួយព្រះអង្គយ៉ាងជិតស្និទ្ធ : «អ៉ីស្រាអែលអើយចូរស្តាប់! មាន តែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គ គត់ដែលពិតជាព្រះអម្ចាស់។អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់ អ្នក អោយ អស់ពី ចិត្តគំនិតអស់ពីស្មារតី និង អស់ពីកម្លាំងកាយ» (៦.៤-៥)។
បួនចំពូកចុងក្រោយនៃក័ណ្ឌគម្ពីរនេះ មានអត្ថបទពីរ ដែលមានលក្ខណៈជាកំណាព្យ គឺទំនុកតម្កើងរបស់លោកម៉ូសេ (ចំពូក ៣២) និង ពររបស់ លោកម៉ូសេចំពោះកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៉ីស្រាអែល(ចំពូក៣៣) ហើយមានអត្ថបទពីរ ទៀតដែលជាកំណត់ហេតុអំពីការតែងតាំង លោកយ៉ូស៊ូអាអោយធ្វើជាអ្នកដឹកនាំជំនួសលោកម៉ូសេ (ចំពូក ៣១) និង មរណ ភាពរបស់ លោកម៉ូសេ (ចំពូក ៣៤)។
នៅផ្នែកកណ្តាលនៃ «ទុតិយកថា»នេះ មានអត្ថបទដែលហៅថា «គម្ពីរវិន័យ» ហើយប្រហែលត្រូវគេរកឃើញនៅរជ្ជកាល ព្រះបាទយ៉ូស្យាស (២ ពង្ស. ២២)និងជាប្រភពនៃការកែទំរង់សាសនានៅជំនាន់នោះ។ អត្ថបទនេះមានឥទ្ធិ ពលទៅលើក័ណ្ឌខ្លះទៀត នៃគម្ពីរសម្ពន្ធមេត្រីចាស់ (ដូចជា នៅពង្សាវតារក្សត្រ,យេរេមី) និង សម្ពន្ធមេត្រីថ្មី (ដូចជានៅម៉ាថាយ ៤.៤-៧ ; ម៉ាកុស ១២.៣២)។
ក័ណ្ឌគម្ពីរទុតិយកថារំលឹកអ្នកអាននៅជំនាន់ដើម និង អ្នកអាននាបច្ចុប្បន្នកាលថា មនុស្សអាចរកសុភមង្គលដ៏ពិតប្រាកដបាន តែនៅពេល ណាដែលគេស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយស្មោះស្ម័គ្រប៉ុណ្ណោះ។