ពាក្យលំនាំ
គម្ពីរ «យ៉ូស៊ូអា»រៀបរាប់អំពីលោកយ៉ូស៊ូអាដឹកនាំជនជាតិអ៊ីស្រាអែលវាយដណ្តើមយកស្រុកកាណានព្រមទាំងការបែងចែក ទឹកដី រវាងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។យើងអាចបែងចែកក័ណ្ឌគម្ពីរនេះជាបីផ្នែក :
- ការវាយដណ្តើមយកស្រុកកាណាន (១ - ១២)
- ការបែងចែកទឹកដី (១៣ - ២១)
- ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកយ៉ូស៊ូអា (២២ - ២៤)
ព្រះជាម្ចាស់ប្រទានទឹកដីស្រុកកាណានអោយប្រជាជនអ៊ីស្រាអែលដូច្នេះ ដើម្បីសំរេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជា មួយបុព្វបុរសរបស់ពួកគេ។ ក្នុងដំណើររឿងដែលបរិយាយអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់និងជនជាតិអ៊ីស្រាអែលការវាយយកស្រុក កាណានមានសារៈសំខាន់ដូចការចាកចេញពីស្រុកអេស៊ីបដែរ គឺ ព្រះជាម្ចាស់ជួយប្រជារាស្ត្ររបស់ព្រះអង្គអោយមានជ័យជំនះក្នុងការ ចាប់យកទឹកដី ដូចព្រះអង្គបានជួយពួកគេអោយរួចពីកណ្តាប់ដៃរបស់ស្តេចផារ៉ោន។
ការបែងចែកទឹកដីអោយកុលសម្ព័ន្ធនីមួយៗ បង្ហាញនូវព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ដែលចង់អោយជនជាតិអ៊ីស្រាអែលគ្រប់ៗរូបមានទឹកដីជាចំណែកមត៌ករបស់ខ្លួន ដើម្បីរកស៊ីចិញ្ចឹមជីវិត។ គោលគំនិតនេះជួយយើងអោយយល់អំពីការរៀបរាប់យ៉ាងលំអិតនូវឈ្មោះក្រុង និង ស្រុកភូមិផ្សេងៗជាពិសេសនៅ ចំពូក ១៣,១៥,១៦។
ក្នុងដំណើររឿងអំពីការវាយយកស្រុកកាណាន ក័ណ្ឌគម្ពីរយ៉ូស៊ូអារំលឹកយើងអំពីព្រះហប្ញទ័យស្មោះត្រង់របស់ព្រះជាម្ចាស់ចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយព្រះអង្គសព្វព្រះហប្ញទ័យអោយប្រជារាស្ត្ររបស់ព្រះអង្គសំដែងទឹកចិត្តស្មោះត្រង់ឆ្លើយតបវិញដែរ។
ជនជាតិអ៊ីស្រាអែលតាំងទីលំនៅក្នុងចំណោមជាតិសាសន៍នានា ដូច្នេះអាចក្លាយទៅជាការល្បួងម៉្យាងដែលនាំអោយពួកគេបែកចិត្តចេញពីព្រះជាម្ចាស់។ ហេតុនេះហើយបានជាលោកយ៉ូស៊ូអាកោះហៅប្រជាជនអោយជួបជុំគ្នានៅស៊ីគែម (ចំពូក ២៤) ដើម្បីប្តេជ្ញាចិត្តបញ្ជាក់នូវសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរសរបស់ពួកគេ គឺប្រជាជនត្រូវសំរេចចិត្តគោរពបំរើតែព្រះអម្ចាស់មួយអង្គប៉ុណ្ណោះ។
ក័ណ្ឌគម្ពីរនេះចាប់ផ្តើមទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល និង ទឹកដីរបស់ខ្លួន។ ពួកគេអាចរក្សាទឹកដីនេះគង់វង្ស ឬ បាត់បង់ទៅវិញ អាស្រ័យលើភាពស្មោះត្រង់ ឬ មិនស្មោះត្រង់របស់ពួកគេលើព្រះរបស់ខ្លួន។