ជំពូក ១៨

ទឹក​ដី​របស់​កុលសម្ព័ន្ធ​ប្រាំពីរ​ទៀត

1 ក្រោយ​ពី​វាយ​យក​ទឹក​ដី​ បាន​ហើយ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ព្រះ​ពន្លា​ជួប​ព្រះអម្ចាស់​នៅ​ទី​នោះ។ 2 ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល មាន​កុលសម្ព័ន្ធ​ប្រាំពីរ​ទៀត ដែល​ពុំ​ទាន់​បាន​ទទួល​ទឹក​ដី ជា​មត៌ក​នៅ​ឡើយ។ 3 លោកយ៉ូស៊ូអា​​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «តើ​អ្នក​រាល់​គ្នា​រង់ចាំ​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ? 4 ក្នុង​កុលសម្ព័​ន្ធ​​នីមួយៗ ចូរ​ជ្រើស​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​ពួក​គេ​អោយ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ដែល​ជា​ចំណែក​របស់​គេ​រៀងៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ត្រឡប់​មក​វិញ ហើយ​រាយការណ៍​អោយ​ខ្ញុំ​ដឹង។ 5 ពួក​គេ​នឹង​ចែក​ទឹក​ដី​ នោះ​ជា​ប្រាំពីរ​ចំណែក គឺ​កុលសម្ព័ន្ធ​យូដា​នឹង​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ក្នុង​ភូមិ​ភាគ​ខាង​ត្បូង ហើយ​ក្រុម​គ្រួសារ​លោក​យ៉ូសែប ទៅ​នៅ​លើ​ទឹក​ដី​របស់​គេ​ក្នុង​ភូមិ​ភាគ​ខាង​ជើង។ 6 ត្រូវ​ធ្វើ​របាយការណ៍​ អំពី​ទឹក​ដី​ទាំង​ប្រាំពីរ​ចំណែក យក​មក​បង្ហាញ​ខ្ញុំ​នៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​អោយ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។ 7 ប៉ុន្តែ កុលសម្ព័ន្ធ​លេវី​នឹង​មិន​ទទួល​ចំណែក​ជា​ទឹក​ដី ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ព្រោះ​មុខងារ​ជា​បូជាចារ្យ​បំរើ​ព្រះអម្ចាស់ ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ រីឯ​កុលសម្ព័ន្ធ​កាដ កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​មត៌ក​របស់​ខ្លួន​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​ហើយ គឺ​ជា​មត៌ក​ដែល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ព្រះអម្ចាស់​បាន​ប្រគល់​អោយ»។
8 បុរស​ដែល​ លោកយ៉ូស៊ូអា​​ចាត់​អោយ​ទៅ​ស៊ើបការណ៍ នាំ​គ្នា​រៀបចំ​ខ្លួន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ​លោកយ៉ូស៊ូអា​បាន​ផ្ដែផ្ដាំ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ហើយ​វិល​ត្រឡប់​មក​វិញ ធ្វើ​របាយការណ៍​អោយ​ខ្ញុំ​ដឹង។ នៅ​ស៊ីឡូ​នេះ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​អោយ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​»​។ 9 បុរស​ទាំង​នោះ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​ពាសពេញ​ស្រុក រួច​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍​អក្សរ អំពី​ក្រុង​នានា​ទាំង​ប្រាំពីរ​ចំណែក​នោះ ហើយ​ត្រឡប់​មក​ជួប​លោកយ៉ូស៊ូអា​នៅ​ជំរំ​ស៊ីឡូ​វិញ។ 10 នៅ​ស៊ីឡូ​លោក​យ៉ូស៊ូអាចាប់​ឆ្នោត ចែក​ទឹក​ដី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ តាម​កុលសម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។

ទឹក​ដី​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន

11 ឆ្នោត​លើក​ដំបូង ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​កូន​ចៅ​យូដា និង​ទឹក​ដី​របស់​កូន​ចៅ​យ៉ូសែប។ 12 ព្រំប្រទល់​ខាង​ជើង​នៃ​ ទឹក​ដី​របស់​គេ ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​តាម​ជំរាល​ខាង​ជើង​ក្រុង​យេរីខូ បន្ត​ទៅ​ខាង​លិច កាត់​តាម​តំបន់​ភ្នំ ហើយ​ទៅ​ដល់​វាល​រហោស្ថាន នៅ​បេតអាវេន។ 13 បន្ទាប់​មក ព្រំប្រទល់​ចេញ​ពី​ទី​នោះ តម្រង់​ទៅ​ទីក្រុង​លូស ដោយ​កាត់​តាម​ជំរាល​ខាង​ត្បូង​ក្រុង​នោះ (គឺ​បេតអែល) រួច​ចុះ​ទៅ​អាត្រុថ-អាតដារ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេតហូរ៉ូន​ក្រោម។ 14 នៅ​ខាង​លិច​ភ្នំ​នេះ ព្រំប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូង រហូត​ទៅ​ទល់​នឹង​គៀរីយ៉ាត-បាល គឺ​គៀរីយ៉ាត-យ៉េអារីម ជា​ក្រុង​របស់​កូន​ចៅ​យូដា។ នេះ​ហើយ​ព្រំប្រទល់​ខាង​លិច​របស់​គេ។
15 រីឯ​ព្រំប្រទល់​ប៉ែក​ខាង​ត្បូង ចេញ​ពី​គៀរីយ៉ាត-យ៉េអារីម បន្ត​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ប្រភព​ទឹក​ណិបតា។ 16 ព្រំប្រ​ទល់​​​នេះ​ចុះ​ទៅ​ តាម​ជើង​ភ្នំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ជ្រលង​ភ្នំ​បេនហ៊ីនុម ខាង​ជើង​វាល​រាប​រេផាអ៊ីម​រួច​ចុះ​តាម​វាល​រាប​បេន​ហ៊ី​នុម ត្រង់​ជំរាល​ខាង​ត្បូង​ភ្នំ​យេប៊ូស ចុះ​ទៅ​អេន-រ៉ូកែល។ 17 បន្ទាប់​មក ព្រំប្រទល់​បត់​ទៅ​ខាង​ជើង ដល់​អេន-សេម៉េស និង​កេលីឡូត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ អាឌូមីម ហើយ​ចុះ​ទៅ​ផ្ទាំង​ថ្ម​របស់​លោក​បូហាន ជា​កូន​របស់​លោក​រូបេន។ 18 ព្រំប្រទល់​នេះ​កាត់​តាម​ជំរាល​ភ្នំ​ខាង​ជើង​ដែល​នៅ​ជាប់​តំបន់​អារ៉ាបា ហើយ​ចុះ​ទៅ​ក្នុង​តំបន់​អារ៉ាបា​នោះ 19 រួច​បន្ត​ទៅ​ខាង​ជើង​ បេតហូក្លា រហូត​ដល់​ខាង​ជើង​ឈូង​សមុទ្រ គឺ​ចុង​ខាង​ត្បូង​បំផុត​នៃ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំប្រទល់​ខាង​ត្បូង​របស់​គេ។ 20 រីឯ​ព្រំប្រទល់​ខាង​កើត គឺ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំប្រទល់​នៃ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។
21 ក្រុង​ទាំងឡាយ​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: យេរីខូ បេតហូក្លា វអេមិក-កេស៊ី 22 បេត-អារ៉ាបា សេម៉ារ៉ាអ៊ីម បេតអែល 23 អាវីម ប៉ារ៉ា អូប្រា 24 កេផា-អាម៉ូណា អូបនី កេបា គឺ​មាន​ទាំង​អស់​ដប់ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
25 បន្ទាប់​មក មាន​ក្រុងកាបូន រ៉ាម៉ា បេរ៉ូត 26 មីសប៉េ កេភីរ៉ា ម៉ូសា 27 រេគែម យៀរពែល តារ៉ាឡា 28 សេឡា អេឡេប យេប៊ូស (គឺ​ក្រុង​យេរូសាឡឹម) គីបា គៀរីយ៉ាត គឺ​មាន​ទាំង​អស់​ដប់បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ នេះ​ជា​ទឹក​ដី​ ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។