ជំពូក ២៤
សម្ពន្ធមេត្រីនៅស៊ីគែម
1 លោកយ៉ូស៊ូអាបានប្រមូល កុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលអោយមកជួបជុំគ្នានៅ ស៊ីគែម ហើយលោកក៏បានកោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រាអែលអោយអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ 2 លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺតេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊ររស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបំរើព្រះដទៃ។ 3 យើងបាននាំអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា ពីត្រើយខាងនាយទន្លេអឺប្រាតមក អោយដើរកាត់ស្រុកកាណានទាំងមូល យើងធ្វើអោយកូនចៅរបស់គាត់កើនចំនួនច្រើនឡើង ហើយយើងក៏បានអោយគាត់បង្កើតអ៊ីសាកដែរ។ 4 យើងបានអោយអ៊ីសាក បង្កើតយ៉ាកុប ព្រមទាំងអេសាវ ហើយប្រគល់អោយអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកុប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។ 5 បន្ទាប់មក យើងចាត់ម៉ូសេ និងអរ៉ុនអោយមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាចដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។ 6 យើងបាននាំបុព្វបុរស របស់អ្នករាល់គ្នា ចេញពីស្រុកអេស៊ីបមកដល់សមុទ្រ។ ជនជាតិអេស៊ីបដេញតាមរហូតដល់សមុទ្រកក់ ទាំងមានរទេះចំបាំង និងទ័ពសេះមកជាមួយផង។ 7 បុព្វបុរសរបស់អ្នករាល់ គ្នាបានស្រែកអង្វរយើង យើងក៏ដាក់ពពក*ដ៏ក្រាស់នៅចន្លោះបុព្វបុរសរបស់អ្នករាល់គ្នា និងជនជាតិអេស៊ីប ហើយយើងធ្វើអោយទឹកសមុទ្រគ្របពីលើជនជាតិអេស៊ីប លិចលង់អស់ទៅ។ អ្នករាល់គ្នាដឹងច្បាស់ហើយថា យើងបានប្រព្រឹត្តបែបណាចំពោះជនជាតិអេស៊ីប។ ប្រជាជនរបស់អ្នករាល់គ្នារស់នៅវាលរហោស្ថានអស់រយៈពេលដ៏យូរលង់។ 8 បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ទឹកដីរបស់ជនជាតិអាម៉ូរីដែលនៅខាងកើត ទន្លេយ័រដាន់។ ជនជាតិអាម៉ូរីធ្វើសង្គ្រាមជាមួយអ្នករាល់គ្នា តែយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏កាន់កាប់ទឹកដីរបស់គេ។ យើងបានប្រល័យពួកគេអោយបាត់អស់ពីមុខអ្នករាល់គ្នា។ 9 ស្ដេចបាឡាក់ជាបុត្រ របស់ស្ដេចស៊ីបព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ស្ដេចបានចាត់គេអោយទៅហៅបាឡាម ជាកូនរបស់បេអ៊រមកដាក់បណ្ដាសាអ្នករាល់គ្នា។ 10 ប៉ុន្តែ យើងមិនព្រមស្ដាប់ពាក្យបាឡាមទេ គឺគាត់បែរជាអោយពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នាអោយរួចផុតពីកណ្ដាប់ដៃរបស់ស្ដេច បាឡាក់។ 11 អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ។ មេដឹកនាំក្រុងយេរីខូ ដោយមានជនជាតិអាម៉ូរី ជនជាតិពេរីស៊ីជនជាតិកាណាន ជនជាតិហេត ជនជាតិគៀរកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស រួមជាមួយផងបានប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ 12 យើងបានប្រើសត្វ ឪម៉ាល់អោយទៅមុនអ្នករាល់គ្នា ដើម្បីដេញកំចាត់ស្ដេចទាំងពីរនៃជនជាតិអាម៉ូរី អោយរត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជំនះមិនមែនដោយសារដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។ 13 យើងបានប្រគល់ស្រុក មួយអោយអ្នករាល់គ្នា ដោយអ្នករាល់គ្នាមិនបាននឿយហត់ភ្ជួររាស់អ្នករាល់គ្នាមានទីក្រុង ស្នាក់នៅដោយអ្នករាល់គ្នាមិនបានសង់ ហើយអ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវពីចំការដែលអ្នករាល់គ្នាមិនបានដាំ”»។
14 លោកយ៉ូស៊ូអាមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ ចូរកោតខ្លាចព្រះអម្ចាស់ និងគោរពបំរើព្រះអង្គអោយអស់ពីចិត្ត និងដោយស្មោះត្រង់បំផុត។ ចូរដកយកព្រះដទៃដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបំរើនៅ ខាងនាយទន្លេអឺប្រាត និងនៅស្រុកអេស៊ីបនោះចោលទៅ ហើយនាំគ្នាគោរពបំរើព្រះអម្ចាស់។ 15 ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តគោរពបំរើព្រះអម្ចាស់ទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបំរើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរស*របស់អ្នករាល់គ្នាធ្លាប់គោរពបំរើនៅខាងនាយទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបំរើព្រះអម្ចាស់»។
16 ប្រជាជនឆ្លើយដូចតទៅ៖ «យើងខ្ញុំនឹងមិនបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបំរើព្រះដទៃទៀតជាដាច់ខាត! 17 ដ្បិតមានតែព្រះអម្ចាស់ នេះហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសំដែងការអស្ចារ្យធំៗ អោយយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំតាមផ្លូវដែលយើងខ្ញុំធ្វើ ដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ 18 ព្រះអម្ចាស់ បណ្ដេញប្រជាជនទាំងប៉ុន្មានចេញពីមុខយើងខ្ញុំ ជាពិសេសជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ យើងខ្ញុំក៏ចង់គោរពបំរើព្រះអម្ចាស់ដែរ ដ្បិតព្រះអង្គជាព្រះនៃយើងខ្ញុំ»។
19 លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបំរើព្រះអម្ចាស់ បានទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហឫទ័យអោយអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាទេ។ 20 ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបំរើព្រះដទៃទៀត ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើអោយអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមកហើយក៏ ដោយ»។
21 ប្រជាជនឆ្លើយតបទៅលោកយ៉ូស៊ូអាវិញថា៖ «ទេ! យើងខ្ញុំគោរពបំរើ ព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ»។ 22 លោកយ៉ូស៊ូអាមាន ប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាសាក្សីដឹងឮខ្លួនឯងផ្ទាល់ថា អ្នករាល់គ្នាសំរេចចិត្តគោរពបំរើព្រះអម្ចាស់»។ ពួកគេឆ្លើយថា៖ «ពិតមែនហើយយើងខ្ញុំជាសាក្សី»។
23 លោកយ៉ូស៊ូអា មានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្ដាលអ្នករាល់គ្នា ចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលវិញ»។ 24 ប្រជាជនឆ្លើយតបទៅលោកយ៉ូស៊ូអាថា៖ «យើងខ្ញុំនឹងគោរពបំរើព្រះអម្ចាស់ជាព្រះនៃយើង ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គផង»។
25 នៅថ្ងៃនោះ លោកយ៉ូស៊ូអាបានចងសម្ពន្ធមេត្រីជាមួយប្រជាជននៅស៊ីគែម ហើយលោកចេញច្បាប់ និងវិន័យអោយពួកគេកាន់តាមទៀតផង។ 26 លោកយ៉ូស៊ូអាចារ សេចក្ដីទាំងនេះ ទុកនៅក្នុងគម្ពីរនៃវិន័យរបស់ព្រះជាម្ចាស់។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅក្រោមដើមជ្រៃ ដែលស្ថិតក្នុងកន្លែងសក្ការៈរបស់ព្រះអម្ចាស់។
27 លោកយ៉ូស៊ូអាមាន ប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្ដី ទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំអោយក្បត់ព្រះរបស់អ្នករាល់គ្នា»។
28 បន្ទាប់មក លោកយ៉ូស៊ូអាបានអោយប្រជាជនវិលត្រឡប់ទៅកាន់ទឹកដី ដែលជាមត៌កគេរៀងៗខ្លួនវិញ។
លោកយ៉ូស៊ូអាទទួលមរណភាព
29 ក្រោយព្រឹត្តិការណ៍ទាំងនោះមក លោកយ៉ូស៊ូអាដែលជាកូនរបស់លោកនូន និងជាអ្នកបំរើរបស់ព្រះអម្ចាស់ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។ 30 គេបានបញ្ចុះសពលោក នៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់លោកនៅទីណាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីមខាងជើងភ្នំកាស។ 31 ប្រជាជនអ៊ីស្រាអែលគោរពបំរើព្រះអម្ចាស់ អស់មួយជីវិតរបស់លោកយ៉ូស៊ូអា។ ក្រោយលោកយ៉ូស៊ូអាទទួលមរណភាពផុតទៅ គេនៅតែគោរពបំរើព្រះអង្គតទៅទៀតក្នុងអំឡុងពេលពួកចាស់ទុំនៅរស់ នៅឡើយដែរ គឺចាស់ទុំដែលបានឃើញព្រះអម្ចាស់ សំដែងការអស្ចារ្យទាំងប៉ុន្មានដើម្បីជាប្រយោជន៍ដល់អ៊ីស្រាអែល។
32 រីឯ ធាតុរបស់លោកយ៉ូសែប ដែលជនជាតិអ៊ីស្រាអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែមក្នុងចំការដែលលោកយ៉ាកុបបានទិញពីកូនចៅលោក ហាម៊រ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅលោក យ៉ូសែប។ 33 លោកអេឡាសារជាកូនលោក អរ៉ុន ក៏បានទទួលមរណភាពដែរ។ គេបានបញ្ចុះសពលោក នៅលើភ្នំរបស់លោកភីនេហាសជាកូន គឺទឹកដីដែលលោកបានទទួលនៅតំបន់ភ្នំអេប្រាអ៊ីម។