ជំពូក ២០
ក្រុងជំរក
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ 2 «ចូរប្រាប់ជនជាតិអ៊ីស្រាអែល អោយជ្រើសរើសក្រុងជំរក ដូចយើងបានបង្គាប់ដល់អ្នករាល់គ្នាតាមរយៈលោកម៉ូសេស្រាប់។ 3 ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមាននរណាម្នាក់បានសម្លាប់គេ ដោយអចេតនា គឺដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់គេទេ អ្នកនោះអាចរត់ទៅជ្រកនៅក្រុងនោះ ដើម្បីគេចអោយផុតពីអ្នកដែលត្រូវសងសឹក។ 4 អ្នកនោះ អាចរត់ទៅកាន់ ក្រុងណាមួយក្នុងចំណោមក្រុងជំរក ហើយឈប់នៅមាត់ទ្វារក្រុង និងបរិយាយរៀបរាប់រឿងរបស់ខ្លួន ប្រាប់ពួកព្រឹទ្ធាចារ្យនៅក្រុង នោះ។ ពួកព្រឹទ្ធាចារ្យនឹងអនុញ្ញាតអោយគាត់ចូលក្នុង ក្រុងព្រមទាំងផ្ដល់កន្លែងអោយស្នាក់អាស្រ័យនៅជាមួយពួកគេ។ 5 ប្រសិនបើជាអ្នកដែល ត្រូវសងសឹកមកតាមគាត់ ពួកព្រឹទ្ធាចារ្យគ្មានសិទ្ធិនឹងប្រគល់អ្នកដែលសម្លាប់គេទៅអោយ អ្នកនោះទេ ដ្បិតគាត់បានសម្លាប់បងប្អូនរួមជាតិរបស់ខ្លួន ដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់ ហើយគ្មានចិត្តសំអប់មកពីមុនឡើយ។ 6 គាត់ត្រូវស្នាក់នៅ ក្រុងនោះរហូតដល់សហគមន៍ជំនុំជំរះ ហើយរហូតដល់លោកមហាបូជាចារ្យ*ដែលកាន់មុខតំណែងនៅពេលនោះ ទទួលមរណភាពផុតទៅ។ ក្រោយមក ទើបអ្នកដែលបានសម្លាប់គេនោះ អាចវិលត្រឡប់ទៅនៅស្រុកភូមិរបស់ខ្លួន គឺកន្លែងដែលគាត់រត់ចេញមក»។
7 ជនជាតិ អ៊ីស្រាអែលក៏បានញែកក្រុងកេដែស នៅស្រុកកាលីឡេ ក្នុងតំបន់ភ្នំណែបថាលី ក្រុងស៊ីគែម នៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងក្រុងគៀរីយ៉ាត-អារបា គឺក្រុងហេប្រូនក្នុងតំបន់ភ្នំយូដា។ 8 នៅត្រើយខាងនាយទន្លេ យ័រដាន់ គឺនៅខាងកើតក្រុងយេរីខូ គេបានជ្រើសរើសយកក្រុងបេស៊ែរ នៅវាលរហោស្ថាន ក្នុងតំបន់ខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដរបស់កុលសម្ព័ន្ធកាដ និងក្រុងកូឡាននៅស្រុកបាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។ 9 គេបានជ្រើសរើសក្រុង ទាំងនោះ ដើម្បីអោយជនជាតិអ៊ីស្រាអែលទាំងអស់ និងជនបរទេសដែលស្នាក់ជាមួយគេអាចរត់ទៅជ្រកកោននៅពេលបានសម្លាប់ មនុស្សម្នាក់ដោយអចេតនា។ ធ្វើដូច្នេះ គេនឹងបានរួចផុតពីកណ្ដាប់ដៃរបស់អ្នកដែលត្រូវសងសឹក គឺគេមិនត្រូវស្លាប់ ដោយសហគមន៍មិនបានជំនុំជំរះជាមុន។