ជំពូក ៧

បទ​ល្មើស​របស់​លោក​អកាន ជនជាតិអ៊ីស្រាអែល ទទួលបរាជ័យនៅក្រុងអៃ

1 ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​បំពាន​លើ​ព្រះ​បន្ទូល ដែល​ព្រះអម្ចាស់​ ហាម​មិន​អោយ​ប៉ះពាល់​របស់​អ្វី​នៅ​ក្រុង​យេរីខូ គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​អកាន ជា​កូន​របស់​លោក​កាមី ជា​ចៅ​របស់​លោក​សាបឌី និង​ជា​ចៅទួត​របស់​លោក​សេរ៉ា ក្នុង​កុលសម្ព័ន្ធ​យូដា បាន​យក​របស់​មួយ​ដែល​ព្រះអម្ចាស់​ហាម​ឃាត់ ជា​ហេតុ​ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រា​អែល។
2 លោក​ យ៉ូស៊ូអា​​បាន​ចាត់​អ្នក​ខ្លះ ពី​ក្រុង​យេរីខូ​អោយ​ទៅ​ក្រុង​អៃ ដែល​នៅ​ជិត​បេតអាវេន នៅ​ខាង​កើត​បេតអែល ទាំង​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​ស៊ើបការណ៍​នៅ​ស្រុក​នោះ»។ ពួក​គេ​ក៏​ឡើង​ទៅ​ស៊ើបការណ៍​នៅ​ក្រុង​អៃ។ 3 អ្នក​ទាំង​នោះ​វិល​មក​ជួប ​លោកយ៉ូស៊ូអា​វិញ ជំរាប​ថា៖ «មិន​បាច់​អោយ​ប្រជាជន​ទាំង​មូល​ឡើង​ទៅ​វាយ​ទេ គឺ​អោយ​តែ​ទ័ព​ពីរ ឬ​បី​ពាន់​នាក់ ឡើង​ទៅ​វាយ​យក​ក្រុង​អៃ​ប៉ុណ្ណោះ​បាន​ហើយ! អ្នក​ក្រុង​នោះ​មាន​គ្នា​តិចតួច​ទេ ដូច្នេះ មិន​បាច់​ចាត់​កងទ័ព​ទាំង​មូល អោយ​ទៅ​នាំ​អោយ​ពិបាក​ឡើយ»។ 4 ពេល​នោះ ទ័ព​អ៊ីស្រាអែល​ប្រមាណ​បី​ពាន់​នាក់​ក៏​ឡើង​ទៅ​វាយ​យក​ក្រុង​អៃ ប៉ុន្តែ ពួក​គេ​ត្រូវ​បាក់​ទ័ព។ 5 អ្នក​ក្រុង​អៃ​បាន​ សម្លាប់​ពួក​អ៊ីស្រាអែល អស់​ប្រមាណ​សាមសិប​ប្រាំ​មួយ​នាក់ រួច​ដេញ​តាម​ពួក​គេ​ចាប់​ពី​ទ្វារ​ក្រុង រហូត​ទៅ​ដល់​ភូមិ​សេបារីម ហើយ​សម្លាប់​ពួក​គេ​នៅ​ត្រង់​ជំរាល​ភ្នំ។ ប្រជាជន​អ៊ីស្រាអែល​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្ដី​ក្លាហាន​អស់។

6 លោកយ៉ូស៊ូអា និង​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ហែក​សម្លៀកបំពាក់​របស់​ខ្លួន រួច​ក្រាប​នៅ​ខាង​មុខ​ហិប​របស់​ព្រះអម្ចាស់ អោន​មុខ​ដល់​ដី​រហូត​ដល់​ល្ងាច ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀងៗ​ខ្លួន។ 7 លោកយ៉ូស៊ូអា​ទូល​ថា៖ «ឱ​ព្រះជាអម្ចាស់​ អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នាំ​យើង​ខ្ញុំ​អោយ​ឆ្លង​កាត់​ទន្លេ​យ័រដាន់ ហើយ​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អាម៉ូរី ដើម្បី​អោយ​យើង​ខ្ញុំ​វិនាស​សូន្យ​ដូច្នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​មិន​ទុក​យើង​ខ្ញុំ​អោយ​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ យ័រដាន់​វិញ? 8 ឱ​ព្រះអម្ចាស់​អើយ! ឥឡូវ​នេះ តើ​អោយ​ទូលបង្គំ​និយាយ​ដូច​ម្ដេច​កើត បើ​ជន​ជាតិ​អ៊ីស្រាអែល​បាក់​ទ័ព នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ? 9 ពេល​ជន​ជាតិ​កាណាន និង​ជាតិ​សាសន៍​ទាំង​អស់​នៅ​ក្នុង​ស្រុក​ដឹង​រឿង​នេះ ពួក​គេ​មុខ​ជា​មក​ឡោមព័ទ្ធ ហើយ​សម្លាប់​រង្គាល​យើង​ខ្ញុំ​ទាំង​អស់​គ្នា។ ដូច្នេះ តើ​ព្រះអង្គ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ?»។

10 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស៊ូអា​ថា៖ «ក្រោក​​​​ឡើង! ហេតុ​អ្វី​បាន​ជា​អ្នក​ក្រាប​ចុះ អោន​មុខ​ដល់​ដី​ដូច្នេះ? 11 ជន​ជាតិ​អ៊ីស្រាអែល​ ប្រព្រឹត្ត​អំពើ​បាប ដោយ​រំលោភ​លើ​សម្ពន្ធមេត្រី​ដែល​យើង​បាន​ប្រគល់​អោយ គឺ​ពួក​គេ​បាន​យក​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ​ទុក​ខ្លះ ជា​របស់​ដែល​យើង​ហាម​មិន​អោយ​ប៉ះពាល់។ ពួក​គេ​បាន​លួច​យក​ទៅ​លាក់​ទុក​ជា​មួយ​ឥវ៉ាន់​របស់​ខ្លួន។ 12 ហេតុ​នេះ​ហើយ​បាន​ជា​ជន ​ជាតិ​អ៊ីស្រាអែល​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​សត្រូវ​បាន​ទៀត​ទេ។ ពួក​គេ​បាក់​ទ័ព​រត់​នៅ​មុខ​សត្រូវ​ដូច្នេះ ព្រោះ​ពួក​គេ​មាន​ទោស ហើយ​ត្រូវ​វិនាស​អន្តរាយ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ក្នុង​ចំណោម ​អ្នក​រាល់​គ្នា​ទេ​នោះ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ! 13 ក្រោក​ឡើង ជំរះ​ប្រជាជន​អោយ​បាន​វិសុទ្ធ! ត្រូវ​ប្រាប់​ពួក​គេ​ថា “ចូរ​ជំរះ​ខ្លួន​អោយ​បាន​វិសុទ្ធ*​សំរាប់​ថ្ងៃ​ស្អែក ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ៊ីស្រាអែល​អើយ! នៅ​ក្នុង​អ្នក​មាន​របស់​ដែល​ត្រូវ​បំផ្លាញ។ អ្នក​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​របស់​ដែល​ត្រូវ​បំផ្លាញ​ចេញ​ពី​ក្នុង​ចំណោម​ អ្នក​រាល់​គ្នា​ទេ​នោះ។ 14 ព្រឹក​ឡើង​អ្នក​រាល់​គ្នា​ត្រូវ​ចូល​មក​តាម​កុលសម្ព័ន្ធ។ ពេល​ព្រះអម្ចាស់​ចង្អុល​កុលសម្ព័ន្ធ​ណា កុលសម្ព័ន្ធ​នោះ​ត្រូវ​ចូល​មក​តាម​អំបូរ ពេល​ព្រះអម្ចាស់​ចង្អុល​អំបូរ​ណា អំបូរ​នោះ​ត្រូវ​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ពេល​ព្រះអម្ចាស់​ចង្អុល​ក្រុម​គ្រួសារ​ណា ត្រូវ​អោយ​មេ​ក្រុម​គ្រួសារ​នោះ​ចូល​មក​ម្នាក់​ម្ដងៗ។ 15 ពេល​ប៉ះ​ចំ​លើ​អ្នក​ដែល ​មាន​កំហុស ដោយ​លាក់​ទុក​របស់​ដែល​ត្រូវ​បំផ្លាញ ចូរ​ដុត​អ្នក​នោះ​ជា​មួយ​អ្វីៗ​ដែល​ខ្លួន​មាន ព្រោះ​គេ​បាន​រំលោភ​លើ​សម្ពន្ធមេត្រី​របស់​ព្រះ​អម្ចាស់ គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រា​អែល”»។
16 លោកយ៉ូស៊ូអា​ក្រោក​ពី​ព្រលឹម ហើយ​បង្គាប់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចូល​មក តាម​កុលសម្ព័ន្ធ ពេល​នោះ ប៉ះ​ចំ​លើ​កុលសម្ព័ន្ធ​យូដា។ 17 លោកយ៉ូស៊ូអា​បញ្ជា​អោយ​ អំបូរ​ផ្សេងៗ​នៃ​កុលសម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេរ៉ា។ លោក​អោយ​អំបូរ​សេរ៉ា ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​លោក​សាបឌី។ 18 បន្ទាប់​មក លោក​អោយ​ក្រុម​គ្រួសារ​សាបឌី​ចូល​មក​ម្នាក់​ម្ដងៗ ហើយ​ប៉ះ​ចំ​លើ​លោក​អកាន​ជា​កូន​របស់​លោក​កាមី ជា​ចៅ​របស់​លោក​សាបឌី និង​ជា​ចៅទួត​របស់​លោក​សេរ៉ា ក្នុង​កុលសម្ព័ន្ធ​យូដា។
19 លោក​យ៉ូស៊ូអាមាន​ប្រសាសន៍​ទៅ​កាន់​លោក​អកាន​ថា៖ «កូន​អើយ ចូរ​លើក​តម្កើង​សិរីរុងរឿង​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល! ចូរ​លើក​កិត្តិយស​ព្រះអង្គ​ឡើង! តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់លៀម​ឡើយ»។ 20 លោក​អកាន​ឆ្លើយ​ទៅ​លោក​យ៉ូស៊ូអា​វិញ​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ពិត​ប្រាកដ​មែន! គឺ​ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​ដូច​ត​ទៅ: 21 ក្នុង​ជ័យភ័ណ្ឌ​ខ្ញុំ​ ប្របាទ​បាន​ឃើញ​អាវ​ធំ​មួយ​យ៉ាង​ល្អ​ប្រណីត ធ្វើ​នៅ​ស្រុក​ស៊ីណេអារ ហើយ​ឃើញ​ប្រាក់​សុទ្ធ​ទម្ងន់​ប្រមាណ​ហុកសិប​តម្លឹង និង​មាស​មួយ​ដុំ​ទម្ងន់​ប្រមាណ​ដប់​ប្រាំ​តម្លឹង។ ដោយ​ខ្ញុំ​ប្របាទ​ចង់​បាន​ពេក​ខ្ញុំ​ប្របាទ​ក៏​យក​របស់​ទាំង​នោះ។ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​កប់​ទុក​នៅ​ក្នុង​តង់ត៍​របស់​ខ្ញុំ​ប្របាទ ដោយ​ដាក់​ប្រាក់​នៅ​ក្រោម​គេ​បង្អស់»។ 22 លោកយ៉ូស៊ូអា​ចាត់​គេ​ អោយ​រត់​ទៅ​តង់ត៍​របស់​លោក​អកាន ហើយ​ឃើញ​វត្ថុ​កប់​ទុក​នៅ​ទី​នោះ​មែន គឺ​ប្រាក់​នៅ​ពី​ក្រោម​គេ​បង្អស់។ 23 ពួក​គេ​យក​វត្ថុ​ទាំង​ នោះ​ចេញ​ពី​ក្នុង​តង់ត៍​មក​ប្រគល់​ជូន​លោក​យ៉ូស៊ូអា និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ហើយ​គេ​ក៏​ចាក់​វត្ថុ​ទាំង​នោះ​​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។
24 លោកយ៉ូស៊ូអា និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​ចាប់​លោក​អកាន ជា​ចៅទួត​របស់​លោក​សេរ៉ា ហើយ​យក​ប្រាក់​អាវ​ធំ និង​ដុំ​មាស ព្រម​ទាំង​កូន​ប្រុស កូន​ស្រី គោ លា ចៀម តង់ត៍ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​នាំ​ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អាគ័រ។ 25 លោក​យ៉ូស៊ូអា​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​អោយ​ពួក​យើង​ដូច្នេះ? ថ្ងៃ​នេះ សូម​ព្រះអម្ចាស់​ ធ្វើ​អោយ​អ្នក​រង​ទុក្ខ​ទោស​វិញ»។ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល នាំ​គ្នា​សម្លាប់​លោក​អកាន និង​ក្រុម​គ្រួសារ​គាត់ ដោយ​គប់​នឹង​ថ្ម ព្រម​ទាំង​ដុត​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​ចោល​ដែរ។ 26 បន្ទាប់​មក គេ​យក​ដុំ​ថ្ម​មក​គរ​ជា​គំនរ​យ៉ាង​ធំ​ពី​លើ​គាត់ (គំនរ​ថ្ម​នេះ​នៅ​ស្ថិតស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ)។ ពេល​នោះ ព្រះអម្ចាស់​ឈប់​ព្រះពិរោធ។ ហេតុ​នេះ​ហើយ បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អាគ័រ»​ រហូត​មក​ដល់​សព្វ​ថ្ងៃ។