ជំពូក ១១
សមរភូមិនៅត្រង់ជ្រោះមេរ៉ូម
1 កាលព្រះបាទយ៉ាប៊ីន ជាស្ដេចក្រុងហាត់ស៊រ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្ដេចផ្ញើរាជសារទៅព្រះបាទយ៉ូបាប់ ជាស្ដេចក្រុងម៉ាដូន ទៅស្ដេចក្រុងស៊ីមរ៉ូន និងទៅស្ដេចក្រុងអាសាភ 2 ព្រមទាំងស្ដេចនានានៅ ខាងជើងក្នុងតំបន់ភ្នំ តំបន់អារ៉ាបាដែលនៅខាងត្បូងគីណារ៉ូត តំបន់វាលទំនាប និងតំបន់ឌ័រដែលនៅខាងលិច។ 3 ស្ដេចក៏បានផ្ញើរាជសារ ទៅជនជាតិកាណាន នៅខាងកើត និងខាងលិចទន្លេយ័រដាន់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិយេប៊ូស នៅតំបន់ភ្នំ និងជនជាតិហេវីនៅតំបន់ជើងភ្នំហ៊ែរម៉ូន ក្នុងស្រុកមីសប៉ា។ 4 ស្ដេចទាំងនោះបានលើក រេហ៍៍ពលចេញមកផ្ដុំគ្នា ជាកងទ័ពមួយយ៉ាងធំ មានគ្នាច្រើនឥតគណនា ដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ ហើយក៏មានទ័ពសេះ និងរទេះចំបាំងយ៉ាងច្រើនអនេកដែរ។ 5 ស្ដេចទាំងនោះបានព្រមព្រៀងពួតដៃគ្នា ហើយបោះទ័ពនៅត្រង់ជ្រោះមេរ៉ូម ដើម្បីវាយលុកអ៊ីស្រាអែល។
6 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «កុំភ័យខ្លាចអ្វីឡើយ! នៅថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងប្រគល់ពួកគេទាំងអស់អោយមកស្លាប់ ក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល។ ចូរកាត់សរសៃជើងសេះ ហើយដុតរទេះចំបាំងរបស់គេចោលទៅ»។ 7 លោកយ៉ូស៊ូអា និងពលទាហានទាំងប៉ុន្មានរបស់លោក បានវាយឆ្មក់សត្រូវនៅក្បែរជ្រោះមេរ៉ូម។ 8 ព្រះអម្ចាស់ ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរ៉េ-ផូតម៉ាអ៊ីម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រាអែលបានវាយប្រហារពួកគេ ឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ។ 9 លោកយ៉ូស៊ូអាបានប្រព្រឹត្តចំពោះពួកគេ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺលោកកាប់សរសៃជើងសេះ និងដុតរទេះចំបាំងរបស់ពួកគេចោល។
លោកយ៉ូស៊ូអាវាយយកក្រុងហាត់ស៊រ
10 ពេលនោះ លោកយ៉ូស៊ូអាវិលត្រឡប់មកវិញ ហើយវាយយកបានក្រុងហាត់ស៊រ ព្រមទាំងប្រហារស្ដេចក្រុងនោះដោយមុខដាវទៀតផង។ កាលពីដើម ក្រុងហាត់ស៊រ ជារាជធានីនៃអាណាចក្រទាំងនោះ។ 11 កងទ័ពអ៊ីស្រាអែល ប្រហារជីវិតអស់អ្នកនៅក្រុងនោះដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះជាម្ចាស់ឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ ហើយក៏បានដុតក្រុងហាត់ស៊រចោលដែរ។
12 លោកយ៉ូស៊ូអាវាយយកក្រុងទាំងអស់ និងចាប់ស្ដេចទាំងប៉ុន្មានរបស់គេផង។ លោកប្រហារជីវិតពួកគេទាំងអស់គ្នាដោយមុខដាវ ហើយបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះជាម្ចាស់ ស្របតាមបញ្ជារបស់លោកម៉ូសេជាអ្នកបំរើព្រះអម្ចាស់។ 13 ជនជាតិអ៊ីស្រាអែលមិន បានដុតបំផ្លាញចោលក្រុងនានាដែលស្ថិតនៅលើភ្នំទេ លើកលែងតែក្រុងហាត់ស៊រមួយប៉ុណ្ណោះ ដែលលោកយ៉ូស៊ូអាបានដុតចោល។ 14 ជនជាតិអ៊ីស្រាអែលបាន រឹបអូសយកសម្បត្តិទ្រព្យ និងហ្វូងសត្វរបស់ក្រុងទាំងនោះទុកជាជ័យភ័ណ្ឌ តែគេប្រហារមនុស្សទាំងអស់ដោយមុខដាវឥតទុកអោយនរណាម្នាក់រួច ជីវិតឡើយ។ 15 ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គយ៉ាងណា លោកម៉ូសេក៏បានបង្គាប់មកលោកយ៉ូស៊ូអាយ៉ាងនោះដែរ ហើយលោកយ៉ូស៊ូអាធ្វើតាម គឺលោកប្រព្រឹត្តតាមសេចក្ដីទាំងអស់ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានធ្វេសប្រហែសត្រង់ណាឡើយ។
សមរភូមិចុងក្រោយ
16 លោកយ៉ូស៊ូអាយកបាន ស្រុកនោះទាំងមូល គឺតំបន់ភ្នំ តំបន់ណេកិប ទាំងមូលស្រុកកូសែនទាំងមូលតំបន់វាលទំនាបតំបន់អារ៉ាបា ព្រមទាំងតំបន់ភ្នំស្រុកអ៊ីស្រាអែល និងវាលទំនាបនៃតំបន់នោះ។ 17 លោកវាយឈ្នះ និងប្រហារជីវិតស្ដេចទាំងប៉ុន្មាននៃដែនដី ដែលស្ថិតនៅចន្លោះភ្នំហាឡាក់ ជិតស្រុកសៀរ និងក្រុងបាលកាដក្នុងជ្រលងភ្នំលីបង់ ជិតជើងភ្នំហ៊ែរម៉ូន។ 18 លោកយ៉ូស៊ូអាធ្វើសង្គ្រាមជាមួយស្ដេចទាំងនោះអស់រយៈពេលយ៉ាងយូរ។ 19 គ្មានក្រុងណាមួយសុំ សន្តិភាពពីជនជាតិអ៊ីស្រាអែលទេ លើកលែងតែជនជាតិហេវី ដែលរស់នៅក្រុងកាបូននប៉ុណ្ណោះ។ រីឯក្រុងដទៃទៀត ជនជាតិអ៊ីស្រាអែលយកបាន ដោយប្រើកម្លាំងអាវុធទាំងអស់។ 20 ព្រះអម្ចាស់ បានធ្វើអោយប្រជាជននៅស្រុកនោះមានចិត្តរឹងរូសចង់ធ្វើសង្គ្រាមជា មួយជនជាតិអ៊ីស្រាអែល ដើម្បីអោយប្រជាជនអ៊ីស្រាអែល បំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះអង្គ ឥតត្រាប្រណីឡើយ គឺសម្លាប់ពួកគេអោយវិនាសសូន្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
21 នៅគ្រា ដដែលនោះ លោកយ៉ូស៊ូអាលើកទ័ពទៅវាយជនជាតិអាណាក់ ដែលរស់នៅតាមតំបន់ភ្នំ គឺនៅក្រុងហេប្រូន ក្រុងដេបៀរ ក្រុងអាណាប់ ព្រមទាំងនៅតាមតំបន់ភ្នំស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូល។ លោកយ៉ូស៊ូអាបំផ្លាញពួកគេ និងក្រុងរបស់គេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ 22 គ្មានសេសសល់ជនជាតិ អាណាក់ណាម្នាក់ក្នុងស្រុកអ៊ីស្រាអែលឡើយ គឺមានសល់តែនៅក្រុងកាសា ក្រុងកាថ និងក្រុងអាសដូតប៉ុណ្ណោះ។ 23 លោកយ៉ូស៊ូអាយកបានស្រុកទាំងមូល ស្របតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ លោកយ៉ូស៊ូអាយកទឹកដីនោះ មកចែកអោយជនជាតិអ៊ីស្រាអែលទុកជាមត៌ក តាមកុលសម្ព័ន្ធរបស់ខ្លួន។ បន្ទាប់មក ស្រុកនោះបានសុខសាន្តត្រាណគ្មានសង្គ្រាមទៀតឡើយ។