ជំពូក ១៧
ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេខាងលិច
1 កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនច្បងរបស់លោកយ៉ូសែបក៏បានទទួលទឹកដីមួយចំណែកដែរ។ លោកម៉ាកៀរជាកូនច្បងរបស់លោកម៉ាណាសេ និងជាឪពុករបស់លោកកាឡាដ បានទទួលទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដ្បិតគាត់ជាអ្នកចំបាំងមួយរូបដ៏ចំណាន។ 2 រីឯកូនចៅឯទៀតៗរបស់ លោកម៉ាណាសេក៏បានទទួលទឹកដីតាមអំបូររបស់ខ្លួនដែរ គឺកូនចៅរបស់លោកអប៊ីយេស៊ែរ កូនចៅរបស់លោកហេឡេក កូនចៅរបស់លោកអាសរីអែល កូនចៅរបស់លោកស៊ីគែម កូនចៅរបស់លោកហេភែរ និងកូនចៅរបស់លោកសេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសរបស់លោកម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ។ 3 លោកសេឡូផាត ជាកូនរបស់លោកហេភែរ ជាចៅរបស់លោកកាឡាដ ជាចៅទួតរបស់លោកម៉ាកៀរ ដែលជាកូនរបស់លោកម៉ាណាសេ គ្មានកូនប្រុសទេ មានតែកូនស្រីដែលមានឈ្មោះដូចតទៅ គឺនាងម៉ាឡា នាងណូអា នាងហូក្លា នាងមីលកា និងទៀរសា។ 4 នាងទាំងនោះបានទៅជួប លោកបូជាចារ្យអេឡាសារ និងលោកយ៉ូស៊ូអា ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេដឹកនាំប្រជាជន ជំរាបថា “ព្រះអម្ចាស់ បានបង្គាប់លោកម៉ូសេ អោយប្រគល់ទឹកដីមកពួកនាងខ្ញុំ ទុកជាមត៌ក ក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ពួកនាងខ្ញុំដែរ”។ គេក៏ប្រគល់ទឹកដីអោយពួកនាង ទុកជាមត៌កក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ឪពុកនាង ស្របតាមបទបញ្ជារបស់ព្រះអម្ចាស់។ 5 ដូច្នេះ កុលសម្ព័ន្ធម៉ាណាសេទទួលទឹកដីដប់ចំណែកទៀត ថែមពីលើទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេយ័រដាន់ 6 ដ្បិតក្នុងកុលសម្ព័ន្ធ ម៉ាណាសេ កូនចៅស្រីៗក៏បានទទួលមត៌ក ក្នុងចំណោមកូនចៅប្រុសៗដែរ។ រីឯទឹកដីស្រុកកាឡាដ បានទៅជាមត៌ករបស់កូនចៅម៉ាណាសេឯទៀតៗ។
7 ទឹកដីនៃ កុលសម្ព័ន្ធម៉ាណាសេ លាតសន្ធឹងពីស្រុកអស៊ែរ ទៅក្រុងមីគមេតាត ដែលនៅទល់មុខនឹងស៊ីគែម ហើយលាតសន្ធឹងទៅខាងត្បូង រហូតដល់ទឹកដីអ្នកស្រុកអេន-តាពូអារ។ 8 ទឹកដីស្រុកតាពូអា ជាកម្មសិទ្ធិរបស់កូនចៅម៉ាណាសេ ប៉ុន្តែ ក្រុងតាពូអា ដែលជាប់នឹងព្រំប្រទល់ម៉ាណាសេ ជាកម្មសិទ្ធិរបស់កូនចៅអេប្រាអ៊ីម 9 ទឹកដីនេះលាតសន្ធឹង រហូតទៅដល់ខាងត្បូងទឹកធ្លាក់កាណា។ រីឯក្រុងនានាដែលនៅខាងត្បូងទឹកធ្លាក់ ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ថ្វីដ្បិតតែក្រុងទាំងនោះស្ថិតនៅលើទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេ ក៏ដោយ។ ទឹកដីរបស់ម៉ាណាសេនៅខាងជើងទឹកធ្លាក់លាតសន្ធឹងរហូតដល់សមុទ្រ មេឌីទែរ៉ាណេ។ 10 ដូច្នេះ ទឹកដីខាងត្បូង ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ហើយខាងជើងជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធម៉ាណាសេ។ សមុទ្រមេឌីទែរ៉ាណេជាព្រំប្រទល់ខាងលិច ស្រុកអស៊ែរជាព្រំប្រទល់ខាងជើង ហើយស្រុកអ៊ីសាកាជាព្រំប្រទល់ខាងកើត។ 11 កុលសម្ព័ន្ធម៉ាណាសេក៏ មានទឹកដី នៅក្នុងស្រុកអ៊ីសាកា និងស្រុកអស៊ែរដែរ គឺក្រុងបេតសាន និងភូមិដែលនៅជុំវិញ ក្រុងអ៊ីបឡាម និងភូមិដែលនៅជុំវិញក្រុងឌ័រ ក្រុងអេនឌ័រក្រុងតាណាក់ ក្រុងមេគីដូ និងភូមិដែលនៅជុំវិញក្រុងទាំងនោះ និងអ្នកស្រុករបស់គេដែរ ពោលគឺស្រុកឌ័រទាំងមូល។ 12 ប៉ុន្តែ កូនចៅម៉ាណាសេពុំអាចបណ្ដេញជនជាតិកាណានចេញពីក្រុងទាំងនោះបានទេ ជនជាតិកាណានប្ដេជ្ញាចិត្តរស់នៅក្នុងស្រុកនោះដដែល។ 13 ពេលជនជាតិអ៊ីស្រាអែល បានរឹងប៉ឹងមាំមួនហើយ ពួកគេបង្ខិតបង្ខំជនជាតិកាណានអោយធ្វើការជាទម្ងន់ ប៉ុន្តែ ពួកគេពុំអាចបណ្ដេញជនជាតិនេះចេញពីស្រុកបានឡើយ។
កុលសម្ព័ន្ធអេប្រាអ៊ីម និងម៉ាណាសេខាងលិច ទាមទារទឹកដីថែមទៀត
14 កូនចៅរបស់លោកយ៉ូសែប ជំរាបលោកយ៉ូស៊ូអាថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីជាមត៌ក អោយយើងខ្ញុំតែមួយចំណែកដូច្នេះ? យើងខ្ញុំមានគ្នាច្រើន ព្រោះព្រះអម្ចាស់ប្រទានពរអោយយើងខ្ញុំ រហូតមកទល់ពេលនេះ»។ 15 លោកយ៉ូស៊ូអាតបថា៖ «បើសិនជាបងប្អូនមានគ្នាច្រើនដូច្នេះ ហើយបើតំបន់ភ្នំអេប្រាអ៊ីមនេះចង្អៀតពេក ចូរឡើងទៅតំបន់ព្រៃ កាប់ឆ្ការយកដីមួយកន្លែងនៅក្នុងស្រុកពេរីស៊ីត និងស្រុករេផាអ៊ីមទៅ»។ 16 កូនចៅរបស់លោកយ៉ូសែប តបទៅលោកវិញថា៖ «តំបន់ភ្នំនេះមិនល្មមគ្រប់គ្រាន់សំរាប់យើងខ្ញុំទេ ហើយក្រៅពីនេះ ជនជាតិកាណាន ទាំងអ្នកដែលរស់នៅតំបន់វាលរាប ទាំងអ្នកនៅក្រុងបេតសាន និងភូមិជិតខាង ព្រមទាំងអស់អ្នកដែលរស់នៅតាមជ្រលងភ្នំយីសរេអែល សុទ្ធតែមានរទេះដែកទាំងអស់គ្នា»។ 17 លោកយ៉ូស៊ូអាមាន ប្រសាសន៍ទៅកាន់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេខាងលិចថា៖ «បងប្អូនមានគ្នាច្រើន ហើយក៏មានកម្លាំងខ្លាំងដែរ ដូច្នេះ បងប្អូនត្រូវទទួលទឹកដី លើសពីមួយចំណែក។ 18 បងប្អូននឹងទទួល តំបន់ភ្នំ ទោះបីមានសុទ្ធតែព្រៃក៏ដោយ។ បងប្អូនត្រូវឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិ ហើយត្រូវបណ្ដេញជនជាតិកាណានចេញទៅ ទោះបីពួកគេមានរទេះដែក និងមានកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយ»។