ជំពូក ២៤

ជន​ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល

1 ប្រាំ​ថ្ងៃ​ក្រោយ​មក លោក​មហា​បូជា‌ចារ្យ​អណា‌ញ៉ាស និង​ពួក​ព្រឹទ្ធា‌ចារ្យ*​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទែរទូ‌លូស មក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសា‌ភិបាល ចោទ​ប្រកាន់​លោក​ប៉ូល។ 2 គេ​ហៅ​លោក​ប៉ូល​មក ហើយ​លោក​ទែរទូ‌លូស​ចោទ​ប្រកាន់​លោក ដូច​ត​ទៅ​នេះ៖
«សូម​គោរព​ឯក‌ឧត្ដម​ភេលិច សូម​ទាន​ជ្រាប ដោយ‌សារ​តែ​ឯក‌ឧត្ដម និង​ដោយ​ការ​កែ​ទម្រង់​ផ្សេងៗ ដែល​ឯក‌ឧត្ដម​បាន​ធ្វើ​ជា​ប្រយោជន៍​ដល់​ប្រជា‌ជាតិ​នេះ យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់​យ៉ាង ក្រោម​ការ​គ្រប់‌គ្រង​ដ៏​ប៉ិន‌ប្រសប់​របស់​ឯក‌ឧត្ដម។ 3 យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល‌ជ្រៅ​ចំពោះ​ឯក‌ឧត្ដម ដែល​បាន​ផ្ដល់​អ្វីៗ​នៅ​គ្រប់​ទី​កន្លែង និង​គ្រប់​ពេល​វេលា​មក​យើង​ខ្ញុំ។ 4 ប៉ុន្តែ ខ្ញុំ​បាទ​មិន​ចង់​រំខាន​ឯក‌ឧត្ដម​វែង​ឆ្ងាយ​ទៀត​ទេ ខ្ញុំ​បាទ​គ្រាន់​តែ​អង្វរ​ឯក‌ឧត្ដម សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​តែ​បន្ដិច​ប៉ុណ្ណោះ។ 5 យើង​ខ្ញុំ​យល់​ឃើញ​ថា ជន​នេះ​ជា​មនុស្ស​ចង្រៃ​ឧត្បាត បង្ក​ឲ្យ​កើត​ចលាចល​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ទាំង​អស់​នៅ​លើ​ពិភព‌លោក​ទាំង​មូល គាត់​ជា​មេ​ដឹក​នាំ​ពួក​ខាង​គណៈ​ណាសា‌រ៉ែត​។ 6 គាត់​ថែម​ទាំង​បាន​បន្ដុះ‌បង្អាប់​ព្រះ‌វិហារ*​ទៀត​ផង ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ចាប់​គាត់ [យើង​ខ្ញុំ​ចង់​កាត់​ទោស​គាត់​តាម​វិន័យ​របស់​យើង​ខ្ញុំ 7 ប៉ុន្តែ លោក​មេ‌បញ្ជា‌ការ​លីស្យាស​បាន​ប្រើ​កម្លាំង ធ្វើ​អន្តរា‌គមន៍​យ៉ាង​ខ្លាំង​ដណ្ដើម​យក​គាត់​ពី​យើង​ខ្ញុំ 8 ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ​មក​ជួប​ឯក‌ឧត្ដម]។ សូម​ឯក‌ឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯក‌ឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។
9 ជន​ជាតិ​យូដា​បាន​គាំទ្រ​ពាក្យ​ចោទ​ប្រកាន់​នេះ និង​បញ្ជាក់​ថាពិត​ជា​ត្រឹម​ត្រូវ​មែន។

លោក​ប៉ូល​ឆ្លើយ​ដោះ‌សា​ខ្លួន​នៅ​មុខ​លោក​ភេលិច

10 ពេល​នោះ លោក​ទេសា‌ភិបាល​បាន​ធ្វើ​សញ្ញា​ឲ្យ​លោក​ប៉ូល​មាន​ប្រសាសន៍ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​ដឹង​ថាឯក‌ឧត្ដម​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នេះ ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ ខ្ញុំ​បាទ​សូម​ឆ្លើយ​ការ‌ពារ​ខ្លួន ទាំង​ទុក​ចិត្ត។ 11 ខ្ញុំ​បាទ​បាន​ធ្វើ​ដំណើរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម កាល​ដប់‌ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ សូម​ឯក‌ឧត្ដម​ស៊ើប‌សួរ​មើល​ចុះ 12 ទោះ​បី​នៅ​ក្នុង​ព្រះ‌វិហារ​ក្តី នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​ក្នុង​ទីក្រុង​ក្តី គ្មាន​នរណា​ម្នាក់​បាន​ឃើញ​ខ្ញុំ​បាទ​ជជែក​វែក‌ញែក​ជា​មួយ​គេ ឬ​ក៏​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​ចំណោម​បណ្ដា‌ជន​ឡើយ។ 13 អស់​លោក​ទាំង​នេះ​គ្មាន​ភស្តុតាង​អ្វី មក​បញ្ជាក់​ពាក្យ​ចោទ​ប្រកាន់​របស់​ខ្លួន ជូន​ឯក‌ឧត្ដម​ទាល់​តែ​សោះ។ 14 ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯក‌ឧត្ដម​ថា ខ្ញុំ​បាទ​គោរព​ប្រណិ‌ប័តន៍​ព្រះ​នៃ​បុព្វបុរស*​ខ្ញុំ​បាទ​តាម​មាគ៌ា​មួយ ដែល​លោក​ទាំង​នេះ​ចោទ​ថា​ជា​គណៈ​ខុស​ឆ្គង។ ខ្ញុំ​បាទ​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី* 15 ហើយ​ខ្ញុំ​បាទ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ដូច​លោក​ទាំង​នេះ​ដែរ ថា​ព្រះ‌អង្គ​នឹង​ប្រោស​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ឲ្យ​រស់​ឡើង​វិញ។ 16 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ចិត្ត​ស្អាត​បរិសុទ្ធ*​គ្រប់​ចំពូក​ចំពោះ​ព្រះ‌ជាម្ចាស់ និង​ចំពោះ​មនុស្ស​លោក។ 17 ខ្ញុំ​បាទ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​បាទ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ផង។ 18 នៅ​ពេល​នោះ ពួក​គេ​ឃើញ​ខ្ញុំ​បាទ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​នៅ​ក្នុង​ព្រះ‌វិហារ តែ​ឥត​មាន​ការ​ប្រជុំ​បណ្ដា‌ជន ឬ​កើត​វឹក‌វរ​អ្វី​ឡើយ។ 19 ប៉ុន្តែ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី នៅ​ក្នុង​ព្រះ‌វិហារ​ពេល​នោះ​ដែរ គឺ​អ្នក​ទាំង​នោះ​ទេ​តើ​ដែល​សម​នឹង​មក​ជួប​ឯក‌ឧត្ដម ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​បាទ ប្រសិន​បើ​គេ​មាន​រឿង​ហេតុ​ណា​មួយ​ទាស់​នឹង​ខ្ញុំ​បាទ។ 20 ខ្ញុំ​បាទ​ឈរ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្រាប់​ហើយ បើ​អស់​លោក​ដែល​នៅ​ទី​នេះបាន​ឃើញ​ខ្ញុំ​បាទ​មាន​ទោស​អ្វី សូម​ថា​មក​ចុះ 21 លើក‌លែង​តែ​ពាក្យ​ដែល​ខ្ញុំ​បាទ​បាន​និយាយ​យ៉ាង​ខ្លាំងៗ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ថា “បង‌ប្អូន​យក​ខ្ញុំ​មក​កាត់​ទោស​នៅ​ថ្ងៃ​នេះ ព្រោះ​តែ​ខ្ញុំ​ជឿ​ថាមនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ”»។
22 លោក​ភេលិច​ក៏​បាន​ជ្រាប​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ដែរ។ លោក​ប្រាប់​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​មេ‌បញ្ជា‌ការ​លីស្យាស​មក​ដល់ ខ្ញុំ​នឹង​វិនិច្ឆ័យ​សំណុំ​រឿង​របស់​អស់​លោក»។ 23 លោក​បញ្ជា​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ តែ​លោក​ទុក​ឲ្យ​លោក​ប៉ូល​មាន​សេរី‌ភាព​ខ្លះៗ​ដែរ ព្រម​ទាំង​បើក​ឲ្យ​អ្នក​ជិត‌ដិត​នឹង​លោក​ប៉ូល ចូល​ទៅ​ជួយ​ទំនុក​បម្រុង​លោក​ថែម​ទៀត​ផង។

លោក​ប៉ូល​ជួប​លោក​ភេលិច និង​ភរិយា

24 ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ភេលិច​បាន​មក​ជា​មួយ​ភរិយា​របស់​លោក គឺ​ម្ចាស់‌ក្សត្រិយ៍​ឌ្រុយ‌ស៊ីឡា​ជា​ជន​ជាតិ​យូដា លោក​ឲ្យ​គេ​ទៅ​ហៅ​លោក​ប៉ូល​មក ហើយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​អំពី​ជំនឿ​លើ​ព្រះ‌គ្រីស្ដ‌យេស៊ូ។ 25 ប៉ុន្តែ កាល​លោក​ប៉ូល​វែក‌ញែក​អំពី​សេចក្ដី​សុចរិត* អំពី​ការ​ទប់​ចិត្ត​នឹង​តណ្ហា និង​អំពី​ការ​វិនិច្ឆ័យ​ទោស​នៅ​អនាគត​កាល លោក​ភេលិច​ក៏​ភ័យ ហើយ​ពោល​ទៅ​លោក​ប៉ូល​ថា៖ «ឥឡូវ​នេះ ចូរ​អ្នក​ត្រឡប់​ទៅ​វិញ​សិន​ចុះ កាល​ណា​ខ្ញុំ​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត!»។ 26 លោក​ភេលិច​សង្ឃឹម​ថា​នឹង​បាន​ទទួល​ប្រាក់​ពី​លោក​ប៉ូល ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ប៉ូល មក​សន្ទនា​ជា​មួយ​ជា​រឿយៗ។
27 ពីរ​ឆ្នាំ​ក្រោយ​មក លោក​ពរគ្យូស-‌ភេស្ទុស ចូល​កាន់​តំណែង​ជំនួស​លោក​ភេលិច។ ដោយ​លោក​ភេលិច​ចង់​យក​ចិត្ត​សាសន៍​យូដា លោក​បាន​ទុក​លោក​ប៉ូល​ឲ្យ​នៅ​ជាប់​ឃុំ‌ឃាំង​ដដែល។