ជំពូក ១៨
លោកប៉ូលនៅក្រុងកូរិនថូស
1 ក្រោយមក លោកប៉ូលបានចាកចេញពីក្រុងអាថែន ធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។ 2 នៅក្រុងនោះ លោកបានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡាស ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡាស និងនាងព្រីស៊ីឡាជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះព្រះចៅអធិរាជក្លូដបានចេញបញ្ជាឲ្យជនជាតិយូដាទាំងអស់ ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ 3 ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។ 4 រៀងរាល់ថ្ងៃសប្ប័ទ* លោកតែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ* និងខិតខំណែនាំ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។
5 កាលលោកស៊ីឡាស និងលោកធីម៉ូថេ ធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសព្រះបន្ទូល។ លោកបានបញ្ជាក់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូពិតជាព្រះគ្រីស្ដ។ 6 ប៉ុន្តែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងលោក ហើយជេរប្រមាថលោកទៀតផងនោះ លោកក៏រលាស់ធូលីដីពីអាវរបស់លោក ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេ ចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ 7 លោកក៏ចាកចេញពីទីនោះឆ្ពោះទៅផ្ទះបុរសម្នាក់ ឈ្មោះទីធ្យូស-យ៉ូស្ទូស ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយផ្ទះគាត់នៅជាប់នឹងសាលាប្រជុំ*។ 8 រីឯលោកគ្រីស្ពូស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀត បានស្ដាប់លោកប៉ូល ហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹក*ផង។
9 យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ 10 ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ ពុំមាននរណាអាចធ្វើបាបអ្នកទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ដ្ររបស់យើង»។ 11 លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។
12 នៅគ្រាដែលលោកកៃលីយ៉ូនកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង នៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្តី 13 ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបមួយខុសច្បាប់»។ 14 ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកៃលីយ៉ូនមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្ដាប់អ្នករាល់គ្នាមិនខាន។ 15 ប៉ុន្តែ បើជារឿងជជែកវែកញែកស្ដីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីធម៌វិន័យ*របស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនព្រមកាត់ក្តីឲ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។ 16 លោកក៏ដេញពួកគេចេញពីសាលាកាត់ក្តី។ 17 ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្ដែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ* មកវាយនៅមុខសាលាកាត់ក្តី តែលោកកៃលីយ៉ូនមិនអើពើទេ។
លោកប៉ូលវិលត្រឡប់ទៅក្រុងអន់ទីយ៉ូកវិញ
18 លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីឡា និងលោកអគីឡាស ជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែសង់ក្រេ។
19 លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីឡា និងលោកអគីឡាស។ លោកបានចូលទៅសាលាប្រជុំ* ហើយសន្ទនាជាមួយសាសន៍យូដា។ 20 ពួកគេបានអង្វរសុំឲ្យលោកស្នាក់នៅទីនោះមួយរយៈ 21 តែលោកពុំព្រមនៅទេ លោកជម្រាបលាគេ ទាំងពោលថា៖ «ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូទៅ។ 22 លុះធ្វើដំណើរមកដល់ក្រុងសេសារេ លោកបានឡើងទៅសួរសុខទុក្ខព្រះសហគមន៍* បន្ទាប់មក លោកបន្ដដំណើរទៅដល់ក្រុងអន់ទីយ៉ូក។
លោកអប៉ូឡូសនៅក្រុងអេភេសូ និងក្រុងកូរិនថូស
23 ក្រោយពីបានស្នាក់នៅក្រុងអន់ទីយ៉ូកយូរបន្ដិចមក លោកក៏ចេញដំណើរទៅសាជាថ្មី ដោយឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគី ទាំងពង្រឹងជំនឿពួកសាវ័ក*ទាំងអស់ផង។
24 មានជនជាតិយូដាម្នាក់ ឈ្មោះអប៉ូឡូស ជាអ្នកស្រុកអាឡិចសន់ឌ្រី បានមកនៅក្រុងអេភេសូ គាត់ជាមនុស្សមានវោហារ ហើយស្គាល់គម្ពីរយ៉ាងល្អិតល្អន់។ 25 គាត់បានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់ និងមានចិត្តឧស្សាហ៍មោះមុត គាត់ប្រកាសព្រះបន្ទូល ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់អំពីព្រះយេស៊ូផង។ ប៉ុន្តែ គាត់បានដឹងត្រឹមតែពិធីជ្រមុជទឹក*របស់លោកយ៉ូហានប៉ុណ្ណោះ។ 26 គាត់បានបង្រៀនគេក្នុងសាលាប្រជុំ* ដោយចិត្តអង់អាច។ កាលនាងព្រីស៊ីឡា និងលោកអគីឡាស បានឮគាត់បង្រៀនដូច្នេះ ក៏អញ្ជើញគាត់ទៅជាមួយ ព្រមទាំងពន្យល់គាត់ឲ្យរឹតតែស្គាល់មាគ៌ារបស់ព្រះជាម្ចាស់ថែមទៀត។ 27 បន្ទាប់មក ដោយលោកអប៉ូឡូសមានបំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ ពួកបងប្អូនក៏នាំគ្នាលើកទឹកចិត្តគាត់ឲ្យទៅ ថែមទាំងសរសេរសំបុត្រទៅជម្រាបពួកសាវ័ក*នៅស្រុកនោះ ឲ្យទទួលគាត់ដោយរាក់ទាក់ផង។ លុះទៅដល់ គាត់បានជួយអស់អ្នកជឿនៅទីនោះយ៉ាងច្រើន តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់។ 28 ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំងអស់ និងវែកញែកគម្ពីរ បញ្ជាក់ប្រាប់គេថា ព្រះយេស៊ូពិតជាព្រះគ្រីស្ដ*មែន។