ជំពូក ២៥

លោក​ប៉ូល​សុំ​ឲ្យ​ព្រះ‌ចៅ​អធិ‌រាជ​កាត់​ក្តី

1 បន្ទាប់​ពី​បាន​ទៅ​ដល់​ស្រុក​នោះ​បី​ថ្ងៃ លោក​ភេស្ទុស​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារេ ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។ 2 ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អ្នក​ធំ​នៃ​ជន​ជាតិ​យូដា បាន​នាំ​គ្នា​ទៅ​ជួប​លោក ដើម្បី​ប្ដឹង​ពី​លោក​ប៉ូល។ 3 ពួក​គេ​បាន​ទទូច​សុំ​ឲ្យ​លោក​ភេស្ទុស​មេត្តា​អនុ‌គ្រោះ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូ‌សាឡឹម ព្រោះ​ពួក​គេ​បាន​ឃុប‌ឃិត​គ្នា​ថា​នឹង​ពួន​ស្ទាក់ ចាំ​សម្លាប់​លោក​តាម​ផ្លូវ។ 4 ប៉ុន្តែ លោក​ភេស្ទុស​តប​ទៅ​វិញ​ថា លោក​ប៉ូល​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​សេសារេ​ឯ‌ណោះ រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ ក្នុង​ពេល​បន្ដិច​ទៀត​ដែរ។ 5 លោក​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថ‌ភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា បុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។
6 លោក​ភេស្ទុស​ស្នាក់​នៅ​ជា​មួយ​ពួក​គេ បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ រួច​លោក​ចុះ​ទៅ​ក្រុង​សេសារេ​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក។ 7 ពេល​លោក​ប៉ូល​មក​ដល់ ជន​ជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូ‌សាឡឹម បាន​នាំ​គ្នា​ចោម‌រោម​លោក ហើយ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ៗ​ជា​ច្រើន តែ​គេ​ពុំ​អាច​បង្ហាញ​ភស្តុតាង​អ្វី​បាន​ទេ។ 8 លោក​ប៉ូល​មាន​ប្រសាសន៍​ការ‌ពារ​ខ្លួន​ថា៖ «ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​នឹង​វិន័យ​របស់​សាសន៍​យូដា ខុស​នឹង​ព្រះ‌វិហារ ឬ​ក៏​ខុស​នឹង​ព្រះ‌ចៅ​អធិ‌រាជ​ឡើយ»។ 9 ដោយ​លោក​ភេស្ទុស​ចង់​យក​ចិត្ត​ជន​ជាតិ​យូដា លោក​មាន​ប្រសាសន៍​មក​កាន់​លោក​ប៉ូល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​កាត់​ក្តី​អ្នក​អំពី​រឿង​ទាំង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»។ 10 លោក​ប៉ូល​តប​ថា៖ «ខ្ញុំ​បាទ​ឈរ​នៅ​មុខ​តុលាការ​របស់​ព្រះ‌ចៅ​អធិ‌រាជ​ដូច្នេះ គឺ​ទី​នេះ​ហើយ​ដែល​ឯក‌ឧត្ដម​ត្រូវ​កាត់​ក្តី​ឲ្យ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នឹង​សាសន៍​យូដា​ទេ ដូច​ឯក‌ឧត្ដម​ជ្រាប​ច្បាស់​ហើយ។ 11 ប្រសិន​បើ​ខ្ញុំ​បាទ​មាន​ទោស​អ្វី ឬ​បាន​ប្រព្រឹត្ត​អ្វី​ខុស សម​នឹង​មាន​ទោស​ដល់​ជីវិត​នោះ ខ្ញុំ​បាទ​មិន​រួញ‌រា​នឹង​ស្លាប់​ទេ។ ប៉ុន្តែ ប្រសិន​បើ​ពាក្យ​ដែល​លោក​ទាំង​នេះ​ចោទ​ខ្ញុំ​បាទ​មិន​ពិត​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​គេ​ឡើយ។ ខ្ញុំ​បាទ​សូម​ឡើង​ទៅ​ព្រះ‌ចៅ​អធិ‌រាជ​វិញ»។
12 លោក​ភេស្ទុស​ពិភាក្សា​ជា​មួយ​ក្រុម​ប្រឹក្សា ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​បាន​សុំ​ឡើង​ទៅ​ព្រះ‌ចៅ​អធិ‌រាជ ដូច្នេះ អ្នក​នឹង​ទៅ​ជួប​ព្រះ‌ចៅ​អធិ‌រាជ!»។

លោក​ប៉ូល​នៅ​មុខ​ព្រះ‌បាទ​អគ្រី‌ប៉ា

13 ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះ‌បាទ​អគ្រី‌ប៉ា និង​ម្ចាស់​ក្សត្រិយ៍​បេរេ‌នីស យាង​មក​ដល់​ក្រុង​សេសារេ ដើម្បី​សួរ​សុខ​ទុក្ខ​លោក​ភេស្ទុស។ 14 ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេស្ទុស​ក៏​ទូល​ស្ដេច​ពី​រឿង​លោក​ប៉ូល​ថា៖ «លោក​ភេលិច​បាន​ទុក​បុរស​ម្នាក់ នៅ​ក្នុង​ទី​ឃុំ‌ឃាំង។ 15 កាល​ទូលបង្គំ​ទៅ​ក្រុង​យេរូ‌សាឡឹម ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​នៃ​សាសន៍​យូដា បាន​នាំ​គ្នា​ប្ដឹង​ពី​គាត់ ដោយ​សុំ​ឲ្យ​ទូលបង្គំ​កាត់​ទោស​គាត់។ 16 ទូលបង្គំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន​ជាតិ​រ៉ូម៉ាំង​ពុំ​ធ្លាប់​បញ្ជូន​នរណា​ម្នាក់​ទៅ​ឲ្យ​គេ​សម្លាប់ ដោយ​មិន​បាន​ឲ្យ​និយាយ​តទល់​ជា​មួយ​អ្នក​ដើម​ចោទ ព្រម​ទាំង​ឆ្លើយ​ការ‌ពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។ 17 លោក​ទាំង​នោះ​នាំ​គ្នា​មក​ទី​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ទូលបង្គំ​បាន​អង្គុយ​នៅ​ទី​កាត់​ក្តី និង​ឲ្យ​គេ​នាំ​បុរស​នោះ​មក ឥត​បង្អង់​ឡើយ។ 18 ពួក​ដើម​ចោទ​ក៏​នៅ​ទី​កាត់​ក្តី​ដែរ តែ​គេ​ពុំ​បាន​ចោទ​គាត់​ពី​អំពើ​អាក្រក់​ណា​មួយ ដូច​ទូលបង្គំ​នឹក​ស្មាន​នោះ​ទេ 19 គឺ​មាន​តែ​ជជែក​វែក‌ញែក​អំពី​រឿង​សាសនា​របស់​គេ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ ដែល​បាន​ស្លាប់ ហើយ​លោក​ប៉ូល​ថា នៅ​មាន​ជីវិត​រស់​នោះ​តែ​ប៉ុណ្ណោះ។ 20 ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច ចំពោះ​ការ​ជជែក​វែក‌ញែក​បែប​នេះ ទូលបង្គំ​បាន​សួរ​គាត់​ថា ចង់​ទៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​កាត់​ក្តី​អំពី​រឿង​ទាំង​នេះ​ឬ​ទេ 21 តែ​លោក​ប៉ូល​បាន​សុំ​ឡើង​ទៅ​ព្រះ‌មហា​ក្សត្រា‌ធិរាជ ដើម្បី​សុំ​ឲ្យ​ព្រះ‌អង្គ​កាត់​ក្តី។ ទូលបង្គំ​ចេញ​បញ្ជា​ឲ្យ​គេ​ឃុំ​គាត់​ទុក រហូត​ដល់​ពេល​ទូលបង្គំ​នឹង​បញ្ជូន​គាត់​ទៅ​ព្រះ‌ចៅ​អធិ‌រាជ»។
22 ព្រះ‌បាទ​អគ្រី‌ប៉ាមាន​រាជ‌ឱង្ការ​ទៅ​លោក​ភេស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្ដាប់​បុរស​នោះ​និយាយ​ដែរ»។ លោក​តប​វិញ​ថា៖ «ព្រះ‌ករុណា​អាច​ស្ដាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។
23 លុះ​ស្អែក​ឡើង ព្រះ‌បាទ​អគ្រី‌ប៉ា និង​ម្ចាស់‌ក្សត្រិយ៍​បេរេ‌នីស បាន​យាង​ចូល​ក្នុង​សាល‌សវនា‌ការ​យ៉ាង​អធិក‌អធម ដោយ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់ និង​ពួក​នាម៉ឺន​ធំៗ​នៅ​ក្រុង​នោះ ហែ‌ហម​មក​ជា​មួយ​ផង។ គេ​នាំ​លោក​ប៉ូល​មក​តាម​បញ្ជា​របស់​លោក​ភេស្ទុស។
24 លោក​ភេស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ទូល​ព្រះ‌រាជា និង​ជម្រាប​អស់​លោក ដែល​នៅ​ទី​នេះ។ បុរស​ដែល​ព្រះ‌រាជា និង​អស់​លោក​ឃើញ​នេះ ជា​អ្នក​ដែល​ជន​ជាតិ​យូដា​ទាំង​មូល ទាំង​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នៅ​ក្រុង​នេះ បាន​នាំ​គ្នា​មក​ជួប​ខ្ញុំ ហើយ​ស្រែក​ថា គាត់​មិន​ត្រូវ​រស់​ត​ទៅ​ទៀត​ទេ។ 25 ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ ប៉ុន្តែ ដោយ​ខ្លួន​គាត់​ផ្ទាល់បាន​សុំ​ឡើង​ទៅ​ព្រះ‌ចៅ​អធិ‌រាជ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បញ្ជូន​គាត់​ទៅ​ព្រះ‌ចៅ​អធិរាជ។ 26 ខ្ញុំ​គ្មាន​មូល​ហេតុ​អ្វី​ច្បាស់​លាស់ ដើម្បី​សរសេរ​សេចក្ដី​រាយ‌ការណ៍​ថ្វាយ​ព្រះ‌មហា​ក្សត្រា‌ធិរាជ អំពី​សំណុំ​រឿង​គាត់​ទាល់​តែ​សោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឲ្យ​គេ​នាំ​គាត់​មក​ជួប​អស់​លោក ជា​ពិសេស ជួប​ព្រះ​ករុណា​ផ្ទាល់។ ដូច្នេះ នៅ​ពេល​សួរ​ចម្លើយ​គាត់​រួច ខ្ញុំ​នឹង​មាន​មូល​ហេតុ សរសេរ​សេចក្ដី​រាយ‌ការណ៍​បាន។ 27 ខ្ញុំ​យល់​ឃើញ​ថា បើ​បញ្ជូន​អ្នក​ទោស ដោយ​មិន​បញ្ជាក់​អំពី​ពាក្យ​ចោទ​ទៅ​ជា​មួយ​ផង​ទេ​នោះ ដូច​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ»។