ជំពូក ១២
លោកយ៉ាកុបត្រូវគេសម្លាប់ លោកសិលាត្រូវគេឃុំឃាំង
1 នៅគ្រានោះ ព្រះបាទហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃព្រះសហគមន៍*។ 2 ស្ដេចបានឲ្យគេប្រហារជីវិតលោកយ៉ាកុប ជាបងរបស់លោកយ៉ូហាន។ 3 ដោយយល់ឃើញថាជនជាតិយូដាពេញចិត្ត ព្រះរាជាក៏ចាត់គេឲ្យទៅចាប់លោកសិលាថែមទៀត។ ពេលនោះ ជាពេលបុណ្យនំបុ័ងឥតមេ*។ 4 ក្រោយពីបានចាប់លោកសិលាយកទៅឃុំឃាំងរួចហើយ ស្ដេចក៏បញ្ជាឲ្យទាហានបួនក្រុមយាមលោក ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ព្រះបាទហេរ៉ូដមានបំណងនឹងកាត់ទោសលោកនៅមុខប្រជាជន ក្រោយបុណ្យចម្លង*។ 5 ដូច្នេះ លោកសិលាក៏ជាប់នៅក្នុងមន្ទីរឃុំឃាំងនៅពេលនោះទៅ។ ព្រះសហគមន៍បាននាំគ្នាទូលអង្វរព្រះជាម្ចាស់ឥតស្រាកស្រាន្ត សូមព្រះអង្គជួយលោក។
ទេវទូតដោះលែងលោកសិលា
6 នៅយប់មុនពេលដែលព្រះបាទហេរ៉ូដយកលោកសិលាទៅកាត់ទោស លោកសម្រាន្ដ ទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។ 7 ពេលនោះ ទេវទូត*របស់ព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ ទេវទូតដាស់លោកសិលាដោយកេះលោកពីចំហៀង ទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!»។ ច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ 8 ទេវទូតពោលមកកាន់លោកថា៖ «សូមក្រវាត់ ចង្កេះ ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវទូតពោលមកលោកទៀតថា៖ «សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ»។ 9 លោកសិលាក៏ចេញពីទីឃុំឃាំង ដើរតាមក្រោយទេវទូតទៅ។ លោកពុំនឹកស្មានថាការដែលទេវទូតកំពុងធ្វើនេះ ជាការពិតទេ លោកស្មានតែលោកយល់សប្ដិ។ 10 ទេវទូត និងលោកសិលាបានឆ្លងផុតកន្លែងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វារដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះ ស្រាប់តែទេវទូតចេញបាត់ពីលោកសិលាទៅ។ 11 លោកសិលាបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន ព្រះអម្ចាស់បានចាត់ទេវទូតរបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើរូបខ្ញុំ»។ 12 យល់ឃើញដូច្នោះហើយ លោកក៏ទៅផ្ទះនាងម៉ារីជាម្ដាយយ៉ូហាន ហៅម៉ាកុស ជាកន្លែងមានបងប្អូនជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។ 13 នៅពេលលោកគោះទ្វារ មានស្ត្រីបម្រើម្នាក់ ឈ្មោះនាងរ៉ូដចេញមកសួរ 14 នាងស្គាល់ថាជាសំឡេងរបស់លោកសិលា។ ដោយនាងត្រេកអរខ្លាំងពេក នាងពុំបានបើកទ្វារឲ្យទេ នាងបែរជារត់ចូលទៅជូនដំណឹងប្រាប់ពួកបងប្អូនថា៖ «លោកសិលាមកដល់ហើយ លោកឈរនៅមាត់ទ្វារ»។ 15 គេនាំគ្នានិយាយមកកាន់នាងថា៖ «នាងឆ្កួតហើយ!» ប៉ុន្តែ នាងបានប្រកែកវិញថា៖ «លោកពិតជាមកដល់មែន»។ 16 គេពោលថា៖ «ប្រហែលជាទេវទូត*របស់លោកទេដឹង!»។ លោកសិលានៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារឲ្យ ហើយពេលឃើញលោក គេងឿងឆ្ងល់យ៉ាងខ្លាំង។ 17 លោកសិលាធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលព្រះអម្ចាស់បានជួយលោក ឲ្យចេញរួចពីទីឃុំឃាំង។ លោកមានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបលោកយ៉ាកុប និងពួកបងប្អូនផង»។ បន្ទាប់មក លោកបានចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។
18 លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាលោកសិលាទៅណាបាត់។ 19 ព្រះបាទហេរ៉ូដបញ្ជាឲ្យគេរកលោក តែរកមិនឃើញសោះ ស្ដេចក៏ឲ្យគេកាត់ទោសពួកអ្នកយាម រួចឲ្យគេនាំយកទៅសម្លាប់។ បន្ទាប់មក ស្ដេចយាងចុះពីស្រុកយូដា ទៅប្រថាប់នៅក្រុងសេសារេ។
ស្ដេចហេរ៉ូដសោយទិវង្គត
20 ព្រះបាទហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្តគំនិតគ្នាចូលទៅគាល់ស្ដេច។ គេបានបញ្ចុះបញ្ចូលលោកបា្លស្ទុស ជាមហាតលិកឲ្យមកខាងគេ ហើយទូលសូមសន្តិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ។ 21 លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូដទ្រង់គ្រឿងគង់លើបល្ល័ង្ក ហើយមានរាជឱង្ការឲ្យប្រជាជនស្ដាប់។ 22 ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។ 23 រំពេចនោះ ស្រាប់តែមានទេវទូតរបស់ព្រះជាម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះស្ដេចពុំបានថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។ 24 មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់។
25 រីឯលោកបារណាបាស និងលោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយយកលោកយ៉ូហានហៅម៉ាកុស ទៅជាមួយផង។